ព្រះសង្ឃកំពុងមនសក្ការព្រះរតនត្រៃ, ទីក្រុងពង្គលុរូ រដ្ឋកន៌ាដកា, ៧ ឧសភា ២០២០ ។ រូបភាព៖ V. Sreenivasa Murthy |
លោកវិទូ | ថ្ងៃ ៧᧸៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៣ មិថុនា ២០២០
យោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វ្រ័ន្តឡាញ (Frontline) បានឲ្យដឹងថា ពុទ្ធិកសមាគមកន៌ាដកា (KBS) បានទាមទារឲ្យយកទីតាំងនៅអយោធ្យាដែលជាកន្លែងដែលគេបានស្នើសុំកសាងវិហារព្រះរាមនោះ ប្រកាសដាក់ជាតំបន់ពុទ្ធស្ថានបុរាណ ។
នៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីឥណ្ឌាតាមរយៈអភិបាលរដ្ឋកន៌ាដកាបាននិយាយថា ការជីករុករកនាពេលថ្មីៗនេះបានបង្ហាញពីសំណល់នៃរចនាសម្ព័ន្ធសំណង់ព្រះពុទ្ធសាសនានៅទីតាំងដែលវិហារមូស្លីម បាព្រី ម៉ាសជិត បានតាំងនៅ មុនពេលវាត្រូវបានកម្ទេចចោលនៅឆ្នាំ ១៩៩២ ។
ថ្លែងប្រាប់សារព័ត៌មានហ្វ្រ័ន្តឡាញ ប្រធានពុទ្ធិកសមាគមកន៌ាដកា លោក អេច.អ័រ. មហេស បានមានប្រសាសន៍ថា «កំណាយនេះបានបង្ហាញយ៉ាងច្បាស់ថា មានរចនាសម្ព័ន្ធសំណង់ព្រះពុទ្ធសាសនាមួយនៅទីនោះ មុនពេលការសាងសង់វិហារ បាព្រី ម៉ាសជិត នៅសតវត្សរ៍ទី ១៦ ។ រូបចម្លាក់ព្រះពុទ្ធសាសនាក៏ត្រូវបានរកឃើញនៅកន្លែងនោះដែរ ។» លោកបានបន្ថែមថាពុទ្ធិកសមាគមកន៌ាដកាចង់ឲ្យទីតាំងនេះត្រូវបានអភិរក្សជា «ពុទ្ធស្ថានបុរាណ» ។
យោងតាមលិខិតរបស់ពុទ្ធិកសមាគមកន៌ាដកា ការស្រាវជ្រាវរកដំបូងនៃទីតាំងនេះដែលត្រូវបានធ្វើឡើងនៅឆ្នាំ ១៨៦២-៦៣ ក្រោមប្រធានដឹកនាំស្ថាប័នស្រាវជ្រាវបុរាណវត្ថុឥណ្ឌា (ASI) នាពេលនោះ លោក អឡេកសាន់ឌ័រ កនិងហ្គ័ម បានប្រកាសថាទីតាំងនោះជាពុទ្ធស្ថាន ។
លិខិតនោះក៏បាននិយាយផងដែរថា អ្នកចរយាត្រាជនជាតិចិន ហ្វា-ហៀន (Fa-Hien) បានមកធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌានៅដើមសតវត្សរ៍ទី ៥ និងបានចងក្រងជាឯកសារនូវវត្តមានវត្តអារាមព្រះពុទ្ធសាសនារាប់រយនៅអយោធ្យា ។
លិខិតនោះក៏បានលើកឡើងផងដែរថា អ្នកចរយាត្រាជនជាតិចិនម្នាក់ទៀតគឺ ហួន-ត្សាង (Hiuen Tsang) ដែលបានទៅទស្សនាតំបន់នេះនៅសតវត្សរ៍ទី ៧ មានឯកសារអំពីវត្តមានវត្តអារាមព្រះពុទ្ធសាសនារាប់ពាន់នៅតំបន់នោះ ។
សារព័ត៌មានលោកវិទូធ្លាប់បានចុះព័ត៌មានក្រោមចំណងជើងថា ទីក្រុងអយោធ្យាដែលមូស្លីមនិងហិណ្ឌូឈ្លោះដណ្ដើមគ្នារាប់ទសវត្សរ៍ រកឃើញបុរាណវត្ថុពុទ្ធសាសនានៅទីនោះ ដែលបានរៀបរាប់ថា «ថ្មីៗនេះគេរកឃើញវត្ថុបុរាណជាច្រើននៅតំបន់អយោធ្យា រដ្ឋឧត្តរប្រទេស ដែលប្រជាជនមូស្លីមនិងហិណ្ឌូឈ្លោះដណ្ដើមគ្នារាប់ទសវត្សរ៍មកហើយ ។ ហិណ្ឌូបានចាត់ទុកអយោធ្យាជាទីក្រុងកំណើតរបស់ព្រះរាម ប៉ុន្ដែធ្លាប់ត្រូវបានគ្រប់គ្រងដោយមូស្លីមដែលបានធ្វើវិហារនៅទីនោះ មុនពេលតុលាការកំពូលឥណ្ឌាកាត់ក្តីឲ្យហិណ្ឌូឈ្នះ ។ ពេលគេជីករុករកក្នុងតំបន់នេះដើម្បីកសាងវិហារព្រះរាម ក៏ស្រាប់តែឃើញវត្ថុបុរាណដែលអាចជារបស់ពុទ្ធសាសនាទៅវិញ» ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment