ស្ថានភាពវីរុសកូវីដ-១៩ (Covid-19) នៅប្រទេសឥណ្ឌា និងអ្វីដែលលោកអ្នកត្រូវដឹង - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, February 14, 2020

ស្ថានភាពវីរុសកូវីដ-១៩ (Covid-19) នៅប្រទេសឥណ្ឌា និងអ្វីដែលលោកអ្នកត្រូវដឹង

ឧបករណ៍ស្ទង់កម្ដៅ កំពុងប្រើដើម្បីស្ទង់កម្ដៅអ្នកដំណើរដែលចុះមកពីទីក្រុងហុងកុង នៅព្រលានយន្តហោះក័ល្កតា, មករា ២០២០ (PTI) ។

លោកវិទូ | ថ្ងៃ ៦᧶៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ កុម្ភៈ ២០២០ ។ 

មេរោគកូរ៉ូណាវីរុសប្រភេទថ្មីមួយហៅថា កូវីដ-១៩ (Covid-19) ឬកូរ៉ូណាវីរុស (Coronavirus) បានផ្ទុះឡើងជាលើកដំបូងនៅខេត្តហ៊ូបេ ប្រទេសចិន កំពុងតែយាយីសុខភាពពិភពលោក និងកពុងតែរីករាលដាលទៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក ។ វាបានបណ្ដាលឲ្យមនុស្សរាប់រយនាក់ធ្លាក់ខ្លួនឈឺ និងមួយចំនួនបានស្លាប់ នៅក្នុងទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀត ។ ករណីអាសន្នរោគនេះ បានបង្ខំឲ្យប្រទេសឥណ្ឌា ក៏ដូចជាប្រទេសមួយចំនួនទៀត ផ្អាកជើងហោះហើរទៅ-មករវាងប្រទេសចិន និងបានចាត់វិធានការបង្កាមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ។

មកទល់នឹងពេលនេះ នៅប្រទេសចិនមានអ្នកឆ្លងមេរោគចំនួន ៥៩.៨៨២ នាក់ និងមានអ្នកស្លាប់ចំនួន ១.៣៦៨ នាក់ ។ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានឆ្លងមេរោគនេះដែរគឺ សិង្ហបុរីមានអ្នកឆ្លងមេរោគ ៥៨ នាក់ ប្រទេសថៃ ៣៣ នាក់ ម៉ាឡេស៊ី ១៩ នាក់ វៀតណាម ១៦ នាក់ ហ្វីលីពីន ៣ នាក់ និងស្លាប់ម្នាក់ កម្ពុជាម្នាក់ ។

ដោយឡែក ប្រទេសឥណ្ឌាដែលស្ថិតនៅក្នុងតំបន់អាស៊ីទក្សិណ មានអ្នកឆ្លងមានរោគកូវីដ-១៩ ចំនួន ៣ នាក់ ទាំងបីករណីកើតនៅរដ្ឋកេរ៉ាឡា ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទោះយ៉ាងណា បើតាមសម្ដីរបស់រដ្ឋមន្ត្រីសហព័ន្ទក្រសួងសុខាភិបាល ឯ.ឧ. ហស៌ វធ៌ន ដែលចុះផ្សាយក្នុងសារព័ត៌មានថែមស៍អហ្វឥណ្ឌា បានឲ្យដឹងថា ម្នាក់ក្នុងចំណោមអ្នកឆ្លងមេរោគដែល បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ។ ដោយឡែកពីរនាក់ទៀត ត្រូវបានដាក់ឲ្យនៅឯកោដាច់ពីគេ ដើម្បីតាមដាន់អាការរោគ ។ ពួកគេមានស្ថានភាពប្រក្រតីទេ ។

វិធានការរបស់រដ្ឋាភិបាលឥណ្ឌា

ចាប់តាំងពីការផ្ទុះវីរុសវីរុសវ៉ូហាននៅប្រទេសចិន នៅខែធ្នូ ឆ្នាំ ២០១៩ មក ចំនួនករណីសង្ស័យខ្ពស់បំផុត ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋកេរ៉ាឡា ខណៈដែលករណីស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ នៅទីក្រុងជាច្រើនដូចជា ញូវដែល្លី មុមបៃ ប័ង្គលោ ហៃឌើរ៉ាបាដ និងបត្នៈ ។ ករណីសង្ស័យចំនួន ១.៦៧១ ករណីត្រូវបានតេស្តរកមេរោគ ហើយមានករណីតែ ៣ ប៉ុណ្ណោះដែលត្រូវបានរាយការណ៍ថាវិជ្ជមាន នៅក្នុងរដ្ឋកេរ៉េឡា ។

ករណីចុងក្រោយបង្អស់ដែលត្រូវបានគេរាយការណ៍គឺ មកពីកប៉ាល់ទេសចរណ៍ ដៃម៉ុនព្រីនសេស (Diamond Princess cruise ship) ដែលជាប់គាំងនៅឆ្នេរយូកូហាម៉ា នៅប្រទេសជប៉ុន ។ នាវិក ២ នាក់មកពីប្រទេសឥណ្ឌា បានធ្វើតេស្តរកមេរោគ និងមានលទ្ធផលវិជ្ជមាន នៅលើនាវាគិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ។ យោងតាមរដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ឯ.ឧ. ជ័យសង្ករ បានឲ្យដឹងថា សមាជិកនាវិកនិងអ្នកដំណើរជាច្រើននាក់ទៀត មកពីប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថា កំពុងនៅលើនាវានោះ ។ របាយការថ្មីបំផុតបានឲ្យដឹងថា ប្រជាជនឥណ្ឌាចំនួន ១៣៨ នាក់ ត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យ នៅលើកប៉ាល់ទេសចរណ៍នេះ ហើយមិនអាចយកចេញបានទេ ។

រដ្ឋាភិបាលឥណ្ឌាបានរៀបចំ សម្រាប់ការជម្លៀសពលរដ្ឋឥណ្ឌាចំនួន ៣៦៦ នាក់ ចេញពីទីក្រុងវូហាន ក្នុងជើងហោះហើរពិសេស អ៊ែឥណ្ឌា (Air India) នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។ អ្នកដំណើរទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ពីគ្នា ក្នុងរយៈពេល ១៤ ថ្ងៃ ។ ប្រទេសឥណ្ឌាបានជម្លៀសអ្នកដំណើរចំនួន ៦៤៥ នាក់ គិតត្រឹមថ្ងៃទី ១១ ខែកុម្ភៈ ។

ឧបការណ៍ត្រួតពិនិត្យកម្ដៅ (Thermal screening) ត្រូវបានតំឡើងនៅអាកាសយានដ្ឋានទាំង ២១ ក្នុងប្រទេសឥណ្ឌា ដែលរួមមានព្រលានយន្តហោះ នៅទីក្រុងញូវដែល្លី មុមបៃ ក័ល្កតា ឆេនណៃ ប័ង្គលោ ហៃឌើរ៉ាបាដ និងកូឆិន ។ ត្រឹមថ្ងៃទី១៤ កុម្ភៈ នេះ អ្នកដំណើរសរុបចំនួន ២.៥១.៤៤៧ នាក់ត្រូវបានពិនិត្យ ពីជើងហោះហើរចំនួន ២.៣២៥ នៅតាមព្រលានយន្តហោះ នៅក្នុងទីក្រុងសំខាន់ៗ នៃប្រទេសឥណ្ឌា ។

ការត្រូតពិនិត្យរកមេរោគទាំងមូល (Universal screening) ត្រូវបានតម្រូវឲ្យធ្វើជាចាំបាច់ សម្រាប់ការហោះហើរពីប្រទេសចិន ហុងកុង សិង្ហបុរី និងថៃ ។

រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីណែនាំស្តីពីការធ្វើដំណើរនៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ ដល់សាធារណជនទូទៅ ឲ្យចៀសវាងធ្វើដំណើរទៅប្រទេសចិន និងចៀសវាងទំនាក់ទំនងជាមួយនរណា ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន ចាប់តាំងពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ ។

រដ្ឋាភិបាលក៏បានផ្អាកជាបណ្តោះអាសន្ន នូវទិដ្ឋាការអេឡិចត្រូនិច (e-Visa) សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងចាត់ទុក ទិដ្ឋាការអេឡិចត្រូនិច ដែលចេញរួច ថាមិនមានសុពលភាព ជាបណ្តោះអាសន្ន ។ ការដាក់ពាក្យសុំទិដ្ឋាការតាមអ៊ិនធើណេតពីប្រទេសចិន ក៏ត្រូវបានផ្អាកផងដែរ ។ ទិដ្ឋាការដែលចេញរួច រួមទាំង eVisa ផង លែងមានសុពលភាព សម្រាប់ជនជាតិបរទេស ដែលធ្វើដំណើរពីប្រទេសចិន ។

ការណែនាំសម្រាប់អ្នកធម្មយាត្រាខ្មែរ

ដោយសាររដូវនេះ ជារដូវធម្មយាត្រារបស់ពុទ្ធបរិស័ទខ្មែរ ពួកគាត់ជាច្រើននាក់ត្រូវធ្វើដំណើរមកកាន់ប្រទេសឥណ្ឌា ស្របពេលមេរោគវីរុសកូវីដ-១៩ កំពុងរីករាលដាល ។ បើមិនទាន់កក់សំបុត្រយន្តហោះទេ អ្នកធម្មយាត្រាគួរផ្អាកសិន ដើម្បីចាំមើលស្ថានការណ៍ ។ បើមានសំបុត្រនិងត្រៀមធ្វើដំណើរមកហើយ ត្រូវពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវជាចាំបាច់ ជាពិសេសនៅតាមព្រលានយន្តហោះ ។ បើរកឃើញករណីសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ នៅគេនឹងឃាត់ខ្លួនទុក ដើម្បីតាមដានអាការរោគជាច្រើនថ្ងៃ វាអាចធ្វើឲ្យប៉ះពាល់ដល់ធ្វើដំណើរធម្មយាត្រា តាមពេលកំណត់បាន ។ ម្យ៉ាងទៀត អ្នកធ្វើដំណើតតាមជើងយន្តហោះថៃ នឹងត្រូវបានគេត្រួតពិនិត្យយ៉ាងហ្មត់ចត់ ជាវិធានការដូចបានរៀបរាប់ខាងលើស្រាប់ ។

ទោះយ៉ាងណាក៏ដោយ តាមការស្រង់សម្ដីរបស់លោកវេជ្ជបណ្ឌិត ភារ័ត គោបាល ជាប្រធានមជ្ឈមណ្ឌលជាតិព្យបាលជំងឺដង្ហើម ក្នុងសារព័ត៌មានឥណ្ឌាធូដេ បានឲ្យដឹងថា "ដោយសារវីរុសមិនបានរីករាលដាល នៅក្នុងប្រទេសឥណ្ឌា ក្នុងអត្រាប្រកាសអាសន្ន ហើយករណីវិជ្ជមានត្រូវបានគេរកឃើញនិងការពាររួចជាស្រេច វាមិនចាំបាច់ភ័យស្លន់ស្លោទេ ហើយមិនចាំបាច់ពាក់ម៉ាសទេ ប៉ុន្តែប្រសិនបើអ្នកចង់ពាក់ អ្នកអាចពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការស្រូបយកសំណើមពីក្នុងអាកាស” ។

គាត់មានប្រសាសន៍ទៀតថា ក្នុងរដូវផ្តាសាយ យើងគួរចៀសវាងកន្លែងដែលមានមនុស្សច្រើន ហើយប្រសិនបើយើងត្រូវទៅកន្លែងមានមនុស្សច្រើន សូមពាក់រម៉ាស និងចៀសវាងការប៉ះពាល់រាងកាយមនុស្សដទៃ ។ កុំប៉ះមុខភ្នែកត្រចៀកត្រចៀកនិងច្រមុះ ម្ដងហើយម្តងទៀត ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment