តើការសូត្ររតនសូត្រអាចកម្ចាត់ជំងឺកូរ៉ូណា (កូវីដ១៩) បានដែរឬទេ? - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, March 21, 2020

តើការសូត្ររតនសូត្រអាចកម្ចាត់ជំងឺកូរ៉ូណា (កូវីដ១៩) បានដែរឬទេ?


លោកវិទូ | ថ្ងៃ ៧᧽៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២១ មីនា ២០២០

ព្រះគ្រូវជិរប្បញ្ញោ សាន សុជា៖ តើការសូត្ររតនសូត្រអាចកម្ចាត់ជំងឺកូរ៉ូណា (កូវីដ១៩) បានដែរឬទេ?

ខណៈពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូរ៉ូណា សង្គ្រាមទស្សនៈពាក់ព័ន្ធនឹងការសូត្រ «រតនសូត្រ» (ព្រះសូត្រអំពីការយកព្រះរតនត្រៃជាទីពឹង) បានផ្ទុះឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ខ្មែរ ។

សង្គ្រាមទស្សនៈ ឬសង្គ្រាមពាក្យសម្ដីនេះ បានផ្ទុះឡើងក្រោយពីព្រះគ្រូ សាន សុជា បានបង្ហោះសារឆ្លើយតបថា «ព្រោះតែគ្មានខ្លួនឯងជាទីពឹងហ្នឹងឯង» ដែលភ្ជាប់ជាមួយនូវសំណួររបស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបថា «លោកម្ចាស់គ្រូ ហេតុអ្វីពេលមានអាសន្ន អ្នកកាន់ព្រះពុទ្ធសាសនា ចូលចិត្តបួងសួងម្ល៉េះ ត្រង់ណាដែលថាខ្លួនទីពឹងខ្លួន? តើវិធីបួងសួង [អាចកម្ចាត់ជំងឺកូរ៉ូណាបានដែរឬទេ]? ក្នុងវង់ក្រចកសរសេរបន្ថែម ។

ប៉ុន្មានថ្ងៃមុននេះ គណៈសង្ឃនាយកបានចេញសេចក្តីប្រកាស ឲ្យវត្តអារាមទូទាំងប្រទេស ទូងស្គរនិងសូត្ររតនសូត្រ «ដើម្បីកំចាត់បង់នូវភយន្តរាយទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើម» ។

ដូច្នេះ វាទៈផ្សេងគ្នាទាំងពីរ ដែលមានប្រភពពីព្រះពុទ្ធសាសនាដូចគ្នាគឺ «ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង» និង «ការយករតនសូត្រជាទីពឹង» បានក្លាយជាប្រធានបទក្ដៅ នៅក្នុងចំណោមព្រះសង្ឃនិងបរិស័ទខ្មែរ ។

វីដេអូខាងលើនេះគឺជាការបកស្រាយឆ្លើយតបរបស់ ព្រះគ្រូ សាន សុជា ទៅកាន់អ្នកដែលមានមតិប្រឆាំងនឹងទស្សនៈរបស់លោក ដែលបានផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២០ មីនា ២០២០ ។

បញ្ជាក់៖ មតិនៅក្នុងវីដេអូនេះ ជាមតិឯកជនរបស់ព្រះគ្រូ សាន សុជា និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់លោកវិទូឡើយ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment