តោះរៀនពាក្យថា«មោឃ»ជាមួយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, May 24, 2020

តោះរៀនពាក្យថា«មោឃ»ជាមួយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា

រូបភាពថតចេញកម្មវិធីទូរស័ព្ទអំពីនិយមន័យពាក្យថា «មោឃ» ។ រូបភាព៖ ហ្វេសប៊ុក Heng Monychenda

លោកវិទូ | ថ្ងៃ ១᧳៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៤ ឧសភា ២០២០

យើងប្រាកដជាធ្លាប់បានឮមកហើយអំពីពាក្យថា «មោឃ» ដែលបង្កើតជាឃ្លាថា «មោឃបុរស» ឬ «មោឃៈបុគ្គល» ឬក៏ជាឃ្លាគ្រោតគ្រាតថា «អាមោឃ» ។ ថ្មីៗនេះពាក្យនេះត្រូវបានមហាជនយកមកប្រើចំពោះបុគ្គលមួយរូប ដែលមានចេតនាអាក្រក់មកលើស្ថាប័នព្រះសង្ឃខ្មែរ ។ តើពាក្យនេះមាននិយមន័យនិងអត្ថន័យយ៉ាងណា និងត្រូវបានប្រើចំពោះពួកជនបែបណាខ្លះ?

លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ដែលជាប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (បាត់ដំបង) ដ៏មានអាយុកាលដែលអាចថាចាស់ជាងគេ នៅក្នុងចំណោមអង្គការព្រះពុទ្ធសាសនានៅកម្ពុជា ជាពហុស្សូត្រពុទ្ធសាសនាប្រកបដោយទេពកោសល្យនិងប្រាជ្ញាញាណមួយរូប និងជាអ្នកនិពន្ធសៀវភៅ «ព្រះបាទធម្មិក» ដ៏ល្បីល្បាញក្នុងចុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនិយាយអំពីដួងព្រលឹងអ្នកដឹកនាំបែបពុទ្ធសាសនាតាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧ បានចាប់អារម្មណ៍ចំពោះពាក្យខាងលើនេះ និងការប្រើប្រាស់របស់វាដែលកំពុងពេញនិយម ។

លោកគ្រូធម្មបណ្ឌិតបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ ដោយសង្កេតឃើញថា «មោឃៈបុគ្គល ជាពាក្យដែលឃើញប្រើច្រើនក្នុងប៉ុន្មានថ្ងៃនេះចំពោះលោក ខាន់ សុវណ្ណ ដែលបញ្ចេញយោបល់ចង់ផ្សឹកព្រះសង្ឃដែលមានព្រះជន្មក្រោម៥៦ព្រះវស្សាទាំងអស់ក្នុងស្រុកខ្មែរ ដើម្បីបង្កើនចំនួនកម្លាំងពលកម្មក្នុងស្រុក» ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ព្រះសង្ឃជាន់ខ្ពស់ដល់ថ្នាក់ជាសម្ដេចសង្ឃនាយករងផង និងថ្មីនេះឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបួសមុខភ្លើងក្នុងឱកាសបុណ្យសពជីដូន ក៏មានព្រះជន្មនិងអាយុក្រោម ៥៦ ឆ្នាំដែរ ។

លោកគ្រូធម្មបណ្ឌិតបានលើកឡើងទៀតថា «ក្នុងចំណោមព្រះសង្ឃដែលមានវ័យតិចជាង៥៦ឆ្នាំនេះ ក៏មានសម្តេចព្រះសង្ឃនាយករងគឺសម្តេចព្រះពោធិវ័ង្សអំ លាងហេង ផងដែរ ។ សម្តេចជាអនាគតអ្នកដឹកនាំសង្ឃខ្មែរទូទាំងប្រទេស ។ ថ្មីៗនេះ ក៏មានឯកឧត្តមហ៊ុន ម៉ាណែត ជាបុត្រច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលទើបមានអាយុជាង៣០ ក៏បានបួសក្នុងព្រះពុទ្ធសាសនាផងដែរ ទោះក្នុងរយៈខ្លីក៏ដោយ» ។

លោកគ្រូធម្មបណ្ឌិតបានពន្យល់នូវសេចក្តីរបស់ពាក្យថា មោឃៈ ដែលជាពាក្យប្រើដោយព្រះសម្មាសម្ពុទ្ធ ពេលព្រះអង្គតិះដៀលជនអាក្រក់ណាម្នាក់ ។ ព្រះអង្គប្រើពាក្យថា ម្នាលមោឃបុរស!

លោកគ្រូធម្មបណ្ឌិតក៏បានដកស្រង់សេចក្តីពន្យល់របស់ពាក្យនេះបន្ថែម ពីក្នុងវចនានុក្រមសម្តេចជួន ណាត៖

មោឃៈ (មោឃៈឬមោក)
គុណសព្ទ
( សំ. បា. ) ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត
អ្នកគ្រាន់បើ, ខ្ញុំមោឃ ។ មោឃ ! ឬ អាមោឃ! ចោលម្សៀត ! ឬអាចោលម្សៀត ! ( ព. ទ្រ. ម. ) ។
មោឃកម្ម ( មោឃៈក័ម ) ការឥតប្រយោជន៍, ការឥតអំពើ ។
មោឃជិណ្ណ ( មោឃៈជិន ) ឬ មោឃព្រឹទ្ធ ( មោឃៈព្រឹត ) ចាស់ឥតអំពើ ( ចាស់ត្នោតចាស់ដូង ) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា មោឃជិណ្ណា ឬ មោឃព្រឹទ្ធា ។

ដូច្នេះពាក្យនេះអាចប្រើមិនតែចំពោះបុគ្គល ខាន់ សុវណ្ណ ប៉ុណ្ណោះទេ ។ បុគ្គលដែលមានខួរក្បាលទទេ ឥតសាសនាឬទមិឡជាពួកមនុស្សមានចិត្តកោងកាច មាក់ងាយជេរប្រមាថដល់ព្រះសង្ឃនិងស្ថាប័នព្រះពុទ្ធសាសនាកម្ពុជា និងជាអ្នកប្រទូសសាសនា ក៏សមគួរនឹងហៅថា «មោឃបុរស» ឬ «មោឃស្ត្រី» នេះដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment