សម្ដេចសង្ឃដាឡៃឡាម៉ា៖ ការបួងសួងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ យើងត្រូវមានមេត្តាធម៌ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, April 17, 2020

សម្ដេចសង្ឃដាឡៃឡាម៉ា៖ ការបួងសួងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ យើងត្រូវមានមេត្តាធម៌ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ក្របទស្សនាវដ្ដីវ៉ុលពិសេសរបស់ទស្សនាវដ្ដីថែមស៍ ។ រូបភាព៖ Times

លោកវិទូ | ថ្ងៃ ៧᧺៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ មេសា ២០២០

សម្ដេចសង្ឃដាឡៃឡាម៉ា ត្រូវបាននិមន្តឲ្យបញ្ចេញទស្សនៈអំពីវិបត្តិជំងឺកូរ៉ូណា (កូវីដ១៩) ជាសកល ដោយទស្សនាវដ្ដីថែមស៍ដ៏ល្បីល្បាញលើពិភពលោក ក្នុងចំណោមបុគ្គលល្បីល្បាញចំនួន ៥០ រូប ដែលជ្រើសរើសចេញពីបុគ្គលដែលទទួលពាន់រង្វាន់ទស្សនាវដ្ដីថែមស៍ ១០០ រូប ដែលបានចុះផ្សាយក្នុងវ៉ុលពិសេសរបស់ខ្លួនក្រោមចំណងជើងថា «ស្វែងរកក្ដីសង្ឃឹម» ។ 

នៅក្នុងវ៉ុលពិសេសនេះ ព្រះអង្គបានលើកឡើងអំពីប្រធានបទ «ការបួងសួងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ យើងត្រូវមានមេត្តាធម៌ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» ។ តទៅនេះគឺសេចក្តីបកប្រែទាំងស្រុងនៃអត្ថបទរបស់ព្រះអង្គ៖

ពេលខ្លះមិត្តភក្តិសុំឲ្យយខ្ញុំជួយដោះស្រាយបញ្ហាមួយចំនួននៅលើពិភពលោកដោយប្រើ «អំណាចវេទមន្ត» មួយចំនួន ។ ខ្ញុំតែងតែប្រាប់ពួកគេវិញថា ដាឡៃឡាម៉ាគ្មានអំណាចវេទមន្តទេ ។ បើខ្ញុំមានមែន ខ្ញុំមិនមានអារម្មណ៍ឈឺជើងឬឈឺបំពង់កទេ ។ យើងទាំងអស់គ្នាជាមនុស្សធម្មតាដូចគ្នា ហើយយើងចួបការភ័យខ្លាច ក្តីសង្ឃឹម និងភាពមិនប្រាកដប្រជាដូចៗគ្នា ។

តាមទស្សនៈព្រះពុទ្ធសាសនា រាល់មនុស្សសត្វមានជីវិតទាំងអស់ សុទ្ធតែចួបប្រទះនឹងទុក្ខ និងត្រៃលក្ខណៈទាំងបីគឺ ជរា ព្យាធិ និងមរណៈ ។ ប៉ុន្តែក្នុងនាមជាមនុស្ស យើងមានសមត្ថភាពប្រើគំនិតរបស់យើង ដើម្បីយកឈ្នះលើកំហឹង និងភាពតក់ស្លុត ព្រមទាំងភាពលោភលន់ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំបានសង្កត់ធ្ងន់លើ "ការរំសាយអារម្មណ៍": ព្យាយាមមើលរឿងរ៉ាវទាំងឡាយឲ្យបានជាក់ស្តែងនិងច្បាស់លាស់ ដោយគ្មានការភាន់ច្រឡំព្រោះការភ័យខ្លាចឬកំហឹង ។ ប្រសិនបើមានបញ្ហាដែលមានដំណោះស្រាយ យើងត្រូវតែខិតខំស្វែងរកវា ។ ប្រសិនបើវាមិនមានដំណោះស្រាយ, យើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលាគិតច្រើនអំពីវាទេ ។

យើងជាពុទ្ធបរិស័ទជឿជាក់ថា សកលលោកទាំងមូលគឺអាស្រ័យគ្នាទៅវិញទៅមក ។ ព្រោះហេតុនេះហើយបានជាខ្ញុំនិយាយជាញឹកញាប់អំពីទំនួលខុសត្រូវជាសកល ។ ការផ្ទុះឡើងនៃជំងឺកូរ៉ូណាដ៏គួរឲ្យភ័យខ្លាចនេះបានបង្ហាញថា អ្វីដែលបានកើតឡើងចំពោះបុគ្គលណាម្នាក់អាចនឹងប៉ះពាល់ដល់មនុស្សដទៃទៀតបានយ៉ាងឆាប់រហ័ស ។ ប៉ុន្តែវាក៏រំឭកយើងផងដែរថា អំពើប្រកបដោយមេត្តាករុណា និងមានប្រយោជន៍—មិនថាកំពុងធ្វើការក្នុងមន្ទីរពេទ្យ ឬក៏គ្រាន់តែអនុវត្តគម្លាតសង្គម—មានសក្តានុភាពអាចជួលដល់មនុស្សច្រើនគ្នា ។

ចាប់តាំងពីមានព័ត៌មានលេចចេញអំពីមេរោគឆ្លងនៅវ៉ូហាន់ ខ្ញុំបានបួងសួងដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ នៅក្នុងប្រទេសចិននិងនៅគ្រប់ទីកន្លែង ។ ឥឡូវនេះយើងអាចឃើញថា គ្មាននរណាម្នាក់មានភាពស៊ាំនឹងវីរុសនេះទេ ។ យើងទាំងអស់គ្នាមានការព្រួយបារម្ភអំពីការធ្វើជាមនុស្សជាទីស្រឡាញ់ និងអនាគតទាំងសេដ្ឋកិច្ចពិភពលោក និងគេហដ្ឋានផ្ទាល់ខ្លួនរបស់យើង ។ ប៉ុន្តែការបួងសួងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ ។

វិបត្តិនេះបង្ហាញថា យើងទាំងអស់គ្នាត្រូវតែទទួលខុសត្រូវ តាមដែលយើងអាចធ្វើបាន ។ យើងត្រូវតែផ្គុំគ្នានូវសេចក្តីក្លាហានរបស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលកំពុងបង្ហាញ ជាមួយវិទ្យាសាស្ត្រជាក់ស្ដែង ដើម្បីចាប់ផ្តើមបង្វែរស្ថានភាពនេះ និងការពារអនាគតរបស់យើងពីការគំរាមកំហែងបែបនេះទៀត ។

នៅក្នុងគ្រាដ៏គួរឲ្យភ័យខ្លាចនេះ វាជាការសំខាន់ណាស់ ដែលយើងត្រូវគិតពីបញ្ហាប្រឈមរយៈពេលវែង—និងលទ្ធភាពនានា—នៃពិភពលោកទាំងមូល ។ រូបថតនៃពិភពលោករបស់យើងពីអវកាសបង្ហាញយ៉ាងច្បាស់ថា មិនមានព្រំដែនពិតប្រាកដនៅលើផែនដីពណ៌ខៀវរបស់យើងទេ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាវា និងខិតខំបង្ការការប្រែប្រួលអាកាសធាតុ និងកត្តាបំផ្លិចបំផ្លាញផ្សេងៗ ។ រោគរាតត្បាតនេះជាការព្រមានមួយ ដែលមានតែការរួមគ្នា និងការឆ្លើយតបជាសកលដែលមានការសម្របសម្រួល ទើបយើងអាចយកឈ្នះនូវទំហំដែលមិនធ្លាប់មាននៃឧបសគ្គ ដែលយើងប្រឈម ។

យើងក៏ត្រូវធ្វើទុកក្នុងចិត្តផងដែរថា គ្មាននរណាម្នាក់រួចផុតពីសេចក្តីទុក្ខទេ ហើយសូមជួយយកអាសាដល់អ្នកផ្សេងទៀត ដែលគ្មានផ្ទះសំបែង ធនធានឬគ្រួសារដើម្បីការពារខ្លួន ។ វិបត្តិនេះបង្ហាញយើងថា យើងមិនអាចបំបែកចេញពីគ្នាទេ សូម្បីតែពេលយើងរស់នៅបែកគ្នាក៏ដោយ ។ ដូច្នេះយើងទាំងអស់គ្នាមានទំនួលខុសត្រូវ ក្នុងការបង្ហាញនូវសេចក្តីមេត្តានិងការជួយគ្នា ។

ក្នុងនាមជាពុទ្ធសាសនិកជន ខ្ញុំជឿលើគោលការណ៍នៃអនិច្ចលក្ខណៈ [ភាពមិនទៀងទាត់] ។ នៅទីបំផុត វីរុសនេះនឹងកន្លងផុតទៅ ដូចដែលខ្ញុំបានឃើញសង្គ្រាម និងការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចផ្សេងទៀត ដែលបានកន្លងផុតទៅនៅក្នុងជីវិតរបស់ខ្ញុំ ហើយយើងនឹងមានឱកាសកសាងសហគមន៍ពិភពលោករបស់យើងឡើងវិញ ដូចដែលយើងបានធ្វើជាច្រើនដងរួចមកហើយ ។ ខ្ញុំសង្ឃឹមថាដោយស្មោះត្រង់ថា អ្នករាល់គ្នាអាចរក្សាសុវត្ថិភាពនិងភាពស្ងប់ស្ងៀមបាន ។ នៅក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះ វាសំខាន់ណាស់ដែលយើងមិនត្រូវបាត់បង់ក្តីសង្ឃឹម និងទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងដែលមានប្រយោជន៍ ដែលមនុស្សជាច្រើនកំពុងធ្វើ ។

សម្តេចសង្ឃដាឡៃឡាម៉ា គឺជាមេដឹកនាំខាងសាសនានៃរដ្ឋាភិបាលនិរទេសទីបេត៍ ដែលមានមូលដ្ឋាននៅទីក្រុងធម្មសាលា ប្រទេសឥណ្ឌា ។
ប្រភព៖ ទស្សនាវដ្ដីថែមស៍, ១៤ មេសា ២០២០

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment