រូបចម្លាក់ថ្មព្រះពុទ្ធសាសនាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅប៉ាគីស្ថានត្រូវបានធ្វើឲ្យខូចខាត - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, June 04, 2020

រូបចម្លាក់ថ្មព្រះពុទ្ធសាសនាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅប៉ាគីស្ថានត្រូវបានធ្វើឲ្យខូចខាត

សិលាចារឹកបុរាណនៅតំបន់ហ្គិលជិត-បលទីស្ថាន ។ រូបភាព៖ SNS/Araib Ali Baig

លោកវិទូ | ថ្ងៃ ៥᧮៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ មិថុនា ២០២០

យោងតាមការចុះផ្សាយរបស់សារព័ត៌មានព្រះពុទ្ធសាសនាពុទ្ធិសឌ័របានឲ្យដឹងថា នៅសប្ដាហ៍នេះរូបចម្លាក់លើផ្ទាំងសិលាព្រះពុទ្ធសាសនាជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន នៅតំបន់ហ្គិលជិត-បលទីស្ថាន (Gilgit-Baltistan) នៃប្រទេសប៉ាគីស្ថាន ត្រូវបានធ្វើឲ្យខូចខាតដោយការគូរផ្ទាំងគំនូរមួយចំនួនរួមមានទង់ជាតិប៉ាគីស្ថាន និងពាក្យស្លោកឥស្លាមនៅជាន់ពីលើ ។ រូបចម្លាក់ទាំងនេះកំពុងស្ថិតក្រោមការគំរាមកំហែងរួចទៅហើយ ពីការអភិវឌ្ឍទំនប់នាំមុខដោយក្រុមហ៊ុនចិនដែលកំពុងដំណើរការនៅជ្រលងភ្នំដដែល ។ យោងតាមអ្នករស់នៅតំបន់នោះ ការបំផ្លិចបំផ្លាញនេះអាចជាការឆ្លើយតបដោយការប៉ុនប៉ងចង់ឲ្យមានការបញ្ឈប់គម្រោងទំនប់នេះ ។

ចម្លាក់ថ្មនេះស្ថិតនៅក្នុងតំបន់ឈីឡាស (Chilas) នៃប្រទេសប៉ាគីស្ថាននៅជិតដងទន្លេសិន្ធុឬឥណ្ឌុសបុរាណ ដែលអ្នកប្រវត្តិសាស្រ្តស្គាល់ថាជាបុរាណដ្ឋានមួយដែលមានអរិយធម៌បុរាណដ៏រុងរឿង ដែលបានកើតឡើងនៅក្នុងតំបន់ជុំវិញនេះរួមមានហារ៉ាបប៉ា និងម៉ូហេន្ជោដារ៉ូ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ។ សព្វថ្ងៃតំបន់នេះគឺជាផ្នែកមួយនៃតំបន់ជម្មូ-កស្មីរ៍ភាគខាងលើ ដែលប៉ាគីស្ថាននិងឥណ្ឌារក្សាបទឈប់បាញ់គ្នាដែលមានលក្ខណៈផុយស្រួយ នៅតាមព្រំដែនដែលមានជម្លោះ ។

ការបំផ្លាញនេះត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុនដោយប្រជាជនក្នុងតំបន់ ដែលបានគេជឿថាជាលទ្ធផលនៃការតវ៉ាប្រឆាំងនឹងគម្រោង ទំនប់ដាយមើ-ផាសា ដែលផ្តល់ថវិកាសាងសង់ដោយ ក្រុមហ៊ុនថាមពលចិន (China Power) និងអង្គការរោងចក្រតាមព្រំដែន (Frontier Works Organization) ដែលកំពុងធ្វើការជាមួយកងពលនៃកងទ័ពប៉ាគីស្ថាន ។ ប្រសិនបើគម្រោងនេះត្រូវបានបញ្ចប់ នោះតំបន់ប្រវតិ្តសាស្រ្តព្រះពុទ្ធសាសនារួមជាមួយនឹងភូមិចំនួន ៥០ នៅក្នុងតំបន់នេះ នឹងត្រូវជន់លិចជាក់ជាមិនខាន ។

យោងតាមសារព័ត៌មានឌឺស្តេតមែនបានឲ្យដឹងថា អ្នកស្រុកបានយកបណ្តាញសង្គមដើម្បីតវ៉ាប្រឆាំងនឹងការសាងសង់ទំនប់នេះ ដោយមានម្នាក់លើកឡើងថា «ទ្រព្យសម្បត្តិនៃប្រវត្ដិសាស្ដ្រទន្លេសិន្ធុដែលមានអាយុកាលរាប់ពាន់ឆ្នាំនឹងត្រូវលិចទៅក្នុងទឹកនៃតំបន់ហ្គិលជិត-បលទីស្ថាន» ។ អ្នកស្រុកម្នាក់ទៀតគឺ លោក អារ៉ាប អាលី បេគ បានសរសេរថា «សិល្បៈចម្លាក់លើថ្មគឺមាននៅគ្រប់តំបន់ទាំងអស់នៃហ្គិលជិត-បលទីស្ថាន ភាគច្រើននៅក្នុងស្រុក ដាយមីរ៍ ហ័ន្សា និង បលទីស្ថាន ។ បើនិយាយដោយឡែកចំពោះស្រុកបលទីស្ថាន គេអាចមើលឃើញចម្លាក់សិលាទាំងនេះនៅលើការតាំងទីលំនៅដ្ឋានពីដើម និងផ្លូវដ៏ពេញនិយមពីបុរាណ នៅតាមបណ្តោយទន្លេសិន្ធុ និងស្យក» ។

ចម្លាក់សិលានេះមានអាយុកាលច្រើនសតវត្សរ៍មកហើយ ទំនងជាចាប់ពីក្រោយសម័យនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅតាមបណ្តោយវិថីសូត្រ ដែលដំបូងឆ្ពោះទៅកាន់ប្រទេសចិន ហើយបន្ទាប់មកទៅដល់ទីបេត៍ឆ្លងកាត់ភ្នំខ្ពស់ៗនៃជួរភ្នំហិមាល័យ ។ កំណត់ត្រាដំបូងបង្ហាញថា សតវត្សរ៍ទី ៧ ឬទី ៨ ជាកាលបរិច្ឆេទនៃការនាំយកព្រះពុទ្ធសាសនាទៅកាន់តំបន់នេះ ដែលក្រោយមកបានក្លាយជាផ្នែកមួយនៃមហាចក្រភពទីបេត៍ ។ ព្រះពុទ្ធសាសនាបានត្រួតត្រាតំបន់ភ្នំដែលមានប្រជាជនរស់នៅម្ដុំៗ រហូតដល់សតវត្សទី ១៥ នៅពេលឥស្លាមបានមកដល់ ។ ចាប់តាំងពីពេលនោះមកព្រះពុទ្ធសាសនាបានសាបសូន្យទីដីបលទីស្ថាន ប៉ុន្តែបានបន្តវត្តមាននៅតំបន់លទ្ទាខ (ឡាដាក, Ladakh) ដែលសព្វថ្ងៃបានក្លាយជាដែនដីសហព័ន្ធរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំមុន ដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិកជន ។

ក្នុងដំណើរទស្សនៈកិច្ចនាពេលថ្មីៗនេះនៅតំបន់លេហ៍ ដែលជារដ្ឋធានីរបស់លទ្ធាខ សម្តេចសង្ឃដាឡៃឡាម៉ាបានកត់សម្គាលពីសារៈសំខាន់នៃបេតិកភ័ណ្ឌព្រះពុទ្ធសាសនាបុរាណនៅលទ្ទាខនិងតំបន់ជិតខាង ហើយបានអំពាវនាវឲ្យមានការអភិរក្សនៅតំបន់ទាំងនេះ ។

សម្រាប់ប្រជាជនដែលរស់នៅតំបន់បលទីស្ថានវិញ ថ្វីដ្បិតពួកគេមិនមែនជាពុទ្ធសាសនិកជនក៏ពិនមែន ប៉ុន្តែពួកគេទទួលស្គាល់ស្នាដៃសិល្បៈព្រះពុទ្ធសាសនា ជាតម្លៃប្រវត្តិសាស្ត្រនិងសក្តានុពលទេសចរណ៍ ។ អ្នកស្រុកម្នាក់ទៀនបាននិយាយាថា «ត្រូវហើយរូបចម្លាក់ទាំងនេះជារបស់ព្រះពុទ្ធសាសនា ។ រូបចម្លាក់ទាំងនេះអាចទាក់ទាញភ្ញៀវទេសចររាប់លាននាក់នៅទូទាំងពិភពលោក ។ មិនប្រកាន់សាសនាណាទេ យើងគួរតែអភិរក្សបេតិកភណ្ឌបុរាណនេះ» ។ (ឌឺស្តេតមែន)

នៅថ្ងៃទី ១៣ ឧសភា រដ្ឋាភិបាលប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រាងមួយដែលមានតម្លែងស្មើនឹង ៤៤២ ពាន់លានរូពីប៉ាគីស្ថាន (៥,៨ ពាន់លានដុល្លារ) ដើម្បីចាប់ផ្តើមសាងសង់ទំនប់នេះបន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment