រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌ឥណ្ឌាថាឥណ្ឌាជាដែនដីពុទ្ធភូមិតែទទួលបានអ្នកធម្មយាត្រាតិចតួចប៉ុណ្ណោះ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, July 23, 2020

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌ឥណ្ឌាថាឥណ្ឌាជាដែនដីពុទ្ធភូមិតែទទួលបានអ្នកធម្មយាត្រាតិចតួចប៉ុណ្ណោះ

លោក ប្រហលាទ សិង្ហ បដេល នៅក្នុងសន្និសីទតាមអនឡាញស្ដីអំពី «ទេសចរណ៍ឆ្លងដែន», ១៥ កក្កដា ២០២០ ។ រូបភាព៖ ABTO

លោកវិទូ | ថ្ងៃ ៥᧣៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ កក្កដា ២០២០

ក្នុងការគូសបញ្ជាក់ពីតម្រូវការនៃវិធានការដ៏ត្រឹមត្រូវមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៍ លោក ប្រហលាទ សិង្ហ បដេល បានចង្អុលបង្ហាញថា ទោះបីឥណ្ឌាជាដែនដីពុទ្ធភូមិក៏ដោយ ក៏មិនមានអ្នកធម្មយាត្រាព្រះពុទ្ធសាសនាជាច្រើនមកទីនេះដែរ ។

ក្នុងពេលរៀបរាប់ពីទីតាំងសំខាន់ៗនៅក្នុងប្រទេសដែលជាប់ទាក់ទង់នឹងពុទ្ធប្បវត្តិ លោក បដេល បាននិយាយថា ព្រះពុទ្ធសាសនាមានអ្នកកាន់ច្រើនណាស់នៅទូទាំងពិភពលោក ។ លោក បដេល បានមានប្រសាសន៍នៅក្នុងកិច្ចបើកកម្មវិធីសន្និសីទតាមអនឡាញស្តីអំពី «ទេសចរណ៍ឆ្លងដែន» ថា ទោះបីជាឥណ្ឌាជា “ដែនដីពុទ្ធភូមិ” និងមានបេតិកភណ្ឌព្រះពុទ្ធសាសនាសម្បូរបែបក៏ដោយ ឥណ្ឌាទាក់ទាញបានភាគរយតិចតួចណាស់នៃអ្នកធ្វើធម្មយាត្រាព្រះពុទ្ធសាសនា ។

រៀបចំដោយសមាគមប្រតិបត្តិករទេសចរណ៍ពុទ្ធសាសនា (ABTO) កាលពីថ្ងៃទី១៥ កក្កដា អ្នកចូលរួមក្នុងព្រឹត្តិការណ៍តាមអនឡាញនេះរួមមាន អ្នកតំណាងមកពីក្រុមប្រឹក្សារក្សាសន្តិភាពអង្គការសហប្រជាជាតិ សមាគមធ្វើដំណើរនិងមន្ទីរពេទ្យនៃប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម និងប្រទេសផ្សេងទៀត ។

ក្រសួងទេសចរណ៍បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន សម្រាប់ការអភិវឌ្ឍនិងផ្សព្វផ្សាយតំបន់ព្រះពុទ្ធសាសនានៅក្នុងប្រទេស ។ ដោយសង្កត់ធ្ងន់ទៅលើចំណុចដែលថា វាមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា ក្នុងការស្វែងរកមូលហេតុដែលឥណ្ឌាទទួលបានពុទ្ធសាសនិកជនតិចតួចប៉ុណ្ណោះ ដែលជាអ្នកទេសចរឬអ្នកធ្វើធម្មយាត្រា ។

លោករដ្ឋមន្រ្តីក៏បានចែករំលែកគំនិតផ្តួចផ្តើម ក្នុងការតំឡើងផ្លាកសញ្ញាជាភាសាអន្តរជាតិ នៅតាមបណ្តាពុទ្ធស្ថានសំខាន់ៗនៅក្នុងប្រទេស រួមទាំងភាសាចិនផងដែរ ។ ផ្លាកសញ្ញាបែបនេះត្រូវបានគេដាក់នៅតាមពុទ្ធស្ថាន/បូជនីយស្ថានចំនួន ៥ កន្លែងនៅរដ្ឋឧត្តរប្រទេសរួមមាន សាន៌ាថ កុសិនារា និងសាវត្ថី ។

ដូចគ្នានេះដែរ ដោយសារសាន្ចី (រដ្ឋមធ្យមប្រទេស) ទទួលបានភ្ញៀវទេសចរច្រើនពីប្រទេសស្រីលង្កា ផ្លាកសញ្ញាជាភាសាសីហឡៈត្រូវបានគេដាក់នៅបូជនីយស្ថានសាន្ចី ។

លោក បដេល ក៏បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្ដាលឥណ្ឌា ក្នុងការប្រកាសដាក់អាកាសយានដ្ឋានក្រុងកុសិនារា នៅរដ្ឋឧត្តរប្រទេសជាអាកាសយានដ្ឋានអន្តរជាតិ ដែលនឹងផ្តល់នូវការតភ្ជាប់កាន់តែប្រសើរឡើង សម្រាប់អ្នកដំណើរតាមអាកាស ដែលជាលទ្ធផលនឹងជម្រុញកំណើនទេសចរណ៍ក្នុងស្រុកឬអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។

លោកបានជម្រាបបន្ថែមទៀតថា ក្រសួងទេសចរណ៍ក្រោមគម្រោងផ្សេងៗរបស់ខ្លួនបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន សម្រាប់ការអភិវឌ្ឍនិងផ្សព្វផ្សាយតំបន់ពុទ្ធស្ថាននៅក្នុងប្រទេសឥណ្ឌា ។

ដោយឡែក លោក សិវ កុមារ អនុប្រធានសមាគមប្រតិបត្តិករទេសចរណ៍ពុទ្ធសាសនា ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ហើយវិបត្តិកូវីដ១៩កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនេះ ។ គាត់បានមានប្រសាសន៍ថា ភ្នាក់ងារទេសចរណ៍ភាគច្រើនត្រូវបានផ្អាក ហើយរដ្ឋាភិបាលកម្ពុជាត្រូវការពេលវេលាយ៉ាងហោចមួយឆ្នាំ ទើបអាចធ្វើឲ្យវិស័យទេសចរណ៍ត្រលប់ទៅរកដំណើរការជាប្រក្រតីវិញបាន ។

សមាគមប្រតិបត្តិករទេសចរណ៍ពុទ្ធសាសនាគឺជាសមាគមនៃប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ដែលបានចូលរួមក្នុងការលើកកម្ពស់ទេសចរណ៍ព្រះពុទ្ធសាសនា ដែលមានសមាជិកជាង ១៥០០ នាក់នៅក្នុងប្រទេសឥណ្ឌានិងនៅបរទេស ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment