កូវីដ១៩៖ កម្ពុជាហាមឃាត់សកម្មភាពចួបជុំបែបសាសនាទាំងអស់ជាបណ្ដោះអាសន្ន - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, March 17, 2020

កូវីដ១៩៖ កម្ពុជាហាមឃាត់សកម្មភាពចួបជុំបែបសាសនាទាំងអស់ជាបណ្ដោះអាសន្ន

កម្មវិធីបុណ្យមួយនៅវត្តគល់ទទឹង ទីក្រុងភ្នំពេញ, ៤ មីនា ២០២០ ។ រូបភាព៖ សង្ឃកិច្ចាល័យ

លោកវិទូ | ថ្ងៃ ៣᧹៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ មីនា ២០២០

ក្រោយពីករណីអ្នកជំងឺកូវីដ១៩ បានកើនឡើងដល់ចំនួន ២៤ នាក់ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបណ្ដោះអាសន្ន នូវរាល់សកម្មភាពចួបជុំបែនសាសនាទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឧត្បាតនេះបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ភ្នំពេញ៖ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការចួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ។

ការប្រកាសឲ្យបិទការចួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាផ្សេងៗទៀត ហើយចាប់អនុវត្តពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល ។

ការបិទបណ្ដោះអាសន្ននេះ គឺធ្វើឡើងក្រោយពីបងប្អូនខ្មែរឥស្លាមចំនួន ១១ នាក់ បានឆ្លងវីរុសកូវីដ១៩ ពេលដែលពួកគេបានទៅចូលរួម កម្មវិធីសាសនាមួយ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ កុម្ភៈ ដល់ទី៣ មីនា ។

គេសង្កេតឃើញថា ការឆ្លងវីរុសឧត្បាតកូវីដ១៩ជាចង្កោមឬគ្នាច្រើន គឺកើតឡើងក្រោយពេលមានការចួបជុំសាសនា ។ ជាតួយ៉ាង នៅប្រទេសកូរ៉េខាងត្បូង កម្មវិធីចួបជុំមួយនៅវិហារគ្រិស្ដសាសនា បានបង្កឲ្យមានប្រជាជនឆ្លងជាច្រើននៅទីក្រុងដែគូ (Daegu) ជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងសរុប ៤០០០ នាក់នៅកូរ៉េខាងត្បូង គឺចេញពីទីក្រុងនេះ គិតត្រឹមថ្ងៃទី២ មីនា ។

កម្មវីធីពុទ្ធសាសនានៅវត្តតូចមួយនៅទីក្រុងហុងកុង បាននាំឲ្យឆ្លងវីរុសកូវីដ១៩ដល់ប្រជាជនចំនួន ១៩ នាក់ (១២ មីនា) ។ ករណីមួយទៀតគឺការចួបជុំគ្នាក្នុងពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី ដែលខ្មែរយើងទៅចូលរួមនោះឯង ដែលបង្កឲ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសនោះ រហូតដល់ជាង ៥០០ នាក់ ហើយរដ្ឋាភិបាលម៉ាឡេបានដាក់ប្រទេសស្ថិតនៅក្នុងការបិទទាំងស្រុង ។

ដូច្នេះការបិទបណ្ដោះអាសន្ននូវសកម្មភាពចួបជុំបែបសាសនានេះ ជាវិធានការសមស្របមួយនាពេលនេះ ដើម្បីកាត់បន្ថយហានីភ័យនៃការចម្លងពីគ្នាទៅវិញទៅមក ។ ទោះយ៉ាងណា យើងពុំទាន់ដឹងលម្អិតអំពីពិធីបុណ្យចូលឆ្នាំថ្មីនាពេលមុខនេះទេ ខណៈដែលប្រទេសថៃ ភូមា និងឡាវ បានប្រកាសលើកពេលបុណ្យចូលឆ្នាំថ្មីនេះហើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment