ជាតិអូស្ត្រាលីជាជនបរទេសទីពីរដែលបានចូលមកសូមផ្នួសនៅកម្ពុជរដ្ឋ, ១៩៥៦ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, August 23, 2020

ជាតិអូស្ត្រាលីជាជនបរទេសទីពីរដែលបានចូលមកសូមផ្នួសនៅកម្ពុជរដ្ឋ, ១៩៥៦

រូបភាពក្រៅរឿង៖ (ពីឆ្វេង) ព្រះពោធិវ័ង្ស ហួត តាត ចាងហ្វាងពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត សម្ដេចព្រះមហាធាធិបតី ជូន ណាត ព្រះសង្ឃនាយកគណៈមហានិកាយ និងព្រះតេជព្រះគុណ សាមុ តាន់ តំណាងព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ ក្នុងពិធីប្រគល់សញ្ញាបត្រសមាជិកភាព នៃសមាគម​គិលាន​សង្គ្រោះ​ចំពោះ​ព្រះសង្ឃ ដល់ក្រុមកងទ័ពអាកាសសហរដ្ឋអាម៉េរិក នៅមន្ទីរពេទ្យព្រះសង្ឃ ទីក្រុងភ្នំពេញ, ២៩ កញ្ញា ១៩៥៦ ។ រូបភាព៖ ស្ថានទូតសហអាម៉េរិកប្រចាំនៅកម្ពុជា (រូបកែ)

លោកវិទូ | ថ្ងៃ ១᧥១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ សីហា ២០២០

ជាតិអូស្ត្រាលីមួយរូបលុះបានចួបនឹងព្រះសង្ឃជាតិខ្មែរ មានព្រះតេជព្រះគុណ ព្រះពោធិវ័ង្ស ហួត តាត ជាប្រធាន នៅប្រទេសភូមា បានសង្កេតឃើញសណ្ដាប់ធ្នាប់ស្រគត់ស្រគំនៃព្រះសង្ឃទាំងនោះ ក៏មានសេចក្តីជ្រះថ្លាក្រៃលែង និងក្រោយមកក៏បានចូលមកសូមផ្នួសនៅកម្ពុជរដ្ឋ ដោយបានក្លាយជាជនជាតិបរទេសទីពីរដែលបានបព្វជ្ជា នៅប្រទេសកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ។

បន្ទាប់ពីជាតិបារាំងសែស (ឡូរ៉ងត៍ប៉ូតែល) បានចូលមកសូមផ្នួសជាសាមណេរនៅប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ១៩៥៥ កន្លងទៅ ជាតិអូស្ត្រាលីមួយរូបឈ្មោះ ស៊ិដនេយ ហងរីហ៊ីល្ល (Sydney Henry Hill) អាយុ ២៦ ឆ្នាំ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានមកសូមផ្នួសជាសាមណេរនៅកម្ពុជរដ្ឋដែរ ។

ជាតិអូស្ត្រាលីរូបនេះបានបំពេញបព្វជ្ជា នៅវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៨ មករា គ.ស. ១៩៥៦ ព.ស. ២៤៩៨ ដោយសម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ អនុគ្រោះធ្វើជាព្រះឧបជ្ឈាយ៍ និងមានព្រះពោធិវ័ង្ស ហួត តាត ចាងហ្វាងពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងព្រះរាជាគណៈឋានុក្រមជាច្រើនអង្គគង់អមនៅពេលនោះផង ។

ចំណែកខាងគ្រហស្ថ មានឯកឧត្តម សម ញាណ ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ លោក រ៉ាយ ប៉ុក ប្រធានសមាគមមិត្តពុទ្ធិកវិទ្យាល័យ ព្រមទាំងពុទ្ធបរិស័ទជាច្រើន មានអង្គទូតប្រទេសអង់គ្លេស អាម៉េរិក អូស្ត្រាលី ថៃ ជប៉ុន ចិន និងជាតិបារាំង បានអញ្ជើញទៅជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យដ៏អធិកអធមនេះដែរ ។

សម្ដេចព្រះមហាសុមេធាធិបតីបានប្រទាននាមបញ្ញត្តិដល់សាមណេរ ស៊ិដនេយ ហងរីហ៊ីល្ល ថា «ធម្មរតនៈ» (មានន័យថា កែវគឺព្រះធម៌) ។ទស្សនាវដ្តីពុទ្ធិកវិទ្យាល័យ (លេខ ២ ឆ្នាំ ១៩៦៦) បានចាត់ទុក លោក ហងរីហ៊ីល្ល ជាជនជាតិបរទេសទីពីរ ដែលបានចូលមកសូមផ្នួសនៅកម្ពុជរដ្ឋ ។ ទស្សនាវដ្តីនេះចានចាត់ការសាងផ្នួសរបស់ជនបរទេសនៅកម្ពុជានេះ ជាការបង្ហាញឲ្យឃើញថា «ព្រះពុទ្ធសាសនាប្រទេសកម្ពុជាកំពុងដើរទៅកាន់សេចក្តីចម្រើន ជនជាតិបរទេសទីពីរបានចូលមកសូមផ្នួសនៅប្រទេសកម្ពុជា» ។

ដើមឡើយ ជាតិអូស្ត្រាលីរូបនេះ ក្រោយដែលបានទៅកាន់ប្រទេសភូមា និងថៃបានសង្កេតឃើញព្រះពុទ្ធសាសនានៅប្រទេសអស់នោះ មានសេចក្តីពេញចិត្តហើយ ក៏មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា តែលុះបានចួបនឹងព្រះសង្ឃជាតិខ្មែរ មានព្រះតេជព្រះគុណ ព្រះពោធិវ័ង្ស ហួត តាត ជាប្រធាន នៅឯសន្និសីទនៃពុទ្ធិកសមាគមពិភពលោក លើកទី ៣ នៅទីក្រុងរ៉ង្គូន ប្រទេសភូមា ក្នុងឆ្នាំ ១៩៥៤ ហើយបានសង្កេតឃើញសណ្ដាប់ធ្នាប់ស្រគត់ស្រគំនៃព្រះសង្ឃទាំងនោះ ក៏មានសេចក្តីជ្រះថ្លាកើតឡើងថែមទៀត ។

ម្យ៉ាងទៀត គាត់បានឮព័ត៌មានពុទ្ធសាសនានៅកម្ពុជារដ្ឋ ពីលោក មោរីស ជាតិអូស្ត្រាលីដែរ ដែលធ្វើការនៅពុទ្ធសាសនសភាប្រទេសភូមា ដែលបានសង្កេតឃើញ នៅពេលដែលគាត់បានមកកាន់ប្រទេសកម្ពុជា ក៏រឹងរិតតែធ្វើឲ្យគាត់មានសេចក្តីជ្រះថ្លាយ៉ាងក្រៃចំពោះព្រះសង្ឃខ្មែរ ទើបសូមចូលមកកាន់ប្រទេសកម្ពុជា សូមបព្វជ្ជាជាសាមណេរ ក្នុងព្រះពុទ្ធសាសនាខ្មែរតែម្ដង ។

ក្រោយបព្វជ្ជាហើយ សាមណេរ ធម្មរតនៈ បានស្ថិតនៅក្នុងការបង្ហាត់បង្រៀនផ្ទាល់នៃព្រះពោធិវ័ង្ស ហួត តាត ។ សាមណេរ ធម្មរតនៈ និង សាមណេរ អានន្ទ (ឡូរ៉ងត៍ប៉ូតែល) ទាំងពីរអង្គបានគង់នៅរៀនធម្មវិន័យ ក្នុងវត្តឧណ្ណាលោមតទៅ ។

ការបានចួបសមណៈជាអ្នកស្ងប់រម្ងាប់ និងអ្នកប្រាជ្ញបណ្ឌិតគឺជាការចួបដ៏ប្រសើរមួយ ដែលអាចញ៉ាំងជននោះឲ្យកាន់តែជ្រះថ្លា ក្នុងព្រះរតនត្រៃទ្វេឡើង ។ សាមណេរធម្មរតនៈអង្គនេះ បានចួបប្រសព្វនឹងព្រះតេជព្រះគុណ ព្រះពោធិវ័ង្ស ហើយបានយកលោកជាគ្រូអាចារ្យផ្ទាល់តែម្តង និងបានស្ម័គ្រចិត្តបម្រើព្រះពុទ្ធសាសនាខ្មែតទៅ ។

លោក សម ញាណ ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងនៅក្នុងឱកាសបុណ្យបួសនោះ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីពុទ្ធិកវិទ្យាល័យ (លេខ ៣ ឆ្នាំ ១៩៥៦) យ៉ាងនេះថា៖

លោកសាមណេរធម្មរតនៈអង្គនេះចេះភាសាអង់គ្លេសយ៉ាងជំនាញ - ភាសានេះពួកសិស្សក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវការរៀនណាស់ ដើម្បីយកភាសានេះជាយាន សម្រាប់ផ្សាយនូវអនុត្តរធម៌ របស់ព្រះសម្មាសម្ពុទ្ធចេញទៅប្រទេសនានា ជាការប្រពៃណាស់ ដោយលោកសាមណេរធម្មរតនៈអង្គនេះ បានសន្យាទទួលបង្រៀនភាសាអង់គ្លេស ដល់ពួកកូនសិស្សទាំងឡាយ ក្នុងសាលាទាំងពីរខាងលើនេះ ដោយឥតយកឈ្នួល, ន័យនេះហើយជាប្រយោជន៍ចំពោះ ពុ.ពិ.ម.ភូ.ក. [ពុទ្ធិកសមាគមពិភពលោក ភូមិភាគកម្ពុជរដ្ឋ] ក្នុងពេលយ៉ាងខ្លីពុំខានឡើយ ។

ការចូលមកសូមបព្វជ្ជារបស់សាមណេរជាតិអូស្ត្រាលីអង្គនេះ នៅក្នុងប្រទេសកម្ពុជា នាពេលនោះ ស្ដែងឲ្យឃើញផងដែរថា ព្រះពុទ្ធសាសនាខ្មែរមានសេចក្តីច្រើនរុងរឿងជាប្រាកដ ដែលសម្បូរដោយពហុស្សូតអ្នកចេះដឹងជ្រៅជ្រះ ។ សមដូចទស្សនាវដ្តីពុទ្ធិកវិទ្យាល័យសរុបសេចក្តីថា «នេះជាគោលសំខាន់មួយ គួរចារឹកទុកក្នុងប្រវត្តិសាស្ត្រពុទ្ធសាសនាកម្ពុជរដ្ឋ» ។

ហើយយើងអ្នកជំនាន់ក្រោយបានត្រឹមតែរំឭករឿងអតីតកាលឡើងវិញប៉ុណ្ណោះ ក្រែងបានជាគ្រឿងជម្រុញទឹកចិត្តខ្លះ ក្នុងការអភិរក្សនិងការអភិវឌ្ឍព្រះពុទ្ធសាសនាខ្មែររៀងដរាបទៅទៀត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment