ឧបាសក ធម្មទស (ប្រូសអេឡិន) ប្រគេនដី២ហិចតារដល់ព្រះសង្ឃវត្តពុទ្ធសាសនាឥណ្ឌាណា អាម៉េរិកខាងជើង ។ រូបភាព៖ ហ្វេសប៊ុក/slguardian |
លោកវិទូ | ថ្ងៃ ៣᧯៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ សីហា ២០២០
លោក ប្រូស អេឡិន (Bruce Allen) ដែលគេហៅថា ឧបាសក ធម្មទស បានបំពេញនូវបុណ្យកុសលដ៏ប្រសើរ នៅវត្តព្រះពុទ្ធសាសនាមួយ ក្នុងរដ្ឋឥណ្ឌាណា (Indiana) អាម៉េរិកខាងជើង កាលពីពេលថ្មីៗនេះ ។
វត្តព្រះពុទ្ធសាសនា (Indiana Buddhist Vihara) ដែលជាវត្តស្រីលង្កា បានចាប់ផ្តើមកសាងឡើង ប្រហែលដប់ប្រាំពីរឆ្នាំមុន ក្រោមការដឹកនាំរបស់ព្រះចៅអធិការព្រះនាម ថលង្គម ទេវនន្ទ ថេរ កំពុងតែរីកចម្រើនល្អប្រសើរ ដោយមានជំនួយនិងការចូលរួមពីអ្នកកាន់ពុទ្ធសាសនាគ្រប់ទិសទី ។ មិនត្រឹមតែជនជាតិស្រីលង្កាប៉ុណ្ណោះទេ ថែមទាំងមានជនជាតិអាម៉េរិក ភូមា ថៃ ឥណ្ឌូនេស៊ី វៀតណាម ឡាវ ឥណ្ឌា ឥណ្ឌា កម្ពុជា ហ្វីលីពីន ម៉ិចស៊ិច និងអារ៉ាប់ផងដែរ ដែលមកទស្សនាវត្តនេះ ដើម្បីស្វែងរកការអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ។ លោក ប្រូស អាឡិន គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ ដែលបានទៅទស្សនាវត្ត ដើម្បីសិក្សាព្រះធម៌ នាពេលកន្លងទៅ ។
ថ្មីៗនេះគាត់បានទិញដីព្រៃចំនួន ២ ហិចតាជាប់នឹងវត្តឥណ្ឌាណា ហើយបានធ្វើពិធីវេរប្រគេនចំពោះព្រះសង្ឃ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលវិបស្សនា ដែលត្រូវការដោយមហាសង្ឃ ។ យោងទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនា «ការជួយកសាងទីសេនាសនៈ (ទីសម្រាប់ស្នាក់អាស្រ័យ) សម្រាប់ព្រះភិក្ខុសង្ឃ (រួមទាំងការកសាងវត្តអារាម ទីសេនាសនៈ ការជួយកសាងប្រព័ន្ធទឹក ការជួយកសាងប្រព័ន្ធអគ្គិសនី) ឈ្មោះថាជាការបំពេញនូវមហាបុញ្ញកម្មដ៏ប្រសើរមួយក្នុងចំណោមមហាបុញ្ញកម្មទាំង៨» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment