ព្រះសង្ឃថៃនិមន្តបិណ្ឌបាត្រដោយពាក់របាំងមុខ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ, ២២ មេសា ២០២០ ។ រូបភាព៖ ញូវយ៉កថែមស៍ |
លោកវិទូ | ថ្ងៃ ៤᧩៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៩ កក្កដា ២០២០
នៅក្នុងបទវិចារណកថារបស់ខ្លួន កាសែត The Statesman របស់ឥណ្ឌាបាននិយាយអំពីទ្រឹស្តីផ្សេងៗ ដែលត្រូវបានគេលើកឡើងដើម្បីឈ្វេងយល់ពីករណីឆ្លងតិចតួចនៃកូវីដ១៩ នៅក្នុងប្រទេសក្នុងតំបន់ដីសណ្តទន្លេមេគង្គ ហើយអាចមានការពិតខ្លះៗចំពោះទ្រឹស្តីទាំងអស់នោះ ។
ទោះបីជាពិភពលោកចាប់ផ្តើមកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ ប្រហែល ១៦ លាននាក់តាមទិន្នន័យចុងក្រោយ និងមានអ្នកស្លាប់ជិត ៦៥០.០០០ នាក់ រឿងជោគជ័យយ៉ាងស្ងៀមស្ងាត់មួយបានលេចឡើង នៅក្នុងផ្នែកមួយនៃអាស៊ី ដែលស្ទើរតែគ្មានគេចុះផ្សាយ និងពុំសូវជាយល់បានពីមូលហេតុ ។
ប្រទេសចំនួន ៥ នៅតំបន់ដីសណ្តនៃទន្លេមេគង្គដែលមានប្រជាជនសរុប ២៤៣ លាននាក់ ប្រហែលជាង ២០ លាននាក់ច្រើនជាងប្រទេសប៉ាគីស្ថាន បានរាយការណ៍ថា មានអ្នកស្លាប់តិចជាង ៧០ នាក់ ឆ្លងច្រើនជាង ៤០០០ បន្តិច ហើយថ្ងៃនេះមានតែជាង ៥០០ ករណីប៉ុណ្ណោះដែលកំពុងនៅសម្រាក់ព្យាបាល ។
ផ្ទុយពីនេះវិញ ជាឧទាហរណ៍ ប្រទេសប៉ាគីស្ថាន (ប្រជាជន ២២១ លាននាក់) ឬឥណ្ឌូណេស៊ី (២៧៣ លាននាក់) ហើយភាពខុសគ្នាឃើញជាក់ស្ដែង ។
ប្រទេសប៉ាគីស្ថានបានរាយការណ៍ថា មានការឆ្លងរោគកូវីដ១៩ ជិត ២៧៥.០០០ ករណី និងជិត ៦០០០ ករណីស្លាប់ ខណៈដែលប្រទេសឥណ្ឌូនេស៊ី មានជិត ១០០.០០០ ករណី និងជិត ៥.០០០ នាក់បានស្លាប់ ។
ដូច្នេះ តើប្រទេសថៃ ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា កំពុងធ្វើអ្វីខ្លះ ដែលពិភពលោកទាំងមូលមិនអាចធ្វើបាន ក្នុងការទប់ស្កាត់វីរុសដែលគួរឲ្យខ្លាចនេះ?
ប៉ុន្តែដំបូងយើងត្រូវមើលប្រទេសនីមួយៗ ។ ប្រទេសវៀតណាម (ប្រជាជន ៩៧ លាននាក់); ប្រទេសកម្ពុជា (១៦ លាននាក់) និងប្រទេសឡាវ (៧ លាននាក់) បានរាយការណ៍ថាគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ ។
ប្រទេសថៃដែលមានប្រជាជនចំនួន ៦៩ លាននាក់ រហូតដល់ថ្ងៃសៅរ៍ (២៥ កក្កដា) បានរាយការណ៍ថា មានអ្នកស្លាប់ ៥៨ នាក់ និងមីយ៉ាន់ម៉ា (៥៤ លាននាក់) សរុបចំនួន ៦ នាក់បានស្លាប់ ។
ប្រទេសថៃបានរាយការណ៍ថា មាន ៣២៨២ ករណី; វៀតណាម ៤១៥; មីយ៉ាន់ម៉ា ៣៤៦; ប្រទេសកម្ពុជា ២០២ និងប្រទេសឡាវមានតែ ២០ ករណីទេ ។ ប្រទេសខ្លះក្នុងចំណោមប្រទេសទាំងនេះក៏បានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញដែរ ។ ប្រទេសថៃបើកទទួលភ្ញៀវបរទេស និងបើកសាលារៀនវិញហើយ ។ កាលពីដើមខែឧសភា ប្រទេសកម្ពុជាបានដកបម្រាមការចូលរបស់ជនបរទេសពី ៦ ប្រទេស ។ ប្រទេសឡាវក៏បានបើកសាលារៀនវិញដែរ និងអនុញ្ញាតឲ្យបើកហាងលក់ដូរវិញបាន កាលពីដើមខែឧសភា ។ រីឯប្រទេសវៀតណាមក៏ចាប់ផ្ដើមចេញវីសាអនឡាញ ដល់អ្នកធ្វើដំណើរពី ៨០ ប្រទេស និងអនុញ្ញាតឲ្យបើកហាងខារ៉ាអូខេនិងក្លឹបរាត្រីបានវិញផងដែរ ។
ទ្រឹស្តីផ្សេងៗត្រូវបានលើកឡើង ចំពោះអត្រាករណីឆ្លងវីរុសទាប នៅក្នុងបណ្តាប្រទេសតំបន់ដីសណ្តទន្លេមេគង្គ ហើយវាអាចមានការពិតខ្លះចំពោះទ្រឹស្តីទាំងនោះ ។
ទ្រឹស្តីទីមួយ ហើយអាចបណ្តាលមកពីឥទ្ធិពលនៃព្រះពុទ្ធសាសនា ប្រទេសជាច្រើនមានវប្បធម៌នៃការប្រើម៉ាស់ តាំងពីយូរមុនពេលដែល កូវីដ១៩ត្រូវបានគេរកឃើញទៅទៀត ។
ទីពីរ ដូចដែលអ្នកស្រាវជ្រាវម្នាក់បានប្រាប់កាសែតញូវយ៉កថែមស៍អ៊ីចឹង ប្រជាជនថៃនិងប្រជាជននៃប្រទេសផ្សេងទៀតក្នុងតំបន់ មិនចូលចិត្តការប៉ះពាល់ផ្លូវកាយនៅពេលពួកគេស្វាគមន៍គ្នាទេ ។
ទីបី យ៉ាងហោចណាស់ប្រទេសថៃនិងវៀតណាមមានប្រព័ន្ធសុខាភិបាលល្អ ជាពិសេសនៅថ្នាក់ក្រោម ខណៈប្រទេសឡាវមានដង់ស៊ីតេប្រជាជនទាបត្រឹមតែ ៣២ នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា ។
អ្នកស្រាវជ្រាវដែលមានការងឿងឆ្ងល់ កំពុងសិក្សាពីប្រព័ន្ធភាពស៊ាំរបស់មនុស្សនៅក្នុងប្រទេសទាំងនេះ ដើម្បីស្វែងយល់ពីមូលហេតុដែលកូវីដ១៩ ត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ។ ប៉ុន្តែរហូតទាល់តែពួកគេទទួលបានចម្លើយច្បាស់លាស់ រឿងនេះនឹងនៅតែជាអាថ៌កំបាំងដែលគេសម្ដែងសេចក្តីត្រេកអរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment