បុរសចំណាស់ម្នាក់កំពុងផឹកទឹកមូត្រគោយ៉ាងឆ្ងាញ់ពិសា នៅក្នុងពិធីជប់លៀង «គោមូត្រ» របស់សហព័ន្ធហិណ្ឌូទូទាំងប្រទេសឥណ្ឌា, ១៤ មីនា ២០២០ ។ (Photo: Reuters/March 14) |
លោកវិទូ | ថ្ងៃ ៥᧻៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ មីនា ២០២០
ក័លកាតា៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធថា សកម្មជនម្នាក់នៃគណបក្សកាន់អំណាច របស់ប្រទេសឥណ្ឌាត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់បានធ្លាក់ខ្លួនឈឺ ដោយសារផឹកទឹកមូត្រគោ នៅឯពិធីជប់លៀងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ខណៈមានការកើនឡើងក្នុងការចាប់អារម្មណ៍ ដើម្បីស្វែងរកដំណោះស្រាយក្នុងស្រុក ដើម្បីព្យាបាលជំងឺរាតត្បាត ។
លោក នារាយណ៍ ចដជីរ (Narayan Chatterjee) សកម្មជនគណបក្ស ភរតិយ៉ា ជនតា (ប៊ី.ចេ.ភី./BJP) ត្រូវបានចាប់ខ្លួនដោយប៉ូលីសរដ្ឋបេង្គ័លខាងលិច កាលពីល្ងាចថ្ងៃអង្គារ ពីបទរៀបចំព្រឹត្តិការណ៍ទទួលទានទឹកមូត្រគោ និងបង្ខំអ្នកស្ម័គ្រចិត្តពលរដ្ឋឲ្យផឹកទឹកមូត្រគោ ។
«អ្នកស្ម័គ្រចិត្តពលរដ្ឋបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃអង្គារ ហើយបានដាក់ពាក្យបណ្តឹងជាមួយប៉ូលីស ។ សកម្មជនបក្សប៊ី.ចេ.ភី.ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃអង្គារ» ។
ប្រធានសាខារដ្ឋបេង្គ័លខាងលិចរបស់បក្សប៊ី.ចេ.ភី. បានប្រាប់សារព័ត៌មានអេ.អែហ្វ.ភី. (AFP) ថា លោក ចដជីរ ត្រូវបានចាប់ខ្លួនគឺជារឿងគួរឲ្យអកុសល ។
លោក ទិលីប ឃោស (Dilip Ghosh) មានប្រសាសន៍ថា «ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យ ។ មនុស្សគ្រប់រូបមានសិទ្ធិបញ្ចេញមតិ» ។
«វាជារឿងអកុសលដែលលោក ចដជីរ ត្រូវបានចាប់ខ្លួនពីបទបង្ហាញពីគំនិតរបស់គាត់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ។ យើងមិនដឹងថាតើអ្នកស្ម័គ្រចិត្តស៊ីវិលត្រូវបានបង្ខំឲ្យផឹកទឹកមូត្រគោដែរឬទេ?»
មនុស្សជាច្រើននៅក្នុងប្រទេស ដែលមានប្រជាជនជាហិណ្ឌូភាគច្រើន ដែលមានប្រជាជន ១៣០០ លាននាក់ ចាត់ទុកសត្វគោជាសត្វពិសិដ្ឋហើយជឿថាការផឹកទឹកមូត្រគោ គឺជាឱសថព្យាបាលជំងឺគ្រប់ប្រភេទ ចាប់ពីជំងឺរលាកសន្លាក់ និងជំងឺហឺត រហូតដល់មហារីក និងទឹកមូត្រផ្អែម ។
កាលពីសប្តាហ៍មុនសកម្មជនហិណ្ឌូរាប់សិបនាក់ បានរៀបចំពិធីជប់លៀងទឹកមូត្រគោ នៅរដ្ឋធានីញូវដែល្លី ជាកន្លែងដែលពួកគេធ្វើពិធីអុជធូប និងផឹកទឹកមូត្រពីពែងធ្វើពីដីឥដ្ឋ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។
ក្រុមអ្នករិះគន់បានច្រានចោលការអះអាងរបស់ទឹកមូត្រថាជាការអនុវត្តក្លែងក្លាយ ។
មន្រ្តីប៉ូលីសជាន់ខ្ពស់មកពីស្រុកហូឃ្លី (Hooghly) លោក ហ៊ុម៉ាយ័ន កពីរ (Humayan Kabir) បានប្រាប់សារព័ត៌មានអេ.អែហ្វ.ភី.ថា អ្នកលក់ទឹកដោះគោនៅក្នុងរដ្ឋដូចគ្នានោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពីបទលក់ទឹកមូត្រនិងលាមកសត្វគោ និងបានអះអាងថា «វាអាចនឹងបញ្ចៀសមេរោគឆ្លងថ្មីនេះបាន» ។
លោក កពីរ បាននិយាយថា អាជីវករម្នាក់ឈ្មោះ សេខ មស៊ូទ (Sheikh Masud) លក់ទឹកមូត្រគោក្នុងតម្លៃ ៥០០ រូពីឥណ្ឌា (៦,៦៩ ដុល្លារ) ក្នុងមួយលីត្រ និងលាមកគោក្នុងតម្លៃ ៤០០ រូពីក្នុងមួយគីឡូក្រាម (២,២ ផោន) ។
លោក មស៊ូទ ដែលបានបិទផ្ទាំងរូបភាពនៅហាងរបស់គាត់ ដោយប្រើពាក្យថា «ផឹកទឹកមូត្រគោដើម្បីបញ្ចៀសមេរោគឆ្លងវីរុសកូរ៉ូណា» បានប្រាប់ប៉ូលីសថា គាត់ត្រូវបានគេបំផុសគំនិតឲ្យធ្វើអាជីវកម្មឧច្ចារៈគោ បន្ទាប់ពីបានឮពីពិធីជប់លៀងនៅដែល្លី ។
ទីភ្នាក់ងារសារព័ត៌មានអេ.អែហ្វ.ភី. បានស្នើសុំការអត្ថាធិប្បាយពីក្រសួងសុខាភិបាល ថាតើលាមកគោនិងទឹកមូត្រគោមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺកូវីដ១៩មែនឬទេ ។
អង្គការសុខភាពពិភពលោកនៅឥណ្ឌា ក៏ត្រូវបានទាក់ទងសុំការអត្ថាធិប្បាយ ជុំវិញការអះអាងរឿងទឹកមូត្រនិងលាមកគោ ។
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា មានករណីវិជ្ជមានចំនួន ១៥១ ករណី និងមានអ្នកស្លាប់ចំនួន ៣ នាក់ ដោយសារវីរុសនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនបំផុតទី ២ លើពិភពលោក ដែលមានប្រជាជនចំនួន ១៣០០ លាននាក់ ។
សាលារៀន កន្លែងកម្សាន្តជាច្រើន រួមទាំងរោងកុន និងសូម្បីតែប្រាសាទតាជមហ័ល ក៏ត្រូវបានបិទរួចហើយដែរនៅប្រទេសឥណ្ឌា ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment