នាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងសុន្ទរកថាអបអរសាទរបុណ្យវិសាខបូជាសកល, មានសារពិសេសអ្វីខ្លះ? - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 07, 2020

នាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងសុន្ទរកថាអបអរសាទរបុណ្យវិសាខបូជាសកល, មានសារពិសេសអ្វីខ្លះ?

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ថ្លែងសុន្ទរកថាអបអរសាទរទិវាវិសាខបូជា តាមបណ្ដាញចួបជុំតាមវីដេអូអនឡាញ, ០៧ ឧសភា ២០២០ ។ រូបភាព៖ យូធូបវីដេអូ

លោកវិទូ | ថ្ងៃ ៥᧱៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៧ ឧសភា ២០២០

ញូវដែល្លី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានថ្លែងសុន្ទរកថាអបអរសាទរ ទៅកាន់ពុទ្ធសាសនិកជនឥណ្ឌានិងអន្តរជាតិ តាមវីដេអូផ្សាយផ្ទាល់តាមអនឡាញ ក្នុងឱកាសទិវាវិសាខបូជាដែលឥណ្ឌានិយមហៅថា «ពុទ្ធបូរណិមា» ខណៈប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាកំពុងឈរជាប់ជាមួយនរណាក៏ដោយ ដែលមានវិបត្តិនៅក្នុងប្រទេសនិងគ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនគិតអំពី «ផលចំណេញនិងការបាត់បង់ អ្នកមានអំណាចឬខ្សោយ» ។

នាយករដ្ឋមន្រ្តីបានលើកឡើងថា នេះជាមូលហេតុដែលបណ្តាប្រទេសជាច្រើនចងចាំឥណ្ឌាក្នុងគ្រាមានវិបត្តិនេះ ហើយប្រទេសនេះមិនបានបែរខ្នងដាក់ប្រទេសដែលត្រូវការជំនួយ ខណៈពេលដែលខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះប្រជាជនខ្លួន ។

ដោយចូលរួមពិធីអបអរសាទរបុណ្យវិសាខបូជាជាវាគ្មិនសំខាន់ តាមរយៈការចួបជុំតាមវីដេអូអនឡាញ លោកនាយករដ្ឋមន្ត្រី មោទី បាននិយាយថា «ឥណ្ឌាកំពុងបំពេញកាតព្វកិច្ចជាសកលរបស់ខ្លួន» ។

ប្រទេសឥណ្ឌាបានផ្តល់ជំនួយមនុស្សធម៌ និងនាំចេញឱសថសំខាន់ៗទៅកាន់ប្រទេសដទៃទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរាតត្បាតកូវីដ១៩ ។

ពីសហរដ្ឋអាម៉រិក ប្រេស៊ីល និងអេស៉្បាញ ទៅដល់មជ្ឈឹមបូព៌ាប្រទេស ម៉ាឡេស៊ី នេប៉ាល់ និងបង់ក្លាដែស ឥណ្ឌាបាននាំចេញថ្នាំសំខាន់ៗដូចជាថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន និងថ្នាំប៉ារ៉ាសេតាមុល ទៅកាន់ប្រទេសជាង ២០ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូរ៉ូណា ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា យើងត្រូវប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះជាមួយគ្នា ។ «ការឈប់បន្ទាប់ពីនឿយហត់មិនអាចជាដំណោះស្រាយចំពោះបញ្ហាណាមួយឡើយ ។ យើងទាំងអស់គ្នាត្រូវរួមគ្នាប្រយុទ្ធដើម្បីកម្ចាត់ជំងឺកូរ៉ូណានេះ ។»

ឱវាទរបស់ព្រះពុទ្ធជាម្ចាស់កាន់តែត្រូវនឹងស្ថានភាពបច្ចុប្បន្ន

លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) ផងដែរ ហើយបាននិយាយថា ដោយសារតែការរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់ពិធីបុណ្យនេះ អ្នកតាមដានរាប់លាននាក់មកពីទូទាំងពិភពលោកអាចភ្ជាប់ទំនាក់ទំនងបាន ។

លោកមោទីបានមានប្រសាសន៍ថា ព្រះពុទ្ធជាម្ចាស់គឺជាឧទាហរណ៍ដែលបង្ហាញថា ឆន្ទមុតមាំអាចនាំមកនូវការផ្លាស់ប្តូរសង្គមបាន ។ គាត់បានមានប្រសាសន៍ថា «ព្រះពុទ្ធជាម្ចាស់គឺមានន័យស្មើនឹងការបម្រើនិងការលះបង់ ។ ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គមានឆន្ទដ៏មុតមាំគឺជាឧត្តមគតិនៃការផ្លាស់ប្តូរសង្គម ។ ព្រះពុទ្ធជាម្ចាស់ជាបុគ្គលម្នាក់ដែលបូជាព្រះកាយពលចំពោះស្មារតីលះបង់និងពលីកម្ម ដើម្បីផ្សាយទៅនូវសេចក្តីសុខទៅកាន់ពិភពលោកទាំងមូល ។»

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបង្រៀនរបស់ព្រះពុទ្ធមានលក្ខណៈកាន់តែត្រូវនឹងស្ថានភាពបច្ចុប្បន្ន នៅពេលមានភាពវឹកវរនិងអារម្មណ៍តានតឹងនៅគ្រប់ទីកន្លែង ។ គាត់បានមានប្រសាសន៍ថា «ពេលណាមានសេចក្តីករុណចំពោះអ្នកដទៃ ជាសេចក្តីករុណាក្នុងន័យចង់បម្រើ អារម្មណ៍ទាំងនេះនឹងធ្វើឲ្យយើងកាន់តែខ្លាំងក្លាឡើងថា អ្នកអាចជម្នះលើបញ្ហាប្រឈមដ៏ធំបំផុតបាន» ។

លោកមោទីបាននិយាយថា រាល់ពុទ្ធវចននិងពុទ្ធោវាទ បានពង្រឹងការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការបម្រើមនុស្សជាតិ ។ គាត់បានលើកឡើងថា «ព្រះពុទ្ធជាម្ចាស់ជានិមិត្តរូបនៃការត្រាស់ដឹងរបស់ឥណ្ឌាផង និងការស្គាល់ខ្លួនឯងរបស់ឥណ្ឌាផង ។ តាមរយៈការស្គាល់ខ្លួនឯងនេះ ឥណ្ឌាបាននិងកំពុងធ្វើការដើម្បីផលប្រយោជន៍ពិភពលោកទាំងមូល ។»

លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់អ្នករៀបចំកម្មវិធី ដែលបានឧទ្ទិសកម្មពិធីបុណ្យនេះ ដល់បុគ្គលិកសុខាភិបាលទាំងអស់ និងអ្នកបម្រើការងារក្នុងវិស័យនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅទូទាំងពិភពលោក ។

អ្នករៀបចំកម្មវិធី

កម្មវិធីបុណ្យវិសាខបូជាតាមអនឡាញនេះ ត្រូវបានរៀបចំដោយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (ញូវដែល្លី) សហការជាមួយក្រសួងវប្បធម៌ឥណ្ឌា ។ កម្មវិធីដ៏វិសេសវិសាលនេះត្រូវបានផ្សាយផ្ទាល់ ចេញពីពុទ្ធស្ថានសំខាន់ៗក្នុងពិភពលោកគឺ ឧទ្យានលុម្ពិនី (នេប៉ាល់), ព្រះមហាពោធិវិហារ (ពុទ្ធគយា, ឥណ្ឌា); មូលគន្ធកុដិវិហារ សាន៌ាថ; ស្ដូបមហាបរិនិព្វាន ទីក្រុងកុសិនារា; ការចម្រើនព្រះបរិត្តពេញពីរុវនវេលី មហា សេយា ទីក្រុងរអនុរាធបុរៈ ដែលជាទីក្រុងស័ក្តិសិទ្ធិនិងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា; ពុទ្ធស្តូប, ស្វយម្ភូ, នមោស្ដូប ប្រទេសនេប៉ាល់ និងផ្សាយចេញពីតំបន់ពុទ្ធស្ថានល្បីៗនានាក្នុងសកលលោក ។

វិសាខបូជា ឬពុទ្ធបូរណិមា ជាទិវាដ៏ពិសិដ្ឋសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក ជាទិវារំឭកដល់ព្រឹត្តិការណ៍សំខាន់បីយ៉ាងក្នុងពុទ្ធប្បវត្តិគឺ ថ្ងៃព្រះអង្គទ្រង់ប្រសូត ត្រាស់ដឹង និងចូលមហាបរិនិព្វាន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment