ព្រះសិទ្ធត្ថសម័យថ្មី៖ ហេតុអ្វីកូនប្រុសមហាសេដ្ឋីលំដាប់ទី៣របស់ម៉ាឡេស៊ីបួសជាព្រះសង្ឃ? - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, July 30, 2020

ព្រះសិទ្ធត្ថសម័យថ្មី៖ ហេតុអ្វីកូនប្រុសមហាសេដ្ឋីលំដាប់ទី៣របស់ម៉ាឡេស៊ីបួសជាព្រះសង្ឃ?

ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ (ខាងមុខ) ។ រូបភាព៖ មិនដឹងប្រភព

លោកវិទូ | ថ្ងៃ ៥᧪៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ កក្កដា ២០២០

ប្រហែល ២៦០០ ឆ្នាំមុន ព្រះសិទ្ធត្ថបានលះបង់នូវរាជ្យសម្បត្តិ និងភាពស្តុកស្តម្ភ នៅក្នុងព្រះបរមរាជវាំង ចេញទៅសាងផ្នួសជាតាបសឥសី ដោយគ្មានអាឡោះអាល័យ ដើម្បីស្វែងរកធម៌ត្រាស់ដឹងជាព្រះពុទ្ធ ដើម្បីជាប្រយោជន៍ដល់សត្វលោកដ៏ច្រើន ។ នៅក្នុងសម័យទំនើប តើមានអ្នកអាចលះបង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងចាប់យកមាគ៌ាប្រតិបត្តិតាមព្រះពុទ្ធសាសនាជាសមណភេទបានដែរឬទេ? ការស្វែងរកការពិតនៃជីវិតសាងផ្នួសរបស់ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ ឃើញថាព្រះអង្គអាចជាព្រះសិទ្ធត្ថក្នុងសម័យថ្មីនេះ ។

ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ ជាជនជាតិម៉ាឡេកាត់ថៃ ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់មហាសេដ្ឋីម៉ាឡេ-តាមីល លោក អានន្ទ ក្រិស្ណ័ន ដែលមានទ្រព្យសម្បត្តិតម្លៃជាង ៥ ពាន់លានដុល្លារ ជាប់ឈ្មោះជាមហាសេដ្ឋីទី៣របស់ប្រទេសម៉ាឡេស៊ី ។ ពិតណាស់ បើព្រះអង្គនៅជាគ្រហស្ថ ព្រះអង្គនឹងក្លាយជាអ្នកស្នងត្រកូលមហាសេដ្ឋីដ៏ស្តុកស្តម្ភនេះជាក់ជាមិនខាន ។

ការស្វែងរកព័ត៌មានអំពីជីវិតមុនចូលសាងផ្នួសរបស់អាចានយ៍ សិរីបញ្ញោ ពិតជាមានការលំបាក និងនៅមានអាថ៌កំបាំងមួយចំនួន ប្រហែលជាព្រះអង្គមិនចង់បង្ហាញជាសាធារណៈ ។ ប៉ុន្តែថ្មីនេះ សារព័ត៌មាន SCMP ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានជីករកអាថ៌កំបាំងទាំងនោះ ហើយបានរកឃើញព័ត៌មានមួយចំនួន ដែលគួរដឹងទាក់ទងនឹងព្រះសិទ្ធត្ថសម័យថ្មីនេះ ។

ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ មានខ្សែស្រឡាយរាជវង្សតាមរយៈញោមស្រីរបស់ព្រះអង្គ ។ ពិភពលោកដឹងតិចតួចអំពីអត្តសញ្ញាណរបស់ញោមស្រីលោក ប៉ុន្តែការស្រាវជ្រាវបានចង្អុលបង្ហាញនាមថា មុមវជរង្សី សុព្រិនដា ចក្រពន្ទ (Momwajarongse Suprinda Chakraban) ដែលជាសមាជិកគ្រួសាររាជវង្សថៃ ។ តាមលក្ខណៈបច្ចេកទេស ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ អាចត្រូវបានគេចាត់ទុកថាជាបុត្រដ៏អស្ចារ្យ ក្នុងចំណោមបុត្ររបស់មហាសេដ្ឋីទាំងឡាយ ។

ពុំមានគេដឹងច្រើនទេអំពីកុមារភាពរបស់ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ ប៉ុន្តែគេបានដឹងត្រឹមថា ព្រះអង្គបានធំដឹងក្តីឡើងនៅទីក្រុងឡុងហើយបានទទួលការសិក្សាអប់រំ នៅចក្រភពអង់គ្លេសរួមជាមួយបងប្អូនស្រីពីរនាក់របស់ព្រះអង្គ ។

ប៉ុន្តែប្រភពខ្លះបានពិពណ៌នាទស្សនវិស័យនៅក្នុងជីវិតរបស់ព្រះអង្គថា ព្រះអង្គមានលក្ខណៈបើកចំហចំពោះវប្បធម៌ដទៃខុសៗគ្នា ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលព្រះអង្គអាចសិក្សាឈ្វេងយល់ អំពីការបង្រៀនព្រះពុទ្ធសាសនាបានដោយងាយ ។
ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ និងញោមប្រុស លោក អានន្ទ ក្រិស្ណ័ន, ២០១២ ។ រូបភាព៖ tarfm.com

ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ បានចូលកាន់ផ្លូវជាសមណភេទរបស់ព្រះអង្គនៅក្នុងព្រះពុទ្ធសាសនាតាំងពីក្មេង ។ ជឿឬមិនជឿវាពិតជារឿងចៃដន្យ ។ នៅពេលទៅលេងប្រទេសថៃ ដើម្បីគោរពដល់គ្រួសារខាងញោមស្រីរបស់ព្រះអង្គដែលមានដើមកំណើតថៃ ដែលកាលនោះ អាចានយ៍ សិរីបញ្ញោ ដែលមានអាយុ ១៨ ឆ្នាំ (១៩៨៩) បានសម្រេចចិត្តបួសជាសាមណេរជាបណ្តោះអាសន្នរយៈពេលខ្លី តាមប្រពៃណីពុទ្ធសាសនាថេរវាទថៃ ដោយគំនិតថាជារឿងកម្សាន្តអារម្មណ៍ក្នុងវិស្សមកាល ។

ព្រះអង្គមិនបានដឹងថា បទពិសោធន៍ក្នុងការបួសរយៈពេលខ្លីនោះនឹងបន្តទៅជាមាគ៌ានៃជីវិតអចិន្ត្រៃយ៍របស់ព្រះអង្គឡើយ ។ ជាង ៣០ ឆ្នាំក្រោយមក ព្រះអង្គបានក្លាយព្រះសង្ឃប្រតិបត្តិធុតង្គមួយអង្គ ហើយធ្វើជាព្រះចៅអធិការវត្តតៅដាំ ខេត្តកញ្ចនបុរី ដែលស្ថិតនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ។

ដោយសារមានសាវតារចម្រុះពីកំណើត ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ អាចនិយាយបានដល់ទៅ ៨ ភាសា ។ ដោយសារតែឯកជនភាពជុំវិញជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គ គ្មាននរណាម្នាក់ដឹងច្បាស់ថា ភាសាណាដែលព្រះអង្គនិយាយមានភាពស្ទាត់ជំនាញនោះទេ ។ ប៉ុន្តែភាសាអង់គ្លេសគឺជាភាសាមួយក្នុងចំណោមភាសាទាំងនោះ ខណៈដែលភាសាតាមីល និងភាសាថៃ ក៏ទំនងជាព្រះអង្គចេះដែរ ។ ភាសាម៉ាឡេក៏ប្រហែលចេះដែរ ។

ក្នុងរយៈពេលនៃការតាំងនៅក្នុងភាពជាភិក្ខុធុតង្គជាង ៣០ វស្សា ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ បានទេសនាបង្រៀនព្រះធម៌ដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស (ថៃ) ។ ព្រះអង្គអាចទេសនាជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ជាហេតុនាំឲ្យព្រះអង្គអាចផ្សព្វផ្សាយព្រះធម៌ពុទ្ធសាសនាដល់ប្រជាជននៅអឺរ៉ុបបាន ជាពិសេសផ្នែកវិបស្សនាសមាធិ ។ ធម្មទេសនារបស់ព្រះអង្គជាច្រើនត្រូវបានគេរក្សាទុកនៅលើបណ្ដាញវីដេអូយូធូប ។

ដោយសារការលះបង់កាមសុខបែបយុវវ័យ និងទ្រព្យសម្បត្តិស្តុកស្តម្ភ ដើរតាមមាគ៌ាព្រះពុទ្ធជាម្ចាស់ស្វែងរកសេចក្តីសុខស្ងប់ពិតប្រាកដ រស់នៅដោយជីវិតសាមញ្ញជាភិក្ខុភាវ ព្រះតេជព្រះគុណ អាចានយ៍ សិរីបញ្ញោ ត្រូវបានគេស្គាល់ថាជា ព្រះសិទ្ធត្ថក្នុងសម័យថ្មី ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment