លោកវិទូ | ថ្ងៃ ៣᧱៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៦ មិថុនា ២០២០
អ៊ូឡានបាតា៖ យោងតាមសារព័ត៌មានមន្តស៊ែម (Montsame) បានឲ្យដឹងថា នៅថ្ងៃទី ៥ ខែមិថុនាថ្ងៃម្សិលមិញនេះ ប្រទេសម៉ុងហ្គោលីបានប្រារព្ធ «ទិវាព្រះពុទ្ធជាម្ចាស់» (Buddha Day) ឬវិសាខបូជា ជាថ្ងៃឈប់សម្រាកជាផ្លូវការជាលើកដំបូង ។ ថ្ងៃម្សិលមិញដែលត្រូវនឹងថ្ងៃទី ១៥កើត ខែទី១នៃរដូវក្តៅជារៀងរាល់ឆ្នាំ យោងតាមប្រតិទិនព្រះពុទ្ធសាសនាម៉ុងហ្គោលី ត្រូវនឹងខែឧសភាឬមិថុនា ធ្វើបានប្រារព្ធដើម្បីឧទ្ទិសដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ ក្នុងពុទ្ធប្បវត្តិគឺ ប្រសូតិ ការត្រាស់ដឹង និងបរិនិព្វាន ។
រដ្ឋសភានៃប្រទេសម៉ុងហ្គោលីបានធ្វើវិសោធនកម្មច្បាប់ស្តីពីថ្ងៃឈប់សម្រាកសាធារណៈ កាលពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីដាក់ទិវាព្រះពុទ្ធជាម្ចាស់ជាថ្ងៃឈប់សម្រាកសាធារណៈទូទាំងប្រទេស ហើយសមាជិកសភាខ្លះបានចង្អុលបង្ហាញថា ទិវាព្រះពុទ្ធជាម្ចាស់គួរតែត្រូវបានប្រារព្ធជាថ្ងៃដើម្បីលើកទឹកចិត្តដល់ការចម្រើនមេត្តា ការយល់ចិត្ត និងចិត្តសប្បុរសធម៌ ព្រមទាំងដើម្បីលើកកម្ពស់សេចក្ដីស្រឡាញ់ចំពោះមាតាធម្មជាតិ ឪពុកម្ដាយនិងក្រុមគ្រួសារ ។
នៅក្នុងឱកាសបុណ្យព្រះពុទ្ធជាម្ចាស់នេះមានកម្មវិធីសំខាន់ៗដូចជា ការសូត្រធម៌និងការបួងសួង ពិធីសាសនានិងការបូជាពុទ្ធសាសនា ពិធីប្រគល់រង្វាន់និងការតាំងពិព័រណ៍សម្រាប់ការប្រកួតសរសេរអត្ថបទនិងគូរគំនូរ ព្រមទាំងការស្វាគមន៍តាមអនឡាញពីសម្តេចដាឡៃឡាម៉ាទី ១៤ និងនាយករដ្ឋមន្រ្តីឥណ្ឌា នរេន្ទ្រ មោទី ។ កម្មវិធីទាំងអស់នេះគេគ្រោងធ្វើភាគច្រើននៅតាមវត្តអារាមព្រះពុទ្ធសាសនាដូជាវត្តហ្គនដនតេគចិន្លេន (The Gandantegchinlen Monastery) ជាដើម ។ នៅថ្ងៃនេះផងដែរកម្មវិធីទូរទស្សន៍ពិសេស និងរឿងភាគ 'ព្រះពុទ្ធជាម្ចាស់' នឹងត្រូវចាក់ផ្សាយ ហើយកុមារដែលកើតនៅថ្ងៃនេះនឹងត្រូវបានផ្តល់ជូននូវអំណោយផ្សេងៗ ។
ផ្សារធំ ៗ មួយចំនួនននឹងត្រូវបិទនៅថ្ងៃនេះ ហើយច្បាប់រឹតបន្តឹងផ្អែកទៅលើស្លាកលេខរថយន្ត នៅទីក្រុងអ៊ូឡានបាតាក៏មិនមានប្រសិទ្ធភាពដែរ ។
មានព្រះវិហារនិងវត្តអារាមចំនួន ៣៦៤ កន្លែងដែលកំពុងប្រតិបត្តិការនៅប្រទេសម៉ុងហ្គោលី ដែលក្នុងនោះមាន ១៣៤ ជាវត្តអារាមព្រះពុទ្ធសាសនា ។ ការធ្វើជំរឿនប្រជាជននាពេលថ្មីៗនេះបានបង្ហាញថា ៥៣ ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ចាត់ទុកខ្លួនគេជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ប្រទេសម៉ុងហ្គោលីមានស្ថិតិប្រជាជនសរុបជាង ៣ លានប៉ុណ្ណោះ ។
ព្រះពុទ្ធសាសនានៅប្រទេសម៉ុងហ្គោលីមានប្រភពចេញពីលក្ខណៈថ្មីៗជាច្រើនពីពុទ្ធសាសនាទីបេត៍នៃនិកាយហ្គេលូគ និងនិកាយកាគ្យូ ប៉ុន្តែមានលក្ខណៈប្លែកដោយឡែក និងបង្ហាញពីលក្ខណៈពិសេសផ្ទាល់ខ្លួន ។
ព្រះពុទ្ធសាសនានៅប្រទេសម៉ុងហ្គោលីបានចាប់ផ្តើម ក្នុងរាជវង្សយ៉ន់ (១២៧១-១៣៦៨) ពេលដែលអធិរាជទាំងឡាយនៃប្រទេសហ្គោលីបានប្តូរមកកាន់ព្រះពុទ្ធសាសនាទីបេត៍ ។ ជនជាតិម៉ុងហ្គោលបានវិលត្រលប់ទៅរកជំនឿលើគ្រូនិយម (shamanism) បុរាណរបស់ខ្លួនវិញ បន្ទាប់ពីការដួលរលំនៃចក្រភពម៉ុងហ្គោល ប៉ុន្តែព្រះពុទ្ធសាសនាបានលេចឡើងវិញនៅសតវត្សទី ១៦ និង ១៧ ។
ដោយសារព្រះពុទ្ធសាសនាម៉ុងហ្គោលមានប្រភពដើមពីពុទ្ធសាសនាវជ្រយានទីបេត៍ ទើបបុណ្យដែលខែ្មរថៃលាវជាដើមហៅថាវិសាខបូជា ត្រូវបានប្រារព្ធក្នុងថ្ងៃខុសគ្នាពីពុទ្ធសាសនាមហាយាន និងថេរវាទ ។ ប្រជាជនម៉ុងហ្គោលនិងទីបេត៍ក៏ហៅថ្ងៃសំខាន់ទាំងបីក្នុងពុទ្ធប្បវត្តិថាវិសាខបូជាដែរ តែគេមានឈ្មោះហៅផ្សេងតាមសំឡេងភាសាទីបេត៍ថា សគៈ ហ្ស្លាបា ឌូសឆេន (Saga Dawa Düchen) ។ ឌូសឆេន (Düchen) មានន័យថា “ឱកាសដ៏មហស្ចារ្យ” ។ គួរទីជាមោទនភាពក្រៃលែងសម្រាប់ពុទ្ធសាសនិកជន សគៈ ហ្ស្លាបា ឌូសឆេន ឬវិសាខបូជាបានក្លាយជាទិវាបុណ្យជាតិជាផ្លូវការរបស់ប្រទេសម៉ុងហ្គោលីកាលពីឆ្នាំមុន ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment