អ្នករៀបចំពិធីបុណ្យសពនៅជប៉ុនផ្ដល់សេវាបុណ្យសពតាមអនឡាញ ក្នុងឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, May 03, 2020

អ្នករៀបចំពិធីបុណ្យសពនៅជប៉ុនផ្ដល់សេវាបុណ្យសពតាមអនឡាញ ក្នុងឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩

ព្រះតេជព្រះគុណ គ្យូអ៊ឺន តានិជី ព្រះចៅអធិការវត្តអ៊ីឈិនែនជិ នៅទីក្រុងក្យូតុ សូត្រមន្តនៅក្នុងវត្ត កំឡុងពេលនៃការធ្វើបុណ្យសពតាមអនឡាញ, ២០ មេសា ២០២០ ។ រូបភាព៖ ក្យូដូ

លោកវិទូ | ថ្ងៃ ១᧬៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០៣ ឧសភា ២០២០
ណាហ្គូយ៉ា - អ្នករៀបចំពិធីបុណ្យសពនៅប្រទេសជប៉ុនថ្មីៗនេះ បានផ្តល់សេវាកម្មតាមអនឡាញ សម្រាប់គ្រួសារដែលកាន់ទុក្ខ ព្រោះបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេពីចម្ងាយ ខណៈមានការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការទាក់ទងគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយផ្ទាល់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មានជប៉ុន (The Japan Times) បានឲ្យដឹងថា ព្រះតេជគុណ  និស៊ីដា ស៊ូហ្គិសា  ដែលជាអ្នករៀបចំពិធីបុណ្យសពនៅទីក្រុងណាហ្គូយ៉ា កំពុងប្រើកម្មវិធីចួបជុំតាមវីដេអូ ដើម្បីអនុញ្ញាតឲ្យអ្នកកាន់ទុក្ខចូលរួមក្នុងពិធីបុណ្យសពបាន ។

មន្ត្រីក្រុមហ៊ុនម្នាក់បាននិយាយថា «ពិធីបុណ្យសពគឺជាពេលវេលាដើម្បីនិយាយលាជាលើកចុងក្រោយរបស់យើងទៅកាន់អ្នកស្លាប់ ។ យើងចង់ឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់យើង ដើម្បីកុំឲ្យគេឃ្លាតឆ្ងាយពីអ្នកដទៃ (ពេលនៅដាច់ដោយឡែក) ។

នៅក្នុងពិធីបុណ្យសពរបស់បុរសចំណាស់ម្នាក់ ដែលបានធ្វើឡើងនៅសាលទទួលភ្ញៀវកាលពីចុងខែមីនា មានតែមនុស្ស ៧ នាក់ប៉ុណ្ណោះ ដែលបានចូលរួម ។ ផែនការដំបូងគឺសម្រាប់អ្នកកាន់ទុក្ខប្រហែលជា ២០ នាក់ ប៉ុន្តែសាច់ញាតិដែលរស់នៅក្នុងខេត្តសៃតាម៉ា និងទីក្រុងតូក្យូមិនអាចចូលរួមបានទេ ដោយសារមានវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ។

នៅដើមខែមេសា ទីក្រុងតូក្យូ ខេត្តសៃតាម៉ា និងខេត្តចំនួន ៥ ផ្សេងទៀត ស្ថិតនៅក្រោមស្ថានភាពអាសន្នដំបូងគេ ដែលប្រកាសដោយរដ្ឋាភិបាលជប៉ុន ដោយសារតែការកើនឡើងនៃការឆ្លងគួរឲ្យព្រួយបារម្ភ ។ ក្រោយមកទៀត ស្ថានភាពអាសន្នត្រូវបានពង្រីក នៅទូទាំងប្រទេសជប៉ុនទាំងមូល ។

យោងតាមអ្នករៀបចំពិធីបុណ្យសព ខណៈចំនួននៃពិធីបុណ្យសពនៅតែមិនផ្លាស់ប្តូរ ចំនួនអ្នកកាន់ទុក្ខបានថយចុះគួរឲ្យកត់សម្គាល់ ចាប់តាំងពីខែមីនា ។

ប្រធានរៀបចំពិធីបុណ្យសព លោក យឺគី និស៊ីដា អាយុ ៤២ ឆ្នាំបាននិយាយថា «ប្រជាជនប្រហែលជាងឿងឆ្ងល់ថា តើវាប្រហែលជាការត្រឹមត្រូវទេ ក្នុងការអញ្ជើញសាច់ញាតិ[មកជុំគ្នា] នៅពេលណាដែលយើងត្រូវបានស្នើសុំកុំឲ្យចេញក្រៅ» ។

អ្នកកាន់ទុក្ខតាមអនឡាញអាចតាមដានពិធីបុណ្យសព ដូចជាព្រះសង្ឃពុទ្ធសាសនាសូត្រធម៌បង្សុកូលជាដើម តាមកុំព្យូទ័រនិងស្មាតហ្វូនរបស់លោក ដោយប្រើវេទិកាចួបជុំគ្នាតាមវីដេអូហៅថា ហ្ស៊ូម (Zoom) តាមរយៈការផ្ញើរខ្សែភ្ជាប់ (link) ជាមុន ។

អេក្រង់ធំមួយក៏អាចត្រូវបានរៀបចំដំឡើង សម្រាប់បង្ហាញរូបភាពរបស់អ្នកកាន់ទុក្ខតាមអនឡាញ ដែលអាចនិយាយលាជាលើកចុងក្រោយ នៅជិតមឈូស ។

ឧបករណ៍ច្រើនបំផុតចំនួន ១០០០ អាចភ្ជាប់គ្នា ក្នុងពេលដំណាលគ្នានឹងសេវាបុណ្យសព ។ លោក និស៊ីតា ស៊ូហ្គិសា បាននិយាយថា វាត្រូវបង់លើថ្លៃសេវារបស់ ហ្ស៊ូម និងអនុញ្ញាតឲ្យឧបករណ៍រហូតដល់ ១០០ អាចចូលប្រើដោយឥតគិតថ្លៃ ។

ក្រុមហ៊ុន ម៉េម៉ូលីដខប (Memolead Corp) នៅទីក្រុងម៉ាអិបាស៊ី ខេត្តហ្គូនម៉ា បានផ្តល់សេវាកម្មចាប់តាំងពីខែមេសា ដែលអនុញ្ញាតឲ្យប្រជាជនផ្ញើបច្ច័យរំលែកទុក្ខតាមអនឡាញ ។ ក្រុមហ៊ុននេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនបានចាប់ផ្តើមធ្វើបុណ្យសពតាមតេលទស្សន៍កាលពីពីរឆ្នាំមុន ។

ប្រជាជនអាចផ្ញើបច្ច័យរំលែកទុក្ខ ដោយប្រើលេខកូដ ឃ្យូអ័រ (QR) ដែលភ្ជាប់ទៅនឹងលិខិតជីវប្រវត្តិអ្នកស្លាប់ ដែលផ្ញើដោយក្រុមគ្រួសារសព ។

យោងទៅតាមក្រុមហ៊ុន ម៉េម៉ូលីដខប សេវាកម្មនេះក៏អាចត្រូវបានចាក់ផ្សាយ នៅលើគេហទំព័រយូធូប ហើយអាចមើលនៅពេលក្រោយបាន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment