គម្រោងបង្កើត «បណ្ណសារសម្ដេចព្រះមហាឃោសានន្ទ» របស់ពុទ្ធសាសនបណ្ឌិត្យ ។ |
លោកវិទូ | ថ្ងៃ ៥᧥៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៥ មិថុនា ២០២០
គម្រោងបង្កើតបណ្ណសារសម្ដេចព្រះមហាឃោសានន្ទពុទ្ធសាសនបណ្ឌិត្យត្រូវបានដាក់ស្នើ ដើម្បីប្រមូលរក្សានិងចែកចាយនូវព័ត៌មាន ពាក្យប្រៀនប្រដៅ និងធម្មយាត្រារបស់សម្ដេចព្រះមហាឃោសានន្ទ ដោយការសហការចូលរួមស្រាវជ្រាវដោយបញ្ញវន្តពុទ្ធសាសនា ដែលធ្លាប់ចូលរួមសកម្មភាពសន្ដិភាពរបស់សម្ដេច ។
តាមការចុះផ្សាយរបស់នៅលើគេហទំព័ររបស់ពុទ្ធសាសនបណ្ឌិត្យបានឲ្យដឹងថា ព័ត៌មានអំពីសម្ដេចព្រះមហាឃោសានន្ទ មានភាពរាយប៉ាយនៅលើអ៊ីនធើណេត ។ ដោយហេតុថា សិស្សគណរបស់ព្រះអង្គ និងអ្នកដែលស្គាល់ព្រះអង្គ មានវ័យកាន់តែចាស់ជរាណាស់ទៅហើយ ដូច្នេះក៏មានគំនិតចង់បង្កើតនូវបណ្ណសារអនឡាញនេះឡើង ដើម្បីរក្សានូវព័ត៌មានអំពីព្រះអង្គ ដោយការរួមបញ្ចូលគ្នាតែមួយកន្លែង ។
ព័ត៌មានបែបនោះនឹងត្រូវបើកឲ្យប្រើប្រាស់ ដើម្បីជាប្រយោជន៍ដល់សាធារណជនមានព្រះសង្ឃ និងជូនជីជាដើម ដែលមានចំណាប់អារម្មណ៍អំពីសកម្មភាពសន្ដិភាព និងឱវាទរបស់សម្ដេចព្រះមហាឃោសានន្ទ ជាភាសាខ្មែរ អង់គ្លេស និងជប៉ុន ។
គម្រោងនេះមានបំណងចម្បង ៣ យ៉ាងគឺ៖ ១. ប្រមូលឯកសារនិងរូបភាព ដែលទាក់ទងនឹងសម្ដេចព្រះមហាឃោសានន្ទ និងសកម្មភាពការងាររបស់ព្រះអង្គ ជាភាសាខ្មែរ អង់គ្លេស និងជប៉ុន ។ ២. ផ្ទុកទិន្នន័យទាំងនេះនៅលើអ៊ីនធើណេត ។ ៣. អនុញ្ញាតឲ្យសាធារណជនដែលចាប់អារម្មណ៍អំពីព្រះអង្គ អាចបើកមើលទិន្នន័យទាំងនោះបាន ។
សមាជិកផ្ដល់យោបល់នៃក្រុមការងារដែលបានបញ្ចេញឲ្យដឹងមួយចំនួន នៃគម្រោងបណ្ណសារនេះមានដូចជា៖
ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ, វត្តលង្កា ភ្នំពេញ
ព្រះតេជព្រះគុណ យ៉ន សេងយៀត, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ព្រះតេជព្រះគុណ វី សុវិជ្ជា, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង
លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា, អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បាត់ដំបង
បន្ថែមលើនេះមានបីនាក់ទៀតគឺ៖
លោក កូជី តិស៊ូកា, ទីប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលជប៉ុន
លោក ស៊រ សុខនី, នាយកពុទ្ធសាសនបណ្ឌិត្យ
និងលោក ប៊ូប ម៉ាត?
ក្រៅពីនេះមានបុគ្គលិកស្ម័គ្រចិត្តម្នាក់គឺ អ្នកស្រី គឺមិកូ ម៉ាហ្គូមិ, ជាអ្នកបកប្រែនិងស្រាវជ្រាវប្រព័ន្ធសារព័ត៌មាន ។
គម្រោង «បណ្ណសារសម្ដេចព្រះមហាឃោសានន្ទ» នេះនឹងដាក់ភ្ជាប់ជាមួយគេហទំព័ររបស់ពុទ្ធសាសនបណ្ឌិត្យតែម្ដង ដែលរូមមាន ជីវប្រវត្តិ ធម្មទេសនា ធម្មយាត្រា និងឯកសារយោងនានាដែលភ្ជាប់ទៅប្រភពដើមដូចជា វីដេអូយូធូប អត្ថបទសិក្សាដែលបានចុះផ្សាយតាមអនឡាញ ។ល។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment