សម្ដេច ព្រះ វីរៈ បែលឡុង ធម្មវរៈ មហាថេរៈ (១៨៨៩ – ១៩៩៩) ធម្មទូតសង្ឃខ្មែរទី១ នៅប្រទេសឥណ្ឌា ។ |
វិបស្សនាបៃតងជាវិធីសាស្ត្រដែលរកឃើញនិងអនុវត្តដោយ សម្ដេច ព្រះធម្មវរៈ មហាថេរៈ ដោយព្រះអង្គផ្ទាល់ ។ ភ្ជាប់នឹងវិធីសាស្ត្រវិបស្សនានេះ ព្រះអង្គសម្ដែងព្រះធម៌ដ៏សាមញ្ញ ដល់ពុទ្ធបរិស័ទឲ្យមានសន្ដិភាពខាងក្នុង និងសន្ដិភាពខាងក្រៅ ។
វិធីសាស្ត្រវិបស្សនានេះ មិនត្រឹមតែចម្រើនដើម្បីអប់រំចិត្តប៉ុណ្ណោះទេ វាជាវិធីព្យាបាលរោគតាមបែបធម្មជាតិទៀតផង ។ ដូចករណីព្យាបាលជំងឺឪពុកមារបស់ បណ្ឌិត នេហ៍រូ ជាឧទាហរណ៍ស្រាប់ ។ វិបស្សនាបៃតងនេះ ល្បីល្បាញក្នុងចំណោមអ្នកវិបស្សនានៅ សហរដ្ឋអាម៉េរិក និងអឺរ៉ុប តែខ្មែរយើងពុំមានអ្នកដឹង និងចាប់អារម្មណ៍ប៉ុន្មានទេ គេនិយមវិបស្សនារបស់ហ្គោឥនកា ដែលមានប្រភពប្រទេសឥណ្ឌាច្រើនជាង ។ ហេតុអ្វីបានជាយកពណ៌បៃតង មកធ្វើជាកសិណក្នុងការចម្រើនវិបស្សនា?
សម្ដេចព្រះធម្មវរៈយល់ថាពណ៌បៃតងជាពណ៌ ដែលមានថាមពលលើសពណ៌ណាៗទាំងអស់ ។ ដូច្នេះ ការព្យាបាលបែបធម្មជាតិរបស់ព្រះអង្គគឺផ្ដោតលើពន្លឺពណ៌បៃតង ។ ព្រះអង្គមានថេរដីកាថា «ពន្លឺជាប្រភពនៃជីវិតទាំងអស់ ។ វា [ពន្លឺ] មានច្រើនពណ៌ច្រើនរាប់មិនអស់ ទាំងមើលឃើញនិងមើលមិនឃើញ ។ ជាពិសេស ពន្លឺពណ៌បៃតងជាពណ៌ដែលមានតុល្យភាពជាងពណ៌ណាៗទាំងអស; វាក៏ជាពណ៌នៃកម្លាំង និងយុវកម្ម ។»
ព្រះធម្មវរៈ មហាថេរៈ មើលឃើញពណ៌បៃតងថាជា ថាមពលទាំងឡាយនៃសម្ព័ន្ធភាពរវាងមេឃនិងដី ដែលរំលាយចូលគ្នានូវពណ៌លឿង នៃព្រះអាទិត្យ ដែលជាធាតុឈ្មោល និងពណ៌ខៀវនៃផែនដី ដែលជាធាតុញី ។ ដូចនេះ វាមានតុល្យភាពគ្នា ។ ពណ៌បៃតងជាលក្ខណៈរបស់និទាឃរដូវ និងយុវកម្ម ហើយជាពណ៌នៃហទយចក្រ ។ ការអង្គុយក្រោមពន្លឺពណ៌បៃតងអាចជួយឲ្យអារម្មណ៍ស្ងៀមស្ងប់ និងធ្វើកុំឲ្យទាំងមនុស្សនិងសត្វមានការភ័យខ្លាច ។
ហេតុនេះហើយ សម្ដេចព្រះធម្មវរៈបានប្រើពណ៌បៃតងសម្រាប់ភាវនា ពេលចម្រើនវិបស្សនាផងដែរ ។ ព្រះអង្គតែងតែមានថេរដីកាជារឿយៗថា វិបស្សនាគឹជាការងារខ្ពស់បំផុត ដែលយើងអាចធ្វើលើខ្លួនយើង ដែលជាមធ្យោបាយដើម្បីស្វែងរកសន្តិភាពខាងក្នុង (inner peace) រួចហើយក្លាយជាសន្តិភាពខាងក្រៅ (outer peace) ។
សម្ដេច ព្រះធម្មវរៈ មហាថេរៈ កាលនិមន្តទៅបង្រៀនធម៌វិបស្សនា នៅទីក្រុងស៊ើបោន ចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩៧៣/៧៤ ។ |
ព្រះអង្គបានបង្រៀនធម៌ដល់ពុទ្ធបរិស័ទ ស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ប៉ុន្តែសរុបសេចក្តីឲ្យខ្លីមកគឺព្រះអង្គតែងតែងទូន្មានថា អ្វីដែលយើងគិត អ្វីដែលយើងបរិភោគ និងអ្វីដែលយើងផឹក គឺជាសមាសធាតុដ៏សំខាន់បំផុតទាំងបីយ៉ាងនៃជីវិត ។ ព្រះអង្គមានថេរដីកាថា «អ្នកគឺជាអ្វីដែលអ្នកបរិភោគ អ្វីដែលអ្នកផឹក និងអ្វីដែលអ្នកគិត ។» ឬ “You are what you eat, what you drink and what you think.” ដែលបានឆ្លាក់លើផ្ទាំងសិលា នៅក្នុងវត្តអសោកទៀតផង ។
ក្នុងន័យនេះ ព្រះអង្គឃើញគុណប្រយោជន៍ ក្នុងការបរិភោគម្ហូបបួសឬម្ហូបគ្មានសាច់ ដែលធ្វើឲ្យមានសុខភាពល្អមានកម្លាំងពលំមាំមួន និងធ្វើឲ្យមានចិត្តបរិសុទ្ធ ជាងការបរិភោគម្ហូបសាច់ ។ ពិតណាស់ ព្រះអង្គមិនឆាន់ម្ហូបសាច់ឡើយ ដែលជាការប្រព្រឹត្តដ៏កម្រ សម្រាប់ព្រះសង្ឃថេរវាទទាំងខ្មែរទាំងបរទេស ។
ម្យ៉ាងវិញទៀត ការវៀរចាកការផឹកគ្រឿងស្រវឹង នាំឲ្យមានសុខភាពល្អ និងប្រាជ្ញាស្មារតីមាំទាំល្អ ។ អាហារល្អ និងការគិតល្អ នាំឲ្យមានអារម្មណ៍ល្អ អាហារមិនល្អ និងការគិតមិនល្អ នាំឲ្យមានអារម្មណ៍មិនល្អ ។ ជាពិសេស ការបរិភោគចំណីអាហារដោយការប្រុងប្រយ័ត្នអាចជួយឲ្យយើងរួចចាក ពីការឆ្លងរោគផ្សេងៗដែលកំពុងតែរីករាលដាលនាពេលបច្ចុប្បន្នបាន ។ ទាំងនេះជាឱវាទដ៏សាមញ្ញ ដែលយើងអាចយកជាគតិបានសម្រាប់ជីវិតប្រចាំថ្ងៃ ៕
ម្យ៉ាងវិញទៀត ការវៀរចាកការផឹកគ្រឿងស្រវឹង នាំឲ្យមានសុខភាពល្អ និងប្រាជ្ញាស្មារតីមាំទាំល្អ ។ អាហារល្អ និងការគិតល្អ នាំឲ្យមានអារម្មណ៍ល្អ អាហារមិនល្អ និងការគិតមិនល្អ នាំឲ្យមានអារម្មណ៍មិនល្អ ។ ជាពិសេស ការបរិភោគចំណីអាហារដោយការប្រុងប្រយ័ត្នអាចជួយឲ្យយើងរួចចាក ពីការឆ្លងរោគផ្សេងៗដែលកំពុងតែរីករាលដាលនាពេលបច្ចុប្បន្នបាន ។ ទាំងនេះជាឱវាទដ៏សាមញ្ញ ដែលយើងអាចយកជាគតិបានសម្រាប់ជីវិតប្រចាំថ្ងៃ ៕
No comments:
Post a Comment