បដិមាព្រះពោធិសត្វទ្រង់ភ្នែន៖ ការរុករកពុទ្ធសាសនានៅប្រទេសកូរ៉េក្នុងរាជវង្សចូសុននាពាក់កណ្ដាលសតវត្សរ៍ទី១៧ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, July 21, 2020

បដិមាព្រះពោធិសត្វទ្រង់ភ្នែន៖ ការរុករកពុទ្ធសាសនានៅប្រទេសកូរ៉េក្នុងរាជវង្សចូសុននាពាក់កណ្ដាលសតវត្សរ៍ទី១៧

បដិមាព្រះពោធិសត្វទ្រង់ភ្នែន មានកាលបរិច្ឆេទពាក់កណ្ដាល ស.ត.ទី១៧ ។ រូបភាព៖ សារមន្ទីរសិល្បៈទីក្រុង នៅក្នុងទីក្រុងញូវយ៉ក

លោកវិទូ | ថ្ងៃ ៣᧡៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២១ កក្កដា ២០២០

ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយឆ្លងកាត់អាណាចក្រទាំងបីរបស់ប្រទេសកូរ៉េគឺ ហ្គូហ្គុរីយ៉ូ (Goguryeo) ១ បាកជឺ (Baekje) ១ និង ស៊ីឡា (Silla) ១ ក្នុងរវាងសតវត្សរ៍ទី៤ និងទី៥ បន្ទាប់ពីការផ្សាយចូលពីប្រទេសចិន ។ ពុទ្ធសាសនាបានក្លាយជាសាសនាផ្លូវការរបស់រដ្ឋ ហើយនៅជាសាសនាផ្លូវការបែបនេះអស់រយៈពេលជាង ១.០០០ ឆ្នាំ រហូតដល់ការដួលរលំទៅនៃរាជវង្សហ្គូរីយ៉ូ Goryeo Dynasty) ដែលពេលនោះពុទ្ធសាសនាត្រូវបានជំនួសដោយលទ្ធិកុងជឺថ្មី នៅពេលចាប់ផ្ដើមឡើងនៃរាជវង្សចូសុន (Joseon Dynastry) ។ ស្ថាបនិករាជវង្សថ្មី លោកសេនាប្រមុខ យី សុង ហ្គី (General Yi Seong-gye) (ក្រោយមកក្លាយជាសម្ដេច តាជុ / King Taejo) ត្រូវបានបង្ខំចិត្តឲ្យបដិសេធព្រះពុទ្ធសាសនា ដើម្បីទទួលបានការគាំទ្រពីពួកមន្ត្រីដែលជាអ្នកប្រាជ្ញកុងជឺថ្មី និងដើម្បីប្រមូលផ្ដុំអំណាចរបស់គាត់ ។

អ្នកប្រាជ្ញទាំងនេះមានបំណងចង់ធ្វើកំណែទម្រង់ប្រទេសជាតិ ហើយបានប្រើពាក្យប្រៀនប្រដៅរបស់កុងជឺ ដើម្បីរៀបចំសង្គមឡើងវិញ ។ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យផ្លាស់ប្ដូរពីព្រះពុទ្ធសាសនាទៅកាន់លទ្ធិកុងជឺ ពួកគេបានបង្កើតទំនៀមទម្លាប់សង្គម អនុលោមតាមប្រពៃណីកុងជឺ ហើយបង្កើតសាលាបង្រៀនកុងជឺថ្មីជាច្រើនដើម្បីការអប់រំ ។ ស្របពេលនោះដែរ ព្រះពុទ្ធសាសនាត្រូវបានគាបសង្កត់ ដោយការហាមប្រាមជាបន្តបន្ទាប់ មានដូចជា ការកាត់បន្ថយចំនួនវត្តអារាមពុទ្ធសាសនា ការរឹមអូសយកដីធ្លីនិងទ្រព្យសម្បត្តិ និងការហាមឃាត់ព្រះសង្ឃពុទ្ធសាសនាមិនឲ្យចូលរាជធានី ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជប៉ុនបានចូលឈ្លានពានប្រទេសកូរ៉េរវាងឆ្នាំ១៥៩២ និង១៥៩៨ ស្ដេចសេនចូ (King Seonjo) បានសុំព្រះគ្រូ ហ្យូចុង (Master Hyujeong) នៃពុទ្ធសាសនានិកាយសេន (Seon) ឬក៏ហៅម្យ៉ាងទៀតថា និកាយសេសាន់ដាសា (Seosan Daesa) ឲ្យជួយរៀបចំដឹកនាំក្រុមឧទ្ទាមនៃព្រះសង្ឃដែលជាអ្នកប្រយុទ្ធ ដើម្បីប្រឆាំងនឹងពួកឈ្លានពាន ។

តួនាទីដែលព្រះសង្ឃដែលជាអ្នកប្រយុទ្ធទាំងនេះបានធ្វើ ក្នុងការវាយបណ្ដេញពួកឈ្លានពាន បានជួយឲ្យមានការទទួលស្គាល់ព្រះពុទ្ធសាសនាឡើងវិញមួយកម្រិត ជាពិសេសបន្ទាប់ពីម្ចាស់ក្សត្រី មុនចុង (Queen Munjeong) បានដកបម្រាមលើការគោរពបូជាព្រះពុទ្ធសាសនា នៅពេលដែលម្ចាស់ក្សត្រីធ្វើជារាជានុសិទ្ធិរបស់ព្រះរាជបុត្ររបស់ម្ចាស់ក្សត្រី ព្រះនាម ម្យុងជុង (Myeongjong) ចាប់ពីឆ្នាំ១៥៤៥ ដល់ ១៥៦៥ ។

បើទោះជាមានការរឹតត្បិតចំពោះព្រះពុទ្ធសាសនាក្នុងកំឡុងរាជវង្សនេះ ស្ដេចជាច្រើននៃរាជវង្សចូសុននៅតែសព្វព្រះទ័យនឹងព្រះពុទ្ធសាសនា ហើយបានអនុញ្ញាតឲ្យមានការគោរពបូជាព្រះពុទ្ធសាសនា នៅក្នុងចំណោមព្រះរាជវង្សានុវង្សរបស់ព្រះអង្គ ដោយមានព្រះញាតិវង្សទាំងឡាយក្នុងព្រះបរមរាជវាំងបានឧបត្ថម្ភដល់សិល្បៈព្រះពុទ្ធសាសនា សម្រាប់ជាគោរពបូជាផ្ទាល់ខ្លួនរបស់ព្រះញាតិវង្សនោះ ។ តាមពិតទៅ ការគោរពប្រតិបត្តិនិងការបូជាចំពោះព្រះពុទ្ធសាសនា នៅតែកើតមានជាហូរហែទូទាំងប្រទេស ហើយសិល្បៈចម្លាក់ដូចជាបដិមាបែបសាសនាជាដើម បានបន្តផលិតឡើង បើទោះជាលទ្ធិកុងជឺនៅតែជាមនោគមវិជ្ជាមានឥទ្ធិពលអស់រយៈពេល ៥០០ ឆ្នាំក៏ដោយ ។

ចម្លាក់ព្រះពុទ្ធសាសនាកូរ៉េត្រូវបានគេទទួលស្គាល់ថាជាចម្លាក់ល្អអស្ចារ្យ មួយក្នុងចំណោមចម្លាក់ព្រះពុទ្ធសាសនាមួយចំនួនក្នុងសកលលោក ដោយមានឧទាហរណ៍ជាច្រើននៅសល់រហូតដល់សព្វថ្ងៃ ។ បដិមានេះមានកាលបរិច្ឆេទ ក្នុងពាក់កណ្ដាលសតវត្សរ៍ទី១៧ ហើយត្រូវបានរក្សាទុកនៅឯសារមន្ទីរសិល្បៈទីក្រុង នៅក្នុងទីក្រុងញូវយ៉ក ៕

បកប្រែនិងកែសម្រួលពីសារព័ត៌មាន All About History, 16-Jul-2020 ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment