កូវីដ១៩៖ គណៈសង្ឃនាយកប្រគេនអំណោយឧបត្ថម្ភដល់វត្តអារាមនានានៅខេត្តក្រចះនិងខេត្តប៉ៃលិន - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, May 26, 2020

កូវីដ១៩៖ គណៈសង្ឃនាយកប្រគេនអំណោយឧបត្ថម្ភដល់វត្តអារាមនានានៅខេត្តក្រចះនិងខេត្តប៉ៃលិន

សកម្មភាពប្រគេនអំណោយជាបច្ច័យបួនដល់តំណាងវត្តអារាមនៅក្នុងខេត្តក្រចេះ និងខេត្តប៉ៃលិន ។ រូបភាព៖ ហ្វេសប៊ុកគណៈសង្ឃនាយក

លោកវិទូ | ថ្ងៃ ៣᧤៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៦ ឧសភា ២០២០

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអនុវត្តគម្រោងប្រគេនអំណោយជាបច្ច័យបួន ដល់វត្តអារាមនៅតាមបណ្ដាខេត្តនានា ដែលកំពុងចួបការខ្វះខាត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។ ចាប់តាំងពីជិតពាក់កណ្ដាលខែឧសភានេះ វត្តអារាមនៅក្នុងខេត្តចំនួនពីរទៀតបានទទួលអំណោយពីគណៈសង្ឃនាយកគឺ ខេត្តក្រចេះ ភូមិភាគឦសាន និងខេត្តប៉ៃលិន ភូមិភាគបច្ចិម នៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជាបានធ្វើតេស្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ពីរករណីថ្មីទៀត ។

តាមការចុះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណៈសង្ឃនាយក ពីរលើកដោយឡែកផ្សេងគ្នា បានឲ្យដឹងថា៖

កាលពីថ្ងៃអាទិត្យ​ ទី១៧​ ខែឧសភា​ ឆ្នាំ២០២០ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនបច្ច័យចំនួន ៩.០០០.០០០រៀល (ប្រាំបួនលានរៀលគត់) តាមរយៈសាលាគណខេត្តក្រចេះ ដើម្បីប្រគេនដល់វត្តដែលកំពុងខ្វះខាតចំនួន៤៤វត្ត ក្នុងកំឡុងការរីករាលជំងឺកូវីដ១៩ ។ ក្នុងមួយវត្តៗទទួលបាន ២០៤.៥០០រៀល​ និងសម្ភារៈឧបភោគបរិភោគមួយចំនួន ។

កាលពីថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនបច្ច័យចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់) តាមរយៈសាលាគណខេត្តប៉ៃលិន ដើម្បីប្រគេនដល់វត្តដែលកំពុងខ្វះខាតចំនួន១៩វត្ត ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩ ។ ក្នុងមួយវត្តៗទទួលបាន អង្ករ ៥០គ.ក. មី ២កេះ ត្រីខ ២យួរ ទឹកសុទ្ធ ២យួរ ទ្រនាប់ជើង ១គូរ បច្ច័យចំនួន ១០០.០០០រៀល និងអាចារ្យ គណៈកម្មការខ្វះខាត ២០នាក់ ម្នាក់២០.០០០រៀល ។

នៅក្នុងលិខិតថ្លែងអំណរគុណថ្វាយចំពោះ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃកម្ពុជា ព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានសរសេរយ៉ាងនេះថា «តបចំពោះព្រះរាជគុណូបការៈ និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចជាអម្ចាស់ ទូលព្រះបង្គំតាងនាមឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ នៃខេត្តប៉ៃលិន សូមលំឱនកាយថ្វាយព្រះពរជ័យ សូមសម្ដេចជាអម្ចាស់ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ។

ខណៈនេះ ជំងឺកូវីដ១៩កំពុងរីករាលដាលខ្លាំងនៅឡើយ ហើយចំនួនអ្នកឆ្លងទូទាំងសកលលោកបានកើនឡើងដល់ជាង ៥,៥ លាននាក់ហើយ និងអ្នកស្លាប់ ៣,៤ សែននាក់ ។ ប្រទេសឥណ្ឌាបានឡើងដល់លំដាប់ទី១០ ក្នុងចំណោមប្រទេសដែលត្រូវបានវាយប្រហារខ្លាំងដោយជំងឺឧត្បាតនេះ មានអ្នកឆ្លងកើនឡើងដល់ជិត ៥,៥ ម៉ឺននាក់ ស្លាប់ចំនួនជាង ៤.០០០ នាក់ និងជាសះស្បើយជាង ៦ ម៉ឺននាក់ ប្រហែលជាង ៤០% នៃអត្រាអ្នកជំងឺទាំងអស់ ។ ឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេសទាំងមូលដំណាក់កាលទី ៤ (Lockdown 4.0) រហូតដល់ចុងខែឧសភានេះ ដែលមានលក្ខណៈបន្ធូរបន្ថយជាងមុន ហើយការហោះហើរក្នុងស្រុកត្រូវបានបើកឲ្យដំណើរឡើងវិញផងដែរ ។

យោងតាមការចុះផ្សាយជាសាធារណៈរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា មិនមានលក្ខណៈធ្ងន់ធ្ងរទេ សរុបទាំងអស់ចំនួន ១២៤ នាក់ ។ ប៉ុន្មានសប្ដាហ៍មុន អ្នកជំងឺទាំងអស់១២២នាក់បានជាសះស្បើយទាំងអស់ហើយ ប៉ុន្តែថ្មីៗនេះមានការឆ្លងថ្មីចុងក្រោយបំផុតពីរករណីគឺ​ កើត​ឡើង​ចំពោះ​ស្ត្រី​ខ្មែរ​អាយុ​៣៩​ឆ្នាំ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​ពី​សហ​រដ្ឋ​អាមេរិក និង​បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ​២៦​ឆ្នាំ​រស់នៅ​ខេត្ត​កំពត ដែល​បាន​ធ្វើ​ដំណើរ​វិលត្រលប់​មក​ពី​ប្រទេស​ហ្វីលីពីន ដោយ​បាន​បន្ត​ជើង​យន្ត​ហោះ​ពីប្រទេស​កូរ៉េ​ខាង​ត្បូង (វីអូអេ) ។​

​ការ​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​ករណី​ឆ្លង​ថ្មី​ទាំង​ពីរ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​និង​២៣​ខែ​ឧសភា​ឆ្នាំ​២០២០ តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​៦​ចូល​កម្ពុជា ​រួម​មាន​សហ​រដ្ឋ​អាមេរិក ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​អេស្ប៉ាញ​និង​អ៊ីរ៉ង់ ។​

ដោយឡែក នៅ​ថ្ងៃ​ច័ន្ទ​នេះ (២៥ ឧសភា) អង្គការ​សុខភាព​ពិភពលោក បាន​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆ្លង​កូវីដ១៩​បន្ថែម​ទៀត ​ក្រោយ​ពី​មាន​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ទាំងពីរនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment