ព្រះតេជព្រះគុណ ព្រះភិក្ខុ សង្ឃសេនា កំពុងផ្ដល់បទសម្ភាសន៍ដល់បណ្ដាញសារព័ត៌មានក្នុងស្រុក, ពុទ្ធគយា, រដ្ឋពិហារ, ៩ មីនា ២០២០ ។ រូបភាព៖ religionworld.in |
លោកវិទូ | ថ្ងៃ ៥᧴៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១២ មីនា ២០២០
ព្រះសង្ឃពុទ្ធសាសនាចំរុះនិកាយជាង ៧០០ អង្គ និងពុទ្ធបរិស័ទជាច្រើនកុះករ បានធ្វើពិធីសូត្រធម៌បួងសួង នៅទៀបគល់ព្រះមហាពោធិព្រឹក្សដ៏ស័ក្តិសិទ្ធិ នៅពុទ្ធគយា (រដ្ឋពិហារ) ដើម្បីកម្ចាត់បង់នូវឧបទ្រពចង្រៃកើតពីវីរុសកូរ៉ូណា និងផ្សាយមេត្តាដល់អ្នកដែលរងគ្រោះទាំងអស់ ។
ពុទ្ធគយា៖ មូលនិធិមហាករុណា, ញូវដែល្លី, (Mahakaruna Foundation, New Delhi) និងមជ្ឈមណ្ឌលសមាធិអន្តរជាតិមហាពោធិ, ឡាដាខ, (Mahabodhi International Meditation Centre, Ladakh) ដឹកនាំដោយព្រះប្រធានស្ថាបនិក ព្រះតេជព្រះគុណ ព្រះភិក្ខុ សង្ឃសេនា (Bhikkhu Sanghasena) បានរៀបចំការអធិស្ឋានជាសកលពិសេសមួយ នៅថ្ងៃពេញបូរណ៍មី ១៥ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ ដើម្បីឧទ្ទិសដល់ការកម្ចាត់បងនូវជំងឺឧត្បាតវីរុសកូរ៉ូណា (កូវីដ-១៩) និងដើម្បីសម្រាលនូវជំងឺ ទុក្ខព្រួយ និងការបាត់បង់ ព្រមទាំងទុក្ខវេទនាទូទៅដែលបានបន្សល់ទុកដោយវីរុសកូវីដ១៩, នៅក្រោមដើមពោធិព្រឹក្ស នៅឯមហាពោធិវិហារ ជាទីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង នៅពុទ្ធគយា រដ្ឋពិហារ ប្រទេសឥណ្ឌា ។
មនុស្សម្នាដ៏ច្រើនកុះករ រួមទាំងព្រះសង្ឃជាទីជ្រះថ្លាចំនួន ៧០០ អង្គ ដែលតំណាងឲ្យនិកាយព្រះពុទ្ធសាសនាធំៗទាំងបី គឺថេរវាទ មហាយាន និងវជ្រយាន និងពុទ្ធបរិស័ទរាប់រយនាក់ បានចួបជុំគ្នាប្រារព្ធកម្មវិធីសូត្រធម៌ដ៏ឧឡារិក ដើម្បីបួងសួងរួមគ្នាឲ្យពិភពលោកត្រលប់មករកភាពធម្មតា និងសូមឲ្យពិភពលោកមានសន្តិភាព ក្រោយពីការផ្ទុះឡើងនៃរោគរាតត្បាតនៃវីរុសកូរ៉ូណា (កូវីដ-១៩) ដែលមបានសម្លាប់មនុស្សជាច្រើនពាន់នាក់ទូទាំងសកលលោក ។
ការជួបជុំគ្នាប្រកបដោយសទ្ធាជ្រះថ្លានេះ គឺដើម្បីផ្សាយនូវមេត្តាករុណា ចំពោះអ្នកដែលរងផលប៉ះពាល់ ដោយការរីករាលដាល និងដើម្បីសុវត្ថិភាពនិងសន្តិភាពរបស់ប្រជាជនទាំងឡាយណា ដែលស្ថិតក្នុងស្ថានភាពភ័យខ្លាចការព្រួយបារម្ភនិងអស់សង្ឃឹម ដែលបណ្ដាលមកពីជំងឺឧត្បាតនេះ ។
ព្រះសង្ឃនិងពុទ្ធបរិស័ទ កំពុងសូត្រធម៌ផ្សាយមេត្តា នៅក្រោមម្លប់ដើមពោធិព្រឹក្សា, ពុទ្ធគយា, រដ្ឋពិហារ, ៩ មីនា ២០២០ ។ រូបភាព៖ religionworld.in |
ក្នុងពេលថ្លែងទៅកាន់ជំនុំពុទ្ធបរិស័ទដ៏ឧឡារិក នៅពុទ្ធគយានៅថ្ងៃនោះ ព្រះតេជព្រះគុណ ព្រះភិក្ខុ សង្ឃសេនា មានថេរដីកាថា យើងគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីតាំងចិត្តនិងពង្រឹងចេតនាដ៏ថ្លៃថ្លារបស់យើង ដើម្បីធ្វើឲ្យសេចក្តីករុណាកាន់តែមានន័យ សម្រាប់សកម្មភាពបម្រើសាសនា និងដើម្បីឲ្យកាន់តែមានសារសំខាន់សម្រាប់ពិភពលោកទាំងមូល ។
ព្រះអង្គក៏បានជំរុញឲ្យមនុស្សគ្រប់គ្នា ប្រកាន់ខ្ជាប់នូវការញ៉ាំអាហារបួស (គ្មានសាច់) និងរបៀបរស់នៅបែបធម្មជាតិ ដើម្បីឲ្យការរស់នៅរួមគ្នាក្នុងពិភពលោក បានប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ។ ព្រះអង្គក៏បានចែករំលែកបន្ថែមទៀត អំពីសេចក្តីជ្រះថ្លារបស់ព្រះអង្គ ពេលបានទៅថ្វាយបង្គំនៅព្រះមហាពោធិវិហារ និងការទទួលសព្វសាធុការពរពីព្រះពុទ្ធជាម្ចាស់ ដែលព្រះអង្គបានយកឱកាសនោះ ដើម្បីធ្វើការប្ដេជ្ញាចិត្ត លះបង់នូវបាបអកុសលណាមួយ និងចម្រើននូវកុសលធម៌ក្នុងសន្ដានចិត្ត ។
យ៉ាងណាមិញ ព្រះអង្គបានជំរុញឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ ដែលមានវត្តមាននៅក្រោមដើមពោធិព្រឹក្ស ប្តេជ្ញាធ្វើជាអ្នកនាំសារនៃសន្តិភាព ជាធម្មទូតនៃមេត្តាធម៌ និងក្នុងនាមជាព្រះពោធិសត្វ មុនពេលចាកចេញពីដែនដីពុទ្ធភូមិដ៏ពិសិដ្ឋនេះ ត្រលប់ទៅកាន់ទីស្ថានរៀងៗខ្លួនវិញ ។
ការប្រារព្ធពិធីសូត្រធម៌ផ្សាយមេត្តាជាសកលនេះ មានមនុស្សជាច្រើននៅតំបន់ផ្សេងៗគ្នា បានចូលរួមពីចម្ងាយ ហើយបានអធិស្ឋានក្នុងពេលតែមួយ នៅផ្ទះរបស់ពួកគេ នៅតាមវត្ត និងកន្លែងរៀងៗខ្លួន ។ ព្រះសង្ឃមេដឹកនាំសាសនាសំខាន់ៗមួយចំនួន ក៏បានផ្ញើសារចូលរួមពីចម្ងាយផងដែរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment