ព្រះសង្ឃពុទ្ធសាសនាធ្វើកូដកម្មអង្គុយអត់អាហារ ដើម្បីទាមទារឲ្យអង្គការយូណេស្កូជីករុករកនៅទីតាំងរាមជន្មភូមិ, ១៤ កក្កដា ២០២០ ។ រូបភាព៖ Kohram News |
លោកវិទូ | ថ្ងៃ ៣᧡៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២១ កក្កដា ២០២០
យោងតាមកាសែតឌឺហិណ្ឌូបានឲ្យដឹងថា ព្រះសង្ឃពុទ្ធសាសនាបានធ្វើកូដកម្មដោយការអង្គុយអត់អាហារ នៅទីក្រុងអយោធ្យា កាលពីថ្ងៃអង្គារ (១៤ កក្កដា) ដោយអះអាងថាបរិវេណរាមជន្មភូមិ (Ram Janmabhoomi) គឺជាទីតាំងព្រះពុទ្ធសាសនា ហើយបានទាមទារឲ្យការជីករុករកនៅកន្លែងនោះ ត្រូវធ្វើដោយអង្គការយូណេស្កូ ។
នៅឯការតវ៉ានៅខាងក្រៅការិយាល័យអយ្យការស្រុកអយោធ្យា ព្រះសង្ឃបានទាមទារឲ្យផ្សព្វផ្សាយជាសាធារណនូវវត្ថុដែលបានរកឃើញទាំងនោះក្នុងកំឡុងពេលជីកដី នៅតំបន់រាមជន្មភូមិ ។
សមាគមដែលទទួលបន្ទុកសាងសង់វិហារព្រះរាមបាននិយាយថា រូបចម្លាក់សិវលិង្គ សសរស្តម្ភពណ៌ខ្មៅចំនួនប្រាំពីរ សសរស្តម្ភថ្មភក់ចំនួន ៦ រូប «ផ្កាថ្ម» និងរូបទេវតានិងទេវធីតាចំនួនទាំងបួនត្រូវបានរកឃើញ កាលពីខែឧសភាក្នុងកំឡុងពេលនៃការជីកគាស់ដីដើម្បីកសាងវិហារព្រះរាម ។
ព្រះសង្ឃពុទ្ធសាសនាបានទាមទារថា ការជីកទីតាំងនេះត្រូវតែធ្វើឡើងដោយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដោយអះអាងថាវត្ថុដែលបានរកឃើញនោះជារបស់វប្បធម៌ព្រះពុទ្ធសាសនា ។
ពួកគេបានទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់វិហារព្រះរាម ។
អ្នកកាន់ព្រះពុទ្ធសាសនាចាត់ទុកថាអយោធ្យាជាទីក្រុងចំណាស់របស់សាកេតដែលជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនានៅសម័យបុរាណ ។
សមាជិកម្នាក់របស់សមាគម Azad Baudh Dharm Sena បាននិយាយថា «យើងបានផ្ញើអនុស្សរណៈរបស់យើងទៅប្រធានាធិបតី ប្រធានយុត្តិធម៌នៃប្រទេសឥណ្ឌា និងភ្នាក់ងាររដ្ឋាភិបាលដទៃទៀតតាមរយៈរដ្ឋបាលអយោធ្យា ។ ប្រសិនបើការសាងសង់វិហារព្រះរាមមិនត្រូវបានបញ្ឈប់ក្នុងរយៈពេលមួយខែ ហើយទីតាំងមិនត្រូវបានប្រគល់ទៅឲ្យអង្គការយូណេស្កូសម្រាប់ការជីកទេនោះ យើងនឹងចាប់ផ្តើមចលនារបស់យើងម្តងទៀត» ។
ចៅក្រមនៃក្រុងហ្វៃហ្ស៊ីបាដ លោក អេស.ភី. សិង្ហ បានមានប្រសាសន៍ថា «យើងបានទទួលអនុស្សរណៈនៃអ្នកដឹកនាំព្រះពុទ្ធសាសនា ហើយយើងនឹងបញ្ជូនវាទៅអ្នកដែលត្រូវបានដោះស្រាយ ។ តាមការធានារបស់យើង សហគមន៍ពុទ្ធសាសនាបានប្រកាសបញ្ឈប់ការអង្គុយអត់អាហារហើយ» ។
ព្រះតេជព្រះគុណ ពុទ្ធសរណ កេសរិយា ប្រធានសមាគមខាងលើ ត្រូវបានស្រង់សង្ឃដីកាក្នុងសារព័ត៌មានឥណ្ឌា News18 ថា «សមាគមធម្មសេនាទាមទារឲ្យការជីករុករកនូវតំបន់រាមជន្មភូមិ ស្ថិតនៅក្រោមការការពាររបស់អង្គការយូណេស្កូ ។ សមាគមមិនប្រឆាំងនឹងការសាងសង់វិហារព្រះរាមទេ ។ មានការទាមទារឲ្យមានការអភិរក្សនូវសំណង់នៃវប្បធម៌ពុទ្ធសាសនា ។ ពុទ្ធបរិស័ទជឿជាក់ថា ទីក្រុងនៃព្រះរាមគឺជាទីក្រុងសាកេត ដែលគេចាត់ទុកថាជាទីក្រុងរបស់ព្រះពុទ្ធ ។»
ព្រះសង្ឃដែលធ្វើកូដកម្មបានមានសង្ឃដីកាថា ជនណាដែលចង់កសាងវិហារព្រះរាមគួរតែកសាងវាទៅ ប៉ុន្តែពួកគេគួរតែកុំបំផ្លាញចោលនូវនិមិត្តសញ្ញាតំណាងពុទ្ធសាសនា ដែលត្រូវបានរកឃើញនៅក្នុងកំឡុងពេលនៃការជីករុករក ជាងនេះទៅទៀតនិមិត្តសញ្ញាទាំងនោះគួរតែត្រូវបានការពារ ។
ព្រះសង្ឃទាំងពីរអង្គទាមទារដីនៅតំបន់អយោធ្យា ដែលជាកន្លែងដែលលោកអាចអភិរក្សនូវសិលាចារឹកទាំងឡាយដែលគេប្រទះឃើញ ក្នុងពេលជីករុករកនៅទីនោះ ។
ទីតាំងដែលពួកហិណ្ឌូហៅថា រាមជន្មភូមិ និងមូស្លីមហៅថា បាព្រី ម៉ាសជិត (Babri Masjid) ជាតំបន់បុរាណដ្ឋាន ដែលមានជម្លោះរវាងសហគមសាសនាទាំងពីរជាច្រើនទសវត្សរ៍មកហើយ ។ កាលពីឆ្នាំកន្លងទៅ តុលាការកំពូលឥណ្ឌាបានចេញសេចក្តីសម្រេច ឲ្យទីតាំងនោះបានទៅពួកហិណ្ឌូដែលចាត់ទុកទីតាំងនោះថាជាស្រុកកំណើតព្រះរាម ហើយបានឲ្យរដ្ឋាភិបាលនៃរដ្ឋឧត្តរប្រទេសផ្ដល់ដីផ្សេងទៀតឲ្យទៅពួកមូស្លីម ដើម្បីកសាងវិហារថ្មី ។
ប៉ុន្តែក្នុងកំឡុងពេលគាស់កកាយដីដើម្បីកសាងវិហារព្រះរាមនៅទីនោះ ក៏ប្រទះឃើញវត្ថុបុរាណមួយចំនួនដែលមានលក្ខណៈជាព្រះពុទ្ធសាសនា ។ ដូច្នេះហើយបានជាសហគមពុទ្ធសាសនាឥណ្ឌាទាមទារឲ្យអង្គការយូណេស្កូធ្វើការជីករុករកនៅទីតាំងនោះ ដើម្បីឲ្យបានដឹងប្រាកដថាទីនោះធ្លាប់ជាទីតាំងបុរាណដ្ឋានពុទ្ធសាសនា ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment