លោកវិទូ | ថ្ងៃ ៦᧳៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១០ មេសា ២០២០
ព្រះចៅអធិការវត្តដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុកកោ (គឹម ខាយ) ជាព្រះសង្ឃខ្មែរក្រោម ដែលសកម្មក្នុងសកម្មភាពពង្រឹងផ្នែកវប្បធម៌ នៅដែនដីកម្ពុជាក្រោម បានសុគត ដោយមិនទាន់ដឹងមូលហតុច្បាស់លាស់ នៅឡើយ ។
បើតាមប្រភពព័ត៌មាន ពីព្រះសង្ឃគង់នៅក្នុងវត្តឲ្យដឹងថា ព្រះចៅអធិការវត្ត ព្រះអង្គកំពុងសឹងក្នុងកុដិតែមួយព្រះអង្គឯង សុគតយ៉ាងអាណោចអាធ័ម ដោយគ្មានព្រះសង្ឃ និងពុទ្ធបរិស័ទ្ធណាបានដឹងឡើយ រហូតទាល់តែព្រឹកឡើង ព្រះសង្ឃគង់ក្នុងវត្តមិនឃើញព្រះអង្គនិមន្តឡើងឆាន់ចង្ហាន់ពេលព្រឹក ទើបព្រះសង្ឃក្នុងវត្តទៅគាស់ទ្វារកុដិមើល ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ និងមិនដឹងសុគត តាំងពីថ្មើណាឡើយ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ បានកើតឡើង នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅក្នុងវត្តដំបងពាក់ ស្ថិតនៅភូមិដំបងពាក់ ឃុំផ្សារឆេះ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ។
ព្រះសង្ឃ គណៈកម្មការវត្ត និងបរិស័ទចំណុះជើងវត្តវត្តដំបងពាក់ កំពុងរៀបចំពិធីបុណ្យថ្វាយព្រះសព ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។
គិតត្រឹមម៉ោងនេះ នៅមិនទាន់ទួលបានលទ្ធផល ពីការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យ ថាតើ ព្រះអង្គបានសុគតដោយសារបញ្ហាអ្វី នៅឡើយទេ ។
ចំណែកព្រះសពរបស់ព្រះអង្គ កំពុងតម្តល់ធ្វើបុណ្យក្នុងវត្ត រយៈពេល ៤ ថ្ងៃ ហើយ នឹងបូជានៅរាត្រីថ្ងៃអាទិត្យ ៥ រោច ខែចេត្រ ឆ្នាំកុរ ដែលត្រូវ នឹងថ្ងៃទី ១២ ខែមេសា គ.ស.២០២០ ។
រូបភាពបទចម្រៀងមួយបទ ក្នុងចំណោមបទជាច្រើន ដែលត្រូវបានតែងនិពន្ធដោយ ព្រះតេជព្រះគុណ តា ង៉ុកកោ ដែលមានបង្ហោះនៅលើបណ្ដាញវីដេអូយូធូប ។ |
សូមបញ្ជាក់ថា ព្រះតេជព្រះគុណ តា ង៉ុកកោ គឺជាព្រះសង្ឃខ្មែរក្រោមមួយព្រះអង្គ ដែលតែងតែចូលរួមសកម្មភាពក្នុងការថែរក្សាវប្បធម៌ ប្រពៃណី យ៉ាងសកម្មនៅដែនដីកម្ពុជាក្រោម ។ ជាពិសេស ព្រះអង្គបានស្រាវជ្រាវនូវតំបន់ភូមិសាស្រ្ត នៃទឹកដីកម្ពុជាក្រោម ដែមានឈ្មោះភូមិ ឃុំ ស្រុក ជាភាសាខ្មែរ ហើយនិពន្ធទៅជាបទចម្រៀង ដើម្បីអភិរក្សវប្បធម៌ខ្មែរក្រោមផង និងរក្សាឈ្មោះដើមនៃភូមិសាស្ត្រឲ្យនៅជាភាសាខ្មែរផង ។
អត្ថបទៈ ស៊ឺន ចែងចើន / វិទ្យុសំឡេងកម្ពុជាក្រោម
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment