សៀវភៅពុទ្ធសាសនាជាច្រើនក្បាលត្រូវបានរឹបអូសនិងបំផ្លាញពីវត្តអារាមនិងបណ្ណាល័យនៅប្រទេសចិន - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, July 22, 2020

សៀវភៅពុទ្ធសាសនាជាច្រើនក្បាលត្រូវបានរឹបអូសនិងបំផ្លាញពីវត្តអារាមនិងបណ្ណាល័យនៅប្រទេសចិន

សៀវភៅដែលត្រូវបានហាមឃាត់ដែលទាក់ទង់នឹងព្រះតេជព្រះគុណ ព្រះគ្រូ ជិន គុង ។ រូបភាព៖ Bitterwinter

លោកវិទូ | ថ្ងៃ ៤᧢៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២២ កក្កដា ២០២០

យោងតាមការចុះផ្សាយនៅថ្ងៃទី១៩ កក្កដា របស់ទស្សនាវដ្ដីបណ្ណាល័យសាសនានិងសិទ្ធិមនុស្សនៅប្រទេសចិនឈ្មោះ ប៊ិតធើវីនធើ (Bitterwinter) បានឲ្យដឹងថា បក្សកម្មុយនីស្តចិនបន្តសកម្មភាពទូទាំងប្រទេស ដើម្បីបោសសំអាតរាល់សៀវភៅព្រះពុទ្ធសាសនា ដែលបានបោះពុម្ពផ្សាយដោយមិនមានការអនុញ្ញាត ឬដោយបរទេស ដោយការដុតចោលនិងពុំនោះទេដោយការបំផ្លាញចោល ។

រដ្ឋាភិបាលនៃខេត្តសានស៊ីភាគខាងជើងរបស់ប្រទេសចិន បានធ្វើការស៊ើបអង្កេតទីតាំងព្រះពុទ្ធសាសនាចាប់តាំងពីខែឧសភា ដើម្បីស្វែងរកនិងបំផ្លាញការបោះពុម្ពផ្សាយទាំងឡាយណាដែលទាក់ទងនឹងព្រះតេជព្រះគុណ ជិន គុង (Master Chin Kung) ។ រហូតមកដល់ពេលនេះ វត្តអារាមចំនួនជិត ២០ ត្រូវបានយាយីរួមទាំងវត្តគួនយី (Guanyi), វត្តឡុងហួ (Longhua), វត្តពូដូ (Pudu) និងវត្តឡុងហ្វេង (Longfeng) ។

ព្រះតេជព្រះគុណ ជិន គុង ដែលមានព្រះជន្ម ៩២ ព្រះវស្សា នៃនិកាយដែនដីបរិសុទ្ធ ដែលជានិកាយមួយនៃពុទ្ធសាសនាមហាយាន ដែលព្រះអង្គបានបង្កើត ត្រូវបានគេគោរពបូជាទូទាំងពិភពលោក ចំពោះការផ្សព្វផ្សាយភាពសុខដុមរមនាវប្បធម៌និងអន្តរសាសនា ។ សៀវភៅទាក់ទងនឹងព្រះអង្គ និងការកត់ត្រាធម្មទេសនារបស់ព្រះអង្គមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសចិន ។ ដោយសារកិត្តិនាមល្បីល្បាញរបស់ព្រះអង្គ បក្សកុម្មុយនីស្តចិនបានចាត់ទុកការបង្រៀនរបស់ព្រះអង្គថាមាន «អវិជ្ជមានចំពោះមនោគមវិជ្ជារបស់ចិន» ហើយបានហាមឃាត់សៀវភៅរបស់ព្រះអង្គដោយចាត់ទុកថាជា «ការបោះពុម្ពផ្សាយខុសច្បាប់» និង «ការជជែកវែកញែកប្រកបដោយវិរុទ្ធនិទស្សន៍ (បំភាន់) និងជាការបង្រៀនដ៏អាក្រក់» ។

ព្រះចៅអធិការមួយអង្គនៃវត្តមួយក្នុងចំណោមវត្តទាំងឡាយ ដែលត្រូវបានសម្រុកចូលឆែកឆេរបានប្រាប់ទស្សនាវដ្ដីប៊ិតធើវីនធើថា «រដ្ឋអះអាងថាព្រះតេជព្រះគុណ ព្រះគ្រូ ជិន គុង បានសហការជាមួយប្រទេសលោកខាងលិច ដើម្បីប្រឆាំងនឹងប្រទេសចិន ហើយសៀវភៅរបស់ព្រះអង្គ 'មានគ្រោះថ្នាក់ដល់សន្តិសុខរដ្ឋ' ហើយត្រូវតែដុតបំផ្លាញចោល» ។

ទោះបីជាព្រះចៅអធិការនោះមិនយល់ស្របនឹងការវាយតម្លៃរបស់រដ្ឋាភិបាលទៅលើព្រះគ្រូ ជិន គុង ក៏ដោយ ក៏ព្រះអង្គត្រូវតែបំផ្លាញការបោះពុម្ពផ្សាយរបស់ព្រះគ្រូដែរ ។ ព្រះអង្គមានសង្ឃដីកាថា «សៀវភៅទាំងនេះមិនមានអ្វីខុសទេ ហើយសៀវភៅទាំងនេះក៏មិនមានផ្ទុកនូវទស្សនបដិវត្តន៍ដែរ ។ ប្រសិនបើអាត្មាមិនគោរពតាមទេ អាត្មាអាចត្រូវបានផ្តន្ទាទោស ហើយវត្តរបស់អាត្មានឹងត្រូវបិទទ្វារ» ។

ព្រះគ្រូមួយអង្គទៀតពីទីក្រុងជីជៀងនៅភាគអាគ្នេយ៍នៃខេត្តជាំងស៊ីជឿជាក់ថា រដ្ឋាភិបាលបាននិងកំពុងបំផ្លាញសៀវភៅរបស់ព្រះគ្រូ ជិន គុង រឿងចម្បងគឺដើម្បីការពាររបបរបស់ខ្លួន ពីព្រោះព្រះគ្រូ ជិន គុង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ។

ការបោះពុម្ពផ្សាយព្រះពុទ្ធសាសនាផ្សេងទៀតដែលរដ្ឋមិនយល់ព្រម ឬការបោះពុម្ពផ្សាយដែលមិនមានលេខបោះពុម្ពផ្សាយដោយរដ្ឋាភិបាល ក៏ត្រូវបានបោសសំអាតចេញពីវត្តអារាមពុទ្ធសាសនាដែរ ។

នៅថ្ងៃទី៩ ឧសភា សមាគមពុទ្ធសាសនិកជននៃទីក្រុងហ្សីប៊ី នៅខេត្តសានដុងភាគខាងកើត បានបញ្ជាឲ្យប្រធានគ្រប់គ្រងវត្តពុទ្ធសាសនាក្នុងតំបន់ រើចោលរាល់ឯកសារណាដែលបានបោះពុម្ពដោយគ្មានលេខបោះពុម្ព និងឯកសារណាដែលបោះពុម្ពដោយគ្មានការអនុញ្ញាតិ ។ ប្រធានគ្រប់គ្រងវត្តបាននិយាយទាំងសោកស្ដាយថា «សូម្បីតែសៀវភៅមិនស្របច្បាប់មួយក្បាល ឃើញបន្សល់ទុកនៅក្នុងវត្ត ខ្ញុំនឹងត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ។ វត្តនេះក៏អាចត្រូវបានបិទ ហើយព្រះសង្ឃទាំងអស់ត្រូវបានបណ្តេញចេញ» ។

កាលពីថ្ងៃទី ១១ ឧសភា ការិយាល័យកិច្ចការសាសនានៃទីក្រុងប៊ីនចូននៃខេត្តសានដុង បានទាមទារឲ្យប្រធានគ្រប់គ្រងសាលពុទ្ធសាសនាមួយក្នុងតំបន់ ប្រគល់ឲ្យពួកគេនូវសៀវភៅទាំងអស់ដែលមិនមានលេខចុះផ្សាយ ។ គាត់បានពន្យល់ទស្សនាវដ្ដីប៊ិតធើវីនធើថា ដោយសារចំនួនដ៏ច្រើននៃសៀវភៅពុទ្ធសាសនានៅក្នុងប្រទេសចិន មិនមានលេខបោះពុម្ពផ្សាយ សៀវភៅជាច្រើនណាស់ត្រូវតែប្រគល់ឲ្យការិយាល័យកិច្ចការសាសនា ។ បើយោងតាមប្រធានគ្រប់គ្រងរូបនោះ ស្ថានភាពរបស់ពុទ្ធសាសនិកជននៅប្រទេសចិនគឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជានៅក្នុងសម័យបដិវត្តវប្បធម៌អ៊ីចឹងដែរ នៅពេលដែលបក្សកុម្មុយនីស្តចិនបានវាយបំផ្លាញរូបសំណាកសាសនានិងដុតសៀវភៅចោល ។
សៀវភៅនិពន្ធដោយព្រះគ្រូ ហឺលីយូ និងអ្នកគ្រូជូនជី ចេង យេន ត្រូវបានដកចេញពីបណ្ណាល័យជីលីន ។ រូបភាព៖ Bitterwinter

នៅក្នុងខែឧសភា បណ្ណាល័យព្រះពុទ្ធសាសនាមួយនៅភាគឦសាននៃខេត្តជីលីន បានរើចោលនូវសៀវភៅដែលបោះពុម្ពផ្សាយនៅបរទេសនិងសៀវភៅទាំងឡាយណាដែលនិពន្ធដោយព្រះគ្រូ ជិន គុង ក៏ដូចជាសៀវភៅដែលនិពន្ធដោយព្រះគ្រូដទៃទៀតដូចជាព្រះគ្រូ ហឺលីយូ (Master Hueiliu) និងអ្នកគ្រូជូនជី ចេង យេន (Master Cheng Yen) ។ ជំនួសដោយសៀវភៅទាំងនោះគឺជាសៀវភៅអំពីវប្បធម៌ចិន ដូចជា «បទដ្ឋានសម្រាប់ការធ្វើជាសិស្សល្អនិងកុមារ» (ឌីស៊ីគួយ ជាភាសាចិន សៀវភៅណែនាំបុរាណផ្អែកលើការបង្រៀនរបស់ទស្សនវិទូចិនខុងជឺ) និងសៀវភៅនានាដោយទស្សនវិទូខុងជឺផ្សេងទៀតដូចជាម៉ែនស៊ីស ។

ពុទ្ធបរិស័ទម្នាក់ដែលធ្វើការនៅបណ្ណាល័យនេះបានប្រាប់ទស្សនាវដ្ដីប៊ិតធើវីនធើថា «មន្ត្រីការិយាល័យវប្បធម៌បានមកបណ្ណាល័យពីរដង ហើយមន្ត្រីការិយាល័យកិច្ចការសាសនាបានមកម្ដង ។ ពួកគេបានទាមទារឲ្យយើងបំផ្លាញសៀវភៅចោលដោយខ្លួនឯង ឬលក់វាឲ្យអេតចាយ ។ សៀវភៅទាំងអស់ពីប្រទេសក្រៅរួមទាំងហុងកុងនិងតៃវ៉ាន់ផង ត្រូវបានគេបញ្ជាឲ្យដកចេញពីបណ្ណាល័យ ចំពេលមានភាពចលាចលនៅក្នុងទីក្រុងហុងកុង ។»

អាជ្ញាធរក៏បានបង្ខំឲ្យបណ្ណាល័យនេះដកហូតស្លាក «បណ្ណាល័យព្រះពុទ្ធសាសនា» ចេញ ហើយជំនួសវិញដោយស្លាកបណ្ណាល័យថ្មី ដែលមិនជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ។ ខិតប័ណ្ណដែលមានសុន្ទរកថារបស់លោក ស៊ី ជិនពីង ត្រូវបានបង្ហាញនៅខាងក្នុង និងរូបថតរបស់លោក ជូ អេនឡាយ ដែលជានាយករដ្ឋមន្រ្តីទីមួយនៃសាធារណរដ្ឋប្រជាមានិតចិន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment