អតីតនាយកការិយាល័យជាតិនៃព្រះពុទ្ធសាសនានៃប្រទេសថៃជាប់ពន្ធនាគារ៩៤ឆ្នាំពីបទពុករលួយ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, May 22, 2020

អតីតនាយកការិយាល័យជាតិនៃព្រះពុទ្ធសាសនានៃប្រទេសថៃជាប់ពន្ធនាគារ៩៤ឆ្នាំពីបទពុករលួយ

លោក ភ្នំ ស៊នសិបល៍ ។ រូបភាព៖ chiangraitimes.com

លោកវិទូ | ថ្ងៃ ៦᧡៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២២ ឧសភា ២០២០

អតីតនាយកការិយាល័យជាតិនៃព្រះពុទ្ធសាសនានៃប្រទេសថៃ (NOB) ត្រូវបានកាត់ទោសឲ្យយជាប់ពន្ធនាគាររយៈពេល ៩៤ ឆ្នាំពីបទកិបកេងថវិកាសម្រាប់កសាងវត្តជាច្រើនម្តងហើយម្តងទៀត នៅក្នុងព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ។ លោក ភ្នំ ស៊នសិបល៍ អាយុ ៦៤ ឆ្នាំត្រូវបានចាប់ខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៨ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិមិនត្រឹមត្រូវសម្រាប់វត្តអារាមមួយចំនួន ក្នុងឆ្នាំ ២០១៣ និង ២០១៤ ។

ការផ្តន្ទាទោសលើកមុនដែលមានរយៈពេល ៥២ ឆ្នាំនិង ៨ ខែសម្រាប់លោក ស៊នសិបល៍  ត្រូវបានដំឡើងនៅថ្ងៃអង្គារដោយតុលាការព្រហ្មទណ្ឌកណ្តាលសម្រាប់ករណីអំពើពុករលួយនិងការប្រព្រឹត្តអំពើមិនត្រឹមត្រូវ ។ លោក ស៊នសិបល៍ រួមជាមួយសហចុងចោទជាច្រើននាក់ក៏ត្រូវបានបញ្ជាឲ្យប្រគល់ប្រាក់កិបកេងទៅការិយាល័យជាតិនៃព្រះពុទ្ធសាសនាវិញដែរ ។

នៅឆ្នាំ ២០១៧ បន្ទាប់ពីការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ លោក ស៊នសិបល៍ ត្រូវបានចោទប្រកាន់ពីបទលួចប្រាក់ជាង ៣០០ លានបាត (៩,៤២ លានដុល្លារអាមេរិក) ជាប្រាក់ឧបត្ថម្ភរបស់រដ្ឋសម្រាប់វត្តព្រះពុទ្ធសាសនាចំនួន ៣០ នៅពេលដែលគាត់នៅជាថ្នាក់ដឹកនាំការិយាល័យជាតិនៃព្រះពុទ្ធសាសនានេះ ។

នៅក្នុងគម្រោងជាច្រើនសម្រាប់វត្តអារាមផ្សេងៗគ្នា មន្ត្រីការិយាល័យជាតិនៃព្រះពុទ្ធសាសនាបានផ្តល់ថវិកាសប្បុរសធម៌សម្រាប់វត្តអារាមនានា ដើម្បីចំណាយលើការកែឆ្នៃថ្មីនិងជួសជុល វគ្គសិក្សាធម៌និងពិធីបុណ្យសាសនា និងការផ្សព្វផ្សាយផ្សេងៗ ។ ពួកគេបានប្រព្រឹត្តអំពើពុករលួយតាមរយៈការណែនាំវត្តទាំងនោះឲ្យប្រគល់ប្រាក់ភាគច្រើនមកវិញនៅក្រោមតុ ហើយរក្សាប្រាក់នោះទុកសម្រាប់ខ្លួនឯង ។

លោក អូមស៊ីន ជីវព្រឹក រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្រ្តីធ្លាប់បានមានប្រសាសន៍កាលពីឆ្នាំ២០១៧ថា «ក្នុងកំឡុងពេលកាន់ដំណែងរបស់ពួកគេនៅការិយាល័យជាតិនៃព្រះពុទ្ធសាសនា វត្តមួយចំនួនត្រូវបានស្នើសុំឲ្យផ្តល់មកវិញនូវថវិកាឧបត្ថម្ភរបស់រដ្ឋភាគច្រើនដល់ពួកគេ» ។

ជនសង្ស័យជាច្រើននាក់នៅពេលនោះធ្វើការនៅការិយាល័យជាតិនៃព្រះពុទ្ធសាសនា និងខ្លះទៀតជាព្រះសង្ឃគង់នៅវត្តទាំងនោះ ។ ជនជាប់ចោទផ្សេងទៀតដែលមានឈ្មោះក្នុងការកាត់ទោសនៅសប្តាហ៍នេះរួមមាន អតីតនាយកសិក្សាព្រះពុទ្ធសាសនានៅខេត្តឡាំប៉ាង លោក ប៊ុនឡឺត សុផា អាយុ ៥៧ ឆ្នាំ, អតីតនាយកផ្សព្វផ្សាយព្រះពុទ្ធសាសនា លោក បតនា សុអម្មាតមន្ត្រី អាយុ ៥៣ ឆ្នាំ, អតីតអ្នកជំនាញសិក្សាព្រះពុទ្ធសាសនា លោក កែវ ចិត្តកប អាយុ ៥៤ ឆ្នាំ និងអតីតអ្នកជំនាញសិក្សាព្រះពុទ្ធសាសនាលោក ផនបែន កិត្តារាំងឃុន អាយុ ៥១ ឆ្នាំ ។

ការជាប់ពន្ធនាគាររបស់ពួកគេខុសៗគ្នាពីរយៈពេល ៦-៥៦ ឆ្នាំ ។ ជនជាប់ចោទទាំងអស់នៅតែបន្តបដិសេធចំពោះការចោទប្រកាន់នេះ ហើយពួកគេទាំងអស់នៅជាប់ពន្ធនាគារ ចាប់តាំងពីពេលដែលពួកគេត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៨ ។

ក្នុងឆ្នាំដដែលនោះមានមន្ត្រីសាសនាជាន់ខ្ពស់មួយចំនួនត្រូវបានចាប់ខ្លួនផងដែរ ។ នៅថ្ងៃទី ២៤ ឧសភា ប៉ូលីសបានឆ្មក់ចូលវត្តចំនួន ៤ ហើយបានធ្វើការចាប់ខ្លួនមេដឹកនាំសាសនាល្បីៗ ចំនួន ៧ រូប ដែលត្រូវបានចោទប្រកាន់ពីបទកិបកេងថវិការដ្ឋ ។ មួយក្នុងចំណោមសមាជិកទាំងនេះគឺជាសមាជិកនៃឧត្តមក្រុមប្រឹក្សាគណៈសង្ឃ និងព្រះសង្ឃពីរអង្គមកពីវត្តភ្នំមាស (វត្តសាកេត) នៅទីក្រុងបាងកក ។

ការិយាល័យជាតិនៃព្រះពុទ្ធសាសនាគឺជាទីភ្នាក់ងាររដ្ឋាភិបាលដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលរាយការណ៍ដោយផ្ទាល់ទៅនាយករដ្ឋមន្រ្តី ។ ការិយាល័យនេះទទួលខុសត្រូវចំពោះការត្រួតពិនិត្យរបស់រដ្ឋទៅលើព្រះពុទ្ធសាសនា ដែលជាសាសនាធំបំផុតរបស់ព្រះរាជាណាចក្រថៃ ដែលមានប្រជាជនថៃប្រមាណ ៩៥ ភាគរយជាពុទ្ធសាសនិក ។

នៅឆ្នាំ ២០១៧ លោក ស៊នសិបល៍ ត្រូវបានជំនួសតួនាទីរបស់គាត់នៅការិយាល័យជាតិព្រះពុទ្ធសាសនា ដោយលោក ពង្សពរ ព្រហ្មស្នេហ៍ ជាអតីតប៉ូលីស ដែលបានប្តេជ្ញាធ្វើកំណែទម្រង់នៅក្នុងការិយាល័យនេះ និងក្នុងគណនេយ្យហិរញ្ញវត្ថុនៃវត្តនានានៅទូទាំងប្រទេសថៃ ។ ការផ្លាស់ប្តូរនេះបាននាំឲ្យមានការតវ៉ាពីសំណាក់ពុទ្ធសាសនិកជាន់ខ្ពស់មួយចំនួន ដែលបានទាមទារឲ្យបណ្តេញលោកពង្សពរចេញ ។ គាត់ត្រូវបានគេបណ្តេញចេញមួយរយៈខ្លី ប៉ុន្តែគាត់បានវិលត្រលប់មកកាន់មុខតំណែងវិញ បន្ទាប់ពីមិនដល់មួយខែផង ហើយគាត់នៅតែមានវត្តមាននៅក្នុងការិយាល័យនេះរហូតសព្វថ្ងៃ ៕

អត្ថបទពេញនិយម៖
វេជ្ជបណ្ឌិតភូមាម្នាក់ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារប្រមាថដល់ព្រះសង្ឃតាមហ្វេសប៊ុក
លោក ហ៊ុន កុសល៖ “ព្រហ្មដូចជាសត្វ.តិរិច្ឆាន” ឈ្មោះ ខឹម វាសនា

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment