តារាភាពយន្តនិងផលិតករ Richard Gere ចូលកាន់ព្រះពុទ្ធសាសនា – ក្រឡេកមើលត្រួសៗអំពីរឿងរ៉ាវនៅពីក្រោយការផ្លាស់ប្តូររបស់គាត់ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, July 29, 2020

តារាភាពយន្តនិងផលិតករ Richard Gere ចូលកាន់ព្រះពុទ្ធសាសនា – ក្រឡេកមើលត្រួសៗអំពីរឿងរ៉ាវនៅពីក្រោយការផ្លាស់ប្តូររបស់គាត់

សម្ដេចសង្ឃដាឡៃឡាម៉ា និងលោក រីឆាត នៅមហាវិទ្យាល័យយ៉េល សហរដ្ឋអាម៉េរិក, ១០ តុលា ១៩៩១ ។ រូបភាព៖ Getty Images

លោកវិទូ | ថ្ងៃ ៤᧩៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៩ កក្កដា ២០២០

តារាភាពយន្តនិងផលិតករ លោក រីឆាត ហ្គៀរ ជាជនជាតិអាម៉េរិកាំងម្នាក់ ដែលគេស្គាល់តាមរយៈរឿង «ស្រីស្អាត» (Pretty Woman) និងរឿង «ឈីកាហ្គូ»  (Chicago) បានក្លាយជាពុទ្ធសាសនិកជនម្នាក់ស្ទើរពេញមួយជីវិតគាត់ទៅហើយ ។ ភរិយារបស់គាត់ អ្នកស្រី អាឡិចន្ទ្រា ស៊ីលវ៉ា ក៏បានចូលកាន់ព្រះពុទ្ធសាសនាដែរ ។

កើតនៅខែសីហា ឆ្នាំ១៩៤៩ លោក រីឆាត បានធ្វើការពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកម្សាន្ត តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម៉្លេះ នៅពេលដែលគាត់បានដើរតួជាតួអង្គតូចតាចមួយក្នុងរឿង «Chelsea D.H.O.» និងរឿង «Report to the Commissioner» ។

លោក រីឆាត ហ្គៀរ អំពីព្រះពុទ្ធសាសនា

ការផ្ទុះឡើងនៃភាពល្បីល្បាញរបស់គាត់គឺបានកើតឡើងនៅក្នុងឆ្នាំ១៩៧៨ នៅពេលដែលគាត់បានដើរតួជា ប៊ីល (Bill) ជាកម្មករពីរដ្ឋឈីកាហ្គោ ដែលបានរត់គេចខ្លួនទៅនៅ តិចហ្សាស់ ប៉ាន់ហែនដល (Texas Panhandle) បន្ទាប់ពីបានសម្លាប់ចៅហ្វាយរបស់គាត់ម្នាក់ នៅក្នុងរឿង «Days of Heaven» ។

ភាពយន្តនោះវាល្អណាស់ រហូតដល់ពាំនាំមកផ្ទះនូវពានរង្វាន់អខាឌិមី «Academy Award» ថាជាភាពយន្តល្អបំផុត (Best Cinematography) នៅក្នុងឆ្នាំ១៩៧៩ ។ រឿងនេះក៏ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់សំឡេងល្អបំផុត (Best Sound) ការរចនាសំលៀកបំពាក់ល្អបំផុត (Best Costume Design) និងតន្ត្រីល្អបំផុត មានពិន្ទុដើម (Best Music, Original Score) ។

គឺនៅក្នុងឆ្នាំ១៩៧៨នេះដែរ ដែលលោក រីឆាត ហ្គៀរ បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងឆាកជីវិតរបស់គាត់គឺថា គាត់បានចូលកាន់ព្រះពុទ្ធសាសនា បន្ទាប់ពីដំណើរទេសចរណ៍ទៅកាន់ប្រទេសនេប៉ាល់ ។ ត្រលប់ទៅក្រោយក្នុងឆ្នាំ១៩៩៩ តារាសម្ដែងរូបនេះបានបើកចំហនូវដំណើរជីវិតរបស់គាត់ជាពុទ្ធសាសនិកជន ។

រឿងមួយដែលលោក រីឆាត បាននិយាយគឺថា ការចួបប្រសពនឹងព្រះធម៌ពុទ្ធសាសនាលើកដំបូងរបស់គាត់ គឺកើតឡើងកាលគាត់ស្ថិតនៅក្នុងវ័យ ២០ ឆ្នាំ ។ នៅពេលនោះ គាត់ «ពុំសូវមានក្តីសុខ» ប៉ុន្មានទេ ហើយមានប្រស្នាមួយចំនួននៅក្នុងខ្លួនដូចជា «ហេតុអ្វីគ្រប់យ៉ាងយ៉ាងនេះ?»

លោក រីឆាត ហ្គៀរ បានចួបនឹងសម្ដេចសង្ឃដាឡៃឡាម៉ា

ដោយសារហេតុផលនោះ គាត់បានចាប់ផ្ដើមអានសៀវភៅជាច្រើន ក្នុងការព្យាយាមដើម្បីស្វែងរកចម្លើយ ហើយសៀវភៅនានារដែលនិពន្ធដោយលោក វ៉លធ័រ អ៊ីវ៉ានស៍-វេន្តស៍ (Walter Evans-Wentz) ដែលជានរវិទូ ដែលត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវមុនគេ ក្នុងការសិក្សាពុទ្ធសាសនាទីបេត៍ មានឥទ្ធិពលលើជីវិតរបស់លោក រីឆាត យ៉ាងជ្រាលជ្រៅ ។

ជាបន្តបន្ទាប់មក គាត់បានចួបនឹងគ្រូមួយរូបឈ្មោះ សាសាគី រូស៊ី ជាអ្នកដែលបានញ៉ាំងគាត់ឲ្យបានយល់ច្បាស់ថា ព្រះពុទ្ធសាសនាមិនមែនជាសាសនាអំពី «អ្វីៗដែលជាមន្តអាគម ឬរឿងប្រលោមលោក» ឡើយ ប៉ុន្តែជាសាសនាអំពីកិច្ចការដែលមានសារៈសំខាន់លើផ្លូវចិត្តរបស់គាត់ ។

ប្រហែលជា ៥ ទៅ ៦ ឆ្នាំបន្ទាប់ពី លោក រីឆាត ហ្គៀរ បានចាប់ផ្ដើមសិក្សាព្រះពុទ្ធសាសនាសេន គាត់បានចួបជាមួយនឹងសម្ដេចសង្ឃដាឡៃឡាម៉ា ជាលើកដំបូង ។ សម្ដេចសង្ឃជាទីសក្ការៈ តាមដែលគាត់បានហៅ ព្រះអង្គបានចង់ដឹងចង់ឃើញអំពីការសម្ដែងរបស់លោក រីឆាត ហើយមានមន្ទិលសង្ស័យថាតើគាត់ពិតជាមានអារម្មណ៍រំភើបក្នុងចិត្តដែរឬទេ (វេទនារម្មណ៍) កាលដែលគាត់បានលេចមុខនៅលើកញ្ចក់កាមេរ៉ា ។

នាពេលនោះ លោក រីឆាត បានពន្យល់ថា ការសម្ដែងគឺមានប្រសិទ្ធភាពជាង បើអ្នកសម្ដែងពិតជាជឿជាក់ក្នុងការមានអារម្មណ៍រំភើប ។ សម្ដេចសង្ឃដាឡៃឡាម៉ា បានមើលទៅលោក រីឆាត ហើយបានសើចកក្អឹក អំពីគំនិតដែលលោក រីឆាត ជឿថាអារម្មណ៍រំភើបគឺជាការពិត ។
លោក រីឆាត និងភរិយា អ្នកស្រី អាឡិចន្ទ្រា នៅទីក្រុងម៉ាឌ្រិត ប្រទេសអេស្បាញ, ២៦ កញ្ញា ២០១៨ ។ រូបភាព៖ alendragere (Instargram)

ចាប់ពីពេលនោះមក តារាសម្ដែងរូបនេះបានរក្សាមិត្តភាពជិតស្និទ្ធនឹងសម្ដេចសង្ឃដាឡៃឡាម៉ា ។ តាមពិត កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ លោក រីឆាត និងភរិយារបស់គាត់ អ្នកស្រី អាឡិចន្ទ្រា ស៊ីលវ៉ា បានប្រកាសថា ពួកគេរំពឹងថានឹងមានបុត្រ បន្ទាប់ពីបានទូលប្រាប់សម្ដេចសង្ឃដាឡៃឡាម៉ាប៉ុណ្ណោះ ។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញអ៊ីនស្តាក្រាមដែលបានលុបទៅវិញ ដែលបានបង្ហាញពីព្រះសង្ឃទីបេត៍ប្រសិទ្ធីដល់ឧទររបស់គាត់ អ្នកស្រី អាឡិចន្ទ្រា បានបញ្ចេញឲ្យដឹងថា គាត់មិនគួរណាចែករំលែកនូវព័ត៌មានអំពីបុត្រ មុនពេលទូលប្រាប់សម្ដេចសង្ឃជាទីសក្ការៈទេ ។ បុត្រដែលមានឈ្មោះថា អាឡិចសាន់ត្រា បានប្រសូតនៅខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក រីឆាត និងអ្នកស្រី អាឡិចន្ទ្រា (ដើមកំណើតអេស្បាញ) បានផ្ដើមសម្ព័ន្ធស្នេហាជាមួយគ្នា កាលពីឆ្នាំ២០១៤ ហើយបួនឆ្នាំក្រោយមក ក៏បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា ។ ដោយឡែក អ្នកស្រី អាឡិចន្ទ្រា បានចូលកាន់ព្រះពុទ្ធសាសនាដែរ នៅពេលដែលចំណងស្នេហារបស់អ្នកស្រី និងលោក រីឆាត បានក្លាយជាផ្លូវការ ។

ក្នុងខ្សែជីវិតរបស់គាត់ អ្នកស្រី អាឡិចន្ទ្រា បានផ្សារភ្ជាប់នឹងអង្គការសង្គហធម៌ និងអង្គការមិនរកប្រាក់កម្រៃផ្សេងៗ មានជាអាទិ៍ មូលនិធិជីវិតស្រស់បំព្រង (Beautiful Life Fund) និងមូលនិធិរ៉ៃស៍ដើម្បីជនគ្មានផ្ទះសំបែង (Rais Foundation for the Homeless) ៕

បកប្រែនិងសម្រួលសេចក្តីចាកសារព័ត៌មាន Amo Mama ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment