ក្រោយពីមានការិះគន់អ្នកមានៗឥណ្ឌា លោក អក្ស័យ កុមារ សន្យាផ្ដល់ ២៥ ក្រូរូពី (៣,៣ លានដុល្លារ) ដើម្បីទប់ស្កាត់កូរ៉ូណា - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, March 29, 2020

ក្រោយពីមានការិះគន់អ្នកមានៗឥណ្ឌា លោក អក្ស័យ កុមារ សន្យាផ្ដល់ ២៥ ក្រូរូពី (៣,៣ លានដុល្លារ) ដើម្បីទប់ស្កាត់កូរ៉ូណា

តារាភាពយន្តប៊ូលីវូដ លោក អក្ស័យ កុមារ បរិច្ចាគប្រាក់ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគកូរ៉ូណា ។ រូបភាព៖ IANS

លោកវិទូ | ថ្ងៃ ១᧦៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ មីនា ២០២០

លោក អក្ស័យ កុមារ ជាតារាភាពយន្តប៊ូលីវូដដ៏មានប្រជាប្រិយមួយរូប បានសន្យានៅលើបណ្ដាញធ្វីតទ័ររបស់ខ្លួនថា នឹងបរិច្ចាគប្រាក់ចំនួន ២៥ ក្រូរូពី ស្មើនឹងជាង ៣,៣ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់មូលនិធិសង្គ្រោះបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ដើម្បីប្រយុទ្ធប្រឆាំនឹងការរាតត្បាតមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា ។ លោក អក្ស័យបានសរសេរថា «នេះគឺជាពេលមួយដែលអ្វីដែលសំខាន់នោះគឺជីវិតប្រជាជនយើង» ។

កាសែតហិណ្ឌូស្ថានថែមស៍ (Hindustan Times) បានទាក់ទងផ្ទាល់ទៅលោក អក្ស័យ ដើម្បីបានព័ត៌មានបន្ថែមពីការប្រកាសបរិច្ចាគជំនួយសប្បុរសធម៌នេះ ។ គាត់បានប្រាប់ថា «អ្នកអាចហៅវាថាជាភាពទន់ខ្សោយរបស់ខ្ញុំឬអ្វីផ្សេងទៀតក៏បាន ប៉ុន្តែខ្ញុំមិនដែលអាចបង្ហាញពីអារម្មណ៍ឬគំនិតរបស់ខ្ញុំ នៅពីក្រោយកាយវិការនៃការរួមចំណែកដល់បុព្វហេតុនោះទេ» ។

គេសង្កេតឃើញថា លោក អក្ស័យ តែងតែចេញមុខមុនគេ និងធ្វើជាគំរូគេ ក្នុងសកម្មមនុស្សធម៌បែននេះ ។ ទាក់ទិននឹងរឿងនេះ គាត់បាននិយាយបន្ថែមទៀតថា «តើខ្ញុំជានរណា ដែលត្រូវធ្វើអំណោយ ឬធ្វើការបរិច្ចាគណាមួយ? យើងហៅប្រទេសរបស់យើងថា មាតាភារ័ត ។ ដូច្នេះ វិភាគទាននេះ មិនមែនចេញពីខ្ញុំទេ ។ វាចេញពីម្តាយរបស់ខ្ញុំ ទៅកាន់មាតុភូមីរបស់របស់ខ្ញុំគឺ មាតាភារ័ត ។»

លោក អក្ស័យ ជាតារាភាពយន្តប៊ូលីវូដ បែបកំប្លែង និងជាវីរបុរសស្នេហាជាតិ តាមរយៈរឿងថ្មីៗរបស់គាត់ដូចជា Airlift 2016, Mission Mangal 2019 និង Kesari 2019 ដែលដើរតួជាអ្នកសង្គ្រោះប្រជាជន និងប្រទេសជាតិ ក្នុងគ្រាមានវិបត្តិភយន្តរាយ ។

គាត់បានរៀបរាប់ថា «វាជារឿងសំខាន់ដែលខ្ញុំលើកឡើងអំពីម្ដាយរបស់ខ្ញុំ នៅទីនេះ ពីព្រោះនៅគ្នុងពីភពលោកទាំងមូលមានការភ័យខ្លាចមួយគឺ ជនចាស់ជរានឹងត្រូវបានគេមិនអើពើ ហើយទុកឲ្យពួកគាត់ពឹងខ្លួនឯង ក្នុងកំឡុងពេលនៃវិបត្តិមេរោគកូរ៉ូណានេះ ។ តើយើងគិតយ៉ាងហ្នឹងម៉េចនឹងបាន ។ ជីវិតរបស់ម្ដាយខ្ញុំគឺមានសារសំខាន់ ហើយជីវិតរបស់ឪពុកម្ដាយរបស់អ្នកក៏សំខាន់ដែរ ។ មិនសំខាន់ថាយើងជានរណាទេ, ការព្យាយាមជួយសង្គ្រោះរាល់ជីវិតនីមួយៗ គឺសំខាន់ណាស់នាពេលនេះ ។ ខ្ញុំបានចូលរួមចំណែកតិចតួចប៉ុណ្ណោះ ក្នុងបុព្វហេតុនេះ ។»

ភ្លាមៗបន្ទាប់ពីតារាសម្តែងរូបនេះសន្យាបរិច្ចាគ លោកនាយករដ្ឋមន្ត្រី មោទី បានឆ្លើយតបនឹងធ្វីតទ័ររបស់គាត់ ហើយសរសេរថា «ជាកាយវិការដ៏អស្ចារ្យ  @AkshayKumar ។ សូមបន្តបរិច្ចាគដើម្បីប្រទេសឥណ្ឌាមានសុខភាពល្អ ។»

កាលពីថ្ងៃសៅរ៍ (២៩ មីនា) នាយករដ្ឋមន្រ្តីម៉ូឌីបានប្រកាសបង្កើតមូលនិធិជំនួយនិងស្ថានភាពសង្គ្រោះបន្ទាន់ ដែលប្រជាជនអាចចូលរួមចំណែកនិងជួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណារបស់រដ្ឋាភិបាល ។ លោកបាននិយាយនៅលើបណ្តាញសង្គមធ្វីតទ័រថា ជំនួយនិងការជួយសង្គ្រោះប្រជាពលរដ្ឋរបស់នាយករដ្ឋមន្រ្តី នៅក្នុងមូលនិធិស្ថានការណ៍គ្រាអាសន្ន នឹងក្លាយជាផ្លូវដ៏វែងមួយ ក្នុងការបង្កើតប្រទេសឥណ្ឌាឲ្យមានសុខភាពល្អ ។»

ការប្រកាសតាមធ្វីតទ័រអំពីការបរិច្ចាគនេះ គឺត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីសារព័ត៌មានក្នុងស្រុកមួយ (ThePrint) បានចុះផ្សាយអត្ថបទរិះគន់ថា ពួកអ្នកមានៗឥណ្ឌាដូចជា តារាភាពយន្តប៊ូលីវូដជើងចាស់ លោក អមិតាភ ពច្ច័ន និងលោក វិរ៉ាដ កោហ៍លី ជាដើម បានបរិច្ចាគប្រាក់សម្រាប់ព្រះជាម្ចាស់ (សាសនា) និងរដ្ឋាភិបាល ដោយរីករាយ  ប៉ុន្តែហេតុអ្វីពួកគេមិនព្រមជួយដល់ជនក្រីក្រទុគ៌តផង ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment