អ្នកដើរសមាធិចំនួន ២០០ នាក់ ដើរព័ទ្ធជុំវិញសាលាក្រុងផតឡែន ដោយកាន់ផ្លាកសរសេរថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» និង «រំលាយចោលនូវរដ្ឋដូចជាពន្ធនាគារ» ជាដើម ។ រូបភាព៖ James Sissler/BPF-Portland |
តាមការស្រង់ព័ត៌មានរបស់សារព័ត៌មានអនឡាញពុទ្ធិសឌ័របានឲ្យដឹងថា ពុទ្ធិកសមាគមសន្តិភាពនៅទីក្រុងផតឡែន (Buddhist Peace Fellowship in Portland) រដ្ឋអូរីហ្គោន បានដើរធ្វើសមាធិ នៅជុំវិញសាលាក្រុងផតឡែន នៅថ្ងៃអង្គារ (២១ កក្កដា) ដើម្បីគាំទ្របាតុកម្មជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ នៅទីក្រុងភាគពាយព្យនៃសហរដ្ឋអាម៉េរិកមួយនេះ ។ គោលបំណងនៃសមាធិនេះគឺដើម្បីអំពាវឲ្យមានការផ្ដោតអារម្មណ៍ចំពោះ «តម្រូវការចាំបាច់របស់ទីក្រុងផតឡែកដើម្បីបដិសេធនូវបមរានុភាពនៃជនជាតិស្បែកស និងដើម្បីអនុម័តគោលនយោបាយប្រឆាំងការរើសអើងពូជសាសន៍» ។
ការអង្គុយធ្វើសមាធិរយៈពេលមួយម៉ោង ត្រូវបានប្រព្រឹត្តទៅនៅវេលាម៉ោង ៧ ល្ងាចថ្ងៃអង្គារ ។ នៅមុនព្រឹត្តិការណ៍នេះ អ្នករៀបចំកម្មវិធីធ្វើសមាធិបាននិយាយថា អ្នកចូលរួមអាចរំពឹងថានឹង «អង្គុយជាមួយនឹងសេចក្តីទុក្ខដែលកើតឡើងដោយអំពើហិង្សារើសអើងពូជសាសន៍ និងអំពើឃោរឃៅរបស់ប៉ូលីស និងជាមួយនឹងសេចក្តីប្រាថ្នាឲ្យសព្វសត្វទាំងអស់មានសុខសុវត្ថិភាព» ។
បាតុកម្មបានចាប់ផ្ដើមឡើងនៅទីក្រុងផតឡែន និងជុំវិញសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ចច ហ្វ្លយ ត្រូវបានសម្លាប់ក្នុងកំឡុងពេលចាប់ខ្លួន នៅទីក្រុងមីនីប៉ូលីស រដ្ឋមីនីសូតា កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពុទ្ធិកសមាគមសន្តិភាពនៅទីក្រុងផតឡែន បានសរសេរថា៖
«ប្រវត្តិសាស្ត្រនៃអាណានិគមនេះ ដែលជាប្រវត្តិសាស្ត្រមួយចង់ភ្ជាប់ដោយបរមានុភាពជនជាតិស្បែកស និងការរើសអើងជនជាតិស្បែកខ្មៅ យ៉ាងជ្រៅនិងស្មុគសម្មាញ មានហេតុផលគ្រប់យ៉ាងដែលធ្វើឲ្យយើងមកទីនេះនៅយប់នេះ៖ ដើម្បីឈរនិងដើររួមគ្នាក្នុងសក្ខីកម្មស្ងៀមស្ងាត់ និងការឆាំងនឹងបរមានុភាពជនជាតិស្បែកស អំពើឃោរឃៅរបស់ប៉ូលីស និងឃាតកម្មដែលកំពុងបន្តលើអាយុជីវិតពលរដ្ឋស្បែកខ្មៅ និងការមិនអើពើចំពោះអាយុជីវិតពលរដ្ឋស្បែកខ្មៅដែលកប់សែនជ្រៅ ។ សូមឲ្យពេលវេលាដែលមកចួបជុំគ្នានៅយប់នេះ ជាការរំឭកដល់ទាំងអំណាចដែលយើងម្នាក់ៗមាន ជាបុគ្គលានិងជាសហមូភាព ដើម្បីប្រឆាំងនិងតស៊ូយ៉ាងសកម្មប្រឆាំងនឹងបរមានុភាពជនជាតិស្បែកស ព្រមទាំងជាការរំឭកដល់ការពិតដែលថា ជាពិសេសសម្រាប់ពួកយើងទាំងឡាយណាដែលានសម្បុរស ការតស៊ូគឺត្រូវចាប់ផ្ដើមពីយើងទៅ៖ ដោយការសំឡឹងមើលដោយភាពស្មោះត្រង់ ទៅលើរបៀបណាដែលយើងត្រូវបានរៀបចំឡើង ដោយវប្បធម៌នៃបរមានុភាពជនជាតិស្បែកស និងដោយវីរិយភាពដែលមិនចេះនើយហត់និងមិនមានការភ័យខ្លាច ដើម្បីប្រឆាំងតវ៉ា និងធ្វើឲ្យដូចដើមវិញនូវលក្ខខណ្ឌបំពុលនោះ នៅក្នុងខ្លួនយើង និងអ្នកដទៃ និងដើម្បីបញ្ឈប់និងជួសជុលនូវកេរដំណែលនៃការធ្វើទុក្ខទោសដែលយើងបានទទួលផលប្រយោជន៍(ពីទុក្ខទោសនោះ) និងបង្កឡើង(នូវទុក្ខទោសនោះ) ។»
នៅពេលដែលមនុស្ស ៥០ នាក់ អង្គុយធ្វើសមាធិនៅខាងក្រៅសាលាក្រុងផតឡែន មនុស្សដទៃទៀតដើរយឺតៗជុំវិញអាគារ, ២១ កក្កដា ២០២០ ។ រូបភាព៖ James Sissler/BPF-Portland |
ទីក្រុងផតឡែន ដែលមានប្រជាជនចំនួន ៦៥០.០០០ នាក់ បានក្លាយជាទីកើតឡើងនៃចលនាបាតុកម្មជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ ដែលកំពុងប្រព្រឹត្តទៅរបស់សហរដ្ឋអាម៉េរិក ។ ទីក្រុងនេះមានបាតុកម្មកើតឡើងជាបន្តបន្ទាប់អស់រយៈពេល ៥៦ ថ្ងៃជាប់គ្នា ដែលជម្រុញឲ្យប្រធានធិបតី ដុនណាល់ ត្រាំ ដាក់ពង្រាយកងកម្លាំងសហព័ន្ធនៅទីក្រុងនេះ កាលពីដើមខែនេះ ។
ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះហាក់ដូចជាពុំបានផល ដោយការលេចឡើងនូវបាតុកម្ម «ជញ្ជាំងមាតា» (Wall of Moms) ដែលកាន់ដៃគ្នាជាប់ខណៈតតាំងនឹងកងកម្លាំងសហព័ន្ធ និងបន្ទាប់មកទៀតមានបាតុកម្ម «កងពលតូចបិតាទីក្រុងផតឡែន» (Portland Dad Brigade) – ដែលយកម៉ាស៊ីនផ្លុំស្លឹកឈើធ្វើជាអាវុធ ដែលជាស្នៀតឃើញប្រើនៅទីក្រុងហុងកុង ដើម្បីផ្លុំបញ្ចៀសនូវឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ទៅកាន់ស្រីៗ – ដែលចូលរួមក្នុងក្រុមបាតុកម្មដែលភាគច្រើនជាយុវជន ។
ក្នុងបញ្ជាក់នូវជំហររបស់ពួកគេក្នុងចលនាបាតុកម្ម ពុទ្ធិកសមាគមសន្តិភាពនៅទីក្រុងផតឡែន បានកត់សម្គាល់នៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«នេះគឺជាបាតុកម្មដោយការស្ងៀមស្ថាត់ ។ នេះមិនមែនជាបាតុកម្មដោយសន្តិភាពទេ ។ កុំហៅពួកយើងថា "បាតុករសន្តិភាព" ។ សន្តិភាពនៅចំពោះមុខអំពើហិង្សាបង្កឡើងដោយរដ្ឋ គឺដូចជាសមគំនិត ។ ពួកយើងមិនសមគំនិតទេ ។»
«ស្រង់ចាកសៀវភៅរបស់ Rev. Zenju Earthlyn Manuel (ដូនជី ហ្ស៊េនជូ អឺតលីន មែនញួល) នៅក្នុងសៀវភៅថ្មីរបស់គាត់ដែលមានចំណងជើងថា The Deepest Peace (សន្ដិភាពដ៏ជ្រាលជ្រៅបំផុត): "សន្តិភាពមិនប្រសើរជាងទេ ។ សន្ដិភាពគឺមិនព្រមលះបង់ ។ កំហឹងដ៏ខ្លាំងក្លាក៏មិនព្រមលះបង់ដែរ ។ ខ្ញុំធ្វើសមាធិ ខណៈខ្ញុំកំពុងអន្ទះសារដោយកំហឹងដ៏ខ្លាំងក្លា" ។»
«ពុទ្ធិកសមាគមសន្តិភាពនៅទីក្រុងផតឡែន ធ្វើសមាធិក្នុងទីសាធារណៈ ដើម្បីទាញការផ្ដោតអារម្មណ៍ចំពោះការរើសអើងពូជសាសន៍ និងអំពើឃោរឃៅនិងហិង្សារបស់វា ។ យើងធ្វើសមាធិក្នុងកំហឹងដ៏ខ្លាំងក្លា ដោយការគោរពចំពោះការរងទុក្ខ ដែលបណ្ដាលមកពីបរមានុភាពជនជាតិស្បែកស ។ យើងធ្វើសមាធិក្នុងភាពស្ងៀមស្ងាត់ ។ ភាពស្ងៀមស្ងាត់គឺជាស្នៀតមួយ ។ យើងគាំទ្រស្នៀតជាច្រើនយ៉ាង ។ ពួកយើងជាច្រើនអនុវត្តស្នៀតច្រើនយ៉ាង ។»
«កុំហៅពួកយើងថាសន្តិភាព ។ យើងរឹងមាំឡើងដោយការធ្វើសមាធិ ដូច្នេះយើងអាចស្វែងរកមធ្យោបាយដទៃទៀត ដើម្បីប្រឆាំងតវ៉ានឹងការគ្របសង្កត់ដោយរដ្ឋដែលប្រើអំពើហិង្សា ។ កុំយល់ខុសនូវភាពស្ងៀមស្ងាត់របស់យើងថាជាសន្តិភាពឲ្យសោះ ។»
ព្រឹត្តិការណ៍ «សមាធិដើម្បីជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ម្ដងទៀតត្រូវបានកំណត់ថានឹងធ្វើនៅថ្ងៃទី២៨ កក្កដា នៅវេលាម៉ោង ៧ ល្ងាច ។ ពុទ្ធិកសមាគមសន្តិភាពនៅទីក្រុងផតឡែន ក៏បានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រជាថវិកាដល់ចលនារបស់ពួកគេផងដែរ តាមរយៈគម្រោង Don't Shoot Portland (កុំបាញ់ផតឡែន) ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment