ព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ ក្នុងពិធីចែកជំនួយឧបត្ថម្ភដល់ព្រះសង្ឃក្នុងវត្តនានានៅក្នុងខេត្តនេះ ។ រូបភាព៖ ហ្វេសប៊ុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ |
លោកវិទូ | ថ្ងៃ ១᧼៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ មេសា ២០២០
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រម្ពុជា បានបវារណាបច្ច័យចំនួន ១៥.០០០.០០០៛ (ដប់ប្រាំលានរៀល) ដើម្បីប្រគេនព្រះសង្ឃនៅក្នុងខេត្តឧត្តរមានជ័យទាំង ៤១វត្ត ស្មើនឹង ៣៧៣ អង្គទុកប្រើប្រាស់ជាបច្ច័យ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាក ដែលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩នេះ ។
នៅក្នុងលិខិតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ប្រគេនចំពោះព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ព្រះរាជាគណាកិត្តិយស និងព្រះឧត្តមមុនី ព្រះមេគណខេត្តឧត្តរមានជ័យ មានសេចក្តីថា៖
«ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មដ៏លំបាកក្នុងការការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ ដែលងាយរងគ្រោះក្នុងវិបត្តិ នៃជំងឺនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ និងសហការីគណ នូវបច្ច័យចំនួន ១៥.០០០.០០០៛ (ដប់ប្រាំលានរៀល) ដើម្បីបវារណាប្រគេនព្រះសង្ឃទាំង ៤១ វត្ត ស្មើនឹង ៣៧៣ អង្គទុកប្រើប្រាស់ជាបច្ច័យ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាកនេះ ។»
ជំនួយឧបត្ថម្ភនេះត្រូវបានធ្វើឡើង ក្រោយពីមានរបាយការណ៍ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ របស់សាលាគណខេត្តឧត្តរមានជ័យ អំពីការខ្វះខាតរបស់ព្រះសង្ឃ ដែលគង់នៅក្នុងខេត្តភាគខាងជើងរបស់កម្ពុជាមួយនេះ ។ នេះជាការរួមចំណែកដោយផ្ទាល់ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ ក្រៅពីការចូលរួមបរិច្ចាគថវិកា ជាបន្តបន្ទាប់ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្រៅពីតួនាទីនិងសមណស័ក្តិនៅក្នុងមន្ត្រីសង្ឃកម្ពុជា ព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ក៏ជាព្រះសង្ឃការពារព្រៃឈើដ៏ល្បីឈ្មោះ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការបង្កើតសហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន្ត នៅខេត្តឧត្តរមានជ័យ ។
អស់រយៈពេលប្រមាណជិត ៥ ខែមកហើយ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលខ្លាំង នៅលើសកលលោកនៅឡើយ និងបានផ្ដាច់សង្ខារមនុស្សអស់ជិត ១៦ ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ២ លាននាក់ក្នុងចំនួន ២១០ ប្រទេសក្នុងសកលលោក ។ ជំងឺនេះកំពុងធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាជនទូទាំងពិភពលោក និងប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។
ជំងឺកូវីដ១៩ក៏បានប៉ះពាល់ ដល់ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិផងដែរ មានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាដើម ដែលត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ៕
No comments:
Post a Comment