ព្រះសង្ឃខ្មែរក្នុងនិងក្រៅប្រទេសបង្កើតកម្មវិធីធម្មសន្ទនាជាភាសាអង់គ្លេសតាមបណ្ដាញសង្គមគួរជាទីជ្រះថ្លា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, June 22, 2020

ព្រះសង្ឃខ្មែរក្នុងនិងក្រៅប្រទេសបង្កើតកម្មវិធីធម្មសន្ទនាជាភាសាអង់គ្លេសតាមបណ្ដាញសង្គមគួរជាទីជ្រះថ្លា

ព្រះតេជព្រះគុណ ភិក្ខុថិតគុណោ កៃ សុភា លោកស្រីសាស្ត្រាចារ្យ អាន្នី ហាន់សេន និងព្រះតេជព្រះគុណ ភិក្ខុវថបញ្ញោ វីរៈ ផន ក្នុងកម្មវិធីពុទ្ធសាសនា «គំនិតនៃព្រះធម៌ និងសុខភាពផ្លូវចិត្ត / Ideas of the Dharma and Mental Health», ២០ មិថុនា ២០២០ ។ រូបភាព៖ ថតពីវីដេអូ

លោកវិទូ | ថ្ងៃ ៣᧣៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ មិថុនា ២០២០

ព្រះសង្ឃខ្មែរក្នុងនិងក្រៅប្រទេសបង្កើតកម្មវិធីសន្ទនាធម៌ជាភាសាអង់គ្លេស នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយព្រះធម៌ឲ្យបានទូលំទូលាយដល់ពុទ្ធបរិស័ទនិងទស្សនិកជនទូទៅគ្រប់ជាតិសាសន៍ គួរជាទីមោទនភាពនិងជ្រះថ្លា ។

ក្រុមព្រះសង្ឃខ្មែរនិងសហធម្មចារីក្នុងនិងក្រៅប្រទេសបានកែខៃសម័យកលយុគដែលកើតអំពីរោគភ័យគឺជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតជាសកល ដែលតម្រូវឲ្យមនុស្សគ្រប់គ្នារក្សាគម្លាតក្នុងសកម្មភាពសង្គម ឲ្យក្លាយជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយព្រះសទ្ធម្ម ។ សមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងបណ្ដាញសង្គមជាវេទិកាចួបជុំតាមរូបភាពពីចម្ងាយ នឹងញ៉ាំងឲ្យការផ្សព្វផ្សាយព្រះធម៌បានទូលំទូលាយដល់មហាជនទូទៅច្រើនជាតិសាសន៍ ។

ម្យ៉ាងទៀត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅរស់នៅប្រទេសក្រៅមានសហរដ្ឋអាម៉េរិក បារាំង កាណាដា អូស្ត្រាលី ជាដើម ។ ដោយសារឥទ្ធិពលបរិស្ថានសង្គមនៃប្រទេសនោះៗ កូនចៅជំនាន់ក្រោយរបស់ពួកគាត់ជាច្រើនមិនអាចយល់ភាសាខ្មែរបាន ដែលជាមូលហេតុមួយដែលធ្វើឲ្យពួកគេឃ្លាតចាកប្រពៃណីជំនឿព្រះពុទ្ធសាសនាខ្មែរ ។ ដូច្នេះ ការផ្សព្វផ្សាយព្រះធម៌ជាភាសាអង់គ្លេសអាចផ្ដល់នូវមធ្យោបាយមួយដល់ពួកគេ ក្នុងការទទួលបាននូវការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាខ្មែរ ។

នៅក្នុងទីនេះសូមលើកយកទំព័រហ្វេសប៊ុកសំខាន់ពីរ ដែលថ្មីៗនេះផ្ដួចផ្ដើមកម្មវិធីសន្ទនាធម៌ជាភាសាអង់គ្លេស ហើយផ្សាយផ្ទាល់នៅបណ្ដាញសង្គមហ្វេសប៊ុកគឺ ទំព័រហ្វេសប៊ុក «ធម្មិកជីវិត Dhammika Life» និង «ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ The Cambodian Buddhist Monk Society-USA» ។
ផ្លាកកម្មវិធីធម្មសន្ទនារបស់ធម្មិកជីវិត ។

ការសន្ទនាធម៌ជាក្រុមដែលផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក គឺជាព្រឹត្តិការណ៍ថ្មីមួយ នៅក្នុងចំណោមពុទ្ធបរិស័ទខ្មែរ ។ បើមិនច្រឡំទេ ព្រឹត្តិការណ៍នេះបានផ្ដើមដំបូងគេដោយទំព័រហ្វេសប៊ុកឈ្មោះ «ធម្មិកជីវិត Dhammika Life» (https://www.facebook.com/DhammikaLife) ។ ប្រហែលពីរខែកន្លងទៅ នៅថ្ងៃទី៤ មីនា ២០២០ ក្នុងកំឡុងបុណ្យវិសាខបូជា ធម្មិកជីវិតបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកនូវកម្មវិធីសន្ទនាធម៌ជាភាសាអង់គ្លេសក្រោមប្រធានបទ «សន្ទនាពីវិសាខបូជា (ភាសាអង់គ្លេស) / Dhamma Talk on Visakha Puja» ប្រកបដោយអត្ថន័យអត្ថរសគួរជាទីជ្រះថ្លា ។

ជាបន្តបន្ទាប់មកនឹងពេលនេះ ធម្មិកជីវិតបានផ្សព្វផ្សាយកម្មវីធីធម្មសន្ទនាតាមទំព័រហ្វេសប៊ុកក្រោមប្រធានបទល្អៗ ទាក់ទងនឹងធម៌ប្រតិបត្តិប្រចាំថ្ងៃមានដូចជា៖ «មុទិតា៖ ការត្រេកអរតាម ក្នុងជីវិតប្រចាំថ្ងៃ / Mudita: Appreciative Joy in Daily Life» (២២ មីនា ២០២០) «មេត្តា និងករុណា ក្នុងជីវិតប្រចាំថ្ងៃ / Metta and Karuna in Daily Life» (២៤ មេសា ២០២០) «ជីវិត និងបរិស្ថាន / Life and Environment» (៥ មិថុនា ២០២០ ) និង «ឧបេក្ខាក្នុងជីវិតប្រចាំថ្ងៃ / Upekkha - Equanimity in Daily Life» (១៩ មិថុនា ២០២០) ។ ប្រធានបទខ្លះត្រូវធ្វើពីរដង ម្ដងជាភាសាខ្មែរ និងម្ដងទៀតជាភាសាអង់គ្លេស សម្រាប់ពុទ្ធបរិស័ទទស្សនិកជនទាំងពីរភាសា ។ នៅចុងបញ្ចប់នៃធម្មសន្ទនានីមួយៗតែងមានការចម្រើនមេត្តាភាវនា ឬវិបស្សនាសមាធិទៀតផង ដែលអ្នកស្ដាប់អាចបង្អោនចិត្តអនុវត្តតាមអំពីចម្ងាយបាន ។ ជាទូទៅកម្មវិធីធម្មសន្ទនាជាភាសាអង់គ្លេសនេះមានរយៈពេល ១ ម៉ោង ៣០ នាទី ឬលើសខ្វះបន្តិចបន្តួច ។

ជាញឹកញាប់អ្នកសម្របសម្រួលនិងធម្មវាគ្មិនមានដូចជា៖ ព្រះតេជព្រះគុណ ភិក្ខុមុនីបុត្តោ សុខ ធាវី ស្ថាបនិកធម្មិកជីវិត (សហរដ្ឋអាម៉េរិក) ព្រះតេជព្រះគុណ ភិក្ខុកស្សប ហ៊ុន ខេមរា នាយកប្រតិបត្តិ ពុទ្ធមណ្ឌលអន្តរជាតិ​កម្ពុជា-ស្រីលង្កា​ ហៅ​វត្តខ្មែរស្រីលង្កាខេមរារាម (ស្រីលង្កា) ព្រះតេជព្រះគុណ ភិក្ខុធម្មសេនា ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (កម្ពុជា) និងលោកគ្រូ នឹម ឈុន្នី (កម្ពុជា) ព្រមទាំងវាគ្មិនមួយចំនួនទៀត ។ ព្រះតេជព្រះគុណទាំងបីព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសស្រីលង្កាដូចគ្នា មានចំណេះជ្រៅជ្រះក្នុងព្រះធម៌តាមឯកទេសរៀងៗខ្លួន ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ ។ ដោយឡែក លោកគ្រូ នឹម ឈុន្នី ជាសហស្ថាបនិកនិង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះបណ្តាលវិបស្សនាដ៏មានប្រជាប្រិយភាពម្នាក់នៅប្រទេសកម្ពុជា ។
ព្រះតេជព្រះគុណ ភិក្ខុថិតគុណោ កៃ សុភា រដ្ឋកាលីហ្វញ៉ា ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះភិក្ខុធម្មសិរី សែម ចន្ទធីរ៍ និងវេជ្ជបណ្ឌិត វែន អាលត៍មែន ក្នុងកម្មវិធីពុទ្ធសាសនា «ការព្យាបាលតាមផ្លូវសាសនា និងតាមផ្លូវវេជ្ជសាស្ត្រ / Spiritual and Medical Healing», ៣០ មីនា ២០២០ ។ រូបភាព៖ ថតពីវីដេអូ

ទំព័រហ្វេសប៊ុកសំខាន់មួយទៀតគឺ «ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ The Cambodian Buddhist Monk Society-USA»
(https://www.facebook.com/ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ-The-Cambodian-Buddhist-Monk-Society-USA-1746323748824192) ។ ទំព័រហ្វេសប៊ុកនេះបានបង្កើតកម្មវិធីផ្សព្វផ្សាយធម៌និងកម្មវិធីជាច្រើនតាមអនឡាញ ក្នុងនោះក៏មានកម្មវិធីពុទ្ធសាសនា (Program Buddhasasana) ដែលជាការសន្ទនាធម៌និងប្រធានបទដែលពាក់ព័ន្ធជាភាសាអង់គ្លេស ។

ទំព័រហ្វេសប៊ុករបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅសហរដ្ឋអាម៉េរិកនេះ បានចាប់ផ្ដើមកម្មវិធីពុទ្ធសាសនា ដំបូងនៅថ្ងៃទី២៣ មីនា ២០២០ ដែលផ្សាយចេញពីសហរដ្ឋអាម៉េរិក ដោយផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ។ ធម្មវាគ្មិនដែលបាននិមន្តនិងអញ្ជើញចូលរួមមានទាំងខ្មែរយើង និងបរទេសមានទាំងសាស្ត្រាចារ្យទៀតផង ។ នៅក្នុងឱកាសបើកកម្មវិធីដំបូង ធម្មវាគ្មិនចូលរួមមាន ៤ រូបគឺ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត (រដ្ឋម៉ាសាឈូសេត សហរដ្ឋ) ព្រះភិក្ខុធម្មសិរី សែម ចន្ទធីរ៍ (រដ្ឋអារីហ្ស៊ូណា សហរដ្ឋ) លោក ចន្តា សួរ (រដ្ឋមីនីសូតា សហរដ្ឋ) និងកញ្ញា ឃឹម ណាត់ធីម៉ុន (កម្ពុជា) ព្រមទាំងព្រះតេជព្រះគុណ ភិក្ខុថិតគុណោ កៃ សុភា រដ្ឋកាលីហ្វញ៉ា ជាអ្នកសម្របសម្រួល ។

មកទល់នឹងពេលនេះ កម្មវិធីពុទ្ធសាសនារបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ បានដំណើរការណ៍បានបួនប្រធានបទសំខាន់ៗបន្ថែមទៀត ដែលទាក់ទងនឹងស្ថានភាពបច្ចុប្បន្នគឺ «ការព្យាបាលតាមផ្លូវសាសនា និងតាមផ្លូវវេជ្ជសាស្ត្រ / Spiritual and Medical Healing» (៣០ មីនា ២០២០) «សិល្បៈនៃសុភមង្គល / The Art of Happiness» (៦ មិថុនា ២០២០) «សតិ / Mindfulness» (១៣ មិថុនា ២០២០) និង «គំនិតនៃព្រះធម៌ និងសុខភាពផ្លូវចិត្ត / Ideas of the Dharma and Mental Health» (២០ មិថុនា ២០២០) ។ តាមធម្មតាកម្មវិធីពុទ្ធសាសនាជាភាសាអង់គ្លេសនេះមានរយៈពេលពី ៤៥ នាទី ទៅ ១ ម៉ោង ។

ធម្មវាគ្មិនដទៃទៀតក្រៅពីបានរាប់រៀបខាងលើនៃកម្មវិធីពុទ្ធសាសនាមានដូចជា វេជ្ជបណ្ឌិត វែន អាលត៍មែន (Dr. Wayne Altman) ព្រះតេជព្រះគុណ ភិក្ខុវជិរប្បញ្ញោ គូ សុភាព (កម្ពុជា) ព្រះតេជព្រះគុណ ព្រះវិបុលវេទី ពេញ វិបុល (កម្ពុជា) ព្រះតេជព្រះគុណ ភិក្ខុមុនីបុត្តោ សុខ ធាវី (មើលខាងលើ) ព្រះតេជព្រះគុណ ភិក្ខុកស្សប ហ៊ុន ខេមរា (មើលខាងលើ) ព្រះតេជព្រះគុណ ភិក្ខុវថបញ្ញោ វីរៈ ផន (កាណាដា) និងលោកស្រីសាស្ត្រាចារ្យ អាន្នី ហាន់សេន (Prof Anne Hansen) (សហរដ្ឋអាម៉េរិក) ។

ក្រៅពីនេះនៅមានការបង្រៀនព្រះធម៌ជាភាសាអង់គ្លេសជាលក្ខណៈទោល ហើយផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។ ក្នុងនោះដែលលេចធ្លោជាងគេគឺ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា (ភ្នំពេញ) និងព្រះតេជព្រះគុណ ភិក្ខុធម្មសេនា ហាក់ សៀងហៃ (បាត់ដំបង) ។ ចំពោះសម្ដេចព្រះមហាអរិយវង្ស ព្រះអង្គបង្រៀនព្រះធម៌និងទស្សនវិជ្ជាពុទ្ធសាសនា នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គផ្ទាល់តែម្ដងគឺ «សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា HE Dr. Sovanratana» ។

រីឯព្រះតេជព្រះគុណ ភិក្ខុធម្មសេនា ក្រៅពីនិមន្តចូលរួមធ្វើជាធម្មវាគ្មិននៅក្នុងកម្មវិធីធម្មសន្ទនារបស់ធម្មិកជីវិត ព្រះអង្គតែងតែបង្រៀនភាសាអង់គ្លេសតាមរយៈកម្មវិធី «ព្រះធម៌អង់គ្លេស» ដែលត្រូវបានផ្សាយផ្ទាល់ (និងបង្ហោះ) នៅលើទំព័រហ្វេសប៊ុក «អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា» ។

ការរាប់រៀបមកប៉ុណ្ណេះសឲ្យឃើញថា ការផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់ព្រះសង្ឃបញ្ញវន្តខ្មែរ កាន់តែមានលក្ខណៈសម្បូរបែប និងមានវិសាលភាពទូលំទូលាយជាងមុន ដោយការប្រើប្រាស់ភាសាអង់គ្លេសនិងបច្ចេកវិទ្យាទំនើប ទៅតាមការពេញនិយមរបស់ពុទ្ធបរិស័ទ ។ កម្មវិធីពុទ្ធសាសនាក្ដី ធម្មសន្ទនាក្តី ឬក៏ការបង្រៀនព្រះធម៌ក្តី ជាវេទិកាសម្រាប់ព្រះសង្ឃខ្មែរ និងពហុស្សូតផ្នែកពុទ្ធសាសនាជាតិនិងអន្តរជាតិ បានចូលរួមចែករំលែកចំណេះដឹងថ្មីៗ អំពីព្រះធម៌និងការគោរពប្រតិបត្តិពុទ្ធសាសនា ដល់ជនានុជនទាំងឡាយទូទាំងពិភពលោក ។ ម្យ៉ាងទៀតដូចជាមានទ្រឹស្តីមួយថា ការបង្រៀនគឺជាមធ្យោបាយដ៏ប្រសើរ ដើម្បីបន្តការរៀនសូត្រជាប្រចាំ ឬថាកាន់តែបង្រៀនកាន់តែចេះ ។

ការអញ្ជើញចូលរួមរបស់លោកស្រីសាស្ត្រាចារ្យ អាន្នី ហាន់សេន ក្នុងកម្មវិធីពុទ្ធសាសនារបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ ពិតជាកិត្តិយសណាស់ ព្រោះគាត់ជាអ្នកសិក្សាស្រាវជ្រាវអំពីប្រពៃណីនិងពុទ្ធសាសនាខ្មែររាប់សិបឆ្នាំមកហើយ ហើយរៀបរៀងនិងនិពន្ធសៀវភៅនិងអត្ថបទសិក្សាជាច្រើនអំពីខ្មែរ ក្នុងនោះមានសៀវភៅពីរសំខាន់គឺ «At the Edge of the Forest : Essays on Cambodia, History, and Narrative in Honor of David Chandler» (2008) និង «How to Behave: Buddhism and Modernity in Colonial Cambodia, 1860–1930» (2007) ។ សង្ឃឹមថាសាស្ត្រាចារ្យល្បីៗជាច្រើនទៀត នឹងអាចអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីពុទ្ធសាសនានេះជាបន្តបន្ទាប់ទៀត ។

កិច្ចការអ្វីក៏ដោយវាត្រូវការពេលវេលាដើម្បីអភិវឌ្ឍឲ្យប្រសើរឡើងបន្ថែមទៀត និងទាមទារឲ្យមានការគាំទ្រ ព្រមទាំងការចូលរួមចែករំលែកនិងផ្សព្វផ្សាយបន្តដល់ជនច្រើនគ្នាដែលអាចស្ដាប់យល់នូវព្រះធម៌ជាភាសាអង់គ្លេសបាន ជាពិសេសក្នុងចំណោមប្រជាជនខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនជាតិបរទេសផងដែរ ។ បច្ចេកទេសការផ្សាយ និងប្រធានបទសន្ទនាធម៌ នឹងកាន់តែមានគុណភាពឡើង ទៅតាមពេលវេលា ។

ពេលខ្លះយើងធ្លាប់តែស្ដាប់ព្រះធម៌ជាភាសាខ្មែរ តែដល់ពេលបានស្ដាប់ជាភាសាអង់គ្លេសម្ដងវិញ វាហាក់ដូចជាបន្ថែមធម្មរសថ្មីគួរជាទីចូលចិត្តទៀតផង ។ កម្មវិធីផ្សព្វផ្សាយព្រះធម៌ខាងលើនេះ ជាមោទនភាពផង ជារឿងគួរឲ្យកោតសរសើរផង ជារឿងគួរទទួលបានការគាំទ្រនិងលើកចិត្តផង និងជារឿងគួរជាទីជ្រះថ្លាផង សម្រាប់ពុទ្ធសាសនិកជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពុទ្ធសាសនិកជនអន្តរជាតិទូទៅដែលចង់យល់ចង់ដឹង អំពីប្រពៃណីពុទ្ធសាសនាខ្មែរ និងពុទ្ធឱវាទជាទូទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment