ផែនទីរដ្ឋធានីញូវដែល្លី (Google Map) ។ |
លោកវិទូ | ថ្ងៃ ៥᧭៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ កុម្ភៈ ២០២០ ។
តាមការសង្កេតមើលរបស់ខ្ញុំឃើញថា យើងសរសេរឈ្មោះរដ្ឋធានី (New Delhi) របស់ប្រទេសឥណ្ឌាខុសគ្នាតាមទំនើងចិត្តខ្លះ តាមអវិជ្ជាខ្លះ តាមទម្លាប់ខ្លះ ដែលជាហេតុធ្វើឲ្យមានភាពមិនច្បាស់លាស់ ទាំងគ្មាននរណាខ្វល់នឹងបកស្រាយទៀតផង ។ ថ្ងៃនេះខ្ញុំសូមសាកល្បងធ្វើការបកស្រាយ និងណែនាំឲ្យសរសេរបានត្រូវគ្នាតទៅតាមការគួរ ។
កាលពីសម័យសង្គម ដូចឃើញមាននៅក្នុងសៀវភៅទស្សនាវដ្ដីកម្ពុជសុរិយា មិត្តសាលាបាលី មិត្តពុទ្ធិកវិទ្យាល័យ ពុទ្ធិកសិក្សា និងសៀវភៅជាច្រើនទៀតដែលបានបោះពុម្ពផ្សាយក្នុងសម័យនោះ និយមសរសេរ Delhi ជា «ដេល្ហី» និង «ដែល្ហី» ព្រោះមានសំឡេង «h» ដែលបានស្មើនឹងសំឡេង «ហ» ។ ឧ. វត្តខ្មែរញូដែល្ហី ។ ប៉ុន្តែបើយើងមើលឈ្មោះរដ្ឋធានីនេះជាអក្សរហិណ្ឌី (ទេវនាគរី) វិញគឺ «दिल्ली» ស្មើនឹង «Dilli» ជាអក្សរឡាតាំង និង «ទិល្លី» ជាអក្សរខ្មែរ គ្មាន «h» ឬ «ហ» ទេ ។ ដូច្នេះ ទាំង «ដេល្ហី» និង «ដែល្ហី» គឺជាសំណេរតាមទម្លាប់ នាកាលនោះ ។ ដូចជាពាក្យថា «India» គេសរសេរជា «ឥណ្ឌៀ» តែឥឡូវគេសរសេរជា «ឥណ្ឌា» វិញ ។
បច្ចុប្បន្នឈ្មោះនៃរដ្ឋធានីនេះ បានក្លាយជា «New Delhi» ជាអក្សរឡាតាំង និង «नई दिल्ली» ជាអក្សរហិណ្ឌី (ទេវនាគរី) ។ បើយើងសរសេរតាមអក្សរហិណ្ឌី យើងបាន «នៃ ទិល្លី» ជាអក្សរខ្មែរ ។ បើសរសេរតាមអក្សរឡាតាំងធ្លាប់ឃើញមានខុសគ្នាច្រើនយ៉ាង៖ «ញ៉ូដេល្លី» «ញូដេល្លី» «ញូដេល្ហី» «ញូដែល្ហី» និង «ញូដែល្លី» ។
តាមរយៈឯកសារនានា ចេញដោយស្ថានទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌា ខ្ញុំឃើញគេសរសេរជា «ញូដែល្លី» ។ នេះអាចចាត់ទុកថាត្រឹមត្រូវមួយកម្រិត ជាងទម្រង់ផ្សេងៗទៀត ព្រោះជាកម្រិតរដ្ឋបាលផ្លូវការ ។ ប៉ុន្តែ បញ្ហានៅត្រង់ថា «New» ។ ក្រសួងការបរទេសខ្មែរសរសេរឈ្មោះរដ្ឋធានីរបស់សហរដ្ឋអាម៉េរិក «New York» ជាអក្សរខ្មែរ «ញូវយ៉ក» ។ ដូច្នេះ ហេតុអ្វីយើងត្រូវសរសេរខុសសម្រាប់ពាក្យតែមួយគឺ «New» ជា «ញូ» និងជា «ញូវ» ។
ហេតុនេះ យើងគួរសរសេរឲ្យបានត្រូវនិងស្របគ្នា តាមសំណេរបច្ចុប្បន្នជា «ញូវដែល្លី» (មានន័យថា ទីក្រុងដែល្លីថ្មី) ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment