ព្រះតេជព្រះគុណ សឺន ទី ជាព្រះសង្ឃខ្មែរក្រោម គង់នៅវត្តអង្គតាមិញ រាជធានីភ្នំពេញ ។ Photo the Prey Nokor News |
លោកវិទូ | ថ្ងៃ ៧᧷៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៥ កុម្ភៈ ២០២០
កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងប្រទេសកុម្មុយនីស្តវៀតណាម អាចជាឧបករណ៍បន្ថែមមួយ សម្រាប់បងប្អូនខ្មែរក្រោមប្រើប្រាស់ ដើម្បីដាក់សម្ពាធលើវៀតណាម ឲ្យគោរពសិទ្ធិមនុស្សរបស់ខ្មែរកម្ពុជាក្រោម ព្រោះការគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យ ជាលក្ខខណ្ឌមួយដែលបានចែងនៅក្នុងកិច្ចព្រមព្រាងនេះ ។
អស់រយៈពេល ៣ ឆ្នាំកន្លះ ក្រោយពីការចរចាគ្នាត្រូវបានបញ្ចប់ សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខា លើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី (EVFTA) នៅថ្ងៃទី ៣០ មិថុនា ២០១៩ និងទទួលការអនុម័តយល់ព្រមពីសភាសហភាពអឺរ៉ុប ដែលមានកៅអី ៧០៥ នៅថ្ងៃទី ១២ កុម្ភៈ ២០២០ ថ្មីៗនេះ ។ កិច្ចព្រមព្រាងពាណិជ្ជកម្មនេះ គឺជាកិច្ចព្រមព្រាងប្រកបដោយមហិច្ឆតាមួយ ដែលលុបចោលនូវការយកព័ន្ធ ៩៩% លើទំនិញទាំងអស់រវាងភាគីទាំងពីរ ដែលនឹងបង្កើនទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម ។
មុនពេលសភាពសហភាពអឺរ៉ុបធ្វើសច្ចាបន អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន មានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ជាដើម បានដាក់ញត្តិជូនរដ្ឋសភាសហភាពអឺរ៉ុប ស្នើសុំកុំឲ្យផ្ដល់សច្ចាបន ដល់កិច្ចព្រមព្រាងពាណិជ្ជកម្មនេះ ដរាបណាប្រទេសវៀតណាម មិនទាន់កែលម្អការគោរពសិទ្ធិមនុស្សនៅឡើយទេនោះ ។ វៀតណាមជាប្រទេសកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍មួយ ដែលល្បីខាងការរំលោភសិទ្ធិមនុស្ស មានអ្នកកាសែត អ្នកលេងហ្វេសប៊ុក អ្នកសរសេរប្លុក រិះគន់រដ្ឋាភិបាលវៀតណាមជាច្រើននាក់ត្រូវបានចាប់ដាក់ព័ន្ធនាគារ ជាពិសេសការរំលោភបំពានមកលើបងប្អូនខ្មែរក្រោម ។ ទោះជាយ៉ាងនេះក្តី សភាសហភាពអឺរ៉ុបបានអនុម័តផ្ដល់សច្ចាបនរួចរាល់ហើយ ដោយឡែករដ្ឋសភាវៀតណាម រំពឹងថានឹងកោះប្រជុំផ្ដល់សច្ចាបននៅខែឧសភា ២០២០ ។
ដោយសារកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីជាមួយវៀតណាមនេះ សហភាពអឺរ៉ុប ត្រូវបានរងការរិះគន់មួយចំនួន ពីអ្នកមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា ព្រោះសហភាពអឺរ៉ុបបានដកការអនុគ្រោះព័ន្ធ (EBA) ២០% ពីកម្ពុជាដោយមូលហេតុការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តែបែរជាទៅធ្វើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ជាមួយប្រទេសវៀតណាមទៅវិញ ។
ការរិះគន់បែបនេះដូចជាសមហេតុផលដែរ ។ ប៉ុន្តែ កាលដែលសហភាពអឺរ៉ុបបានផ្ដល់ការអនុគ្រោះព័ន្ធ ឬការមិនយកព័ន្ធលើទំនិញកម្ពុជា (តែកម្ពុជាយកព័ន្ធពីអឺរ៉ុប) ប្រទេសកម្ពុជាក៏ពុំទាន់មានការគោរពសិទ្ធិមនុស្សល្អប្រសើរដែរ ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី (EVFTA) និងការអនុគ្រោះព័ន្ធ (EBA) សុទ្ធតែភ្លាប់ដោយលក្ខខណ្ឌគោរពសិទ្ធិមនុស្សដូចគ្នា ។ ជាទូទៅ នេះជាគោលនយោបាយរបស់ប្រទេសដែលមានប្រជាធិបតេយ្យជឿនលឿន ដែលគេហៅថា «ទំនាក់ទំនងដើម្បីស្ថាបនា» (constructive engagement) ដើម្បីឲ្យប្រទេសជាដៃគូ ដែលមានគោលការណ៍ប្រជាធិបតេយ្យអន់ថយ បានរៀនសូត្រពីខ្លួន ។
ដូច្នេះ តាមរយៈកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីនេះ ភាគីរៀតណាមត្រូវគោរពលក្ខខណ្ឌសិទ្ធិមនុស្ស ដូចដែលមានចែងនៅក្នុង «កិច្ចព្រមព្រាងក្របខណ្ឌ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ» (Framework Agreement on Comprehensive Partnership and Cooperation) ដែលជាគោលការណ៍គ្រឹះនៃទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ នៅក្នុងមាត្រាទី១ នៃកិច្ចព្រមព្រាងក្របខណ្ឌនេះ ចែងអំពីគោលការណ៍ទូទៅថា ភាគីហត្ថលេខីធ្វើការប្ដេជ្ញាចិត្ត «ក្នុងការគោរពគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកល របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស និងបរិធានសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធ» ។
វានឹងក្លាយជាការសម្ពាធមួយលើវៀតណាម ដើម្បីឲ្យគោរពនិងលើកកម្ពស់សិទ្ធិមនុស្សឲ្យបានប្រសើរឡើង ។ ជាក់ស្ដែង ក្រុមសមាជិកនាំមុខ នៃសភាសហភាពអឺរ៉ុបដែលមានកៅអី ៧០៥ បានទទួលការប្ដេជ្ញាចិត្តច្បាស់លាស់ពីរដ្ឋាភិបាលវៀតណាម ក្នុងការគោរពនិងលើកកម្ពស់សិទ្ធិកម្មករ ។ ដោយសារក្រុមសមាជិកនេះហើយ ដែលបានធ្វើឲ្យសមាជិកដទៃទៀតបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មសេរីនេះ ដោយជោគជ័យ ។
តាមការចុះផ្សាយរបស់សារព័ត៌មានប្លូមបើគ (Blooberg) ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២ កុម្ភៈ បានឲ្យដឹងថា លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសភាសហភាពអឺរ៉ុប បាននិយាយថា ខ្លួនបានប្រើប្រាស់ឥទ្ធិពលនៃសេចក្តីព្រាងកិច្ចព្រមព្រាងបើកទីផ្សារ ដើម្បីទទួលបានការប្តេជ្ញាចិត្តពីវៀតណាម ក្នុងការគោរពអនុសញ្ញាស្នូលចំនួន៣នៃអង្គការពលកម្មអន្តរជាតិ (ILO) និងការធ្វើឲ្យប្រសើរឡើងនូវច្បាប់ការងាររបស់វៀតណាម ។ លោក Lange ក៏បានលើកឡើងពីការបង្កើតក្រុមមួយ ដើម្បីត្រួតពិនិត្យតាមដានការអនុម័តកិច្ចព្រមព្រាងនេះផងដែរ ។ លោក Lange បានប្រាប់អ្នកយកព័ត៌មានទៀតថា “នេះគឺជារឿងជោគជ័យនៃប្រជាធិបតេយ្យ” ។
ដោយសារវៀតណាមកំពុងអនុវត្តគោលនយោបាយ កាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន សហភាពអឺរ៉ុបគឺជាទិសដៅទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់វៀតណាម ។
ដោយសារវៀតណាមកំពុងអនុវត្តគោលនយោបាយ កាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន សហភាពអឺរ៉ុបគឺជាទិសដៅទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់វៀតណាម ។
បងប្អូនខ្មែរក្រោម តែងទទួលរងការធ្វើទុកបុកម្នេញ ពីសម្នាក់អាជ្ញាធរវៀតណាម នៅលើទឹកដីដើមកំណើតរបស់ពួកគេ ។ អង្គការនិងសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើន ត្រូវបានបង្កើតឡើងនៅក្រៅប្រទេស ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម ។ អង្គការនិងសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយបានសហការជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិ បានតាមដាននិងឃ្លាំមើលការអនុវត្តការគោរពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម និងបានផ្សព្វផ្សាយពីការរំលោភសិទ្ធិមនុស្សនៅវៀតណាម ឲ្យពិភពលោកបានដឹង ។ ព្រោះហេតុនេះ យើងឃើញថា វៀតណាមបានដូរឥរិយាបថទន់ភ្លន់ជាងមុន មកលើបងប្អូនខ្មែរក្រោម តែការគាបសង្កត់នៅតែមាននៅឡើយ ។
ថ្មីៗនេះមានករណីព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី ត្រូវបានអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់លោក កាលពីថ្ងៃទី ២ ខែកុម្ភៈ ក្រោយពេលព្រះអង្គ បានទៅលេងស្រុកកំណើតនៅខេត្តឃ្លាំងបានមួយសប្ដាហ៍ ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានព្រៃនគរ (The Prey Nokor News) អាជ្ញាធរវៀតណាមបានចោទថា ព្រះអង្គធ្លាប់ចែករំលែកសារក្នុងហ្វេសប៊ុក ស្ដីពីសិទ្ធិខ្មែរក្រោម ដែលចាត់ទុកជាសកម្មភាពខុសច្បាប់របស់ប្រទេសវៀតណាម ។ ច្បាស់ណាស់នេះជាករណីគំរាមកំហែងបំបាក់ស្មារតី កុំឲ្យអ្នកដែលហ៊ានរិះគន់វៀតណាម ចូលទៅកាន់ទឹកដីកម្ពុជាក្រោមទៀត ដែលធ្លាប់បានកើតមានឡើងជាញឹកញាប់មកហើយ ។
ក្រោយពីដំណឹងនេះបានបែកធ្លាយដល់ប្រព័ន្ធសារព័ត៌មាន មានព្រៃនគរញូវ វីអូអេ អាស៊ីសេរី ជាដើម ព្រមទាំងមានអន្តរាគមន៍ពីភាគីដែលពាក់ព័ន្ធ អាជ្ញាធរវៀតណាម ក៏បានប្រគល់លិខិតឆ្លងដែនប្រគេនព្រះតេជព្រះគុណ សឺន ទី វិញ នៅថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះ ។
គួរឲ្យចាប់អារម្មណ៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកខ្លឹមសារ ក្នុងមាត្រាទី ១២.៤ នៃកតិកាសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិស៊ីវិលនិងនយោបាយ ដែលវៀតណាមបានចុះហត្ថលេខាទទួលស្គាល់ ដើម្បីបង្ខំឲ្យអាជ្ញាធរវៀតណាម ប្រគល់លិខិតឆ្លងដែនប្រគេនព្រះតេជព្រះគុណ សឺន ទី វិញ ។ មាត្រានេះចែងថា «គ្មានជនណាម្នាក់ត្រូវបានដក់ហូតសិទ្ធិ ក្នុងការចូលទៅក្នុងប្រទេសរបស់ខ្លួនឡើយ » ។
អាជ្ញាធរវៀតណាមព្រមប្រគល់លិខិតឆ្លងដែនប្រគេន ព្រះតេជព្រះគុណ សឺន ទី វិញពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាសហភាពអឺរ៉ុបផ្ដល់សច្ចាបន លើសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម ។ ដូចរៀបរាប់ខាងលើ តាមរយៈកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីនេះ វៀតណាមមានកាតព្វកិច្ចគោរពសិទ្ធិមនុស្សជាសកល ។ ដូច្នេះ ក្រៅពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបអាចប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជម្រុញឲ្យវៀតណាមគោរពសិទ្ធិមនុស្ស ឬដាក់សម្ពាធលើវៀតណាម ក្នុងករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយការព្យួរកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីនេះជាអាទិ ។
ដូច្នេះខ្មែរក្រោមអាចប្រើយន្តការនេះ បន្ថែមលើយន្តការដែលមានស្រាប់ ក្នុងការតស៊ូទាមទារសិទ្ធិសេរីភាព សម្រាប់ខ្មែរកម្ពុជាក្រោម ។ តែប្រសិទ្ធភាពច្រើនឬតិច ត្រូវពឹងផ្អែកលើចេតនានិងជំហរច្បាស់លាស់របស់សហភាពអឺរ៉ុប ក្នុងការភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជាដៃគូ ។
No comments:
Post a Comment