អត្ថបទដកស្រង់៖ ការប្រារព្ធពិធីបុណ្យវិសាខបូជានៅប្រទេសឥណ្ឌូនេស៊ីប្រកបដោយអត្ថន័យគួរជ្រះថ្លា - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, May 06, 2020

អត្ថបទដកស្រង់៖ ការប្រារព្ធពិធីបុណ្យវិសាខបូជានៅប្រទេសឥណ្ឌូនេស៊ីប្រកបដោយអត្ថន័យគួរជ្រះថ្លា

ធម្មយាត្រាខ្មែរនិងមិត្តធម៌ នៅប្រាសាទបូរ៉ូប៊ូឌួ ទីក្រុងម៉ាហ្គឺឡាង ខេត្តជ្វាកណ្តាល, ១៥ កក្កដា ២០១៦ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៤᧯៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០៦ ឧសភា ២០២០
ពិធីបុណ្យប្រពៃណីសាសនា ជាពេលវេលាដ៏សំខាន់មួយ ដែលបង្ហាញពី សទ្ធាជ្រះថ្លារបស់បរិស័ទទាំងឡាយក្នុងសាសនា ។ ពិធីបុណ្យប្រពៃណីសាសនា តែងតែត្រូវបានប្រារព្ធធ្វើឡើង តាមប្រតិទិនប្រចាំឆ្នាំ ជាសុរិយគតិ ឬជាចន្ទគតិ តាមការប្រកាន់យករបស់សាសនានោះៗ ។ ជារៀងរាល់ឆ្នាំ យើងឃើញមានការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗរាប់ពាន់ ។ សម្រាប់អ្នកកាន់ពុទ្ធសាសនា នៅក្នុងប្រទេសនានាលើសាកលលោក តែងតែប្រារព្ធពិធីបុណ្យសំខាន់ៗដូចជា មាឃបូជា វិសាខបូជា អាសាឡ្ហបូជា វស្សា (ចូលវស្សា) បវារណា (ចេញវស្សា) កថិនទាន ឧបសម្បទា និងបុណ្យមួយចំនួនទៀត ។ នៅប្រទេសឥណ្ឌូនេស៊ី ពុទ្ធបរិស័ទក៏ប្រារព្ធធ្វើបុណ្យទាំងនេះដែរ និងគួរឲ្យកត់សម្គាល់ជាងគេគឺ បុណ្យវិសាខបូជា និងបុណ្យសូត្រព្រះត្រៃបិដក និងអាសាឡ្ហបូជា ។ ព្រោះបុណ្យសំខាន់ទាំងពីរនេះ តែងត្រូវបានប្រារព្ធធ្វើនៅប្រាសាទបូរ៉ូប៊ូឌួ និងមានភ្ញៀវអន្តរជាតិចូលរួមផងដែរ ។ ដូច្នេះជាបន្តទៅទៀតនេះ នឹងលើកយកពិធីបុណ្យវិសាខបូជា មករៀបរាប់ដើម្បីបានជ្រាបច្បាស់ អំពីការគោរពប្រតិបត្តិពុទ្ធសាសនារបស់ពុទ្ធបរិស័ទ នៅប្រទេសឥណ្ឌូនេស៊ី ។

វិសាខបូជា: ពុទ្ធបរិស័ទគ្រប់រូប ប្រាកដជាបានដឹងច្បាស់ហើយថា វិសាខបូជា (នៅប្រទេសខ្លះហៅថា ពុទ្ធបូរណិមា ឬ ពុទ្ធជយន្តិ; ជាបាហាសា ឥណ្ឌូនេស៊ីថា វ៉ៃសាក/Waisak) ជាបុណ្យមួយដែលសំខាន់ជាងគេក្នុងពុទ្ធសាសនាគ្រប់និកាយ ។ វិសាខបូជាត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញ បូណ៌មី ១៥ កើតខែពិសាខ (ជាធម្មតាត្រូវនឹងខែឧសភា) ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ ៣ យ៉ាង របស់ព្រះពុទ្ធសមណគោតមនៃយើងគឺ ថ្ងៃព្រះអង្គប្រសូត ១ ថ្ងៃព្រះអង្គបានត្រាស់ដឹង ១ និងថ្ងៃព្រះអង្គចូលបរិនិព្វាន ១ ។ ថ្ងៃវិសាខបូជា មិនត្រឹមតែជាទិវាអន្តរជាតិរបស់អង្គការសហ ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាទិវាបុណ្យជាតិរបស់ឥណ្ឌូនេស៊ីទៀតផង ថ្វីដ្បិតតែប្រទេសនេះ ជាប្រទេសមានអ្នកកាន់សាសនាឥស្លាម ភាគច្រើនលើសលុបក៏ដោយ ។

ពុទ្ធសាសនិកជនឥណ្ឌូនេស៊ី តែងតែប្រារព្ធធ្វើវិសាខបូជានៅទូទាំងប្រទេស មានទីក្រុងចាការតាជាដើម ប៉ុន្តែកម្មវិធីពិសេសត្រូវប្រារព្ធធ្វើនៅ បរិវេណប្រាសាទពុទ្ធសាសនា ដែលធំជាងគេលើសាកលលោកគឺ ប្រាសាទបូរ៉ូប៊ូឌួ ស្ថិតនៅខេត្តជ្វាកណ្តាល ជាមជ្ឈមណ្ឌលពុទ្ធសាសនាយ៉ាងសំខាន់ នៅប្រទេសឥណ្ឌូនេស៊ី ។ ព្រះសង្ឃនិងពុទ្ធបរិស័ទបានជួបជុំគ្នានៅទីនោះជាច្រើនពាន់នាក់ ។ តើមានកម្មវិធីអ្វីខ្លះ ដែលត្រូវធ្វើក្នុងឱកាសដ៏មហោឡារិកអធិកអធមនេះ? ជាទូទៅនៅវេលាព្រឹក ព្រះសង្ឃនិមន្តយកទឹកមន្ត ពីប្រភពទឹកអ៊ុមប៊ុលជុំព្រិត (Umbul Jumprit fountain) ក្នុងតំបន់តឺម៉ាហ្គុង (Temanggung) និងភ្លើងឆេះអមតៈ ពីកន្លែងភ្លើងឆេះអមតៈឈ្មោះ ម្រ៉ាប៉ិន (Mrapen) នៅស្រុកពួរវ៉ូដាឌី (Purwodadi) ទៅទុកឯវត្តប្រាសាទមេណ្ឌុត (ប្រាសាទពុទ្ធសាសនា កសាងក្នុងស.វ.ទី ៩) ស្ថិតនៅភូមិមេណ្ឌុត ឃុំមុងគិដ (Mungkid) តំបន់ម៉ាហ្គឺឡាង (Magelang) ខេត្តជ្វាកណ្តាល ។ លុះដល់ពេលរសៀល ទើបព្រះសង្ឃនិងពុទ្ធបរិស័ទជាតិនិងអន្តរជាតិ ជាច្រើនពាន់អង្គ/នាក់ ដង្ហែទឹកមន្តនិងភ្លើងឆេះអមតៈនោះដោយថ្មើរជើង ពីប្រាសាទមេណ្ឌុត ឆ្លងកាត់ប្រាសាទប៉ាវន សំដៅទៅកាន់ប្រាសាទបូរ៉ូប៊ូឌួ ដែលមានចម្ងាយប្រមាណ ៣.៨ គីឡូម៉ែត្រ ។ តាមធម្មតា អ្នកចូលរួមដង្ហែមានសំលៀកបំពាក់ពណ៌សខ្លះក្រហមខ្លះ តាមក្រុមផ្សេងៗគ្នា ហើយមានបម្រាមចំពោះស្រ្តី មិនឲ្យស្លៀកសំលៀកបំពាក់ខើចលើខើចក្រោមទៀតផង ។ មានពុទ្ធបរិស័ទមួយក្រុមដែលមានតំណែង ឬគេចាត់ទុកថាជាបណ្ឌិតា មានសំលៀកបំពាក់ពណ៌លឿង ។ លុះហែរទៅដល់ប្រាសាទបូរ៉ូប៊ូឌួហើយ មានកម្មវិធីជាបន្តបន្ទាប់ដូចជា បូជាប្រទីប ផ្កាភ្ញី ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា និងជាពិសេស ពិធីបង្ហោះចង្កៀងគោមជាច្រើនពាន់គ្រឿង (១០០០-៥០០០) នាពាក់កណ្តាលអធ្រាត្រ ។ លុះព្រឹកឡើង ក៏មានពិធីធ្វើសមាធិពិធីប្រោសព្រំទឹកមន្តដល់ពុទ្ធបរិស័ទ និងពិធីប្រទក្សិណប្រាសាទ បូរ៉ូប៊ូឌួបីជុំ ។ តាមធម្មតា ថ្ងៃមុនក្រោយវិសាខបូជា ភិក្ខុសង្ឃត្រាច់ចរបិណ្ឌបាត្រតាមភូមិ ដើម្បីបង្កើតនិងបង្កើនសេចក្តីជ្រះថ្លា របស់ញាតិញោមពុទ្ធបរិស័ទ ។ គួរឲ្យកត់សម្គាល់ ពេលខ្លះអ្នកដែលមិនកាន់ពុទ្ធសាសនា ក៏ជ្រះថ្លាដាក់បាត្រព្រះសង្ឃដែរ ដោយមិនប្រកាន់ពូជសាសន៍ឡើយ ។

ពិធីបុណ្យវិសាខបូជានេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលពុទ្ធសាសនាឥណ្ឌូនេស៊ីវ៉ាលូប៊ី និងពុទ្ធសាសនាគ្រប់និកាយគ្រប់ក្រុម ឬអង្គការទាំងអស់ ។ ក្នុងពិធីបុណ្យនេះ តែងតែទទួលបានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា អភិបាលខេត្ត និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនទៀត ។ តែពិសេសជាងគេគឺ ក្នុងឆ្នាំ ២០១៥ ប្រធានាធិបតីទើបចូលកាន់តំណែងថ្មី ៗ (២០១៤) ចូកូ វីដូដូ (Joko Widodo) ក៏បានអញ្ជើញចូលរួមក្នុងបុណ្យវិសាខបូជានេះដែរ ដែលកាលនោះមានពុទ្ធបរិស័ទជាតិនិងអន្តរជាតិពី ១០,០០០ ទៅ ២០,០០០ នាក់បានចូលរួម (ប៉ានេ & ហាសាណាហ៍ ២០១៥; វ៉ាលូប៊ី ២០១៥; ចាការតាប៉ុស្តិ៍ ២០១៥អេ) ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកប្រធានាធិបតី ចូកូ វីដូដូ បានប្រកាសសម្រាលទោសឲ្យអ្នកទោសកាន់ពុទ្ធសាសនានៅខេត្តផ្សេងៗ ចំនួន ២២៤ នាក់ យ៉ាងតិចពី ២៥ ថ្ងៃ ដល់ ២ ខែ (ប៉ានេ & ហាសាណាហ៍ ២០១៥) ។ វត្តមានរបស់លោកប្រធានាធិបតី ក្នុងពិធីបុណ្យពុទ្ធសាសនានេះបង្ហាញពីការមិនរើសអើងចំពោះពុទ្ធសាសនា និងឲ្យតម្លៃពុទ្ធសាសនា ដូចសាសនាដទៃទៀតដែរ ។ មិនតែប៉ុណ្ណោះ វាជាមោទនភាពសម្រាប់ពុទ្ធសាសនា និងពុទ្ធបរិស័ទឲ្យកាន់តែជ្រះថ្លាថែមទៀតក្នុងការគោរពប្រតិ បត្តិនិងរក្សាពុទ្ធសាសនាឲ្យបានគង់វង្សនៅប្រទេសឥណ្ឌូនេស៊ី ។ ហើយនេះក៏ជាឥរិយាបថមួយ ដែលបង្ហាញអំពីការអធ្យាស្រ័យផ្នែកសាសនា នៅប្រទេសឥណ្ឌូនេស៊ី ដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះ ។

ដោយឡែក ក្នុងឱកាសបុណ្យវិសាខបូជាឆ្នាំ ២០១៦ (ព.ស. ២៥៦០) ត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈអន្តរជាតិជាលើកដំបូង នៅប្រាសាទបូរ៉ូប៊ូឌួ បើទោះ​បី​ជាពិធី​បុណ្យ​នេះ​ ត្រូវបាន​រដ្ឋាភិ​បាល​ជ្រោមជ្រែង​អស់ ១០ ឆ្នាំមក​ហើយ​ក្តី និងមានរយៈពេលពីរថ្ងៃ ។ ក្នុងពិធីបុណ្យវិសាខបូជាអន្តរជាតិនេះ មានព្រះសង្ឃនិងពុទ្ធបរិស័ទជាតិនិងអន្តរជាតិជាច្រើនបានចូលរួម ។ ព្រះសង្ឃ​ខ្មែរពីរអង្គក៏ត្រូវបាននិមន្តឲ្យចូលរួមដែរ ព្រមទាំងព្រះសង្ឃផ្សេងទៀត ដែល​និមន្តមកពី​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​កាន់ពុទ្ធ​សាសនា ​ដូចជាស្រីលង្កា ថៃឡង់ដ៍ កម្ពុជា នេប៉ាល់ វៀតណាម ឡាវ និងព្រះ​សង្ឃ​ជាម្ចាស់​ផ្ទះ​ ។ ព្រះ​តេជគុណ តី សុបុណ្យ មេគណ​ខេត្ត​ព្រៃវែង ​​ព្រះអង្គ​បាន​និមន្ត​ចូលរួម​ក្នុង​វេទិកា​ពុទ្ធ​សាសនា​អន្តរជាតិ​បូរ៉ូប៊ូឌួ (មួយថ្ងៃមុនវិសាខ បូជា) មានចំណាប់អារម្មណ៍យ៉ាងដូច្នេះ៖ «កម្មវិធី​នេះ​បាន​ធ្វើឲ្យ​យើង​ជ្រះថ្លា​ក្នុងព្រះ​ពុទ្ធ​សាសនា ទោះ​បីទីនេះ​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម​ក្តី​ប៉ុន្តែ​ពួក​គេបាន​ធ្វើ​ឲ្យ​យើង មាន​អារម្មណ៍​កត​ញ្ញូ​ចំពោះ​ព្រះ​សម្មា​សម្ពុទ្ធ​ សេចក្តីល្អ​នេះបាន​សម្តែង​ឲ្យឃើញ​ពី​ភាត​រភាព​រវាង​​បណ្តា​ប្រទេស​ក្នុង​តំបន់កាន់​ព្រះពុទ្ធ​សាសនា​ ជាមួយ​នឹង​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី​នេះ» (គាំ ច័ន្ទរស្មី ២០១៦ក) ។ នេះជាពិធីបុណ្យដ៏អធិកអធមមួយ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនចូលរួមយកការណ៍ ។ ទូរទស្សន៍ជាតិកម្ពុជា (ទទក) ក៏បានទៅយកការណ៍ និងបង្កើតជាវីឌីអូឯកសារអំពីកម្មវិធីបុណ្យនេះទៀតផង ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានទទួលប្រយោជន៍ ពីវិស័យទេសចរណ៍ និងសេវាកម្មយ៉ាងច្រើនដែរ តាមរយៈការទាក់ទាញភ្លៀវទេសចរ អ្នកកាន់ពុទ្ធសាសនា ពីតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល មកទស្សនាការប្រារព្ធពិធីបុណ្យវិសាខបូជា និងទស្សនាប្រាសាទបូរ៉ូប៊ូឌួផងដែរ ។ ពិធីបុណ្យនេះមិនត្រឹមតែជាបុណ្យបែបពុទ្ធសាសនា ដែលរំឭកនឹកដល់ព្រះដ៏មានព្រះភាគតែប៉ុណ្ណោះទេ ថែមទាំងជាបុណ្យដែលមានភ្ជាប់ ដោយខ្លឹមសារផ្សេងៗទៅតាមឆ្នាំ ដែលស្តីអំពីភាពចុះសម្រុងគ្នា សាមគ្គីភាព សន្តិភាព និងមេត្តាករុណា រវាងប្រជាជនឥណ្ឌូនេស៊ី និងពិភពលោកទាំង មូល ។ ព្រះតេជគុណ បភាការោ ថេរៈ (Pabhakaro Thera) ប្រធានគណៈកម្មការរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំ ២០១២ មានសង្ឃដីកាថា៖ «តាមរយៈការប្រារព្ធពិធីនេះសង្ឃឹមថា ប្រជាជនទាំងឡាយនឹងបង្កើននូវសេចក្តីមេត្តានិងករុណា ដើម្បីឲ្យពួកគេក្លាយទៅជាអ្នក ប្រកបដោយប្រាជ្ញានិង ការប្រយ័ត្នប្រយែងផងដែរ» (មូរយ៉ានតូ ២០១២) ។

ក្នុងឆ្នាំ ២០១៣ មានការបំផ្ទុះគ្រាប់បែក ដោយភេវរករឥណ្ឌូនេស៊ី នៅវត្តពុទ្ធយានឯកយាន នៅរដ្ឋធានីចាការតាបង្កឲ្យរបួសមនុស្សបីនាក់ ដោយសាររឿងដែលទាក់ទងនឹង ទំនាស់រវាងមូស្លីមរ៉ូហ៊ីងយ៉ានិងពុទ្ធសាសនិកនៅប្រទេសភូមា (អារណាហ្ស ២០១៣) ។ ក្នុងឆ្នាំនោះដែរ ក្នុងពិធីបុណ្យវិសាខបូជា អ្នកនយោបាយសំខាន់មួយរូប និងជាអនុប្រធានាធិបតីផង លោក យឺស៊ុហ្វ កាឡា (Jusuf Kalla) បានអំពាវនាវដល់ប្រជាជនឥណ្ឌូនេស៊ី ឲ្យប្រើថ្ងៃវិសាខបូជាដើម្បីលើកកម្ពស់ការអធ្យាស្រ័យគ្នាផ្នែកសាសនាទូទាំងប្រទេស ។ គាត់បានមានប្រសាសន៍ថា៖ «ការត្រាស់ដឹងក្នុងព្រះពុទ្ធជាម្ចាស់ក៏មាន ការត្រាស់ដឹងក្នុង សាសនាឥស្លាមនិងសាសនាគ្រិស្តក៏មានដែរ ។ សាសនាផ្តល់នូវមាគ៌ាដ៏ប្រសើរបំផុត ជាការត្រាស់ដឹងដើម្បីរស់នៅជាមួយគ្នាដោយភាពចុះសម្រុងគ្នា ។ ក្នុងជីវិតនេះ យើងត្រូវគោរពប្រជាជនទាំងអស់ ក្នុងមាគ៌ាប្រកបដោយសមធម៌» (រីគីន ២០១៣) ៕

ស្រង់ចាកសៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, រៀបរៀងដោយ ខាត់ ប៊ុនថន (២០១៧)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment