លោកវិទូ | ថ្ងៃ ១᧾៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មីនា ២០២០
ទីក្រុងមុម្បៃ៖ តាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងអនុវត្ត «បម្រាមគោចរជនតា» រយៈពេល ១៤ ម៉ោង នៅថ្ងៃអាទិត្យនេះ ដើម្បីទប់ស្កាត់នូវការរីករាលដាលយ៉ាងលឿននៃជំងឺកូរ៉ូណា (កូវីដ១៩) នៅក្នុងប្រទេស ដែលមានអ្នកជំងឺកើនឡើងដល់ ៣២៤ នាក់ ដែលមានផ្ទុកវីរុសឧត្បាតនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅប្រកាន់ប្រជាជនឥណ្ឌា កាលពីចុងសប្តាហ៍មុន លោកនាយរដ្ឋមន្ត្រី នរេន្ទ្រ មោទី បានជម្រុញឲ្យប្រជាជន ស្នាក់នៅក្នុងផ្ទះម៉ោង ៧ ព្រឹក ដល់ ម៉ោង ៩ យប់ ជាវិធានការមួយ ដែលគាត់បាននិយាយថា ជាការសាកល្បងនូវសមត្ថភាពរបស់ឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។
ប៉ុន្មាននាទីមុនពេលបម្រាមគោចរចាប់ផ្តើម លោកមោទីបានសរសេរនៅលើបណ្ដាញធ្វីទ័រថា «សូមឲ្យយើងទាំងអស់គ្នាចូលរួមអនុវត្តបម្រាមគោចរនេះ ដែលនឹងបន្ថែមកម្លាំងយ៉ាងខ្លាំង ដល់ការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងពីកូវីដ១៩» ។ លោកបានបន្ថែមទៀតថា «ជំហ៊ានដែលយើងអនុវត្តឥឡូវនេះនឹងជួយក្នុងពេលអនាគត» ។
អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ករណីរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងអត្រាមួយ ដែលត្រូវបានគេមើលឃើញក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើង នៅក្នុងប្រទេសដទៃទៀត ដែលបានរាយការណ៍ជាបន្តបន្ទាប់ពីការកើនឡើងនៃការឆ្លង ។
រដ្ឋនានានៅប្រទេសឥណ្ឌាបានប្រកាសពីវិធានការណ៍នានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ។ ទីក្រុងចំនួន ៤ នៅក្នុងរដ្ឋគុជរ័ត ដែលជាផ្ទះរបស់លោកមោទី បានប្រកាសបិទទាំងស្រុងរហូតដល់ថ្ងៃទី ២៥ ខែមីនា ។
រដ្ឋវាលខ្សាច់ជិតខាងរបស់ខ្លួនគឺរដ្ឋរាជស្ថាន បានបញ្ជាឲ្យយបិទរហូតដល់ថ្ងៃទី ៣១ ខែមីនា ខណៈដែលរដ្ឋភាគខាងកើតនិងភាគកណ្តាលបានផ្អាកប្រតិបត្តិការឡានក្រុងឆ្លងរដ្ឋ ដើម្បីរារាំងការចាកចេញរបស់អ្នករកប្រាក់ឈ្នួលប្រចាំថ្ងៃ ពីមជ្ឈមណ្ឌលទីក្រុងទៅភូមិ ។
ថ្នាក់ដឹកនាំរដ្ឋបានជំរុញឲ្យពលរដ្ឋ កុំប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិនានា ចៀសវាងការធ្វើដំណើរតាមរថភ្លើងនិងឡានក្រុង ដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាល ។ ទោះយ៉ាងណា ភាពតានតឹងបានកើនឡើង ដោយសារកម្មករដែលខឹងសម្បារ បានធ្វើការតវ៉ានៅស្ថានីយ៍ឡានក្រុងមួយចំនួន ប្រឆាំងនឹងការបិទសេវាកម្មដឹកអ្នកដំណើរដ៏សំខាន់នេះភ្លាមៗ ។
កម្មវិធីឯកជនដូចជាពិធីមង្គលការ និងការបោះឆ្នោតថ្នាក់តំបន់ត្រូវបានលុបចោល ។ រដ្ឋាភិបាលសហព័ន្ធកំពុងពន្លឿនការផលិតម៉ាស់ ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតថ្នាំសំលាប់មេរោគ ផលិតទឹកលាងសម្អាតដៃ ។
លោកមោទីបានស្នើសុំឲ្យប្រជាជន ឈរនៅលើយ៉រនិងជិតបង្អួចនៅល្ងាចថ្ងៃអាទិត្យ ដើម្បីទះដៃវាយជួងដើម្បីអបអរសាទរបុគ្គលិកសង្គ្រោះបន្ទាន់ និងបុគ្គលិកអនាម័យដែលស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏ប្រល័យនេះ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment