មេដឹកនាំសាសនាធំទាំងបី ព្រះពុទ្ធសាសនា គ្រិស្ដសាសនា និងឥស្លាមសាសនា ឈរពីក្រោយអ្នកវិទ្យាសាស្ត្រ ដែលកំពុងសាកល្បងថ្នាំព្យាបាល វីរុសកូវីដ១៩ ។ |
លោកវិទូ | ថ្ងៃ ១᧾៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មីនា ២០២០
លោក ប្រាក់ សម្ផស្ស បញ្ចេញនូវជ្រុងមួយនៃទស្សនៈថា «[តម្លៃ]នៃកិច្ចការឆ្លើយតបតាមលក្ខណៈវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តគឺជាធាតុសច្ចានុម័តិ ដែលមិនអាចដើររំលងបានឡើយក្នុងអន្តរកាលនេះ ស្របពេលដែលមនុស្សទាំងឡាយក៏ត្រូវការរក្សាលំនឹងផ្លូវចិត្ត សតិអារម្មណ៍ឱ្យបានហ្នឹងហ្ន (សមាធិ) និងអភិក្រមសាសនានានាចូលរួមជាចំបាច់ដែរ» ។
តើជ្រុងម្ខាងទៀតនៃសាសនាអាចជួយអ្វីបានខ្លះ ពេលដែលពិភពលោកកើតកោលាហលបែបនេះ?
នៅក្នុងប្រវត្តិសាស្រ្តពិភពលោកមានរឿងប្លែកៗ កើតឡើងរាប់មិនអស់នោះទេ រឿងខ្លះមនុស្សអាចដោះស្រាយ ហើយរឿងខ្លះទៀតមនុស្សក៏មិនអាចដោះស្រាយបាន ក៏ព្រមទទួលយកដោយឥតលក្ខខណ្ឌនូវរឿងរ៉ាវទាំងអស់នោះ ដោយការមិនពេញចិត្តនិងការពេញចិត្ត ដែលមានតាំងតែពីសម័យមុនបុរេប្រវត្តិ ។
នៅក្នុងចំណោមរឿងរ៉ាវខ្លះ ក៏ផ្តើមចេញពីទង្វើរបស់មនុស្ស ហើយបាតុភូតខ្លះទៀតក៏បង្កមកពីធម្មជាតិបង្កើតឡើងទៅ តាមសភាពនៃធម្មនិយាមរបស់ខ្លួនដោយមិនស្ថិតនៅក្រោមអំណាច ឬក៏ឥទ្ធិពលនៃអាទិទេពណាមួយឡើយ ។ ឈរលើកត្តាទាំងអស់នេះហើយ ទើបមនុស្សចាប់ផ្តើមរកទីពឹងពុំនាក់អាស្រ័យសម្រាប់ផ្លូវចិត្តរបស់គេ ជាពិសេសនៅពេលដែលមានគ្រោះអាសន្នម្តងៗ ដែលមនុស្សមិនអាចមានសមត្ថភាពគ្រប់គ្រងបាន ។
ការផ្តល់សកមតិដើម្បីបង្កើតជាជម្រើស លើការប្រតិបត្តិក្នុងការស្វែងរកជាទីបង្អែកផ្លូវសតិអារម្មណ៍ (សាសនពិធី) គឺជាបុព្វភាគប្រកបដោយសារវន្តមួយមិនអាចកាត់ផ្តាច់បានរវាងមនុស្ស និងព្រលឹងវិញ្ញាណ រួមទាំងបរិស្ថានដែលស្ថិតនៅជុំវិញខ្លួនគេ ព្រោះថា ពេលខ្លះគេចាត់ទុកក្រុមអទិស្សមានកាយ (អ្នកមានកាយមិនប្រាកដ) ថាជាអ្នកបង្កឬញុំងបាតុភូតអ្វីមួយឱ្យកើតឡើង ដូច្នេះមនុស្សក៏គោរពដល់ភាវៈទាំងអម្បាលមាណនោះទៅ ។
វឌ្ឍនាការនៅតែបន្តទៅមុខឥតមានអ្វីរារំាងលើទ្វីបលោកនេះ រាប់បញ្ចូលទាំងងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យារួមទាំងរបបគំហើញថ្មីៗ គឺថាមិនស្ថិតនៅដដែលនោះឡើយដែលមានន័យថា មានតែការប្រែប្រួលប៉ុណ្ណោះ ទើបមិនប្រែប្រួល ។ គុណវុឌ្ឍិផ្នែកខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានជួយបង្កលក្ខណៈងាយស្រួល ដល់មនុស្សបានច្រើនណាស់រាប់មិនអស់ ដែលខុសពីសម័យបុព្វកាលនៃអនារ្យធម៌ ដែលពឹងផ្អែកទាំងស្រុងទៅលើតែអភិធម្មជាតិមួយមុខ ព្រោះវាជារឿងធម្មតាទេនៅពេលដែលគ្មានពន្លឺ មនុស្សក៏ត្រូវបន្សាំខ្លួនជាមួយនឹងភាពងងឹត (គ្មានវិទ្យាសាស្រ្ត) នោះទៅ ។ ត្រង់ចំណុចនេះ មិនមែនមានន័យថា វិទ្យាសាស្រ្តអាចជួយដោះស្រាយបញ្ហារបស់មនុស្សបាន ជាទ្រង់ទ្រាយសព្វគុណនោះទេ រីឯអភិធម្មជាតិក៏មិនបានឆ្លើយតប ឱ្យទាន់ពេលវេលាជាក់ស្តែងដល់មនុស្ស ដែលកំពុងតែត្រូវការជំនួយភ្លាមៗក៏ទេដែរ ។
ទោះបីជាវឌ្ឍនកម្មរបស់ពិភពលោកឈានដល់កំរិតនេះក្តី ក៏គេសង្កេតឃើញថា មនុស្សនៅតែត្រូវការទីពឹងពុំនាក់ស្មារតី ទៅតាមសកមតិរៀងៗខ្លួនដដែលទោះតិចក្តីច្រើនក្តី ។ ឆ្លើយតបទៅនឹងសំណួរខាងលើថា តើជ្រុងសាសនាធំៗក្នុងលោកអាចជួយអ្វីបានខ្លះ ដល់ពិភពលោកដែលកំពុងតែមានកោលាហលពីរោគភ័យនាពេលបច្ចុប្បន្ន? ។ តម្លៃនៃកិច្ចការឆ្លើយតបតាមលក្ខណៈវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តគឺជាធាតុសច្ចានុម័តិដែលមិនអាចដើររំលងបានឡើយក្នុងអន្តរកាលនេះ ស្របពេលដែលមនុស្សទាំងឡាយក៏ត្រូវការរក្សាលំនឹងផ្លូវចិត្ត សតិអារម្មណ៍ឱ្យបានហ្នឹងហ្ន (សមាធិ) និងអភិក្រមសាសនានានាចូលរួមជាចំបាច់ដែរ ។
ការរើសអើង និងការគេចវេសពីបញ្ហា មិនមែនជាសាររបស់មេដឹកនាំសាសនាទាំងឡាយក្នុងលោក បានប្រៀនប្រដៅដល់សាវ័ករបស់ខ្លួនឡើយ ។ ការស្គាល់បញ្ហា ការដឹងហេតុនៃបញ្ហា ការប្រឈមនឹងបញ្ហា និងចូលរួមដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហា គឺធាតុផ្សំដ៏សំខាន់ដែលសាសនិកទាំងឡាយគប្បីធ្វើនៅក្នុងពិភពលោក ដែលកំពុងតែកោលាហលនេះ ។
ពាក់ពន្ធ័ទៅនឹងការរក្សាលំនឹងចិត្តក្នុងស្ថានភាពបែបនេះ មានពុទ្ធោវាទមួយនៅក្នុងគម្ពីរធម្មបទខាងពុទ្ធសាសនាវិញ ព្រះពុទ្ធអង្គបានត្រាស់ថា “សត្រូវដ៏អាក្រក់បំផុតរបស់អ្នក មិនអាចធ្វើឱ្យអ្នករងគ្រោះខ្លាំងក្លា ដូចជាចិត្តរបស់អ្នកផ្ទាល់ ដែលមិនបានទូន្មានដោយល្អនោះឡើយ ” ។
ចំណែកឯលោក ម៉ូហាម៉ាត់ ព្យាការីរបស់ព្រះអាឡាហ៍បានលើកឡើងថា
“ការជឿជាក់ គឺជាប្រភពនៃអំណាចរបស់ខ្ញុំ
សេចក្តីសោកសៅ ជាមិត្ររបស់ខ្ញុំ
ចំណេះដឹង (បញ្ញា) គឺជាអាវុធរបស់ខ្ញុំ
ការអត់ធ្មត់(ខន្តី) គឺជាអាវក្រោះ និងគុណធម៌របស់ខ្ញុំ ” ៕
_________________________
ឯកសារពិគ្រោះ
-How to Live without Fear & Worry by Ven. K.Sri Dhammnanda (1989)
-How the World Thinks by Julian Baggini (2008)
-Buddhism and Society by Melford E. Spiro (1970, 1982)
រូបភាព៖ Facebook
អត្ថបទដោយ៖ លោក ប្រាក់ សម្ផស្ស, ពិធីករល្បីឈ្មោះនៅទូរទស្សន៍ក្នុងស្រុកមួយ ។
ប្រភព៖ https://www.facebook.com/100005785868964/posts/1244502305752620/
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment