ព្រះសង្ឃពុទ្ធសាសនានៅប្រទេសស្រីលង្កា ។ រូបភាព៖ WION/AFP |
លោកវិទូ | ថ្ងៃ ៦᧫៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣១ កក្កដា ២០២០
នៅក្នុងអត្ថបទរបស់ខ្លួន ដំបូងវ៉នបានដាក់ចំណងជើងធ្ងន់ៗថា «ចិនប្រើព្រះសង្ឃនិងមេដឹកនាំពុទ្ធសាសនា ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ស្រីលង្កា» (China using Buddhist clergy and leaders to compromise Sri Lanka elections) ហើយប្រហែលមួយសន្ទុះក្រោយមក ក៏បានដូរចំណងជើងវិញថា «ខណៈថ្ងៃបោះឆ្នោតខិតជិតមកដល់នៅក្នុងប្រទេសស្រីលង្កា ចិនចាប់ផ្ដើមយកចិត្តព្រះសង្ឃពុទ្ធសាសនា» (As polls approach in Sri Lank, China begins cultivating Buddhist clergy) ។ យើងមិនដឹងពីមូលហេតុពិតប្រាកដទេអំពីការប្ដូរនេះ ប៉ុន្តែការប្តូរពីពាក្យគន្លឹះថា «ប្រើ» (using) មកពាក្យថា «យកចិត្ត/សាងមិត្តភាព» (cultivating) គឺមានន័យថាជាការបន្ធូរសេចក្តីនៃចំណងជើងកុំឲ្យធ្ងន់ពេក ដែលអាចប៉ះពាល់ដល់កិត្តិយសស្ថាប័នសង្ឃពុទ្ធសាសនាស្រីលង្កា ។
ទោះយ៉ាងណាក៏ដោយ វ៉នបានអះអាងថា «ចិនចង់ឈ្នះការបោះឆ្នោតនេះ មិនថានរណាទទួលបានសន្លឹកឆ្នោតនោះទេ ។ ដូច្នេះ ចិនកំពុងខំយកចិត្តអ្នកមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសស្រីលង្កា គឺព្រះសង្ឃនិងមេដឹកនាំពុទ្ធសាសនា» ។
© រក្សាសិទ្ធិដោយលោកវិទូ
ទោះយ៉ាងណាក៏ដោយ វ៉នបានអះអាងថា «ចិនចង់ឈ្នះការបោះឆ្នោតនេះ មិនថានរណាទទួលបានសន្លឹកឆ្នោតនោះទេ ។ ដូច្នេះ ចិនកំពុងខំយកចិត្តអ្នកមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសស្រីលង្កា គឺព្រះសង្ឃនិងមេដឹកនាំពុទ្ធសាសនា» ។
ដើម្បីបញ្ជាក់ចំពោះអំណះអំណាងខាងលើ សារព័ត៌មានដែលមានអាយុបីឆ្នាំនេះបានលើកទឡ្ហីករណ៍មួយចំនួនដូចខាងក្រោម ។
ទីមួយវ៉នបានលើកយកការកសាងប៉មខ្ពស់មួយនៅទីក្រុងកូឡុំបូដោយជំនួយថវិកាពីចិន ។ ប៉មនេះមានកម្ពស់ ៣៥០ ម៉ែត្រ ខ្ពស់ជាងគេបំផុតនៅអាស៊ីខាងត្បូង ដែលគេដាក់ឈ្មោះថា ប៉មផ្កាឈូក ដែលជាឈ្មោះព្រះសូត្រមួយនៅក្នុងពុទ្ធសាសនាមហាយានចិន គឺព្រះសូត្រផ្កាឈូក ។ រចនាបទនៃប៉មនេះត្រូវបានធ្វើឡើងតាមគំនិតពុទ្ធសាសនា ដែលជាសាសនារបស់ប្រជាជនភាគច្រើនដែលជាសីហឡៈ នៅក្នុងប្រទេសស្រីលង្កា ។ ចិនចេញថ្លៃការសាងសង់ទាំងអស់ដែលអស់ចំនួន ១០៤.៣ លានដុល្លារ ។
«ប៉មផ្កាឈូកគឺជាឧទាហរណ៍មួយនៃការទូតពុទ្ធសាសនារបស់ចិន» វ៉នបាននិយាយ ។
វ៉នបានលើកទឡ្ហីករណ៍មួយទៀត គឺចិនធ្លាប់បានផ្ដល់លុយយ៉ាងច្រើន ដល់ការឃោសនារកសន្លឹកឆ្នោតឆ្នាំ២០១៥ ដល់បក្សនយោបាយមួយដែលដឹកនាំដោយលោក មហិន្ទ រាជបក្សា ហើយភាគខ្លះនៃលុយនោះបានធ្លាក់ទៅព្រះសង្ឃមួយអង្គ ដែលវ៉នមិនបានបញ្ចេញឈ្មោះ ។ លុយនោះមានប្រមាណជិត ៧ លានដុល្លារ ដែលទូទាត់តាមរយៈក្រុមហ៊ុនចិនឈ្មោះ China Harbor ដែលជាក្រុមហ៊ុនសាងសង់កំពង់ផែហាបានតូតា ដ៏សំខាន់មួយនៅស្រីលង្កា ។
វ៉នបានរាយការណ៍ថា ក្នុងចំណោមលុយទាំងអស់នោះ ៣៨០០០ ដុល្លារត្រូវបានគេសង្ស័យថាបានធ្លាក់ទៅដល់ព្រះសង្ឃដ៏មានប្រជាប្រិយមួយអង្គ ដែលជាអ្នកគាំទ្រលោក រាជបក្សា ។
«ដូចដែលបានឃើញហើយ គាត់មិនបានឈ្នះការបោះឆ្នោតនោះទេ ប៉ុន្តែមន្ត្រីទូតចិនបានចួបដៃគូថ្មី គឺព្រះសង្ឃពុទ្ធសាសនា» វ៉នបានរាយការណ៍ ។
វ៉នបានបន្តទៀតថា កាលពីឆ្នាំ២០១៥ រដ្ឋទូតចិនបានចួបជាមួយនឹងព្រះសង្ឃនៃសាខាអសគិរិយា (អភ័យគិរី?) ជាសាខាគណៈសង្ឃពុទ្ធសាសនាមួយក្នុងចំណោមសាខាដ៏សំខាន់ទាំងពីនៃពុទ្ធសាសនាស្រីលង្កា ។
វ៉នបានលើកឡើងនូវទឡ្ហីករណ៍ចុងក្រោយមួយទៀតថា កាលពីឆ្នាំទៅ គណៈប្រតិភូសង្ឃស្រីលង្កាបាននិមន្តចូលរួមក្នុងវេទិកាព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសចិន ។ មានព្រះសង្ឃនិងអ្នកប្រាជ្ញពុទ្ធសាសនាជាង ១០០០ អង្គ/នាក់ ពី ៥២ ប្រទេស មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ។ វ៉នបានរាយការណ៍ថា គណៈប្រតិភូសង្ឃស្រីលង្កាស្ថិតនៅក្នុងចំណោមគណៈប្រតិភូដែលធំជាងបំផុត ។
«ចិនបានចំណាយពេលវេលាថវិកានិងធនធានការទូត ដើម្បីកសាងឥទ្ធិពលនៅក្នុងប្លុកនយោបាយសំខាន់មួយ នៅក្នុងប្រទេសស្រីលង្កា ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនតែប្លុកនយោបាយទេ ដែលចិនកំពុងតែទទួលខុសត្រូវ ។ ចិនដែលបង្ក្រាបលើអ្នកកាន់ពុទ្ធសាសនានៅទីបេត៍ កំពុងចំណាយលុយដើម្បីសាងមិត្តភាពរយៈពេលខ្លីមួយផ្សេងទៀត (ជាមួយព្រះសង្ឃពុទ្ធសាសនា)» វ៉នបានរាយការណ៍បញ្ចប់ ។
កោះស្រីលង្កា ក៏ដូចជានេប៉ាល់ ដែលជាប្រទេសជិតខាងរបស់ឥណ្ឌា ជាសមរភូមិប្រជែងអំណាចយ៉ាងខ្លាំងក្លារវាងឥណ្ឌានិងចិន ។ រាល់ពេលនៃការបោះឆ្នោតម្ដងៗ ឥណ្ឌានិងចិនប្រើមធ្យោបាយរៀងៗខ្លួន ដើម្បីឲ្យបក្សនយោបាយដែលខ្លួនគាំទ្របានឡើងកាន់អំណាច ។
ដោយឡែក ស្រីលង្កាត្រូវបានគេចាត់ទុកថាជាប្រទេសមួយកាន់ពុទ្ធសាសនាខ្ជាប់ខ្ជួនជាងគេ តែព្រះសង្ឃស្រីលង្កាក៏ប្រហែលជាព្រះសង្ឃដែលមានឥទ្ធិនយោបាយខ្លាំងជាងព្រះសង្ឃពុទ្ធសាសនានៃប្រទេសណាៗទាំងអស់ មានទាំងបក្សនយោបាយ មានទាំងតំណាងរាស្ត្រក្នុងសភាជាតិ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment