ព្រះសង្ឃពុទ្ធសាសនាស្រីលង្កាកំពុងចម្រើនព្រះបរិត្តទាំងរាត្រី ដើម្បីសេចក្តីសុខរួចចាកទុក្ខនៃវីរុសកូវីដ១៩, កូឡំបូ, ១៤ មីនា ២០២០ ។ រូបភាព៖ រ៉យទ័រ |
លោកវិទូ | ថ្ងៃ ៤᧺៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៨ មីនា ២០២០
ដើម្បីបញ្ចៀសនូវគ្រោះភ័យឧបទ្រពចង្រៃកើតចេញពីវីរុសកូរ៉ូណា ប្រទេសស្រីលង្កានឹងធ្វើពិធីសូត្រធម៌តាមបែបព្រះពុទ្ធសាសនា រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ១៨ មីនានេះតទៅ នៅក្បែរចេតិយព្រះចង្កូមកែវដ៏ស័ក្ដិសិទ្ធិ នាទីក្រុងឃែនឌី ។
កូឡុំបូ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌាធូដេ (India Today) កាលពីថ្ងៃទី ១៦ ខែមីនា បានឲ្យដឹងថា ប្រទេសស្រីលង្កានឹងធ្វើការបួងសួងបែបព្រះពុទ្ធសាសនា រយៈពេលពេញមួយសប្តាហ៍ ដើម្បីជាមធ្យោបាយប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង កាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណាដ៏សាហាវ ដែលធ្វើឲ្យមនុស្សផ្ទុកជំងឺនេះជាង ១០០.០០០ នាក់ (ជិត ២០០.០០០ នាក់ ត្រឹម ១៨ មីនា) នៅទូទាំងពិភពលោក ។
គិតត្រឹមថ្ងៃអាទិត្យទី ១៥ ខែមីនា ឆ្នាំ ២០២០ ករណីដែលត្រូវបានរាយការណ៍ នៅក្នុងប្រទេសស្រីលង្កាមានចំនួន ១១ នាក់ (កើនឡើងដល់ ៤៤ នាក់ ត្រឹម ១៧ មីនា) និងជាង ១៣៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ព្រះតេជព្រះគុណ បណ្ឌិត វរ័កគោដា ញាណរតនពិធាន (Warakagoda Gnanarathana) មហានាយកថេរនៃនិកាយអស្គិរិយដ៏មានឥទ្ធិពល បានមានព្រះថេរដីកាទៅកាន់អ្នករាយការណ៍ព័ត៌មានថា «យើងបានរៀបចំដើម្បីស្វាធ្យាយនូវ 'រតនសូត្រ' អស់រយៈពេលជាងមួយសប្តាហ៍ ដែលយើងសង្ឃឹមថាមិនត្រឹមតែប្រទេសស្រីលង្កាទេ ពិភពលោកទាំងមូលនឹងទទួលបានពរជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ» ។
ព្រះតេជព្រះគុណបានមានព្រះថេរដីកាទៀតថា «ពិធីនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា សម្រាប់រយៈពេលមួយសប្តាហ៍ នៅក្បែរចេតិយព្រះចង្កូមកែវ នៅទីក្រុងឃែនឌី» ។
ព្រះតេជព្រះគុណ ញាណរតនពិធាន បានមានព្រះថេរដីកាថា នៅក្នុងប្រវត្ដិសាស្ដ្រនៃព្រះពុទ្ធសាសនា រតនសូត្រត្រូវបានគេសូត្រក្នុងកំឡុងពេលមានឧបទ្រពចង្រៃនិងជំងឺ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងព្រះសូត្រនេះ នៅពេលដែលទីក្រុងវេសាលីនៃប្រទេសឥណ្ឌា កំពុងត្រូវបានញាំញីដោយជំងឺនិងទុរ្ភិក្ស ។
តាមប្រពៃណីស្រីលង្កា ពេលដែលប្រទេសជួបវិបត្តិភយន្តរាយណាមួយ រដ្ឋាភិបាលស្រីលង្កាតែងតែធ្វើពិធីបួងសួងសូត្រធម៌ និងបើកព្រះសិរីរិកធាតុព្រះចង្កូមកែវ នៅចេតិយមាស នៅទីក្រុងឃែនឌី ឲ្យសាធារណជនធ្វើសក្ការបូជា ដើម្បីសេចក្តីសុខសេចក្តីចម្រើន និងបញ្ចៀសគ្រោះភ័យឧបទ្រពចង្រៃទាំងឡាយ ។
តាមប្រពៃណីស្រីលង្កា ពេលដែលប្រទេសជួបវិបត្តិភយន្តរាយណាមួយ រដ្ឋាភិបាលស្រីលង្កាតែងតែធ្វើពិធីបួងសួងសូត្រធម៌ និងបើកព្រះសិរីរិកធាតុព្រះចង្កូមកែវ នៅចេតិយមាស នៅទីក្រុងឃែនឌី ឲ្យសាធារណជនធ្វើសក្ការបូជា ដើម្បីសេចក្តីសុខសេចក្តីចម្រើន និងបញ្ចៀសគ្រោះភ័យឧបទ្រពចង្រៃទាំងឡាយ ។
រដ្ឋាភិបាលបានប្រកាសនៅថ្ងៃច័ន្ទទី ១៦ ខែមីនា ជាថ្ងៃឈប់សម្រាកពិសេសមួយ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលសម្លាប់មនុស្ស ដោយមានការណែនាំថ្មីៗ ដើម្បីដាក់ឲ្យនៅដាច់ឆ្ងាយនូវរាល់បុគ្គលណា ដែលបានចូលមកក្នុងប្រទេស ក្រៅពីប្រទេសចិន ។
វេជ្ជបណ្ឌិត អនិល ជសិង្ហ (Anil Jasinghe) ប្រធានផ្នែកសុខាភិបាល បានមានប្រសាសន៍ថា ជនជាតិចិនដែលមកដល់ទីនេះ កំពុងត្រូវបានដាក់ឲ្យស្ថិតក្នុងដំណើរការដាច់ដោយឡែកពីគេ ។
មានមនុស្សជាង ១.៧០០ នាក់ ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនាពេលបច្ចុប្បន្ន និងមានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ១០ ករណី ។
មន្រ្តីអាកាសយានដ្ឋានបាននិយាយថា អ្នកដំណើរទាំងអស់មកពី ១១ ប្រទេស ឥឡូវនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។ ជើងហោះហើរទាំងអស់ទៅកាន់ប្រទេសស្រីលង្កាពីចក្រភពអង់គ្លេស ន័រវែស និងបែលហ្ស៊ិក ត្រូវបានផ្អាក ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល ក៏បានប្រកាសបិទប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិចាហ្វណាផងដែរ ដោយមើលឃើញពីការគំរាមកំហែង ។ ជេហ្វណាប្រតិបត្តិការហោះហើរទៅកាន់ទីក្រុងចេន្នៃ (ប្រទេសឥណ្ឌា) ។
ព្រះវិហារកាតូលិកបានលុបចោលកម្មវិធីថ្វាយព្រះថ្ងៃអាទិត្យរបស់ខ្លួន អស់រយៈពេលពីរសប្តាហ៍ ។ ការប្រារព្ធពិធីជាសាធារណៈទាំងអស់ ត្រូវបានលុបចោលហើយ ។
ប្រទេសស្រីលង្កាបានបិទសាលារៀននិងសាកលវិទ្យាល័យ តាំងពីមានការប្រកាសជាលើកដំបូង អំពីជនជាតិស្រីលង្កាដែលបានឆ្លងវីរុសកូវីដ១៩នេះ ។ សាលារៀននិងសាកលវិទ្យាល័យនឹងនៅតែបិទរហូតដល់ថ្ងៃទី ២០ ខែមេសា ។
កាលពីថ្ងៃទី ៩ ខែមីនា ប្រទេសស្រីលង្កាបានប្រកាសផ្អាករាល់ការធ្វើដំណើរធម្មយាត្រាទាំងអស់ ទៅកាន់ប្រទេសឥណ្ឌា ដោយយល់ឃើញថា អ្នកធ្វើដំណើរធម្មយាត្រាភាគច្រើនគឺចាស់ៗ ដែលងាយរងគ្រោះដោយជំងឺកូវីដ១៩នេះ ។
កាលពីថ្ងៃទី ៩ ខែមីនា ប្រទេសស្រីលង្កាបានប្រកាសផ្អាករាល់ការធ្វើដំណើរធម្មយាត្រាទាំងអស់ ទៅកាន់ប្រទេសឥណ្ឌា ដោយយល់ឃើញថា អ្នកធ្វើដំណើរធម្មយាត្រាភាគច្រើនគឺចាស់ៗ ដែលងាយរងគ្រោះដោយជំងឺកូវីដ១៩នេះ ។
វីរុសសម្លាប់មនុស្ស ដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ បានសម្លាប់មនុស្សជាង ៦.៥០០ នាក់ និងឆ្លងដល់មនុស្សជាង ១៦៩.០០០ នាក់នៅលើប្រទេសនិងតំបន់ចំនួន ១៣៥ (ស្ថិតិត្រឹម ១៦ មីនា) ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment