ហេតុអ្វីប្រទេសភូមាគ្មានករណីឆ្លងវីរុសកូរ៉ូណា?, តែអ្នកជំនាញសង្ស័យ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, March 21, 2020

ហេតុអ្វីប្រទេសភូមាគ្មានករណីឆ្លងវីរុសកូរ៉ូណា?, តែអ្នកជំនាញសង្ស័យ

ស្ត្រីម្នាក់កំពុងស្រោចទឹកព្រះពុទ្ធបដិមា នៅឯវត្តស្វេដាហ្គន ក្នុងទីក្រុងយ៉ង់ហ្គោន, ១២ មីនា ២០២០ ។ រូបភាព៖ ញូវយ៉កថែមស៍

លោកវិទូ | ថ្ងៃ ៧᧽៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២១ មីនា ២០២០

ប្រទេសភូមាជាប្រទេសកាន់ពុទ្ធសាសនាថេរវាទដូចកម្ពុជាដែរ ហើយមានព្រំដែនប្រវែង ២.២២៧ គីឡូម៉ែត្រ ជាប់ប្រទេសចិន និងជាប់ថៃ បង់ក្លាដែស និងឥណ្ឌាផងដែរ ។ ប៉ុន្ដែមកទល់នឹងពេលនេះ គ្មានករណីឆ្លងជំងឺកូវីដ១៩ សូម្បីតែមួយករណីឡើយ ដែលធ្វើឲ្យអ្នកជំនាញមានការសង្ស័យជាខ្លាំង ។

ប្រទេសចិនមានអ្នកជំងឺកូវីដ១៩ជាង ៨១.០០០ នាក់ ប៉ុន្តែយោងតាមលោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ប្រមុខដឹកនាំប្រទេសភូមា ប្រទេសរបស់គាត់មិនទាន់មានករណីឆ្លងវីរុសកូវីដ១៩នៅឡើយទេ ។

លោកស្រី អ៊ុង សាន ស៊ូជី បានថ្លែងក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ដែលចុះផ្សាយក្នុងការសែតឌឺហ្កាឌាន (The Guardian) ថា «រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នៅក្នុងប្រទេសរបស់យើងឆ្លងវីរុសកូវីដ១៩ទេ» ។

ត្រឹមថ្ងៃព្រឹកថ្ងៃសៅរ៍នេះ នៅភាគខាងលិចប្រទេសភូមា គឺនៅក្នុងប្រទេសឥណ្ឌា មានករណីឆ្លងវីរុសកូវីដ១៩ចំនួន ២៥៨ និងនៅប្រទេសបង់ក្លាដែស ២០ ករណី ។ ប្រទេសថៃដែលជាប្រទេសជិតខាង នៅភាគខាងត្បូងប្រទេសភូមា បានរាយការណ៍ថាមាន ៣២២ ករណី ។

អ្នកនាំពាក្យរដ្ឋាភិបាលភូមា បានព្យាយាមពន្យល់ពីភាពមិនប្រក្រតីដែលថា ហេតុអីប្រទេសជិនខាងសុទ្ធតែមានករណីឆ្លងជំងឺកូវីដ១៩ ចំណែកប្រទេសភូមាមិនមានសោះ ដោយការអះអាងថា «របៀបរស់នៅនិងរបបអាហារ» របស់ប្រជាជនបានការពារពួកគេពីជំងឺនេះ ។ តាមរយៈការអះអាងបែបនេះ ធ្វើឲ្យគេយល់ឃើញថា រដ្ឋាភិបាលភូមាកំពុងមើលស្រាល ការរីករាយដាលនៃជំងឺកូវីដ១៩ ។

លោក ហ្វីល រូបឺតសុន (Phil Robertson) អនុប្រធានផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា «សេចក្តីថ្លែងការណ៍ដែលគ្មានការទទួលខុសត្រូវទាំងនេះ វាខ្ទាស់ជាមួយនឹងអ្វីគ្រប់យ៉ាងដែលគេដឹង អំពីការផ្ទុះឡើងនៃមេរោគកូវីដ១៩ ហើយគ្រាន់តែផ្តល់នូវការយល់ច្រឡំអំពីសន្តិសុខ ដល់ប្រជាជនភូមា អំពីជំងឺនិងហានិភ័យនៃការឆ្លងមេរោគ» ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានលុបចោលការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីភូមា និងបានហាមប្រាមការប្រមូលផ្តុំគ្នាដទៃទៀត រហូតដល់ចុងខែមេសា ។ ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារជំងឺផ្លូវដង្ហើមកូវីដ១៩ អាចរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងហ្វូងមនុស្ស សាធារណៈជណមិនគួរចូលរួមក្នុងកម្មវីធីនិងពិធីបុណ្យផ្សេងៗ រួមទាំងការប្រារព្ធពិធីបុណ្យអុំទូកប្រពៃណី និងការធ្វើ ម៉ានដាត (mandats)» ។

ម៉ានដាតគឺជាវេទិកាបណ្តោះអាសន្ន ដែលត្រូវបានសាងសង់សម្រាប់ការសម្តែងតន្រ្តីនិងរបាំ ជុំវិញកាលបរិច្ឆេទនៃពិធីបុណ្យនានា ដូចជាពិធីបុណ្យចូលឆ្នាំថ្មី (Thingyan festival) ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី ១៣-១៦ ខែមេសា ។

យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា អ្នកជំងឺ ១០ នាក់នៅក្នុងប្រទេសភូមាបច្ចុប្បន្ន កំពុងសម្រាកព្យាបាលដោយរង់ចាំលទ្ធផលតេស្ត ។

នៅទូទាំងពិភពលោកមានករណីឆ្លងវីរុសកូវីដ១៩ ចំនួនជាង ២៧ ម៉ឺននាក់ នៅក្នុងប្រទេសចំនួន ១៨៥ ឬដែនដី ។ អង្គការសុខភាពពិភពលោកបាននិយាយថា ការគំរាមកំហែងជាសកលពីជំងឺផ្លូវដង្ហើមគឺខ្ពស់ ។

យោងតាមកាសែតញូវយ៉កថែមស៍ (New York Times) បានឲ្យដឹងថា មេដឹកនាំព្រះពុទ្ធសាសនាមួយចំនួននៅក្នុងប្រទេសភូមា បាននិងកំពុងលើកកម្ពស់ឱសថមិនមានលក្ខណៈវេជ្ជសាស្ត្រ រួមទាំងអ្នកដែលអះអាងថា ការទទួលទានកំបោរមួយដុំជាមួយស្លា ៣ ចំណិត នឹងអាចការពារមេរោគបាន ។ ព្រះសង្ឃមួយអង្គទៀតបានណែនាំឲ្យទទួលទានម្រិច ៧ គ្រាប់ ។
ព្រះសង្ឃភូមាកំពុងសូត្រធម៌ នៅក្នុងវត្តមួយ (គ្មានកាលបរិច្ឆេទ) ។ រូបភាព៖ ហ្វេសប៊ុក wisemen

វេជ្ជបណ្ឌិតខ្លះនៅក្នុងប្រទេសក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ។ វេជ្ជបណ្ឌិត វីន ធនដារ ភ្យូ (Win Thandar Phyu) ប្រធានមន្ទីរពេទ្យទូទៅអូក្កាឡាប៉ាខាងជើង (North Okkalapa General Hospital) ក្នុងទីក្រុងយ៉ាំងហ្គោនបានលើកឡើងថា «ប្រទេសភូមានៅមានសំណាងនៅឡើយ ពីព្រោះប្រទេសនេះជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយព្រះសង្ឃជាន់ខ្ពស់តែងតែសូត្រធម៌ ដើម្បីឲ្យមានសុវត្ថិភាព» ។

លោក រ៉ូបឺតសុន បានមានប្រសាសន៍ថា «កង្វះការព្រួយបារម្ភជាសាធារណៈរបស់រដ្ឋាភិបាល បានបង្កឲ្យមានពាក្យចចាមអារាមនិងការប៉ាន់ស្មាន អំពីការឆ្លើយតបរបស់រដ្ឋាភិបាល ដែលធ្វើឲ្យការមិនទុកចិត្ត និងមិនអាចធ្វើការសម្រេចចិត្តដែលមានព័ត៌មានគ្រប់គ្រាន សម្រាប់គ្រួសាររបស់ពួកគេ» ។

ទោះបីមិនមានករណីណាមួយ ដែលត្រូវបានរាយការណ៍ក៏ដោយ ក៏រដ្ឋាភិបាលភូមាបានផ្អាកពិធីបុណ្យនិងព្រឹត្តិការណ៍កម្សាន្តនានា នៅក្នុងខែមេសា រួមទាំងពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំធំបំផុតនៅក្នុងប្រទេស ។

រដ្ឋាភិបាលក៏បានចាប់ផ្តើមមូលនិធិ ដើម្បីរៃអង្គាសប្រាក់ពីសាធារណជន ដើម្បីគាំទ្រការឆ្លើយតបរបស់ខ្លួនចំពោះជំងឺនេះ ។

លោកស្រី អ៊ុង សាន ស៊ូជី បានមានប្រសាសន៍ថា «ខ្ញុំសូមជម្រុញឲ្យអ្នកដែលចង់បរិច្ចាគ សូមបរិច្ចាគតាមសទ្ធាជ្រះថ្លាដែលអ្នកអាចធ្វើបាន» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment