សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានជាប់ឈ្មោះក្នុងបញ្ជីមេដឹកនាំសាសនាមានឥទ្ធិពលបំផុតក្នុងលោក - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, March 06, 2020

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានជាប់ឈ្មោះក្នុងបញ្ជីមេដឹកនាំសាសនាមានឥទ្ធិពលបំផុតក្នុងលោក

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ជាវាគ្មិនពិសេសក្នុងពិធីសម្ដែងបាថកឋាមួយ នៅសាកលវិទ្យាល័យ ចេ.អិន.យូ. ទីក្រុងញូវដែល្លី ឆ្នាំ ២០១៤ ។ Photo Tibet Review

លោកវិទូ | ថ្ងៃ ៦᧭៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៦ មីនា ២០២០

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា (His Holiness the Dalai Lama) បានជាប់ឈ្មោះលំដាប់ខ្ពស់បំផុត នៅក្នុងបញ្ជីវតឃីនស៍ (Watkins) នៃមេដឹកនាំសាសនាដែលមានឥទ្ធិពលបំផុត ១០០ នាក់ ក្នុងពិភពលោក សម្រាប់ឆ្នាំ ២០២០ ។ បណ្ណាគារវតឃីនស៍ នៅទីក្រុងឡុង បានចងក្រងបញ្ជីឈ្មោះតាំងពីឆ្នាំ ២០១១ ដែលជាមធ្យោបាយមួយ ក្នុងការអបអរសាទរ ចំពោះគ្រូសាសនាទាំងឡាយ ដែលកំពុងមានជីវិតរស់នៅឡើយ ។

បុគ្គលដទៃដែលមានឈ្មោះនៅក្នុងបញ្ជីនោះដែរគឺ សម្ដេចប៉ាប ហ្វ្រងស៊ិស (Pope Francis) នៃវិហារកាតុលិក បានជាប់លំដាប់ទី២ បន្ទាប់ពីសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ។ រីឯកុមារីជំទង់ជនជាតិស្វីស គ្រិតា ធុនប៊ើគ (Greta Thunberg) ដែលជាសកម្មជនបរិស្ថាន បានស្ថិតនៅក្នុងលំដាប់ទី៣ ។ សហគ្រិននិងពិធីករជនជាតិអាម៉េរិក អ្នកស្រី អូប្រាហ៍ វីនហ្វ្រីយ៍ (Oprah Winfrey) ស្ថិតនៅក្នុងលំដាប់ទី៥ និងមេដឹកនាំពុទ្ធសាសនាមហាយានជនជាតិវៀតណាម ព្រះតេជព្រះគុណ ធិច ញ៉ាត ហាញ (Thich Nhat Hanh) ជាប់លំដាប់ទី៧ ។

ដោយមានការបញ្ចូលឈ្មោះ កុមារី ធុនប៊ើគ អ្នកស្រី វីនហ្វ្រីយ៍ និងអ្នកឯទៀត វាជាសក្ខីកម្មថា បញ្ជីឈ្មោះបុគ្គលល្បីៗនេះ បានដាក់បញ្ចូលបុគ្គលសំខាន់ៗពិភពលោក មិនត្រឹមតែក្នុងវិស័យសាសនាទេ គឺវិស័យសំខាន់ៗដទៃទៀតផងដែរ ។ បញ្ជីនេះរួមបញ្ចូលឈ្មោះបុគ្គលសំខាន់ៗ ដែលជាគ្រូ មេដឹកនាំ សកម្មជន សិល្បៈករ និងបុគ្គលដទៃទៀតដែលធ្វើសកម្មភាព ទាក់ទងនឹងបញ្ហាចម្បងនៃមនុស្សជាតិ ។

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែលល្បីល្បាញខាងស្នាព្រះហស្ដផ្នែកសន្តិភាពអន្តរសាសនា តែងតែបង្រៀនអំពីការប្រតិបត្តិមេត្តាករុណាជំវិញពិភពលោក ។ ព្រះអង្គតែងតែបានជាប់លំដាប់ខ្ពស់ជានិច្ច ក្នុងចំណោមបុគ្គលកំពូលទាំង១០ គឺនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ព្រះអង្គបានជាប់លំដាប់ទី៣ បន្ទាប់ពីសម្ដេច ប៉ាប និងអ្នកស្រី វីនហ្វ្រីយ៍ និងនៅក្នុងឆ្នាំ ២០១៨ ព្រះអង្គបានជាប់លំដាប់ទី២ បន្ទាប់ពីសម្ដេច ប៉ាប ដដែល ។ ឆ្នាំចុងក្រោយដែលព្រះអង្គបានជាប់លំដាប់ទី១ គឺនៅក្នុងឆ្នាំ ២០១៦ ។

ស្នាព្រះហស្ដនិពន្ធសៀវភៅថ្មីៗរបស់សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានដូចជា៖ The Universe in a Single Atom: The Convergence of Science and Spirituality (Morgan Road Books, 2005), Beyond Religion: Ethics for a Whole World (Mariner Books, 2012), និង The Book for Joy: Lasting Happiness in a Changing World (Avery Publishing, 2016) ។ សៀវភៅចុងក្រោយគេនេះ គឺព្រះអង្គបាននិពន្ធរួមគ្នាជាមួយអាចារ្យ ដេសមន្ត ទូទូ (Archbishop Desmond Tutu) ដែលជាសកម្មការពារសិទ្ធិមនុស្ស និងប្រឆាំងការប្រកាន់ពូជសាសន៍ ជនជាតិអាម៉េរិកខាងត្បូងដ៏ល្បីឈ្មោះមួយរូប ។

ពុទ្ធសាសនិកជនដែលគួរឲ្យយកត់សម្គាល់ផ្សេងទៀត នៅក្នុងបញ្ជីរួមមាន៖ អ្នកនិពន្ធនិងវាគ្មិនល្បីឈ្មោះ ដូនជីដើមកំណើតអាម៉េរិក ប៉េម៉ា ចូដ្រុន (Pema Chödrön) នៅលំដាប់ទី៥៧, កវីកំណាព្យនិងសកម្មជនបរិស្ថាន លោក ហ្គារី ស្នីដ័រ (Gary Snyder) នៅលំដាប់ទី៦៧, សកម្មជនសន្តិភាពនិងជាប្រធានកិត្តិយសរបស់ពុទ្ធសាសនាជប៉ុននិកាយ សូកា ហ្គាកកៃ (Soka Gakkai) លោក ដៃសាគុ អ៊ិកេដា (Daisaku Ikeda) នៅលំដាប់ទី៧៧, ព្រះសង្ឃថេរវាទជាជាតិអង់គ្លេស-អូស្ត្រាលី និងជាអ្នកតស៊ូមតិឲ្យមានភិក្ខុនីឧបសម្បទាឡើងវិញ ព្រះតេជព្រះគុណ អាចានយ៍ ព្រហ្ម (Ajahn Brahm) នៅលំដាប់ទី៧៧, គ្រូវិបស្សនានិងជាសហស្ថាបនិកនៃសមាធិសមាធិសង្គម (Insight Meditation Society) លោកគ្រូ ចែក ខនហ្វៀល (Jack Kornfield) នៅលំដាប់ទី៨៣, និងអ្នកចិត្តសាស្ត្រនិងគ្រូបង្រៀនសមាធិ អ្នកគ្រូ តារា ប្រាជ្ញ (Tara Brach) នៅលំដាប់ទី៩៨ រួមទាំងបុគ្គលជាច្រើនទៀត ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ ដែលបានទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ទាំងក្នុងទម្រង់បែបបុរាណ ឬដោយការប្រតិបត្តិសមាធិ ឬការចាប់អារម្មណ៍លើទស្សនវិជ្ជាព្រះពុទ្ធសាសនា ឬការបង្រៀនខាងចិត្តសាស្ត្រ ។

យោងតាមគេហទំព័រមានរបស់បណ្ណាគារវតឃីនស៍ កត្តាជាច្រើនត្រូវបានប្រើក្នុងការចងក្រងបញ្ជីនៃបុគ្គល ដែលមានឥទ្ធិពលទាំងអស់នេះ ។ ក្នុងនោះកត្តាបីសំខាន់គឺ (១) បុគ្គលនោះមានជីវិតរស់នៅគិត្រឹមថ្ងៃទី ១ ខែមករានៃឆ្នាំ (២) បុគ្គលនោះបានចូលរួមវិភាគទានជាសកល ផ្នែកសាសនា និង(៣) បុគ្គលមានឥទ្ធិពល ដែលអាចឆ្លុះបញ្ចាំងតាមរយៈការវាស់ស្ទង់ដូចជា ការស្វែងរកលើហ្គូហ្គោល (Google Search) ជាដើម និងមានទំព័រវិគីភីឌា (Wikipedia) ។​ល។ ចុងក្រោយអ្នកបង្កើតបញ្ជីនេះ ត្រូវសង្កេតមើលដោយប្រុងប្រយ័ត្នថា បុគ្គលដែលបានរាយឈ្មោះនោះ មិនបានផ្សព្វផ្សាយសារ ដែលនាំឲ្យមានការប្រកាន់សាសនា ឬការស្អប់ខ្ពើម ។

បណ្ណាគារវតឃីនស៍ប៊ុក (Watkins Books) ត្រូវបានពិពណ៌នាថាជាបណ្ណាគារ ចំណាស់ជាងគេបំផុតនៅទីក្រុងឡុង ប្រទេសអង់គ្លេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៧ ដោយលោក ចន អិម. វតឃីនស៍ (John M. Watkins) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment