ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា, ញូវដែល្លី, ២៩ មីនា ២០១៩ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ២᧿៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៣ មីនា ២០២០
រដ្ឋធានីញូវដែល្លី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា បានចេញសេចក្តីជូនដំណឹង ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសឥណ្ឌា ឲ្យគោរពតាមការណែនាំរបស់អាជ្ញាធរ រក្សាអនាម័យឲ្យបានត្រឹមត្រូវ និងផ្ទាល់ព័ត៌មានដល់អាជ្ញាធរដែលពាក់ព័ន្ធ ក្នុងករណីសង្ស័យពីមេរោគកូរ៉ូណា (កូវីដ១៩) ។
ចាប់ពីព្រឹកម៉ោង ៦ ថ្ងៃនេះ រហូតដល់យប់ពាក់កណ្ដាលអធ្រាត្រថ្ងៃទី ៣១ មីនា រដ្ឋធានីញូវដែល្លី និងរដ្ឋមួយចំនួនទៀត នៅក្នុងប្រទេសឥណ្ឌាកំពុងតែអនុវត្តការបិទទីក្រុងទាំងមូល និងបម្រាមគោចរមិនចាំបាច់ ដែលជាវិធានការដ៏តឹងតែងមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស ។
នៅរសៀលថ្ងៃនេះ ស្ថានទូតខ្មែរបានចេញសេចក្តីណែនាំនិងអំពាវនាវ ដល់ព្រះសង្ឃ និងបងប្អូនខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេស យ៉ាងដូច្នេះថា «អនុវត្តតាមការណែនាំរបស់អាជ្ញាធរឥណ្ឌា ដោយស្នាក់នៅក្នុងគេហដ្ឋានរបស់ខ្លួនកំពុងស្នាក់នៅ និងមិនត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានការចាំបាច់ រហូតដល់មេរោគនេះត្រូវបានទប់មិនឲ្យរាលដាល» ។
នៅក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតបានណែនាំពីវិធីរក្សាអនាម័យមានដូចជា លាងដៃនឹងទឹកសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងចៀសវាងទីប្រជុំជន ។
ជាពិសេស ស្ថានទូតបានបញ្ជាក់ថា ក្នុងករណីដែលព្រះតេជព្រះគុណ ឬបងប្អូនណាមានអាការៈ «ដូចជាក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថប់ណែន ដោយសង្ស័យពីមេរោគ Covid-19 ឬមានជនជាតិយើងឆ្លងមេរោគនេះ» ត្រូវទាក់ទងជាបន្ទាន់ទៅអាជ្ញាធរឥណ្ឌា តាមរយៈលេខ៖ (៩១) ១១២៣៩៧៨០៤៦ ឬស្ថានឯកអគ្គរាជទូត៖ (៩១) ៩៦៤៣៣៥៥០៩១ / ៩៩៥៨០៦៨១៧៩ ។
ថ្ងៃទី១នៃការបិទទីក្រុងញូវដែល្លី ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩, ២៣ មីនា ២០២០ ។ រូបភាព៖ thequint |
ក្នុងកំឡុងពេលបិទទ្វារក្រុងដែល្លី សេវាដឹកជញ្ជូនសាធារណៈត្រូវបានផ្អាកដំណើរការ រួមទាំង រទេះភ្លើង ឡានក្រុង ឡានឯកជន រថយន្តឈ្នួលដូចជា អ៊ូប៊ើ (Uber) និង អូឡា (Ola) អូតូ (ទុកទុក) និងអូតូដើរដោយកម្លាំងថ្ម ។ មេត្រូក៏ត្រូវបានផ្អាកដែរ ។ ប៉ុន្តែ ២៥ ភាគរយនៃឡានក្រុងសាធារណៈ បន្តដំណើរការលើផ្លូវក្នុងក្រុងដែល្លី ដើម្បីដឹកអ្នកដែលពាក់ព័ន្ធនឹងសេវាកម្មចាំបាច់ ។ ជើងយន្តហោះអន្តរជាតិត្រូវបានផ្អាកទាំងអស់ ។ ព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ត្រូវបានបិទដែរ ។
ហាងតូចធំ ផ្សារទំនើប (ម៉ល) ការិយាល័យឯកជន ។ល។ ត្រូវបានបិទទាំងស្រុង លើកលែងតែសេវាធានាគារ ផ្សារលក់គ្រឿងទេស មណ្ឌលសុខភាព ឬឱសថស្ថាន កន្លែងលក់ទឹកដោះគោស្រស់ និងហាងបន្លែ ត្រូវបានអនុញ្ញាតឲ្យដំណើរការបាន តែមានកំណត់ដោយកន្លែងផ្សេងក្នុងតំបន់ ។
មេរោគកូវីដ១៩ បានរាតត្បាតជាសកលចំនួន ១៩២ ប្រទេសហើយ សរុបមានចំនួនជាង ៣៥ ម៉ឺនករណី ។ ឥណ្ឌាមានអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ៤២៥ នាក់ ស្លាប់ចំនួន ៨ នាក់ និងជាឡើងវិញចំនួន ២៤ នាក់ ។ រដ្ឋនិងដែនដីសហព័ន្ធ ដែលប៉ះពាល់ដោយមេរោគនេះមានចំនួន ២៣ (ក្នុងចំណោម ៣៦) ។ ក្នុងនោះរដ្ឋដែលប៉ះពាល់ខ្លាំងជាងគេគឺ រដ្ឋមហារាស្ត្រ (៦៤) រដ្ឋកេរាឡា (៦០) ទីក្រុងញូវដែល្លី (២៨) រដ្ឋឧត្តរប្បទេស (២៧) រដ្ឋការណាតាកា (២៦) រដ្ឋរាជស្ថាន (២៥) និង រដ្ឋបញ្ចាប (២១) ។
ឥណ្ឌាមានប្រជាជន ១៣០០ លាននាក់ ច្រើនជាងគេទី២លើពិភពលោកបន្ទាប់ពីចិន ។ ប៉ុន្តែអ្នកជំនាញបារម្ភថា ឥណ្ឌាមានប្រព័ន្ធជំនួយការដកដង្ហើម (ventilator) តែ ៤០.០០០ (បួនម៉ឺន) ប៉ុណ្ណោះ ហើយបើស្ថានការណ៍ធ្ងន់ធ្ងរដូចនៅអឺរ៉ុប មានប្រទេសអ៊ីតាលីជាដើម កើតឡើងនៅប្រទេសឥណ្ឌាវិញ មហន្តរាយប្រាកដជាធំជាងមិនខានឡើយ ។
ម្សិលមិញ លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី(/ឌី) បានប្រកាសឲ្យពលរដ្ឋអនុវត្ត «បម្រាមគោចរជនតា» ទូទាំងប្រទេស រយៈពេល ១៤ ម៉ោង (៧-២១) និងនៅវេលាម៉ោង ៥ ល្ងាច ឲ្យពលរដ្ឋចេញរួចទះដៃ គោះចានឆ្នាំង និងចុចកណ្ដឹងជាដើម ដើម្បីជាការថ្លែងអំណរគុណ ដល់វេជ្ជបណ្ឌិត គ្រូពេទ្យ មន្ត្រីសុខាភិបាល និងគិលានុបដ្ឋាក ដែលកំពុងនៅជួរមុខ ប្រឈមនឹការឆ្លងមេរោគកូវីដ១៩ ។ ការណ៍នេះបានធ្វើឲ្យទូទាំងឥណ្ឌា មានសំឡេងអឺងកងលាន់ឮឡើងព្រមៗគ្នា ។ លុះស្អែកឡើងចាប់ពីម៉ោង ៦ ព្រឹក រដ្ឋធានីញូវដែល្លីដ៏ខាន់នៃឥណ្ឌា ត្រូវបានកាសបិទទាំងស្រុង ។
ប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា ធ្វើប៉ុណ្ណឹងមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឧត្បាតនេះទេ គឺត្រូវចាំបាច់គឺទម្លាក់ថវិកាបន្ថែម សម្រាប់ចំណាយលើឧបករណ៍ការពារបុគ្គលិកសុខាភិបាលជួរមុខ ដែលងាយរងគ្រោះ ។
នៅក្នុងញត្តិមួយរបស់ស្ថាប័នសម្រាប់ការដោះស្រាយផលប្រយោជន៍សាធារណៈ (PIL) ដាក់ទៅតុលាការកំពូលឥណ្ឌា បានលើកឡើងថា «រដ្ឋាភិបាលឥណ្ឌាបានខកខានមិនបានផ្តល់នូវឧបករណ៍ការពារជាមូលដ្ឋាន ដល់អ្នកជំនាញវេជ្ជសាស្រ្ត ទោះបីជាមានការស្នើសុំបែបនេះអស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាវ៉ាវីក៏ដោយ» ។
ដោយឡែក តំណាងរាស្ត្រមកពីគណបក្សសមាជឥណ្ឌា (Congress) បណ្ឌិត សស៊ី ថររូ (Shashi Tharoor) បានជម្រុញឲ្យមានការបិទប្រទេសទាំងស្រុងតែម្តង ព្រោះខ្លាចយឺតពេលដូចនៅអ៊ីតាលី ។
នៅក្នុងញត្តិមួយរបស់ស្ថាប័នសម្រាប់ការដោះស្រាយផលប្រយោជន៍សាធារណៈ (PIL) ដាក់ទៅតុលាការកំពូលឥណ្ឌា បានលើកឡើងថា «រដ្ឋាភិបាលឥណ្ឌាបានខកខានមិនបានផ្តល់នូវឧបករណ៍ការពារជាមូលដ្ឋាន ដល់អ្នកជំនាញវេជ្ជសាស្រ្ត ទោះបីជាមានការស្នើសុំបែបនេះអស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាវ៉ាវីក៏ដោយ» ។
ដោយឡែក តំណាងរាស្ត្រមកពីគណបក្សសមាជឥណ្ឌា (Congress) បណ្ឌិត សស៊ី ថររូ (Shashi Tharoor) បានជម្រុញឲ្យមានការបិទប្រទេសទាំងស្រុងតែម្តង ព្រោះខ្លាចយឺតពេលដូចនៅអ៊ីតាលី ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment