សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និងភិក្ខុ-សាមណេរ ក្នុងវត្តមង្គលវ័ន រាជធានីភ្នំពេញ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ។ រូបភាព៖ គណនីហ្វេសប៊ុកសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា |
លោកវិទូ | ថ្ងៃ ៦᧡៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២២ ឧសភា ២០២០
ភ្នំពេញ៖ ព្រះសង្ឃវត្តមង្គលវ័ន ហៅស្វាយដង្គុំ រាជធានីភ្នំពេញ ដឹកនាំដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានចែកជូនអំណោយជាស្បៀងអាហារផ្សេងៗ ដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកខ្វះខាតខ្លាំង ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តវត្តមង្គលវ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ។
នៅក្នុងឱកាសនោះ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាសង្ឃកម្ពុជា និងជាចៅអធិការវត្តមង្គលវ័ន ព្រមទាំងមន្ត្រីសង្ឃភិក្ខុសាមណេរវត្តមង្គលវ័ន និងវត្តមានរបស់ឯកឧត្តម តេង ប៊ុនថុន និងលោកជំទាវ បានធ្វើការចែកអំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៥-៦០ គ្រួសារ ដែលរស់នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
គ្រួសារនីមួយៗទទួលបានអង្ករ ២០គីឡូក្រាម មី១កែស ស្ករស១គីឡូក្រាម ទឹកដោះគោ១កំប៉ុង តែ៥កញ្ចប់ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ថវិកា ៥០០០០រៀល ។
នេះជាសកម្មភាពមនុស្សធម៌ជាលើកទី២ហើយនៅក្នុងខែឧសភានេះ របស់វត្តមង្គលវ័នក្រោមការដឹកនាំរបស់សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ។
សូមរំឭកផងដែរថា ដើម្បីឧទ្ទិសបូជាគុណព្រះសម្ពុទ្ធក្នុងថ្ងៃបុណ្យវិសាខបូជាកន្លងទៅ វត្តមង្គលវ័នបានចែកជូនអំណោយម្ដងរួចមកហើយ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧៥ គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតខ្លាំងក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២០ ។ គ្រួសារនីមួយៗ ទទួលបានអង្ករ ២០គីឡូក្រាម មី២កែស ទឹកក្រូច១០កំប៉ុង ស្ករ-ស៣គីឡូក្រាម ទឹកដោះគោ៤កំប៉ុង តែ៥កញ្ចប់ ទឹកត្រី១ដប ទឹកសុីអុីវ១ដប សាប៊ូក្រអូប៣ដុំ ថវិកា ៥០០០០រៀល ។
នៅលើគណនីហ្វេសប៊ុក សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានរំឭកដល់សុភាសិតខ្លីមួយពោលថា «ស្គាល់គ្នាក្នុងគ្រាលំបាក» ដែលចង់បង្ហាញថា វត្តអារាមពុទ្ធសាសនាខ្មែរ និងព្រះសង្ឃជាច្រើន តែងតែរួមសុខទុក្ខជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះជាបន្តបន្ទាប់ ទាំងផ្នែកសម្ភារៈនិងស្មារតីប្រកបដោយមេត្តាករុណា ។ សេចក្តីទុក្ខលំបាករបស់ពុទ្ធបរិស័ទជាសេចក្តីទុក្ខលំបាករបស់ព្រះសង្ឃ (ព្រះអាចារ្យ ហែម ចៀវ) ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment