ទិដ្ឋភាពទីតាំងកើតហេតុនៅយប់ថ្ងៃទី៧ សីហា ២០២០ ។ រូបភាព៖ TOI |
លោកវិទូ | ថ្ងៃ ៧᧴៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៨ សីហា ២០២០
កាលពីវេលាម៉ោង ៧:៤១ នាទីយប់ ថ្ងៃសុក្រម្សិលមិញ មានគ្រោះថ្នាក់យន្តហោះអ៊ែរឥណ្ឌាអ៊ិចប្រេស (Air India Express) មួយ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ១៧ នាក់ ខណៈកំពុងព្យាយាមចុះចតនៅព្រលានយន្តហោះអន្តរជាតិកាលីកាត់ ទីក្រុងកូសហ៊ីកូឌ រដ្ឋកេរលៈ ភាគខាងត្បូងប្រទេសឥណ្ឌា ។
យន្តហោះក្រុមហ៊ុនអ៊ែរឥណ្ឌាលេខ IX-1344 ផ្ទុកអ្នកដំណើរចំនួន ១៩០ នាក់ ពីទីក្រុងឌូបៃ ក្នុងបេសកកម្មវន្ទេភារ័ត ដែលដឹកនាំប្រជាជនឥណ្ឌាចូលប្រទេសវិញ ដោយសារការរាតត្បាត់ជំងឺកូវីដ១៩ បានរអិលធ្លាក់ផ្លូវរត់ ដោយសារមេឃមានភ្លៀងធ្លាក់ ធ្វើឲ្យយន្តហោះដាច់ជាពីរបំណែក ។
មនុស្សរងរបួសចំនួន ១៧៣ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ ១៥ នាក់ត្រូវបានរាយការណ៍ថា កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា លោក ហរទីប សិង្ហ បុរី បានប្រាប់សារព័ត៌មានស៊ីអិនអិនថា «ចំពេលមានអាកាសធាតុអាក្រក់អ្នកបើកយន្តហោះបានព្យាយាមចុះចតមុនពេលកំណត់ ប៉ុន្តែខណៈនោះ ក៏បានបញ្ជាវិលត្រលប់ក្រោយវិញ» ។
លោកបាននិយាយថា «យន្ដហោះមិនបញ្ឈប់នៅខាងចុងបំផុតនៃផ្លូវរត់នោះទេ ហើយបានធ្លាក់ហួសពីផ្លូវចម្ងាយ ៣៥ ហ្វីត» ។ គាត់បន្ថែមថា សំណាងល្អហើយដែលយន្តហោះមិនបានឆេះភ្លើង» ។
នៅក្នុងយប់នោះដែរ លោកនាយករដ្ឋមន្ត្រីឥណ្ឌា នរេន្ទ្រ មោទី បានសរសេរនៅលើគណនីទ្វីធើរបស់គាត់ថា «ឈឺខ្លោចផ្សាដោយឧប្បត្តិហេតុគ្រោះថ្នាក់យន្តហោះនៅទីក្រុងកូសហ៊ីកូឌ ។ សូមរំលែកទុក្ខចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ។ សូមឲ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយ» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment