ព្រះពុទ្ធបដិមាដ៏កម្រនៃសម័យគន្ធារត្រូវបានគេរកឃើញហើយបំផ្លាញចោលនៅប៉ាគីស្ថាន - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, July 21, 2020

ព្រះពុទ្ធបដិមាដ៏កម្រនៃសម័យគន្ធារត្រូវបានគេរកឃើញហើយបំផ្លាញចោលនៅប៉ាគីស្ថាន

ព្រះពុទ្ធបដិមាដ៏កម្រនៃសម័យគន្ធារត្រូវបានបំផ្លាញ នៅប្រទេសប៉ាគិស្ថាន, ១៨ កក្កដា ២០២០ ។ រូបភាព៖ ថតពីឃ្លីបវីដេអូ

លោកវិទូ | ថ្ងៃ ៣᧡៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២១ កក្កដា ២០២០

យោងតាមឃ្លីបវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមទ្វីធើបានឲ្យដឹងថា ព្រះពុទ្ធបដិមាដ៏កម្រមួយនៃសម័យគន្ធារ ត្រូវបានគេប្រទះឃើញ នៅក្នុងខេត្តឃីប៊ើ ប៉ាខទុនខ្វា (Khyber Pakhtunkhwa) ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ប៉ុន្តែគួរឲ្យសោកស្ដាយបំផុត ព្រះពុទ្ធបដិមាបុរាណនោះត្រូវបានគេបំផ្លាញចោល កាលពីថ្ងៃសៅរ៍ (១៨ កក្កដា) កន្លងទៅ ។

ឃ្លីបវីដេអូបង្ហាញបីកាយវាយបំផ្លាញព្រះពុទ្ធបដិមាត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម ដែលក្រោយមកគេបានដាក់ពាក្យបណ្ដឹង ក្រោមច្បាប់បុរាណវត្ថុរបស់ប៉ាគិស្ថាន ។ តាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន Republic World បានឲ្យដឹងថា មនុស្សចំនួន ៤ នាក់ត្រូវបានចាប់ខ្លួន ។

យោងតាមប្រភពព័ត៌មានដដែលបានស្រង់សម្ដីអ្នកស្រុកថា រូបសំណាកនេះត្រូវបានគេរកឃើញនៅតំបន់តេស៊ិល តាកត្បៃ (tehsil Takhtbai) នៃស្រុកម៉ាដាន (Mardan) ហើយគេចោទប្រកាន់ថាត្រូវបានបំផ្លាញតាមបញ្ជារបស់មូល្វីដែលជាមេមូស្លីមនៅក្នុងតំបន់ ។

មន្ត្រីប៉ូលីសស្រុក លោក ហ្សាហ៊ីឌុលឡាហ៍ (Zahidullah) បានមានប្រសាសន៍ថា ហេតុការណ៍នេះបានកើតឡើងនៅពេលគេជីកប្រព័ន្ធខ្សែទឹកមួយកន្លែង ហើយកម្មករបានរកឃើញរូបសំណាកនោះ ។ លោកបានមានប្រសាសន៍ទៀតថា «យើងបានចាប់ខ្លួនអ្នកម៉ៅការឈ្មោះខ្វាម៉ារ ហ្សាមែន (Qamar Zaman) និងកម្មកររបស់គាត់ឈ្មោះ អម្ជីដ (Amjad) អាលីម (Aleem) និង សាលីម (Saleem) ពីបទកម្ទេចរូបសំណាកព្រះពុទ្ធ ហើយយើងក៏បានរកឃើញបំណែកខ្លះរបស់រូបសំណាក់នោះផងដែរ» ។ មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានទេសចរណ៍បាននិយាយបន្ទាប់ពីវីដេអូលេចចេញមកថា អាជ្ញាធរបានរាយការណ៍ពីបញ្ហានេះទៅប៉ូលីសដើម្បីចាត់វិធានការប្រឆាំងនឹងជនល្មើស ។

តំបន់តាកត្បៃគឺជាតំបន់ទេសចរណ៍សម្រាប់ប្រជាជនមកពីប្រទេសស្រីលង្កាកូរ៉េនិងជប៉ុន ពីព្រោះវាជាផ្នែកមួយនៃអរិយធម៌ដែនគន្ធារ ដែលជាការតាំងទីលំនៅដំបូងបង្អស់នៅក្នុងទីក្រុងដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រនៃឧបទ្វីបនេះ ។ ឈ្មោះចាស់របស់ខេត្តឃីប៊ើ ប៉ាខទុនខ្វាគឺដែនគន្ធារ ហើយតំបន់នេះគឺជាកន្លែងជាទីគោរពសក្ការយ៉ាងខ្លាំងសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ។ តក្កសិលាជាទីក្រុងដ៏ល្បីល្បាញនៃដែនគន្ធារ ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា ។

កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ហេតុការណ៍បំផ្លាញវត្ថុបុរាណព្រះពុទ្ធសាសនា បានកើតឡើងម្ដងរួចទៅហើយ ដោយមានរូបចម្លាក់លើផ្ទាំងសិលាព្រះពុទ្ធសាសនាជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន នៅតំបន់ហ្គិលជិត-បលទីស្ថាន (Gilgit-Baltistan) នៃប្រទេសប៉ាគីស្ថាន ត្រូវបានធ្វើឲ្យខូចខាតដោយការគូរផ្ទាំងគំនូរមួយចំនួនរួមមានទង់ជាតិប៉ាគីស្ថាន និងពាក្យស្លោកឥស្លាមនៅជាន់ពីលើ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment