វត្ត៖ ស្ថានីយពហុវិស័យសម្រាប់ប្រជាជនតូចតាច (ភាគទី១) - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 28, 2020

វត្ត៖ ស្ថានីយពហុវិស័យសម្រាប់ប្រជាជនតូចតាច (ភាគទី១)

ទស្សភាពតាមវាលស្រែមើលឃើញដំបូលព្រះវិហារ ។ រូបភាព៖ ហ្វេសប៊ុក Heng Monychenda

លោកវិទូ | ថ្ងៃ ៥᧧៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៨ ឧសភា ២០២០

អាសូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ ប្រយោជន៍ទាំងបី ។ មួយចង់ក្ដីច្បាប់ ឲ្យខ្លួនបានគាប់ នៅនាលោកិយ មួយចង់ប្រាជ្ញា មិនឲ្យអប្រិយ មួយចង់បារមី នាំញាតិទាំងឡាយ ។

នេះជាគោលបំណងនៃការបង្កើតវត្ត និង ការយកកូនដែលនៅជាកុមារឬយុវជន ឲ្យទៅបួស ព្រោះមានតែវត្តនិងព្រះសង្ឃទេ ដែល

១) អាចឲ្យកូនខ្លួនបានក្លាយទៅជាមនុស្សគាប់ប្រសើរក្នុងជាតិនេះ
២) ជាកន្លែងកែប្រែភាពល្ងង់ខ្លៅរបស់កូន ដែលលោកយល់ថាជារឿងអប្រិយប្រចាំជីវិត ឲ្យទៅជាអ្នកមានប្រាជ្ញា ជាអ្នកប្រាជ្ញបាន
៣) ពេលដែលកូនរៀនចេះដឹងក្នុងពុទ្ធសាសនា សង្ឃឹមឲ្យកូនបានមកដឹកនាំជីវិតរបស់ខ្លួន ញាតិមិត្ត និង សង្គម ឲ្យបានល្អ ទៅតាមធម៌ទសបារមីទាំង១០ដើម្បីបានរួចផុតទុក្ខ ចូលកាន់ព្រះនិព្វាន ។ ឬ បើលាសិក្ខាមកវិញ ក៏ក្លាយជាអ្នកដឹកនាំដែលប្រកបទៅដោយទសពិធរាជធម៌ ដែលជាធម៌សម្រាប់ដឹកនាំសង្គមឲ្យបានល្អ ។

យ៉ាងហោចណាស់ ក៏ក្នុងទស្សនៈរបស់អ្នកប្រាជ្ញរូបនេះ (ក្រមង៉ុយ) វត្ត ជាពិសេសវត្តដែលនៅតាមភូមិដាច់ស្រយ៉ាល ដែលការសិក្សារបស់រដ្ឋមិនទាន់ទៅដល់ មានសារៈសំខាន់សម្រាប់អ្នកក្រីក្រខ្មែរដោយខានមិនបាន ។

សំណើមិនឲ្យព្រះសង្ឃក្មេងបួសឬផ្សឹកព្រះសង្ឃដែលមានវ័យក្មេងចោល ជាមិច្ឆាទិដ្ឋិនិងជាមិច្ឆាសង្កប្បៈដ៏ធ្ងន់ ព្រោះជាមនោគមន៍វិជ្ជាដែលព្យាយាមបំបាត់ឱកាសរបស់អ្នកក្រីក្រ មិនឲ្យក្លាយជាមនុស្សគាប់ប្រសើរ មិនឲ្យក្លាយជាអ្នកប្រាជ្ញ និង ឱកាសជាអ្នកដឹកនាំក្នុងសង្គមខ្មែរ ។

(i) ពន្យល់ពាក្យ៖ ពាក្យប្រជាជនតូចតាច ជាពាក្យដែលព្រះបរមរតនកោដ្ឋ ព្រះអង្គសព្វព្រះទ័យប្រើ ។

អត្ថបទដោយ៖ លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍, ខេត្តបាត់ដំបង ។
អត្ថបទដើមចុះផ្សាយនៅគណនីហ្វេសប៊ុក Heng Monychenda (២៥ ឧសភា ២០២០) ។

No comments:

Post a Comment