អ្នកជំនាញ៖ ប្រជាជនវណ្ណៈទលិតគួរចុះឈ្មោះជាអ្នកកាន់ពុទ្ធសាសនានៅក្នុងជំរឿនប្រជាជនឆ្នាំ២០២១ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, July 30, 2020

អ្នកជំនាញ៖ ប្រជាជនវណ្ណៈទលិតគួរចុះឈ្មោះជាអ្នកកាន់ពុទ្ធសាសនានៅក្នុងជំរឿនប្រជាជនឆ្នាំ២០២១

ព្រះពុទ្ធបដិមា នៅវត្តពុទ្ធវិហារ ជាទីតាំងតូចមួយដែលប្រើដើម្បីចួបជុំគ្នារបស់បរិស័ទបណ្ឌិតអម្ពេឌករ នៅទល់មុខសាកលវិទ្យាល័យ JNU ភូមិមុនិរកា ទីក្រុងញូវដែល្លី ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៥᧪៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ កក្កដា ២០២០

យោងតាមរបាយការណ៍សារព័ត៌មានឥណ្ឌានអ៊ិចប្រេស (Indian Express) បានឲ្យដឹងថា  កាលពីថ្ងៃអាទិត្យមុន (២៦ កក្កដា) អ្នកជំនាញបានសម្ដែងការព្រួយបារម្ភ ជុំវិញបញ្ហាការស្រង់ស្ថិតិប្រជាជនឆ្នាំ២០២១ នៅពេលដែលមេដឹកនាំនៃសហគមតែមួយ (អាទិធម៌ និង រវិទាស) ពីប្រជាជនទលិត មានការខ្វែងគំនិតគ្នាជាពីរ ។

អ្នកជំនាញដែលបានចូលរួមក្នុងកម្មវិធីពិភាក្សាតាមអនឡាញស្ដីអំពី «សារសំខាន់នៃជំរឿនឆ្នាំ២០២១ ចំពោះវណ្ណៈទលិត» បានលើកឡើងថា «ទលិត» គួរតែចុះឈ្មោះក្រោមខ្ទង់សាសនាជា «ពុទ្ធសាសនិកជន» ដែលជាសាសនាដោយឡែកមួយដែលបានដាក់ក្នុងទម្រង់ជំរឿនជាស្រេច ហើយបន្ថែមលើនោះ ចុះឈ្មោះវណ្ណៈរបស់ពួកគេរៀងៗខ្លួន ពោលគឺ វណ្ណៈអាទិធម៌ និងវណ្ណៈរវិទាស ជាជាងទាមទារខ្ទង់សាសនាដោយឡែកផ្សេងទៀតសម្រាប់វណ្ណៈទាំងពីរ ។

ពួកគេបាននិយាយថា ទាំងវណ្ណៈអាទិធម៌ និងវណ្ណៈរវិទាស គឺជាវណ្ណៈដែលត្រូវបានចាត់ចូលក្នុងក្រុមវណ្ណៈ Scheduled Castes ហើយសាសនាគួរតែដាក់ថា ព្រះពុទ្ធសាសនា ។ កម្មវិធីពិភាក្សាតាមអនឡាញនេះត្រូវបានរៀបចំដោយសមាគមសម្របសម្រួលអន្តរជាតិរបស់ចលនាអម្ពេឌករ (Ambedkarite International Co-ordination Society) ដែលមានមូលដ្ឋាននៅប្រទេសកាណាដា ។

នាពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃក្រុមទាំងនេះបានសុំឲ្យប្រជាជននៃសហគមនេះ ចុះឈ្មោះសាសនារបស់ពួកគេជា សាសនាអាទិធម៌ និងសាសនារវិទាស ។ ប៉ុន្តែមិនមានខ្ទង់ដោយឡែកសម្រាប់ចុះឈ្មោះសាសនាទាំងពីរនេះទេ នៅក្នុងទម្រង់ជំរឿនប្រជាជាន ។

នៅក្នុងកម្មវិធីពិភាក្សាតាមអនឡាញនេះ អ្នកជំនាញខាងប្រធានបទនេះ ជាអ្នកបញ្ចេញទស្សនៈ និងជាអ្នកចេះដឹងមួយរូប លោកបណ្ឌិត ជី.ស៊ី. កោល បានមានប្រសាសន៍ថា «បាបា សាហេព (បណ្ឌិត ភិមរាវ អម្ពេឌករ) ត្រូវបានគេចាត់ទុកថាជាអ្នកប្រាជ្ញម្នាក់ ក្នុងចំណោមអ្នកប្រាជ្ញដ៏អស្ចារ្យទាំង ៦ នាក់ក្នុងពិភពលោក ។ នៅក្នុងសៀវភៅសិក្សាស្រាវជ្រាវជាច្រើនរបស់គាត់មានដូចជា “នរណាជាសូទ្រ? តើពួកគេក្លាយជាវណ្ណៈទី៤ (បំណែងចែកថ្នាក់ដោយវិជ្ជាជីវៈ) នៅក្នុងសង្គមឥណ្ឌូអារ្យ័នដោយរបៀបណា” (Who were the Shudra? How they came to be the fourth varna (classification by profession) in the Indo Aryan Society) និង “វណ្ណៈដែលគេប៉ះមិនបាន~តើពួកគេជានរណា ហេតុអ្វីបានជាពួកគេក្លាយជាវណ្ណៈគេប៉ះមិនបាន” (The Untouchables-Who were they and why they became untouchable) បាបា សាហេព បានបង្ហាញភស្តុតាងថា អ្នកកាន់ព្រះពុទ្ធសាសនាត្រូវបានធ្វើឲ្យជាជនដែលគេប៉ះមិនបានដោយពួកអារ្យ័ន ។»

លោកបណ្ឌិត កោល បានអះអាងថា «បន្ទាប់ពីចំណាយពេលអស់ ២១ ឆ្នាំដើម្បីសិក្សាស្រាវជ្រាវលម្អិតអំពីសាសនាទាំងអស់ គាត់ (អម្ពេឌករ) មិនបានបង្កើតសាសនាមួយថ្មីទេ ប៉ុន្តែមានសេចក្តីពេញចិត្តជ្រើសរើសយកព្រះពុទ្ធសាសនា ពីព្រោះព្រះពុទ្ធសាសនាមានមូលដ្ឋានគ្រឹះក្រមសីលធម៌ផ្នែកសមភាព យុត្តិធម៌ និងមូលដ្ឋានទូលំទូលាយខាងមនុស្សជាតិ ។ ឥឡូវនេះ អ្នកអាចយល់បានថា អាទិធម៌ ពោលគឺសាសនាដើម គ្មានអ្វីក្រៅពីព្រះពុទ្ធសាសនាឡើយ ។»

វាគ្មិនដទៃទៀតបានមានមតិស្រដៀងគ្នាថា រហូតដល់ពេលដែលពួកទលិតមិនទាន់មានសាសនាដោយឡែកទេ ពួកគេគួរចុះឈ្មោះជាពុទ្ធសាសនិកជនសិនចុះ ។ នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលអនុញ្ញាតឲ្យយើងបានដឹងថាតើប្រជាជនអាទិធម៌ និងប្រជាជនរវិទាស មានចំនួនប៉ុន្មានដែរ ។
ព្រះព្រហ្ម និងដើមកំណើតនៃវណ្ណៈ ។ រូបភាព៖ BBC

នៅក្នុងសង្គមឥណ្ឌា គេបែងចែកវណ្ណៈជាបួនទៅតាមវិជ្ជាជីវៈ ដោយផ្អែកលើប្រភពទីតាំងដែលពួកគេបានកើតចេញពីផ្នែកផ្សែងៗគ្នា នៃខ្លួនរបស់ព្រះព្រហ្មគឺ

វណ្ណៈ​ព្រាហ្មណ៍ ជា​វណ្ណៈ​ខ្ពស់​បំផុត​កើត​ពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម ជា​អ្នកថែរក្សា និង​នាំ​ពាក្យ​របស់​អាទិទេព​ ។ ព្រាហ្មណ៍​ស្លៀកពាក់​ស មាន​សិទ្ធិ​រៀនសូត្រ​គម្ពីរវេទ​គ្រប់​បែបយ៉ាង​ ។

វណ្ណៈ​ក្សត្រ កើត​ពី​ព្រះហស្ត​របស់​ព្រះព្រហ្ម ជា​អ្នក​គ្រប់គ្រង​ប្រទេស ជា​អ្នក​ចម្បាំង ព្រមទាំង​រៀន​យុទ្ធវិធី​នានា​ផង​ ។ វណ្ណៈ​ក្សត្រ​ស្លៀកពាក់​ក្រហម ជា​និមិត្តរូប​នៃ​សេចក្ដីក្លាហាន​ ។

វណ្ណៈ​វៃស្យ ឬ វេស្សៈ ជា​វណ្ណ​កណ្ដាល កើត​ពី​ភ្លៅរបស់​ព្រះព្រហ្ម ដែល​មាន​ចំនួន​ភាគ​ច្រើន​ក្នុង​សង្គម​ជា​ប្រជាពលរដ្ឋ​ទូទៅ​មាន​សិល្បករ សិប្បករ កសិករ ពួក​ឈ្មួញ ជាដើម ​។ វណ្ណៈ​វៃស្យ​ស្លៀកពាក់​ពណ៌លឿង​ ។

វណ្ណៈ​សូទ្រ ជា​វណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម កើត​ពី​បាតជើង​របស់​ព្រះព្រហ្ម ជា​ខ្ញុំ​បម្រើ​គេ ជា​ទាសករ ស្លៀកពាក់​ពណ៌ខ្មៅ​ ។

ក្រៅពីនេះ នៅមាន មនុស្ស​ក្រៅ​វណ្ណៈ មួយទៀត ដែលបច្ចុប្បន្នគេចាត់ចូលក្នុងក្រុមវណ្ណៈមួយ ជាភាសាអង់គ្លេសថា Scheduled Castes (SC) នៅក្នុងរដ្ឋធម្មនុញ្ញឥណ្ឌា ។ មនុស្សក្រៅវណ្ណៈនេះគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា Untouchables ដែលមានន័យជាខ្មែរថា មនុស្សដែលគេប៉ះមិនបាន ។ ប្រជាជនទលិតនៅទូទាំងប្រទេសឥណ្ឌាមានប្រមាណ ១៦០ លាននាក់ ។

លោកបណ្ឌិត អម្ពេឌករ បានដាក់ឈ្មោះសម្គាល់ថ្មីសម្រាប់មនុស្សក្រៅវណ្ណៈថា ទលិត មានន័យថា «បែកបាក់» ឬ «ខ្ចាត់ខ្ចាយ» ពីភាសាសំស្ក្រឹត ចាប់ពីសម័យក្រោយឯករាជ្យមករហូតដល់បច្ចុប្បន្ន ខុសពីពាក្យរបស់លោកមហាត្មៈ គន្ធី ដែលចង់ឲ្យប្រើពាក្យថា ហរិជន ដែលមានន័យថា «ជននៃព្រះអាទិទេព» (ហរិ/វិស្ណុ) ដែលមានន័យភ្ជាប់ទៅនឹងសាសនាហិណ្ឌូ ។

កាលពីខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលឥណ្ឌាចេញសេចក្តីណែនាំមួយ ឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ចៀសវាងការប្រើពាក្យថា ទលិត ឲ្យប្រើពាក្យដែលចែងក្នុងរដ្ឋធម្មនុញ្ញថា Scheduled Castes វិញ តែអង្គការសង្គមស៊ីវិលបានចេញមុខប្រឆាំងនឹងសេចក្តីណែនាំណាដែលខុសពីការពាក្យថា ទលិត ក្នុងការប្រើប្រាស់ក្នុងចំណោមប្រជាជន ។

ជាបិតារដ្ឋធម្មនុញ្ញឥណ្ឌា លោកបណ្ឌិត អម្ពេឌករ ត្រូវបានបរិស័ទរបស់គាត់ចាត់ទុកថាជាព្រះពោធិសត្វ ដែលបានជួយសង្គ្រោះប្រជាជនទលិតរាប់សែននាក់ ចេញពីការជិះជាន់ក្នុងសង្គមឥណ្ឌា ដោយយកព្រះពុទ្ធសាសនាជាទីពឹង ។ បច្ចុប្បន្ន ចលនាលោកបណ្ឌិត អម្ពេឌករ នៅតែបន្តការទាមទារសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ហើយប្រធានបទ «ទលិត» នៅតែជាប្រធានបទសំខាន់មួយនៃបញ្ហាសង្គមនិងនយោបាយឥណ្ឌា ។

សូមបញ្ជាក់ថា មិនមែនឲ្យតែប្រជាជនទលិតសុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនានោះទេ ដោយមានប្រជាជនវណ្ណៈពីរខាងលើជាឧទាហរណ៍ស្រាប់ ។ ជាញឹកញាប់ ក្រុមប្រជាជនទលិតដែលមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាខ្លះ បានយកពុទ្ធសាសនាធ្វើជាគ្រឿងតថ្លៃនយោបាយក៏មាន ដើម្បីឲ្យអាជ្ញាធរអនុវត្តការបែងចែកកូតា (ក្នុងវិស័យអប់រំ, ការងាររដ្ឋជាដើម) សម្រាប់ពួកគេឲ្យបានត្រឹមត្រូវ ពុំនោះទេពួកគេនឹងប្ដូរមកកាន់ព្រះពុទ្ធសាសនា ចោលសាសនាហិណ្ឌូមិនខានឡើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment