ព្រះតេជព្រះគុណ សិតគុ សយាដវ ជាមួយនឹងអាចារ្យ ទីនវីន, មណ្ឌលេ, ១៦ មេសា ២០២០ ។ រូបភាព៖ vaticannews |
លោកវិទូ | ថ្ងៃ ១᧼៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ មេសា ២០២០
ព្រះតេជព្រះគុណ សិតគុ សយាដវ បានបរិច្ចាគថវិកា ១០.០០០ (មួយមុឺន) ដុលា្លរ ដល់មូលនិធិសង្គ្រោះបន្ទាន់របស់សម្តេចប៉ាបកាតូលិក នៃបុរីវ៉ាទីកង់ ព្រមទាំងម្លូបអាហារចាំបាច់មួយចំនួនផងដែរ ។
យោងតាមប្រភពព័ត៌មានវ៉ាទីកង់ញូវ (vaticannews) បានឲ្យដឹងថា ព្រះសង្ឃជាន់ខ្ពស់នៃប្រទេសភូមា ព្រះតេជព្រះគុណ អគ្គមហាបណ្ឌិត អភិធជមហារដ្ឋគុរុ អាសិន ញាណិស្សរៈ ឬគេស្គាល់ថា ព្រះតេជព្រះគុណ សិតគុ សយាដវ បានធ្វើការបរិច្ចាគថវិកាចំនួន ១០.០០០ ដុល្លារដល់មូលនិធិសង្គ្រោះបន្ទាន់ ដែលសម្តេចប៉ាបហ្វ្រង់ស័រ បានបង្កើតឡើងថ្មីៗនេះ សម្រាប់ជួយសង្គ្រោះប្រជាជន និងសហគមន៍ដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ ។
ក្នុងពិធីមួយដែលប្រារព្ធធ្វើនៅវិហារគ្រិស្តសាសនា នាទីក្រុងមណ្ឌលេ (Sacred Heart Cathedral of Mandalay Archdiocese) អាចារ្យមេគ្រិស្តសាសនា ម៉ារកូ ទីនវីន បានទទួលចំនួនទឹកប្រាក់នោះ ពីព្រះតេជព្រះគុណ សិតគុ សយាដវ កាលពីថ្ងៃទី ១៦ ខែមេសា ។
ព្រះតេជព្រះគុណក៏បានផ្តល់នូវអង្ករជាច្រើនបាវ ប្រេងសណ្តែក ខ្ទឹមបារាំង និងអំបិល សម្រាប់មណ្ឌលកុមារកំព្រានិងអ្នកផ្សេងទៀត ដែលកំពុងខ្វះខាតនៅក្នុងតំបន់នៃគ្រឹស្ដសាសនា នៅទីក្រុងមណ្ឌលេ ។
ព្រះអង្គមានថេរដីកាថា ព្រះអង្គបានធ្វើការបរិច្ចាគនេះ ជាសញ្ញានៃការមេត្តាករុណា ដែលជារឿងធម្មតាសម្រាប់សាសនាទាំងអស់ ដូចជាព្រះពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាមសាសនា និងហិណ្ឌូសាសនា ។
ព្រះតេជព្រះគុណ សិតគុ សយាដវ បានមានថេរដីកាថា «អ្វីដែលយើងត្រូវធ្វើគឺធ្វើការរួមគ្នាដោយផ្អែកលើគោលការណ៍រួមមួយ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងអនុវត្តការងារសប្បុរសធម៌ដោយសាមគ្គីភាព» ។
លោកអាចារ្យ ទីនវីនបានមានប្រសាសន៍ថា «ក្នុងនាមជាមិត្តពិតប្រាកដ ខ្ញុំមានសេចក្តីរីករាយចំពោះការបរិច្ចាគរបស់ព្រះអង្គ ហើយវាបង្ហាញពីសុឆន្ទៈនិងសាមគ្គីភាពជាមួយប្រជាជនដែលកំពុងត្រូវការជំនួយបំផុតនៅពេលមានវិបត្តិ ។ ការចូលរួមចំណែករបស់ព្រះអង្គបានផ្ញើនូវសារសុខដុមនីយកម្មសាសនា ដល់ប្រជាជននៅទូទាំងប្រទេស» ។
ព្រះអង្គក៏បានផ្ដល់អង្ករនិងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ដល់គេហដ្ឋានសម្រាប់មនុស្សចាស់ សាលាគថ្លង់ និងមូលនិធិមហារីក មណ្ឌលកុមារកំព្រា និងជនភៀសខ្លួននៅទូទាំងប្រទេស ។
ព្រះអង្គធ្លាប់បានជួបជាលក្ខណៈឯកជនជាមួយសម្តេចប៉ាបហ្វ្រង់ស័រ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសភូមា កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ។ ព្រះអង្គក៏ធ្លាប់បានជួបជាមួយសម្តេចប៉ាបបេនឌីសទី ១៦ នៅទីក្រុងរ៉ូមក្នុងឆ្នាំ២០១១ផងដែរ ។
មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់សម្ដេចប៉ាប
បុរីវ៉ាទីកង់បានប្រកាសនៅថ្ងៃទី ៦ ខែមេសានេះថា សម្តេចប៉ាបហ្វ្រង់ស័របានបង្កើតមូលនិធិសង្គ្រោះបន្ទាន់មួយ នៅទីសមាគមឃោសនាការនៃសម្ដេចប៉ាប (Pontifical Mission Societies) នាបុរីវ៉ាទីកង់ សម្រាប់ជួយសង្គ្រោះប្រជាជននិងសហគមន៍ ដែលទទួលរងការប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ ។
ខណៈពេលដែលការបរិច្ចាគដំបូងចំនួន ៧៥០,០០០ ដុល្លារទៅមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចប៉ាបក៏បានស្នើសុំដល់អង្គការនៃព្រះវិហារគ្រិស្ត ដើម្បីចូលរួមវិភាគទានផងដែរ ។
សមាគមឃោសនាការនៃសម្ដេចប៉ាបបាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដោយរចនាសម្ព័ន្ធ និងស្ថាប័ននានារបស់ព្រះវិហារគ្រិស្ដដើម្បីជួយដល់សហគមន៍ដែលរងគ្រោះដោយវីរុស នៅក្នុងទឹកដីនៃសមាគម ។
សមាគមឃោសនាការនៃសម្ដេចប៉ាប គឺជាស្ថាប័នផ្លូវការរបស់សម្តេចប៉ាប ដើម្បីការគាំទ្រដល់ការឃោសនារបស់សាសនាគ្រឹស្ដ នៅទូទាំងពិភពលោក ។
ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ប្រទេសភូមាបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនពីជំងឺកូវីដ១៩ នៅថ្ងៃទី ៣១ ខែមីនា ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានហាមឃាត់ការប្រមូលផ្តុំដែលគ្នា ៥ នាក់ ឬច្រើនជាងនេះ បន្ទាប់ពីមានការកើនឡើងនូវចំនួននៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ។
គិតត្រឹមថ្ងៃទី ១៨ ខែមេសា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះមានចំនួន ៥ ខណៈពេលដែលចំនួនអ្នកឆ្លងបានកើនឡើងដល់ ៩៤ នាក់ ។
ករណីជាង ២,២ លានករណី និងការស្លាប់ជាង ១៥៤.០០០ នាក់ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិកនិងអឺរ៉ុបរងការប៉ះពាល់ខ្លាំងបំផុត ។
សុខដុមនីយកម្មសាសនា
ព្រះតេជព្រះគុណ សិតគុ សយាដវ មានទំនាក់ទំនងជិតស្និទជាមួយ រ៉ាឌីកាល់ ឆាល ប៊ូ នៃទីក្រុងយ៉ង្គូន និងអាចារ្យទីនវីន ដែលបានធ្វើការរួមគ្នាដើម្បីជំរុញកិច្ចពិភាក្សាអន្តរសាសនា នៅប្រទេសភូមាដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាភាគច្រើន ។
ព្រះតេជព្រះគុណ សិតគុ សយាដវ ជាព្រះសង្ឃជាន់ខ្ពស់នៅក្នុងក្រុមប្រឹក្សាអន្តរសាសនា និងតែងតែធ្វើដំណើរជុំវិញពិភពលោក ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ព្រះអង្គ និងកិច្ចពិភាក្សាអន្តរសាសនា ។
ព្រះអង្គគឺជាស្ថាបនិកនិងជាព្រះប្រធានពុទ្ធិកសភាសិតគុ ដែលបានផ្តល់មូលនិធិដល់គម្រោងសង្គមជាច្រើននៅក្នុងប្រទេសភូមា រួមមានម៉ាស៊ីនបូមទឹក និងមន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗ ។
ព្រះអង្គត្រូវបានគេកោតសរសើរ ចំពោះការងារសប្បុរសធម៌របស់ព្រះអង្គ ជាពិសេសបន្ទាប់ពីព្យុះស៊ីក្លូនណាហ្គិស ក្នុងឆ្នាំ ២០០៨ ដែលបានសម្លាប់មនុស្សជាង ១០០.០០០ នាក់នៅក្នុងតំបន់ដីសណ្តនៃប្រទេសភូមា ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment