លោកវិទូ | ថ្ងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៤ កក្កដា ២០២០
ញូវដែល្លី៖ នៅក្នុងសុន្ទរកថាអនុមោទនាអបអរសាទរទិវាធម្មចក្រ ក្នុងថ្ងៃបុណ្យអាសាឡ្ហបូជា លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងតាមវីដេអូថា ព្រះពុទ្ធសាសនាបង្រៀនអំពីការគោរព គឺការគោរពចំពោះអ្នកក្រខ្សត់ ការគោរពចំពោះស្ត្រី និងការគោរពចំពោះសន្តិភាពនិងអំពើអហិង្សា ។
កម្មវិធីបុណ្យអាសាឡ្ហបូជា ដែលមានខ្លឹមសារថា «ទិវាធម្មចក្រ» បានប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី រដ្ឋធានីញូវដែល្លី និងព្រះវិហារមូលគន្ធកុដិ សាន៌ាថ (ទីក្រុងពារាណសី) នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ២០២០/២៥៦៤ ម៉ោង ៧:៣០ នាទីព្រឹក (ម៉ោង ៩:០០ នាទីព្រឹកនៅកម្ពុជា) រហូតដល់ម៉ោង ៧:០ ល្ងាច (ម៉ោង ៨:៣០ ល្ងាចនៅកម្ពុជា) ដោយមានការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបផងដែរ ។
នៅក្នុងឱកាសដ៏មហាឡារិកនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានថ្លែងសុន្ទរកថាអនុមោទនាអបអរសាទរកម្មវិធីបើកទិវាធម្មចក្រ ក្នុងឱកាសបុណ្យអាសាឡ្ហបូជា ដែលប្រព្រឹត្តទៅនៅវិមានប្រធានធិបតី ទីក្រុងញូវដែល្លី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីឥណ្ឌា លោក លោក រាម នាថ កោវិន្ទ ព្រះសង្ឃ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងភ្លៀវកិត្តិយសអន្តរជាតិផងដែរ ។
ជាបឋម លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បុណ្យអាសាឡ្ហបូជា ឬ អាសាឍបូរណិមា ក៏មានឈ្មោះថា «គុរុបូរណិមា» ផងដែរ ព្រោះថ្ងៃនេះជាថ្ងៃដែលយើងត្រូវចងចាំព្រះពុទ្ធជាព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់ផ្ដល់នូវចំណេះដឹងដល់យើង ។ ដោយស្មារតីនេះហើយបានជាយើងទាំងអស់គ្នាគោរពបូជាចំពោះព្រះអង្គ ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីមោទីបានថ្លែងលើកឡើងអំពីអត្ថន័យសំខាន់របស់អរិយសច្ចៈ ៤ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ដែលបង្ហាញផ្លូវទៅរកសុខុមាលភាពនៃសង្គមនិងប្រជាជាតិជាច្រើនក្នុងលោក ។ គាត់បានមានប្រសាសន៍ថា អរិយសច្ចៈ ៤ រំលេចអំពីសារសំខាន់នៃមេត្តា និងករុណា ។
លោកនាយករដ្ឋមន្ត្រីមោទីបានមានប្រសាសន៍ទៀតថា «ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអបអរសាទរនូវភាពសាមញ្ញ ទាំងក្នុងការគិតនិងការធ្វើ ។ ព្រះពុទ្ធសាសនាបង្រៀនឲ្យមានការគោរព ។ ការគោរពចំពោះប្រជាពលរដ្ឋ ។ ការគោរពចំពោះជនក្រីក្រ ។ ការគោរពចំពោះស្ត្រី ។ ការគោរពចំពោះសន្តិភាពនិងអំពើអហិង្សា ។ ដូច្នេះ ពាក្យប្រៀនប្រដៅទាំងឡាយរបស់ព្រះពុទ្ធសាសនា គឺជាមាគ៌ាទៅរកភពផែនដីមានចីរភាព ។»
លោកនាយករដ្ឋមន្ត្រីបានលើកឡើងត្រង់ចំណុចមួយទៀត ទាក់ទងនឹងការបង្កើតការងាររបស់យុវជននៅប្រទេសឥណ្ឌា ដោយភ្ជាប់ទៅនឹងទ្រឹស្តីព្រះពុទ្ធសាសនា ។ ក្នុងន័យនេះ គាត់បានមានប្រសាសន៍ថា ទស្សនពុទ្ធសាសនាជាការជម្រុញទឹកចិត្ត និងបង្ហាញផ្លូវទៅខាងមុខ ។ ជារឿយៗ ទស្សនពុទ្ធសាសនានឹងធ្វើឲ្យអ្នកទាំងឡាយមានចិត្តស្ងប់ ឬក៏ឲ្យរីករាយបាន ។ គាត់បានញ្ជាក់ថា ជាការពិតណាស់ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ត្រង់ពាក្យថា «អប្ប ទីបោ ភវ» ដែលមានន័យថា អ្នកជាពន្លឺនាំផ្លូវសម្រាប់ខ្លួនអ្នក គឺមេរៀនសម្រាប់ការគ្រប់គ្រងដ៏អស្ចារ្យមួយ ។
គាត់បានមានប្រសាសន៍បន្ថែមទៀតថា «ពេលនេះពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការប្រឈមដែលមិនធ្លាប់មាន ។ ចំពោះការប្រឈមនេះ ដំណោះស្រាយយូរអង្វែងអាចចេញពីឧត្តមគតិនៃព្រះពុទ្ធជាម្ចាស់ ។ ឧត្តមគតិនេះមានសារសំខាន់ក្នុងអតីតកាល ។ ឧត្តមគតិនេះមានសារសំខាន់ក្នុងបច្ចុប្បន្នកាល ។ ហើយឧត្តមគតិនេះនឹងនៅតែមានសារំសំខាន់ក្នុងអនាគតកាល ។»
អាសាឡ្ហបូជាមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ។ ថ្ងៃនេះហើយដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងព្រះធម៌ដំបូង គឺធម្មចក្កប្បវត្តនសូត្រ ដើម្បីប្រោសបញ្ចវគ្គិយភិក្ខុទាំង៥អង្គ នៅព្រៃឥសិបតនមិគទាយវ័ន តំបន់សាន៌ាថ ទីក្រុងពារាណសី ។ ធម្មចក្កប្បវត្តនសូត្រនេះជាទស្សនវិជ្ជាពុទ្ធសាសនាដ៏សំខាន់មួយ ដែលជាផែនទីគោលសម្រាប់អ្នកប្រតិបត្តិព្រះពុទ្ធសាសនា ។
កម្មវិធីដ៏មានអត្ថន័យនេះត្រូវបានរៀបចំដោយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) ទីក្រុងញូវដែល្លី ដោយមានកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌ឥណ្ឌា ព្រមទាំងស្ថាប័នពុទ្ធសាសនាដែលពាក់ព័ន្ធទូទាំងសកលលោក ៕ ទិវាធម្មចក្របានចាប់ផ្ដើមតាំងពីព្រលឹមទល់ព្រលប់ ដោយមានកម្មវិធីសូត្រធម៌ សន្ទនាធម៌ ការថ្លែងសុន្ទរកថាអនុមោទនាពីប្រទេសផ្សេងៗ និងការសម្ដែងសិល្បៈពុទ្ធសាសនាជាដើម ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment