សមណនិស្សិតខ្មែរនៃសាលវិទ្យាល័យហិណ្ឌូពារាណសីបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, June 09, 2020

សមណនិស្សិតខ្មែរនៃសាលវិទ្យាល័យហិណ្ឌូពារាណសីបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ

ព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម ចន្ទរូប (ពីឆ្វេងទី៣) និងសមណនិស្សិត-និស្សិត ក្រោយបញ្ចប់ការការពារសារណាថ្នាក់បណ្ឌិត សាកលវិទ្យាល័យហិណ្ឌូពារាណសី, ពារាណសី, ០៨ មិថុនា ២០២០ ។

លោកវិទូ | ថ្ងៃ ៣᧴៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៩ មិថុនា ២០២០

ពារាណសី៖ សមណនិស្សិតខ្មែរមួយព្រះអង្គបានការពារសារណាថ្នាក់បណ្ឌិតដោយជោគជ័យ និងបានទទួលងារជាបណ្ឌិតពេញដោយបរិបូរណ៍ ពីសាកលវិទ្យាល័យបុរាណមួយនៅទីក្រុងពារាណសី បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់ជិតពាក់កណ្ដាលជីវិត ពីប្រទេសកម្ពុជាប្រទេសថៃរហូតដល់ប្រទេសឥណ្ឌាដែនដីពុទ្ធភូមិដ៏ពិសិដ្ឋ ។

នៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ សមណនិស្សិតខ្មែរចាស់វស្សាមួយព្រះអង្គគឺ ព្រះតេជព្រះគុណ ព្រះមហាសង្គ្រាមបានការពារសារណាថ្នាក់បណ្ឌិតដោយជោគជ័យក្រោមប្រធានបទដ៏សំខាន់មួយលើ «ការសិក្សាប្រៀបធៀបប្រព័ន្ធអប់រំកម្រិតបឋមសិក្សារបស់ប្រទេសឥណ្ឌានិងកម្ពុជា» (A Comparative Study of Primary Education System of India and Cambodia) នៅដេប៉ាតឺម៉ង់ផ្នែកការអប់រំ នៃសាកលវិទ្យាល័យហិណ្ឌូពារាណសី (ប៊ី.អេច.យូ.) ទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ដោយការអនុមោទនាត្រេកអរនិងមោទនភាពក្រៃលែង ពីសម្នាក់សមណនិស្សិត-និស្សិតខ្មែរ នៅប្រទេសឥណ្ឌាទាំងអស់ និងញាតិញោមបងប្អូនប្រុសស្រីជិតឆ្ងាយជាច្រើន ។

ជីវប្រវត្តិនិងការសិក្សាសង្ខេប

ភិក្ខុព្រះមហាសង្គ្រាម (ឈ្មោះពីកំណើត ឈ្នះរ៉ប សង្គ្រាម) មានស្រុកកំណើតនៅភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទឹកដីអង្គដ៏បវរនៃយើង មានញោមប្រុស ភឺន អាត់ ញោមស្រីនាម ប្លោក ឡាយ ។ នៅក្នុងឆ្នាំ ១៩៩០ ព្រះអង្គបានបួសជាសាមណេរ ក្នុងអាយុ ២០ ឆ្នាំ នៅវត្តប្រាសាទ ស្រុកពួក ខេត្តសៀមរាប បន្ទាប់មកបានបំពេញជាភិក្ខុភាវៈ ក្នុងឆ្នាំ ១៩៩១ នៅវត្តប្រម៉ា ឃុំក្របីរាល ស្រុកនិងខេត្តដដែល មានព្រះឧបជ្ឈាយ៍នាមព្រះភិក្ខុ ឈុន មួង មាននាមបញ្ញត្តិថា «សង្ឃត្ថេរោ» ។ រួចហើយព្រះអង្គបានគង់នៅសិក្សារៀនសូត្រនៅវត្តដំណាក់ ខេត្តសៀមរាប ។

ក្រោយពីបញ្ចប់ការសិក្សាសាលាបាលីថ្នាក់បឋមមក ភិក្ខុមហាសង្គ្រាមបានបន្ដការសិក្សាសាលាបាលីរងនៅវត្តបទុមវតី (គង់នៅកុដិឈើលេខ ១១) រាជធានីភ្នំពេញ ពីឆ្នាំ១៩៩១-១៩៩២ កាលនោះលោកគ្រូ ខៀវ សំអាង ហៅជ័យ និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ធ្លាប់ជាមិត្តរួមថ្នាក់ ។

ក្នុងឆ្នាំ ១៩៩២ ព្រះអង្គបាននិមន្តទៅគង់សិក្សានៅព្រះរាជាណាចក្រថៃឡង់ដ៍ ជាទីដែលព្រះអង្គចំណាយពេលជាងមួយទសវត្សរ៍កន្លះ ដើម្បីសិក្សាបន្តផ្នែកភាសាបាលីនិងព្រះធម៌ ។ ភិក្ខុមហាសង្គ្រាមបានគង់សិក្សារៀតសូត្រនៅខេត្តសុរិន្ទ (ស្រុកកាប់ឈើ) អស់រយៈពេល ២ ឆ្នាំ ។ ក្នុងឆ្នាំ១៩៩៤ ភិក្ខុមហាសង្គ្រាមបានចូលរៀននៅសាលាបាលី ខេត្តនគរាជសីមា ១ ឆ្នាំ ខេត្តនគរបឋម ៥ ឆ្នាំ រហូតចប់ភាសាបាលីប្រយោគ ៣ ទើបបានឡើងនាមថា «ព្រះមហា» រួចបន្តទៅ ប្រយោជ ៤ និងបន្ទាប់មកក្នុងឆ្នាំ ២០០៥ បញ្ចប់ប្រយោគ ៥ ពីសាលាបាលីមហាមង្កុដ ទីក្រុងបាងកក ។

នៅក្នុងពេលជាមួយគ្នានោះដែរ (១៩៩៨-២០០០) ភិក្ខុមហាសង្គ្រាមបានចូលរៀននៅវិទ្យាល័យសាធារណៈមួយ (ក្រៅប្រព័ន្ធ) នៅខេត្តនគរបឋម ។ បន្ទាប់មកភិក្ខុមហាសង្គ្រាមបន្តការសិក្សា (២០០០-២០០៤) រហូតទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងបរិញ្ញាបត្រមួយទៀតផ្នែកវិទ្យាសាស្ត្រអប់រំ (២០០៤-២០០៦) ។ សរុបទៅការសិក្សារបស់ភិក្ខុព្រះមហាសង្គ្រាមនៅលើទឹកដីថៃ មានរយៈពេលប្រមាណ ១៦ ឆ្នាំ ដែលធ្វើឲ្យព្រះអង្គចេះចាំភាសាថៃបានយ៉ាងស្ទាត់ជំនាញផងដែរ ។

លុះដល់ខែកក្កដា ឆ្នាំ ២០០៦ ភិក្ខុព្រះមហាសង្គ្រាមបាននិមន្តបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ក៏ជាទីដែលព្រះអង្គគង់នៅរៀនរយៈពេលយូរប្រមាណជាងមួយទសវត្សរ៍ទៀត ។ ព្រះអង្គបានចូលរៀននៅសាកលវិទ្យាល័យហិណ្ឌូពារាណសី ដ៏ល្បីល្បាញនិងចាស់បុរាណមួយ នាទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌាភាគខាងជើង រហូតបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ក្នុងឆ្នាំ ២០០៩ ។ ក្រោយមកព្រះអង្គមិនទាន់បន្តយកថ្នាក់បណ្ឌិតទេ ដោយព្រះអង្គចាប់អារម្មណ៍ចូលរៀនយកសញ្ញាបត្រជាន់ខ្ពស់ (P. G. Diploma) ពីរទៀតនៅសាកលវិទ្យាសល័យដដែល ដូចជាសញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងជម្លោះ និងអភិវឌ្ឍន៍ (២០០៩~២០១០) និងផ្នែក ការសិក្សាសមភាព​យេនឌ័រនិងសិទ្ធិរបស់ស្ត្រី (២០១០~២០១១) ។

ក្នុងឆ្នាំ ២០១១~២០១២ ភិក្ខុព្រះមហាសង្គ្រាមបានបញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រអប់រំ (រយៈពេលមួយឆ្នាំ) ។ ជាទីបំផុត ព្រះអង្គបានបញ្ចប់ដោយជោគជ័យថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ (២០១៤-២០២០) និងមានព្រះនាមថា ព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម ចន្ទរូប ដោយពេញបរិបូណ៍ចាប់ពីពេលនេះតទៅ ។

ការរៀបរាប់ត្រួសៗមកនេះហាក់ដូចជាស្រួលហើយលឿនរហ័សណាស់ ក្នុងរយៈពេលនៃការបំពេញវិជ្ជាប្រមាណ ៣០ មកនេះ ប៉ុន្តែការតស៊ូរៀនសូត្រនិងសេចក្តីទុក្ខលំបាកដែលបានភិក្ខុព្រះមហាសង្គ្រាមបានចួបប្រទះ ពិតជាមានចំនួនច្រើនឥតគណនា ។
ព្រះតេជព្រះគុណ ភិក្ខុ ព្រះមហាសង្គ្រាមដឹកនាំធម្មយាត្រាខ្មែរ នៅសិលាចារឹកព្រះបាទធម្មាសោក ដែនកុរុ ទីក្រុងញូវដែល្លី, ០២ កុម្ភៈ ២០២០ ។ រូបភាព៖ លោកវិទូ

កិច្ចការងារសង្គមខ្លះៗ

ព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម ចន្ទរូប បានធំដឹងក្តីជាយុវសមណក្នុងសម័យប្រទេសកម្ពុជាយើងកំពុងស្ថិតនៅសង្គ្រាមស៊ីវិលនៅឡើង ដោយសារជម្លោះរវាងភាគីខ្មែរ ដែលមានប្រទេសក្រៅគាំទ្រពួកគេរៀងៗខ្លួន ។ ព្រះសង្ឃពុទ្ធសាសនាខ្មែរបានចូលរួមយ៉ាងសកម្ម ក្នុងការចរចានយោបាយដើម្បីបញ្ចប់សង្គ្រាមនិងការផ្សះផ្សារជាតិ តាមរយៈដំណើរធម្មយាត្រាដើម្បីសន្ដិភាពជាដើម ។ នៅក្នុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាមធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងធម្មយាត្រាដើម្បីសន្តិភាពរបស់សម្ដេចព្រះមហាឃោសានន្ទ លើកទី ១, ២, ទី៣ និងលើកទី ៤ (បានពាក់កណ្ដាល ដល់ពោធិ៍សាត់) រហូតដល់ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម តាមស្មារតីនៃកិច្ចព្រមព្រាងសន្ធិសញ្ញាទីក្រុងបារីស ឆ្នាំ១៩៩១ និងទទួលបានសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨ ។

ក្រោយពីគង់សិក្សានៅសាកលវិទ្យាល័យហិណ្ឌូពារាណសីបានបួនឆ្នាំ ព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម បានមើលឃើញពីភាពចាំបាច់ដើម្បីបង្កើតសាមគ្គីភាពនិងភាតរភាពរវាងព្រះសង្ឃនិងនិស្សិតខ្មែរនៅសាកលវិទ្យាល័យនេះ ។ ព្រះអង្គនិងសហធម្មិកបានផ្ដើមបង្កើតសមាគមសមណនិស្សិតខ្មែរនៅទីក្រុងពារាណសីឡើងក្នុងខែសីហា ឆ្នាំ២០០៩ ។ ជាទីជ្រះថ្លានៃពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស សមាគមនេះបានជួយសម្រួលដល់ស្ថានភាពលំបាកនានា ដែលសមណនិស្សិត-និស្សិតខ្មែរបាននិងកំពុងចួបប្រទះ ក្នុងកំឡុងពេលនៃការសិក្សានៅទីក្រុងពារាណសី ។ ព្រះសង្ឃសមណនិស្សិត-និស្សិតខ្មែរមិនតិចជាងរយអង្គ/នាក់ទេ ដែលបានរួមរស់ក្រោមម្លប់នៃសមាគមនេះ ក្រោមការដឹកនាំរបស់ព្រះអង្គបណ្ឌិតផ្ទាល់ និងប្រធានសមាគមតាមអាណត្តិជាបន្តបន្ទាប់មក ។ សមាគមក៏បានផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ ទៅកាន់មិត្តបរទេស តាមរយៈការប្រារព្ធកម្មវិធីបុណ្យប្រពៃណីជាតិស្ទើរជារៀងរាល់ឆ្នាំ និងបានជាការរឹតចំណងមិត្តភាពវប្បធម៌ខ្មែរ-ឥណ្ឌាផងដែរ ។
ព្រះតេជព្រះគុណ ភិក្ខុ ព្រះមហាសង្គ្រាម ទទួលភ្ញៀវអន្តរជាតិ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី, ១៦ មេសា ២០១៦ ។ រូបភាព៖ លោកវិទូ

នៅក្នុងរយៈពេលនៃការសិក្សារបស់ព្រះអង្គនៅប្រទេសឥណ្ឌានេះ ព្រះអង្គតែងតែជាទីគោរពសក្ការៈ និងជាទីរាប់អានដោយស្មោះស្ម័គ្រពីសម្នាក់សមណនិស្សិត-និស្សិតរួមសាកលវិទ្យាល័យ និងញាតិញោមពុទ្ធបរិស័ទជាច្រើនដែលបានស្គាល់ ដោយសារព្រះទ័យមេត្តាករុណរបស់ព្រះអង្គ ដែលតែងតែជួយយកអាសានិស្សិតខ្មែរដែលមានការខ្លះខាត និងមានទុក្ខលំបាកផ្សេងៗ ។

ក្រៅពីការមមាញឹកក្នុងការសិក្សា ព្រះអង្គបណ្ឌិតបានជួយសម្រួលដល់កិច្ចការកសាងនិងគ្រប់គ្រងវត្តអារាមខ្មែរ នៅទឹកដីពុទ្ធភូមិផងដែរ ជាពិសេស វត្តខ្មែរពារាណសី ដែលមានព្រះតេជព្រះគុណ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច ជាព្រះចៅអធិការ ។ ជាងនេះទៅទៀត ព្រះអង្គបណ្ឌិតបានជួយសម្រួលដល់ដំណើរធម្មយាត្រា របស់ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទខ្មែរ ទៅកាន់ទីពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌា ជាញឹកញាប់ផងដែរ ។

ជាការពិតណាស់ ការសិក្សាទម្រាំតែបានបញ្ចប់ថ្នាក់បណ្ឌិតនេះពិតជាត្រូវឆ្លងកាត់ ការហ្វឹកហាត់ខ្លាំងក្លានិងការតស៊ូអត់ធ្មត់ណាស់ ទើបអាចសម្រេចបានជោគជ័យដល់ទីបញ្ចប់នេះ ។ មិនចាំបាច់សាកសួរព្រះអង្គបណ្ឌិតដោយផ្ទាល់ទេ អំពីអារម្មណ៍ក្រោយបានបញ្ចប់ថ្នាក់បណ្ឌិតនេះទេគឺថា អារម្មណ៍រំភើបរីករាយ និងអំណរគុណចំពោះសាស្ត្រាចារ្យ ឧបត្ថម្ភកជនទាំងឡាយ និងធម្មមិត្តទាំងឡាយដែលបានជួយជ្រោមជ្រែង ឲ្យបានសម្រេចជោគជ័យនេះ ។ ជាពិសេស ដោយរំឭកនឹកដល់គុណព្រះរតនត្រៃនិងព្រះពុទ្ធសាសនាដ៏ប្រសើរឧត្តម ភ្លាមៗក្រោយពីបានបញ្ចប់ការការពារសារណាហើយ ព្រះអង្គបណ្ឌិតបាននិមន្តទៅកាន់ឧទ្យានសាន៌ាថ ដែលជាអតីតព្រៃឥសិបតនម្រឹគទាយវ័ន ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងព្រះធម្មចក្កប្បវតនសូត្រ និងវត្តខ្មែរពារាណសីផងដែរ ដើម្បីនមសក្ការបូជាគុណព្រះរតនត្រៃដ៏ប្រសើរលើសលុប ។
បណ្ណាល័យកណ្ដាលដ៏ធំស្កឹមស្កៃ នៃសាកលវិទ្យាល័យ ប៊ី.អេច.យូ. ។

ដោយឡែក សាកលវិទ្យាល័យហិណ្ឌូពារាណសីមានប្រវត្តិល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ ។ អតីតនិស្សិតខ្មែរនៅសាកលវិទ្យាល័យបុរាណនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០-៧០ មានដូចជា ព្រះមហា មាស ចន (បុគ្គលិកចូលនិវត្តន៍នៃវិទ្យុវីអូអេ) ព្រះមហា អាំ សួន (ថ្នាក់អនុបណ្ឌិត) និងភិក្ខុ អ៊ុន សំបេត ទាំងបីអង្គទទួលបានអាហារូបករណ៍ពីជំនួយមូលនិធិអាស៊ី ក្រោមអន្តរាគមន៍របស់សមាគមមិត្តពុទ្ធិកវិទ្យាល័យ ។ ក្រៅពីនេះនៅមានព្រះសង្ឃខ្មែរផ្សេងទៀត ដូចជា ភិក្ខុបណ្ឌិត លី គីមឡុង បានបញ្ចប់ថ្នាក់បណ្ឌិតក្នុងឆ្នាំ ១៩៦៧ និងភិក្ខុបណ្ឌិត គង់ ឈាន បានបញ្ចប់ថ្នាក់បណ្ឌិត ក្នុងឆ្នាំ ១៩៧៥ ។

នៅក្នុងសម័យបច្ចុប្បន្ន អតីតនិស្សិតបញ្ចប់ថ្នាក់បណ្ឌិតមាន ព្រះតេជព្រះគុណ បណ្ឌិត សំបូរ បញ្ញា (២០១៤) លោកបណ្ឌិត លន់ ចំណាន (២០១៨) និងព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម ជាទីចុងក្រោយ ព្រមទាំងអតីតនិស្សិតថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតជាច្រើននាក់ទៀត ។

សារអបអរសាទរនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះឡើងព្រោងព្រាត ប្រគេនចំពោះព្រះតេជព្រះគុណ បណ្ឌិត ព្រះមហាសង្គ្រាម ។ ក្នុងនោះនិស្សិត ខាត់ ប៊ុនថន នៃសាកលវិទ្យាល័យចាវ៉ាហាឡាល់នេហ៍រូ (ញូវដែល្លី) បានសរសេរថា «សូមចូលរួមអបអរសាទរអស់ពីដួងចិត្ត ចំពោះលោកបងបណ្ឌិត ។ ខ្ញុំព្រះករុណាពិតជាមានអារម្មណ៍ច្រណែនណាស់ (សើច!) ប៉ុន្តែពិតជាមានអារម្មណ៍រីករាយខ្លាំង ចំពោះសេចក្តីសម្រេចបាននេះរបស់លោកបង ដែលជាមោទនភាពក្រៃលែងរបស់សហគមន៍និស្សិតខ្មែរ នៅសាកលវិទ្យាល័យប៊ី.អេច.យូ. និងប្រទេសកម្ពុជាទាំងមូល ។ សូមប្រគេនពរជោគជ័យគ្រប់ប្រការ » ។

អតីតសមណនិស្សិតមេដាយមាសថ្នាក់អនុបណ្ឌិតទស្សនវិជ្ជានៃសាកលវិទ្យាល័យប៊ី.អេច.យូ. ព្រះតេជព្រះគុណ ភិក្ខុ ហេង ពិសិដ្ឋ បានសរសេរសារអបអរសាទរផងដែរថា «ខ្ញុំកូរណាសូមសម្ដែងនូវការអបអរសាទរអស់ពីហឫទ័យ ចំពោះព្រះតេជព្រះគុណ ព្រះមហាសង្គ្រាម ចំពោះការបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យនេះ» ។

មានសារអបអរសាទរជាច្រើនទៀតពី សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា (អតីតសមណនិស្សិតសាកលវិទ្យាល័យ ឌី.យូ. ញូវដែល្លី) អតីតសមណនិស្សិតនិងនិស្សិតរួមសាកលវិទ្យាល័យ និងមិត្តភ័ក្តិជាច្រើនរូបទៀតដែលមិនអាចរៀបរាប់ទាំងអស់បាន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment