លោកវិទូ | ថ្ងៃ ៥᧩៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ៣០ មេសា ២០២០
រាជគ្រឹះ៖ ជំងឺកូរ៉ូណា ឬ កូវីដ-១៩ បានវាយប្រហារលើពិភពលោកទាំងមូលស្ទើរតែសព្វទិសទីគ្មានចន្លោះ រហូតធ្វើឲ្យមនុស្សភ័យញាប់ញ័រចំប្រប់ ព្រោះតែមេរោគដ៏កំណាចនេះបានឆក់យកអាយុជីវិតមនុស្សជាច្រើននៅលើផែនដីយើងនេះ ។
ដោយសារតែជំងឺនេះ បានធ្វើឲ្យពិភពលោកទាំងមូលជួបប្រទះនូវបញ្ហាសេដ្ឋកិច្ច ជាពិសេសប្រទេសដែលមានប្រជាជនច្រើនដូចជាឥណ្ឌាជាដើម ។ បញ្ហាជំងឺកូរ៉ូណានេះក៏បានជះឥទ្ធិពលនិងបង្កភាពលំបាកជាច្រើនដល់ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយ ។
ងាកមកមើលប្រជាជននៅក្រុងរាជគ្រឹះ រដ្ឋពិហារ ភាគខាងកើតនៃប្រទេសឥណ្ឌាឯណេះវិញ ដោយសារតែមានការបិទប្រទេសក្នុងរយៈពេលវែង ព្រមទាំងការដាក់បម្រាមដ៏តឹងតែងផង ពួកគេបានជួបបញ្ហាកង្វះចំណីអាហារបរិភោគផងដែរ តែរដ្ឋអាជ្ញាក្នុងដែននេះក៏មិនបានឱបដៃឈរមើលប្រជាជនជួបទុក្ខវេទនាឡើយ ផ្ទុយទៅវិញអាជ្ញាធរបានឃ្មាតខ្មីរួតរះចាត់ចែង ម្ហូបអាហារ មានបាយទឹកជាដើម ជារៀងរាល់ថ្ងៃដើម្បីចែកដល់ប្រជាជនដែលខ្វះខាតពុំមានអាហារបរិភោគ ។
សកម្មភាពនេះជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថា ឥណ្ឌាដ្បិតតែមានប្រជាជនច្រើនក៏ពិតមែន តែមិនបានព្រងើយកន្ដើយដោយមិនឈឺឆ្អាលនឹងសេចក្ដីទុក្ខរបស់ពលរដ្ឋខ្លួនឡើយ ដោយដៃម្ខាងឥណ្ឌាព្យាយាមវាយប្រយុទ្ធជាមួយនឹងមេរោគកូរ៉ូណាដ៏អប្រីយ៍ រីឯដៃម្ខាងទៀតឆ្លៀតជួយសម្រាលក្រពះរបស់ពលរដ្ឋក្រីក្រដែលកំពុងតែទួញថ្ងូរ ។
ប្រទេសឥណ្ឌាស្ថិតនៅក្នុងស្ថានភាពបិទប្រទេសទាំងមូល អស់រយៈពេលជាងមួយខែហើយ តាំងពីយប់ថ្ងៃទី ២៤ ចូល ២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ ស្ថានភាពរីករាលដាលហាក់នៅមិនទាន់ថមថយនៅឡើយទេ ។ ខណៈពិភពលោកទាំងមូលមានករណីឆ្លងជំងឺឧត្បាតនេះបានកើនឡើងដល់ជាង ៣,២ លាននាក់ និងស្លាប់ដល់ទៅ ២២ ម៉ឺននាក់ ប្រទេសឥណ្ឌាបានឈានដល់លេខរៀងទី ១៦ ក្នុងសាកលលោក ដែលមានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះជាង ៣,៣ ម៉ឺននាក់ និងស្លាប់ជាង ១០០០ នាក់ ហើយនៅសល់អ្នកជំងឺចំនួនជាង ២,៣ ម៉ឺននាក់ ។
ក្នុងរយៈពេល ២៤ ម៉ោង ករណីថ្មីមានដល់ទៅ ១៧១៨ នាក់ ។ តាមស្ថានភាពបច្ចុប្បន្ន ឥណ្ឌាប្រហែលត្រូវអនុវត្តការបិទប្រទេសវគ្គទី៣ទៀត ចាប់ពីថ្ងៃទី៣ ខែឧសភាទៅ ខណៈរដ្ឋមួយចំនួនបានស្នើមករដ្ឋាភិបាលកណ្ដាលនៅទីក្រុងញូវដែល្លី ដើម្បីជួយសម្រួលដឹកជញ្ជូនសិស្សនិស្សិត និងពលករចំណាក់ស្រុក ឲ្យត្រលប់ទៅរដ្ឋដើមកំណើតវិញ តាមរយៈឡានក្រុង ឬរទេះភ្លើងពិសេស ៕
រាយការណ៍និងអត្ថបទដោយ ព្រះតេជព្រះគុណ ពេជ្រ ផានិត (សាកលវិទ្យាល័យនាលន្ទា, រាជគ្រឹះ) ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment