ជាតិបារាំងសែសបួសហើយមានសង្ឃដីកាថាសង្កេតត្រួសៗសាសនាធំៗជាប់ចិត្តបំផុតគឺព្រះពុទ្ធសាសនា, ១៩៥៥ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, August 20, 2020

ជាតិបារាំងសែសបួសហើយមានសង្ឃដីកាថាសង្កេតត្រួសៗសាសនាធំៗជាប់ចិត្តបំផុតគឺព្រះពុទ្ធសាសនា, ១៩៥៥

សាមណេរអានន្ទ (ឡូរ៉ងត៍ប៉ូតែល) ។ រូបភាព៖ ទស្សនាវដ្តីកម្ពុជសុរិយា

លោកវិទូ | ថ្ងៃ ៥᧢១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២០ សីហា ២០២០

នៅក្នុងសម័យសង្គមរាស្ត្រនិយម ជនជាតិបារាំងសែសមួយរូប បានចូលបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ បួសហើយមានសង្ឃដីកាថា «ខ្ញុំព្រះករុណា, អាត្មាភាព ក៏បានហាត់រៀនសង្កេតត្រួស ៗ នូវសាសនាធំ ៗ ហើយបានទាក់ជាប់ចិត្តនៅចុងក្រោយបំផុត ដែលឃើញមានតែមួយគត់ បើនិយាយដោយចំពោះគឺ ព្រះពុទ្ធសាសនា» ។

ការស្រាវជ្រាវរាវរកអតីតកាលជាង ៦០ ឆ្នាំមុន បានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីវឌ្ឍនភាពនៃពុទ្ធសាសនាខ្មែរ ក្នុងសម័យក្រោយឯករាជ្យ ដែលមិនមែនកើតឡើងដោយចៃដន្យ ឬដោយទេពនិម្មិតទេ គឺដោយវីរិយភាព ពលីកម្ម និងប្រាជ្ញាមុះមុត របស់មហាបុរសព្រះពុទ្ធសាសនាខ្មែរ និងព្រះរាជសាសនូបត្ថម្ភដ៏ថ្លៃថ្លា របស់ព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹងនាំជាតិ ។

ការណ៍ដែលអាចធ្វើឲ្យជនជាតិបរទេស ជាពិសេស ពួកបច្ចិមលោក ដែលគេចាត់ទុកថា ជាជាតិសាសន៍មានវប្បធម៌ឧត្តុង្គឧត្តមប្រសើរជាង វប្បធម៌បូព៌ាលោក ឬលោកខាងកើត និងជាជាតិសាសន៍ដែលធ្លាប់បានដាក់អាណានិគមលើតំបន់អាស៊ីផង គឺជាការណ៍ដ៏កម្រណាស់ ។

ព្រឹត្តិការណ៍ដែលគួរឲ្យជ្រះថ្លានិងមោទនភាព ដែលអាចជាសក្ខីកម្មនៃវឌ្ឍភាពព្រះពុទ្ធសាសនាខ្មែរ ក្នុងសម័យសង្គមរាស្ត្រនិយម គឺពិធីបុណ្យបំបួសកុលបុត្រម្នាក់ជាតិបារាំងសែសឈ្មោះ ឡូរ៉ងត៍ប៉ូតែល អាយុ ២៥ ឆ្នាំ បួសជាសាមណេរ ដោយមានសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ ជាព្រះឧបជ្ឈាយ៍ នាកណ្ដាលជំនុំព្រះភិក្ខុសង្ឃរាជាគណៈឋានានុក្រមជាច្រើនរូប មានព្រះតេជព្រះគុណ ព្រះពោធិវ័ង្ស ហួត តាត ចាងហ្វាងពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងព្រះតេជព្រះគុណ ព្រះសាសនមុនីជាចៅអធិការវត្តពិភទ្ររង្សីជាដើម នៅព្រះវិហារវត្តឧណ្ណាលោម ក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី ១៦ ខែតុលា គ.ស. ១៩៥៥ ព.ស. ២៤៩៨ ។

នវសាមណេរនេះមាននាមបញ្ញត្តិថា «អានន្ទ» (សំ. បា.) ដែលមានន័យថា «សេចក្ដី​រីករាយ, សេចក្ដី​ត្រេក​អរច្រើន» ដែលជាព្រះ​នាម​ព្រះ​មហាថេរ​មួយ​ព្រះអង្គ (រាប់​បញ្ចូល​ក្នុង​ពួក​អសី​តិសាវ័ក ៨០) ជា​ពុទ្ធុបដ្ឋាក​នៃ​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ (ព្រះ​អានន្ទ​ពុទ្ធុបដ្ឋាក) គឺព្រះ​មហាអានន្ទ ។

កម្មវិធីដ៏មហោឡារិកអធិកអធមនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា (លេខ ១២ ឆ្នាំ ១៩៥៥) និងទស្សនាវដ្ដីមិត្តសាលាបាលី (លេខ ៩-១០ ឆ្នាំ ១៩៥៥) ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ ។

យោងតាមប្រភពទាំងពីរខាងលើនេះបានឲ្យដឹងថា មានមន្ត្រីទូតសហរដ្ឋអាម៉េរិក និងជប៉ុន ធម្មមិត្តអន្តរជាតិមានលោកស្រីរ៉ាម នាយកទាហានអនុពន្ធនៃគណៈកម្មាធិការអន្តរជាតិប្រទេសឥណ្ឌាជាដើម ព្រមទាំងឥស្សរជនជាតិខ្មែរជាច្រើនរូប បានចូលរួមក្នុងពិធីបុណ្យបំបួសនាគនេះ យ៉ាងច្រើនកុះករ ហើយបើ «និយាយដោយរួបរួមគឺថា មានបណ្ដាជនច្រើនកុះករប្រជ្រៀតគ្នា ទាំងក្នុងព្រះវិហារ ទាំងក្រៅព្រះវិហារ ដោយចង់ដឹងចង់ឃើញកុលបុត្រជាតិឳរូប [អឺរ៉ុប] ដែលចូលមកសូមផ្នួសក្នុងព្រះពុទ្ធសាសនា ជាលើកដំបូងបង្អស់នៅប្រទេសយើង» ។

លុះបព្វជ្ជាវិធីបានប្រព្រឹត្តទៅចប់សព្វគ្រប់ហើយ សាមណេរ ឡូរ៉ងត៍ប៉ូតែល បានថ្លែងសុន្ទរកថាជាភាសាបារាំង ដើម្បីថ្លែងអំណរគុណចំពោះ គណៈសង្ឃមានសម្ដេចព្រះសង្ឃនាយកជាប្រធាន ដែលបានទទួលភារៈនៃកិច្ចបព្វជ្ជា ព្រមទាំងចំពោះពុទ្ធមាមកជន និងមិត្តនៃពុទ្ធសាសនាទាំងអស់ ដែលបានអញ្ជើញចូលរួមអបអរសាទរបំពេញកិត្តិយសជាភ្ញៀវ ក្នុងពិធីបព្វជ្ជានេះ ។

សុន្ទរកថាពោរពេញដោយអត្ថន័យនោះ ត្រូវបានព្រះគ្រូសង្ឃសត្ថា ប៉ុណ្ណ-សម្ភាជ ប្រែសម្រួលជាខេមរភាសាយ៉ាងពីរោះ និងចុះផ្សាយក្នុងទស្សនាវដ្តីទាំងពីរខាងលើផងដែរ ។

មូលហេតុនៃផ្នួស

នៅក្នុងសុន្ទរកថានោះ សាមណេរ ឡូរ៉ងត៍ប៉ូតែល បានថ្លែងអំពីមូលហេតុដែលលោកចង់បួសក្នុងព្រះពុទ្ធសាសនា ដោយ«ពុំប្រើវោហារលែបខាយយកមកអធិប្បាយហេតុផលប្រគេន-ថ្វាយ-ជូនក្នុងទីនេះទេ» និងលើកយកតែ«សេចក្តីពិតឥតបំផ្លើស ដែលបើកបង្ហាញនូវចិត្តគំនិតរបស់ខ្ញុំព្រះករុណា» ។ ខាងក្រោមនេះជាសង្ឃដីកាផ្ទាល់របស់សាមណេរ ឡូរ៉ងត៍ប៉ូតែល៖

ខ្ញុំព្រះករុណ, អាត្មាភាពមានកំណើតនៅប្រទេសបារាំង បានចម្រើនវ័យវឌ្ឍនៈធំឡើង ក្នុងមជ្ឈដ្ឋានកម្មករថ្នាក់មធ្យម មាតាបិតាពុំមែនជាអ្នកកាន់សាសនគ្រិស្តទេ ជាមជ្ឃធាតុបុគ្គលសុទ្ធសាធ គឺជាអ្នកឥតប្រកាន់សាសនាណាមួយឡើង ។ អាស្រ័យហេតុនេះ បឋមវ័យរបស់ខ្ញុំព្រះករុណា, អាត្មាភាព ក៏បានកន្លងទៅក្នុងមជ្ឈដ្ឋានប្រាសចាកការប៉ះពាល់នឹងសាសនាណាមួយដោយពិត ។ ខ្ញុំព្រះករុណា, អាត្មាភាពពុំមានទោសមនស្សទេ ព្រោះការណ៍នេះបែរជានាំឲ្យមានទស្សនៈយ៉ាងបរិសុទ្ធក្នុងជីវភាព ដ៏ប្រាសស្រឡះចាកការស្រវាក់ស្រវ័ណ្ឌភ័ន្តច្រឡំគ្រប់យ៉ាង ។ 
ចាប់តាំងពីអាយុគម្រប់ ២០ ឆ្នាំ គឺបន្ទាប់អីពីពេលឈប់សិក្សាមក ខ្ញុំព្រះករុណា, អាត្មាភាព ក៏បានហាត់រៀនសង្កេតត្រួស ៗ នូវសាសនាធំ ៗ ហើយបានទាក់ជាប់ចិត្តនៅចុងក្រោយបំផុត ដែលឃើញមានតែមួយគត់ បើនិយាយដោយចំពោះគឺ ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាពុំមែនដូចជាសាសនាដទៃ ដែលច្រើនតែជាលទ្ធិប្រើអាការបង្ខំនោះទេ ទាំងពុំមែនជាជំនឿឥតហេតុផលផង គឺពេញទីជា តបធម៌, តាមសេចក្តីយល់របស់ខ្ញុំព្រះករុណា, អាត្មាភាព គឺជារបៀបនៃការសិក្សាដែលមានទំនងដូចជាវិទ្យាសាស្ត្រសម្រាប់ដុសខាត់ចិត្តឲ្យបរិសុទ្ធផូរផង ។
មូលហេតុតែមួយយ៉ាងនេះឯងហើយ ដែលនាំឲ្យខ្ញុំព្រះករុណ, អាត្មាភាព មិនជ្រើសយកជំនឿនិងលទ្ធិដទៃ ត្រលប់មកជឿកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ ។ ខ្ញុំព្រះករុណ, អាត្មាភាព បានរាវរកមើលសៀវភៅក្បួនច្បាប់ពុទ្ធសាសនាជាច្រើន ទើបកើតគំនិតយ៉ាងខ្ជាប់ខ្ជួនមួយឡើងថា ត្រូវចេញមកកាន់បូព៌ាទិស រស់នៅក្នុងទីនេះ ព្រមទាំងសង្កេតមើលនូវជីវភាពរបស់ប្រជាជនពុទ្ធសាសនិក ដើម្បីនឹងយកជាបែបផែនសិក្សា ព្រមទាំងប្រតិបត្តិតាមវិធីនៃប្រជាជនទាំងនេះ ដ៏ជាកាស្រាវជ្រាវរកផ្លូវចេះដឹង ប្រយោជន៍ និងបណ្ដុះបញ្ញាឲ្យបានសម្រេចផល ដើម្បីនឹងផ្សាយនូវសុភមង្គលចំពោះសព្វសត្វទាំងអស់ ។
នេះពុំមែនជាការដើរផ្សេងព្រេងដ៏អស្ចារ្យមួយឬ? ចំពោះអ្នកដែលធុញទ្រាន់នឹងជីវភាពខាងសម្ភារនិយម និងជំនឿបង្ខំដែលឥតប្រយោជន៍ ហើយខំស្រាវជ្រាវរកទៅក៏ឃើញជាក់ថា មានតែវិបស្សនាកម្មដ្ឋានក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដែលប្រកបដោយតម្លៃពិតប្រាកដ ។
គឺហេតុតែមួយយ៉ាងហ្នឹងឯង ដែលបណ្ដុះបំណងឲ្យខ្ញុំព្រះករុណា, អាត្មាភាពចង់ស្លៀកដណ្ដប់កាសាវពស្ត្រ ដែលជាមធ្យោបាយដ៏ល្អតែមួយក្នុងការប្រតិបត្តិ និងការសម្រេចខាងផ្លូវវិបស្សនាកម្មដ្ឋាន ដើម្បីឲ្យបានទៅជាបុគ្គលមួយរូប ដែលឥតទ្រព្យសម្បត្តិ ឥតមានឋានៈវិជ្ជាខ្ពង់ខ្ពស់ក៏អាច នៅជាសុខស្ងប់ បាន ។

យើងពុំមានឯកសារឯទៀត ដែលនិយាយអំពីដំណើរជីវិតក្នុងផ្នួស និងសកម្មភាព របស់សាមណេរអានន្ទ ជាតិបារាំងសែសអង្គនេះ ក្រោយពីបព្វជ្ជាហើយឡើយ ។ យើងកំពុងស្វែងរកព័ត៌មានបន្ថែម ហើយនឹងចុះផ្សាយនាពេលក្រោយទៀត ។

ប៉ុន្តែរឿងសំខាន់ដែលអាចទាញយកពីការបំបួសកុលបុត្រជនជាតិបរទេស ដោយសម្ដេចព្រះសង្ឃនាយកផ្ទាល់ ក្នុងកណ្ដាលជំនុំសង្ឃរាជាគណៈជាន់ខ្ពស់ នៅចំពោះមុខមន្ត្រីទូត និងឥស្សរជនជាតិខ្មែរ ព្រមទាំងពុទ្ធបរិស័ទជាច្រើនកុះករយ៉ាងនេះ សឲ្យឃើញច្បាស់ពីអំណរសាទររបស់ប្រជាជនខ្មែរ អំពីវឌ្ឍនាការរបស់ព្រះពុទ្ធសាសនាខ្មែរ នៅក្នុងសម័យសង្គមរាស្ត្រនិយម រៀងរហូតដល់សម័យសាធារណរដ្ឋខ្មែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment